ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទេសាភិបាល​​ធនាគារ​កណ្តាល​​​​​​អាមេរិក​ថា ​បារម្ភធំ​ពី​​​ការ​វាយ​ប្រហារ​តាម​អ៊ីនធ័រនែត ជាជាង​វិបត្តិ​ហិរញ្ញវត្ថុ

សំឡេង ០៧:២៨
លោក Jerome Powell ទេសាភិបាលធនាគារកណ្តាល​សហរដ្ឋអាេមរិក ថ្ងៃទី​៨ មេសា ២០២១
លោក Jerome Powell ទេសាភិបាលធនាគារកណ្តាល​សហរដ្ឋអាេមរិក ថ្ងៃទី​៨ មេសា ២០២១ AP - Al Drago

វិស័យសេដ្ឋកិច្ច វិស័យរដ្ឋបាល និង​ការទំនាក់ទំនង នៅទូទាំងពិភពលោកយើងបច្ចុប្បន្ន រំពឹងទាំងស្រុងទៅនឹង​បច្ចេកវិទ្យាព័ត៌មានវិទ្យា និង​បណ្តាញអ៊ីនធ័រនែត។ ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាកាន់តែរីកចំរើន តែក៏កាន់តែបង្ហាញនូវ​ការប្រឈមគ្រោះថ្នាក់ផងដែរ បណ្តាលមកពី​ការវាយ​ប្រហារតាម​បណ្តាញអ៊ីនធ័រនែត។ យ៉ាងណាមិញ លោកទេសាភិបាលធនាគារកណ្តាល​ របស់សហរដ្ឋអាមេរិក បានលើកឡើងថា បច្ចុប្បន្ននេះអ្វីដែល​លោក​ព្រួយ​បារម្ភបំផុតនោះ គឺមិនមែនបញ្ហាវិបត្តិហិរញ្ញវត្ថុសកលលោកនោះទេ តែគឺការវាយ​ប្រហារទ្រង់ទ្រាយធំ តាមបណ្តាញអ៊ីនធ័រណិត ពីសំណាក់ជន ឬក្រុម​ជនទុច្ចរិតណាមួយ។

ផ្សាយពាណិជ្ជកម្ម

អ៊ីនធ័រនែតជាទ្វារចំហរ

បើនិយាយឲ្យងាយស្តាប់ បណ្តាញអ៊ីនធ័រនែត ប្រៀបបីដូចជាទ្វារបើកចំហរ សម្រាប់អ្នកប្រើប្រាស់ម្នាក់ បើក​ឃើញពិភពលោក​យើងទាំងមូល។ តែទន្ទឹមគ្នានេះ ក៏មានន័យថាអ្នកផ្សេងក៏អាចចូលមកកៀកនឹងយើង ឬចូលមកក្នុង​ប្រព័ន្ធរបស់យើង បានយ៉ាងចំហរដែរ។ ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មានវិទ្យា គឺជាមធ្យោបាយសម្រាប់ធ្វើជំនួញរកស៊ី ប្រាស្រ័យទាក់ទងគ្នា ហើយជាពិសេសនោះ គឺ​បណ្តាញ​សង្គមតែម្តង ដែលអ្នកប្រើប្រាស់ ដាក់បង្ហាញ​នូវទិន្នន័យផ្ទាល់ខ្លួននានា​។ ទាំងអស់នេះ សុទ្ធតែប្រឈមនឹងការ​ចូលមកលួច​ប្រមូលទិន្នន័យ និងករណីខ្លះ អាចជាករណីបោកប្រាស់ ករណី​គំរាមកំហែងទារប្រាក់ថែមទៀតផង។

ការវាយប្រហារតាមអ៊ីនធ័រនែត មានច្រើនសណ្ឋានណាស់។ ជាទូទៅ គឺការចូលមកបន្លំលួចប្រមូលយកទិន្នន័យ​ផ្ទាល់ខ្លួន របស់បុគ្គល ឬ របស់ស្ថាប័នឯកជន និងសាធារណៈណាមួយ។ កម្មវត្ថុនៃ​ការ​វាយ​ប្រហារទាំងនេះ ក៏អាចខុសគ្នាដែរ ដោយខ្លះមានលក្ខណៈជាអំពើភេរវកម្ម ពោលគឺក្នុងទិសដៅកំទេចបំផ្លាញ ហើយ​ខ្លះទៀត មានលក្ខណៈជាការជំរិតទារប្រាក់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ មានករណីវាយ​ប្រហារលើបណ្តាញអ៊ីនធ័រនែត កើតឡើងសឹងមិនលោះថ្ងៃទេ ដែលមានសណ្ឋានផ្សេងៗគ្នា។ ជាក់ស្តែងថ្មីៗនេះ នៅបារាំង ប្រព័ន្ធព័ត៌មានវិទ្យារបស់មន្ទីរពេទ្យនៅភាគខាងត្បូងប្រទេសបារាំង បាន​រងនូវការវាយ​ប្រហារ រាំងស្ទះដំណើរការងារ អស់រយៈពេលជាច្រើនថ្ងៃ។ ដូច្នេះជីវិតមនុស្ស អ្នកជំងឺនៅតាមមន្ទីរពេទ្យ ​ក៏អាចប្រឈមនឹងគ្រោះថ្នាក់ដែរ នៅក្នុងករណី​វាយ​ប្រហារតាមអ៊ីនធ័រនែតរបៀបនេះ។

លោកHenri d’Agrain តំណាងសមាគមសហគ្រាសបារាំងដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា បានលើកឡើងថាប្រព័ន្ធព័ត៌មានវិទ្យា ក្នុង​ពិភពលោកយើងបច្ចុប្បន្ននេះ ស្ថិតក្នុង​កាលៈទេសៈអសន្តិសុខខ្លាំងណាស់។ ក្រុមជនទុច្ចរិតមានសមត្ថភាពកាន់តែ​ខ្លាំង អាច​រាវរកចំណុចខ្សោយរបស់​ប្រព័ន្ធនីមួយ​ៗបានយ៉ាងរហ័ស។ លោកថា ក្នុងរយៈពេល​១០ឆ្នាំទៀត លំហរប្រព័ន្ធអ៊ីនធ័រនែត អាចនឹង​ក្លាយ​ជាទីលានអាណាធិបតេយ្យ ព្រោះដោយ​សារតែអ្នកជំនាញ​ មិនអាច​ទប់​ឈ្នះ។ កុំថាឡើយក្រុមហ៊ុនតូចៗ សូម្បីតែក្រុមហ៊ុនធំៗ ដែលមានអ្នកជំនាញបច្ចេកវិទ្យាចាំការពារ ក៏មិន​អាចទប់ជាប់ដែរ។

ស្ថាប័នហិរញ្ញវត្ថុប្រឈមគ្រោះថ្នាក់បំផុត

វិស័យធនាគារ និងហិរញ្ញវត្ថុ គឺប៉ះពាល់ដោយផ្ទាល់ ទៅនឹងលុយកាក់ សេដ្ឋកិច្ចតែម្តង។​​ ដូច្នេះហើយ​វិស័យនេះ ប្រឈមខ្លាំងណាស់ ដោយការវាយ​ប្រហារតាមអ៊ីនធ័រនែត។ នៅតាមកញ្ចក់ទូរទស្សន៍ CBS ក្នុងកិច្ចសម្ភាសន៍រយៈពេល១ម៉ោង លោក Jerome Powell ទេសាភិបាលធនាគារកណ្តាលអាេមរិក បានលើកឡើងថា ពិភពលោកយើងវិវឌ្ឍន៍ខ្លាំងណាស់ ហើយគ្រោះថ្នាក់ប្រឈមក៏វិវឌ្ឍន៍ណាស់ដែរ។

លោកថាបច្ចុប្បន្ននេះ វិបត្តិហិរញ្ញវត្ថុ​សកលលោកដូចឆ្នាំ​២០០៨ គឺអ្នកជំនាញមិនសូវបារម្ភទេ។ អ្វីដែលគេបារម្ភធំបំផុត គឺ​សកម្មភាព​ឧក្រិដ្ឋកម្មតាមបណ្តាញ​អ៊ីនធ័រនែតនេះតែម្តង។ លោកអះអាងថា វាគឺជាការព្រួយ​បារម្ភដូចៗគ្នា របស់​រដ្ឋាភិបាលជាច្រើន និងស្ថាប័នហិរញ្ញវត្ថុធំ​ៗ​ នៅទូទាំងពិភពលោកយើង។ ក្រុមចោរព័ត៌មានវិទ្យា សំដៅវាយ​ប្រហារភាគច្រើន ទៅលើស្ថាប័នហិរញ្ញវត្ថុធំៗ មានធនាគារកណ្តាល ធនាគារអន្តរជាតិ ឬទីផ្សារហិរញ្ញវត្ថុ​ជាដើម។ ដែលប្រការនេះ តម្រូវឲ្យមានការប្រុងប្រយ័ត្នជាប្រចាំថ្ងៃ។

លោកបាន​ពន្យល់ថា អ្នកជំនាញ​នៅធនាគារកណ្តាលអាេមរិក បាន​ផ្តោតការចាប់អារម្មណ៍ ទៅលើសេណារីយ៉ូវាយប្រហារ មួយចំនួន ដូចជា ប្រព័ន្ធបង់ប្រាក់ ត្រូវបំផ្លាញ លែងដំណើរការ។ ដូច្នេះការបង់ប្រាក់ តាមអនឡាញ ឬ តាម​បណ្ណធនាគារគឺមិនអាចធ្វើទៅបាន នៅទូទាំងពិភពលោក។ សេណារីយ៉ូមួយទៀត គឺស្ថាប័នហិរញ្ញវត្ថុ មិនអាចតាមដានដឹងអំពីចរាចរណ៍​សាច់ប្រាក់ជាដើម។ ហើយ​បើធ្ងន់ធ្ងរមែនទែន គឺប្រព័ន្ធហិរញ្ញវត្ថុសកលលោក លែងដំណើរការតែម្តង។

ដាក់សំណាញ់សុវត្ថិភាពទប់ឲ្យ​បានពីដំបូង

គិតមកទល់ពេលនេះ អ្វីដែលអ្នកជំនាញ​ព្យាយាមទប់ច្រើនបំផុត គឺទប់កុំឲ្យ​ ចោរព័ត៌មាន​វិទ្យាអាចមបន្លំចូលមកសំងំ នៅក្នុងប្រព័ន្ធណាមួយបាន នៅក្នុងពេល​ប្រើប្រាស់ប្រចាំថ្ងៃ​។ ក៏ប៉ុន្តែជាទូទៅ ជាការ​ទប់ទល់ នៅពេល​កើតមានបញ្ហារងគ្រោះរួចទៅហើយ ដែល​ប្រការនេះ​គឺវាមិនគ្រប់គ្រាន់ទេ។ អ្នកជំនាញ​បាន​ លើកឡើងថា ត្រូវតែពង្រឹង ដាក់សំណាញ់សន្តិសុខ ការពារសុវត្ថិភាព តាំងតែពី​ពេល​បង្កើត ឬផលិត​កម្មវិធីព័ត៌មាន​វិទ្យានីមួយ​ៗ។

ដូចយើងដឹងហើយ រាល់ថ្ងៃនេះ មានកម្មវិធីនៅលើទូរស័ព្ទរាប់ម៉ឺនរាប់ពាន់ ដែលយើងអាចទាញយកមកប្រើប្រាស់បានដោយ​មិនគិតថ្លៃ ហើយដែលភាគច្រើនលើសលប់ គឺយើងមិនដឹងប្រភពមកពីណាទេ ទាញយកមកប្រើក្នុងទូរស័ព្ទ ឬកុំព្យូទ័រយើង គឺហាក់ដូចជាបើកទ្វារឲ្យចោរចូលផ្ទះយើងអញ្ចឹងដែរ។

រហូតមកទល់ពេលនេះ ការដាក់សំណាញ់សន្តិសុខខ្លាំង​ បង្កប់ក្នុងកម្មវិធីព័ត៌មានវិទ្យានីមួយៗ គឺជារឿងមួយ ​ដែលនៅតែមាន​ការធ្វេសប្រហែសធំណាស់។ នៅអឺរ៉ុប គេកំពុងពិចារណា កំណត់ឲ្យ​មាន​ស្តង់ដារសន្តិសុខ ដាក់កំហិតឲ្យ​ក្រុមហ៊ុន​ផលិត​កម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវតែគោរព។ ពោលគឺមិនខុសពីស្តង់ដារគុណភាពទំនិញចំណីអាហារ ទំនិញប្រើប្រាស់ទូទៅនោះទេ។ មានន័យថា តាំងតែពីចាប់ផ្តើមគិត​បង្កើត ផលិតកម្មវិធីព័ត៌មានវិទ្យាណាមួយ គឺគេត្រូវតែគិតឲ្យ​ល្អិត ស្តីអំពី​វិធីការពារសន្តិសុខ កុំឲ្យ​គេចូលមកវាយ​ប្រហារបាន មិនមែនទាល់តែរងគ្រោះហើយ ទើបរកវិធី​ញ៉ុកចន្លោះប្រហោងនោះទេ។

នៅដើមឆ្នាំនេះ កម្មវិធី Exchange របស់ក្រុមហ៊ុន​ Microsoft បានរងនូវការវាយ​ប្រហារ ហើយ​ដែលធ្វើឲ្យ​ស្ថាប័នរដ្ឋអាមេរិក មួយចំនួន​ដែលប្រើកម្មវិធីនេះ មានការបារម្ភណាស់។ រដ្ឋាភិបាលអាេមរិក​​កំពុងតែ​​ពិចារណា ដោយសហការជាមួយវិស័យឯកជន ដើម្បីរកវិធីទប់ទល់ជាមួយ នឹងការវាយប្រហារតាមអ៊ីនធ័រនែតនេះ។ យុទ្ធសាស្ត្រនេះ អាចជាការបង្កើត​កម្មវិធីការពារ​ថ្មីៗ ដែលអាចតាមឈ្លប តាមចាប់ឲ្យទាន់ពេលវេលា នូវកម្មវិធីទុច្ចរិតមួយចំនួន ដែលប៉ុនប៉ងវាយប្រហារ។ អ្នកជំនាញអាមេរិក បានលើកឡើងថា ត្រូវតែ​រកវិធី បង្កើតកម្មវិធីថ្មីៗ និង ធ្វើកំណែទម្រង់កម្មវិធីចាស់ៗ​ ដើម្បី​តាមស្ទាក់ចាប់ កម្មវិធីដែលដាក់អន្ទាក់តាមអ៊ីនធ័រនែត ឲ្យទាន់ពេលវេលា។ រដ្ឋក៏មានតួនាទីរឹតបន្តឹងច្បាប់ផងដែរ ដើម្បីផ្តន្ទាទោសសកម្មភាព​ឧក្រិដ្ឋកម្មកតាមអ៊ីនធ័រនែត នេះឲ្យ​មានប្រសិទ្ធភាពបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI