ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជប៉ុនបានសម្រេចចាក់ទឹកប្រមូលពីមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស្ហ៊ីម៉ាទៅក្នុងសមុទ្រ

សំឡេង ០៦:៤៨
ហេតុអ្វីបានជាជប៉ុនបានសម្រេចចិត្តចាក់ទឹកប្រមូលពីមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស្ហ៊ីម៉ាទៅក្នុងសមុទ្រ?
ហេតុអ្វីបានជាជប៉ុនបានសម្រេចចិត្តចាក់ទឹកប្រមូលពីមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស្ហ៊ីម៉ាទៅក្នុងសមុទ្រ? REUTERS - KYODO

នៅ​ថ្ងៃ​អង្គារ ទី១៣ មេសា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេចចិត្ត​ជា​ផ្លូវការ​ក្នុង​ការ​ចាក់​ទឹក​ជាង ១លានតោន​ដែល​ប្រមូល​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​ទៅ​ក្នុង​សមុទ្រ។ ការ​សម្រេចចិត្ត​នេះ​បាន​បិទបញ្ចប់​លើ​ភាព​ចម្រូងចម្រាស​រយៈពេល ៧ឆ្នាំ​ក្នុង​ការ​រិះរក​វិធី​ដោះស្រាយ​រំដោះ​ទឹក​មាន​ជាតិ​ពុល​ចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​ដែល​បាន​ជួប​គ្រោះថ្នាក់​ដោយ​រលកយក្ស​ស៊ូណាមី​កាល​ពី​ថ្ងៃទី១១ មីនា ២០១១។ ក៏​ប៉ុន្តែ ការ​សម្រេចចិត្ត​នេះ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង និង​ព្រួយបារម្ភ​ពី​ក្រុម​អ្នកនេសាទ​ក្នុង​ស្រុក ពី​ក្រុម​អ្នក​បរិស្ថាន និង​ពី​ក្រុម​ប្រទេស​ជិតខាង ពិសេស​ចិន និង​កូរ៉េខាងត្បូង។

ផ្សាយពាណិជ្ជកម្ម

ទឹក​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ចាក់​ចូល​សមុទ្រ​មាន ៣ប្រភេទ​សំខាន់ ទី១ ជា​ទឹកភ្លៀង​ដែល​ប្រមូល​បាន​នៅ​ទីតាំង​មជ្ឈមណ្ឌល ទី២ ជា​ទឹក​ដែល​បូម​ពី​ក្រោម​ដី​នៅ​ទីតាំង​មជ្ឈមណ្ឌល និង​ទី៣ ជា​ទឹក​ដែល​គេ​បាន​ចាក់​ស្រោច​លើ​ម៉ាស៊ីនប្រតិកម្ម​ដើម្បី​ធ្វើ​ឲ្យ​ត្រជាក់​នៅ​ពេល​មាន​គ្រោះថ្នាក់​ផ្ទុះ​បង្ក​ឡើង​ដោយ​រលក​យក្ស​ស៊ូណាមី​កាល​ពី ១០ឆ្នាំ​មុន។ សរុប​ទៅ មាន​ទឹក​ប្រមាណ​ជា ១ ២៥០ ០០០តោន​ដែល​ជប៉ុន​នឹង​ចាក់​ចូល​ក្នុង​សមុទ្រ។ ទឹក​ទាំង​ជាង ១លានតោន​នេះ​កំពុង​ស្តុក​ទុក​នៅ​ក្នុង​ស៊ីទែន​ជាង ១ ០០០ស៊ីទែន​នៅ​ក្បែរ​មជ្ឈមណ្ឌល។ គួរ​រម្លឹក​ថា ១០ឆ្នាំ ក្រោយ​គ្រោះថ្នាក់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា រដ្ឋាភិបាល​ជប៉ុន​ដេក​ឈឺ​ក្បាល​ពី​បរិមាណ​ទឹក​ដ៏​ច្រើន​សម្បើម​ដែល​ប្រមូល​បាន​នៅ​ទីតាំង​មជ្ឈមណ្ឌល​នោះ។

ដេក​ឈឺ​ក្បាល ព្រោះ​ទី១ ជា​ទឹក​មាន​សារធាតុវិទ្យុសកម្ម​ដែល​គេ​មិន​អាច​យក​ទៅ​ចាក់​ចោល​កន្លែង​ណា​ក៏​បាន និង​ទី២ ចំនួន​ទឹក​ចេះ​តែ​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ​នៅ​ទីតាំង​មជ្ឈមណ្ឌល​នោះ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០២០ កំណើន​ចំនួន​ទឹក​មាន​វត្តមាន​សារធាតុវិទ្យុសកម្ម​ក្នុង​មួយ​ថ្ងៃៗ​មាន​ប្រមាណ​ជា ១៤០ម៉ែត្រគូប។ អ្វី​ជា​ការ​កត់សម្គាល់ ទឹក​ដែល​ជប៉ុន​នឹង​ចាក់​ចូល​សមុទ្រ​ជា​ទឹក​ដែល​ត្រូវ​បាន​គេ​បន្សុទ ឬ​ត្រូវ​បាន​គេ​ច្រោះ​យក​សារធាតុវិទ្យុសកម្ម​ចេញ​អស់​​ហើយ។ យ៉ាង​ណា​ក៏​ដោយ យុទ្ធនាការ​រំដោះ​ទឹក​នេះ​មិនមែន​ធ្វើ​ភ្លាមៗ​ទេ ពោល​ប្រហែល​ជា​នៅ ២ឆ្នាំ​ខាង​មុខ។

ហេតុ​អ្វី​បាន​ជា​ជ្រើស​យក​ជម្រើស​ចាក់​ចូល​ក្នុង​សមុទ្រ?

ការ​ចរចា​រិះរក​វិធីសាស្រ្ត​ដើម្បី​រំដោះទឹក​ចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​បាន​ធ្វើ​ឡើង​យ៉ាង​ប្រទាញប្រទង់​អស់​រយៈពេល ៧ឆ្នាំ​កន្លង​មក។ រដ្ឋាភិបាល​បាន​រួម​ប្រជុំ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ មាន​ទាំង​ភាគី​ជាតិ និង​អន្តរជាតិ ពិសេស​ជាមួយ​ក្រុម​អ្នកជំនាញ​ផ្នែក​វិទ្យុសកម្ម ផ្នែក​ថាមពល​បរមាណូ ក្រុម​អ្នកវិទ្យាសាស្រ្ត និង​ក្រុម​អ្នក​បរិស្ថាន។ សម្រាប់​រដ្ឋាភិបាល​ក្រុង​តូក្យូ វា​ជា​រឿង​បន្ទាន់​ខ្លាំង​ណាស់​ដែល​គេ​ត្រូវ​រំដោះ​ទឹក​ទាំង​នោះ​ចេញ។ ជា​រឿង​បន្ទាន់ ព្រោះ​កន្លែង​ស្តុក​មាន​កំណត់ និង​គ្មាន​កន្លែង​ស្តុក​ទៀត​ឡើយ​ចាប់​ពី​ឆមាសទី២ ឆ្នាំ ២០២២ ទៅ។ តាម​ពិត មាន​ជម្រើស​មួយ​ចំនួន​ដែល​បាន​លើក​យក​ទៅ​ជជែក​ដើម្បី​រំដោះទឹក​ចេញ ដូច​ជា​បំឡែង​ទឹក​ទាំង​នោះ​ឲ្យ​ទៅ​ជា​ចំហាយ​ទៅ​ក្នុង​អាកាស ស្តុក​រយៈពេល​យូរ ឬ​មួយ​ក៏​បង្ហូរ​ចូល​ក្នុង​សមុទ្រ។

នៅ​ទីបំផុត រដ្ឋាភិបាល​បាន​សម្រេច​បង្ហូរ​ចូល​សមុទ្រ ក្រោយ​ពី​បាន​ពិគ្រោះយោបល់​ជាមួយ​ក្រុម​អ្នកជំនាញ និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅកាត់ AIEA។ AIEA យល់​ថា ជម្រើស​បង្ហូរ​ចូល​សមុទ្រ​ជា​ជម្រើស​ល្អ និង​ក៏​ធ្លាប់​ត្រូវ​បាន​ប្រើ​ដោយ​ប្រទេស​ផ្សេង​ដែរ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​ធានា​ក្នុង​ថ្ងៃ​អង្គារ ទី១៣ មេសា​ថា ដំណើរការ​រំដោះ​ទឹក​ចូល​សមុទ្រ​នឹង​ត្រូវ​ចូលរួម​ត្រួតពិនិត្យ​ដោយ AIEA ដើម្បី​បញ្ជាក់​ពី​តម្លាភាព និង​ភាព​គ្មាន​គ្រោះថ្នាក់​ដែល​កើត​ចេញ​ពី​ទឹក​ដែល​ត្រូវ​បង្ហូរ​ចូល​សមុទ្រ។ តែ​ជម្រើស​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ក្តីបារម្ភ និង​ការ​ប្រឆាំង​ពី​ក្រុម​អ្នក​បរិស្ថាន អ្នក​នេសាទ​ជប៉ុន និង​ប្រទេស​ជិត​ខាង ពិសេស​ចិន និង​កូរ៉េខាងត្បូង។

វត្តមាន​កាបោន ១៤ និង​សារធាតុ​ទ្រីមីញ៉ូម

តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​ជប៉ុន និង​មាន​ការ​ឯកភាព​ពី​ក្រុម​ភាគី​ពាក់ព័ន្ធ ទឹក​ដែល​ប្រមូល​បាន​ពី​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​ទាំង​ជាង ១លានតោន និង​ដែល​គ្រោង​ចាក់​ចូល​សមុទ្រ​ត្រូវ​បាន​បន្សុទ​យក​សារធាតុវិទ្យុសកម្ម​ចេញ​រួច​ហើយ។ ពិត​ណាស់ អ្វី​ដែល​គ្រប់​គ្នា​បារម្ភ​ខ្លាំង​ជាង​គេ គឺ​វត្តមាន​សារធាតុវិទ្យុសកម្ម​នៅ​ក្នុង​ទឹក​នោះ។ តែ​មាន​ក្រុម​អង្គការ​បរិស្ថាន ដូច​យ៉ាង Greenpeace បាន​លើក​ឡើង​ពី​វត្តមាន​កាបោន១៤ ដែល​បង្ក​ហានិភ័យ​ដល់​ចំណីអាហារ និង​ធ្វើ​ឲ្យ​ខូច ADN ក្នុង​ខ្លួន​មនុស្ស​នៅ​ក្នុង​ករណី​ណា​ដែល​មាន​បរិមាណ​កាបោន ១៤ច្រើន។ ក្រៅ​ពី​វត្តមាន​កាបោន១៤ ដែល​គេ​មិន​អាច​បន្សុទ​ដោយ​ប្រើ​បច្ចេកវិទ្យា​បន្សុទ​សារធាតុវិទ្យុសកម្ម​បាន ក៏​នៅ​មាន​វត្តមាន​សារធាតុ​ទ្រីមីញ៉ូម​មួយ​ទៀត។

ជម្រើស​ដែល​ក្រុម​អង្គការ​បរិស្ថាន​ចង់​បាន គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ស្តុកទឹក​ទាំង​អស់​សម្រាប់​រយៈពេល​យូរ។ ក្រុម​អ្នកជំនាញ និង​អ្នកវិទ្យាសាស្រ្ត​បាន​យល់​ឃើញ​ដូច​គ្នា​ថា វត្តមាន​កាបោន១៤ និង​វត្តមាន​សារធាតុ​ទ្រីមីញ៉ូម​នៅ​ក្នុង​ទឹក​ប្រមូល​នៅ​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​មាន​អត្រា​ទាប​ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​សត្វសមុទ្រ និង​មនុស្ស​ដែល​បរិភោគ​សត្វសមុទ្រ​ទេ។ តាម​ក្រុម​អ្នកជំនាញ និង​អ្នកវិទ្យាសាស្រ្ត​ដដែល វត្តមាន​សារធាតុពុល​ផ្សេង​ទៀត​នៅ​ក្នុង​សមុទ្រ ដូច​ជា​បារត​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ជាង​សារធាតុ​ដែល​មាន​នៅ​ក្នុង​ទឹក​ប្រមូល​​ពី​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​ទៅ​ទៀត។

ក្រៅ​ពី​ក្តីបារម្ភ​របស់​ក្រុម​អ្នក​បរិស្ថាន គឺ​មាន​ការ​ព្រួយបារម្ភ​ពី​ក្រុម​អ្នកនេសាទ​ជប៉ុន រួម​ទាំង​ប្រទេស​ជិតខាង​ជប៉ុន ពិសេស​ចិន និង​កូរ៉េខាងត្បូង។

ចិន​បាន​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​ជប៉ុន​ថា​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ដែល​នឹងធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​សុវត្ថិភាព​សាធារណៈ​នៅ​ក្នុង​លោក រួម​ទាំង​ប៉ះពាល់​ដល់​ផលប្រយោជន៍​រវាង​ប្រទេស​ជិត​ខាង។ ពី​កូរ៉េខាងត្បូង​វិញ ក្រុង​សេអ៊ូល​បាន​ឡើង​ពី​ហានិភ័យ​ចំពោះ​បរិស្ថាន​សមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI