ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពីរ​ថ្ងៃ​ក្រោយ​ការ​វាយប្រហារ​លើ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ អ៊ីរ៉ង់​ប្រកាស​​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម ៦០%

សំឡេង ០៥:៥៦
អ៊ីរ៉ង់​ប្រកាស​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​៦០%
អ៊ីរ៉ង់​ប្រកាស​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​៦០% - Iranian Presidency/AFP

ពីរ​ថ្ងៃ​ក្រោយ​ហេតុការណ៍​ដាច់​ចរន្ត​អគ្គីសនី​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ណាតង់ Natanz ដែល​អ៊ីរ៉ង់​ចោទ​ថា​ជា​ស្នាដៃ​របស់​អ៊ីស្រាអែល​នោះ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ទី ១៣​មេសា ចាប់​ផ្តើម​ធ្វើ​​សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ានីញូម ឱ្យ​ដល់​៦០% ដើម្បី​ជា​ការ​សងសឹក។ អ៊ីរ៉ង់​បាន​ប្រកាស​ដំណឹង​នេះ​តាម​រយៈ​លិខិត​មួយ​ផ្ញើ​ទៅ​ជូនអគ្គនាយក​​ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ អាអ៊ីអឺអា។ តើ​ទង្វើ​របស់​អ៊ីរ៉ង់​នេះ នឹង​ផ្តល់​ផលវិបាក​យ៉ាងណា​ ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង​ឆ្នាំ​២០១៥ ដែលទើប​​ចាប់​ផ្តើមមាន​ពន្លក​ពន្លឺ​ឡើង​បាន​បន្តិច​នោះ ?!

ផ្សាយពាណិជ្ជកម្ម

គេ​ពិត​ជា​ពិបាក​អះអាង​ដោយ​ប្រាកដ​ណាស់​ជុំ​វិញ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Natanz ដែល​ជា​កន្លែង​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ដ៏​ចំបង​របស់​អ៊ីរ៉ង់ណាស់។ ព័ត៌មាន​ដែល​ទទួល​បាន​ដោយកម្រ ហើយ​សេចក្តី​ថ្លែងការណ៍​របស់​អាជ្ញាធរ​អ៊ីរ៉ង់​ខ្លះ​មាន​លក្ខណៈ​ចម្រូង​ចម្រាស​គ្នា​ទៀត។ សារព័ត៌មាន​អ៊ីរ៉ង់​ពុំ​មាន​បង្ហោះបង្ហាញ​រូបភាព​ ជា​រូបថត ឬ​វីដេអូ នៃ​កន្លែងកើតហេតុ​តាំង​ពី​ថ្ងៃអាទិត្យ​មក ។ ហើយ​ក្រោយ​ហេតុការណ៍​ដាច់​ភ្លើង​ទ្រង់ទ្រាយធំ​នៅ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ភ្លាម អង្គការ​ថាមពលបរមាណូ​អ៊ីរ៉ង់​ បាន​ប្រកាសថា​មាន​ការ​ផ្ទុះខ្សែភ្លើងតូច​មួយ ដែល​បង្ក​ការ​ខូច​ខាត​តិច​តួច​អាច​ជួលជុល​បាន​ភ្លាម។

ប៉ុន្តែ​បើ​តាម​កាសែត​ញូវយ៉កថែម ដោយ​បាន​ប្រភព​ពី​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​និង​អ៊ីស្រាអែល គឺ​អ៊ីស្រាអែល​ជាអ្នក​ដើរ​តួ​ក្នុង​ហេតុការណ៍​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ ណាតង់ ដោយ​បាន​លួច​បញ្ចូន​គ្រាប់​ផ្ទុះ​មួយ​ទៅ​ក្នុង​រោងចក្រ ទៅ​បំផ្ទុះ​ផ្តាច់​ប្រព័ន្ធ​អគ្គីសនី​របស់​ម៉ាស៊ីនចម្រើន​ធាតុ​​អ៊ុយរ៉ានីញ៉ូមទាំង​អស់។ តែ​វ៉ាស៊ីនតោន បាន​បដិសេធ​ថា​គ្មាន​ជំពាក់ជំពិន​ជា​មួយ​ទេ។​

ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ​៦០% 

បន្ទាប់​មក​ខាង​ក្រសួងការ​បរទេសអ៊ីរ៉ង់​​ បាន​លើក​ឡើង​ថា​មាន​តែ​ពពួក​ឧបករណ៍​ចម្រើន​ធាតុ​​អ៊ុយរ៉ានីញ៉ូម​ជំនាន់ទីមួយ​ដែល​រង​ការ​ប៉ះពាល់ និង​បាន​ចោទ​ថា​ជា​ស្នាដៃ​របស់​អ៊ីស្រាអែល ដែល​អ៊ីរ៉ង់​នឹង​សងសឹក​ឱ្យ​បាន​សក្តិសម​ទៅ​តាមកាលនិង​ពេល។ ការ​សងសឹក​របស់​អ៊ីរ៉ង់ គឺ​ការ​សម្រេច​ចិត្ត​ចម្រើន​ធាតុ​​អ៊ុយរ៉ានីញ៉ូម ឱ្យ​បាន​៦០%​ តាម​រយៈ​ការ​ជូន​ដំណឹង​តាម​លិខិត​ផ្លូវ​ការ​ នៅ​ថ្ងៃ​អង្គារ​ទី ១៣​មេសា។

បើ​តាម​លិខិត​ដែល​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​អ៊ីរ៉ង់ លោក អាប៉ាស អារ៉ាកឈី Abbas Araghchi ផ្ញើ​ទៅ​ជូន​អគ្គនាយក​ទី​ភ្នាក់ងារ​ថាមពលបរមាណូ​ហៅ​កាត់​ថា​AIEA ដែល​ជា​ស្ថាប័នត្រួត​ពិនិត្យ​​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​នោះ អ៊ីរ៉ង់​នឹង​បន្ថែម​ឧបករណ៍​ចម្រើន​ធាតុ​​អ៊ុយរ៉ានីញ៉ូម​ចំនួន​១០០០​គ្រឿង​ថ្មី​ និង​ដាក់​ជំនួស​មក​វិញ​នូវ​ឧបករណ៍​ មាន​សមត្ថភាព៥០%​​ខ្លាំងជាង​​ម៉ាស៊ីនចម្រើន​ធាតុ​​អ៊ុយរ៉ានីញ៉ូមជំនាន់​ទី ១ ​IR-1 ដែល​​​ខូច​ខាត​ក្នុងការ​វាយប្រហារ​​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​ចាប់​ផ្តើម​ចម្រើន​ធាតុ​​អ៊ុយរ៉ានីញ៉ូម ឱ្យ​ដល់​៦០%។ ​​អ៊ុយរ៉ានីញ៉ូម​ចម្រើន​ធាតុ​​៦០% នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់ សម្រាប់ជា​ប្រយោជន៍​​ផលិតថ្នាំ​ ​​វិទ្យុសកម្មផ្សេងៗ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ថាមពលបរមាណ​អ៊ីរ៉ង់។

ប៉ុន្តែ​បើ​អ៊ីរ៉ង់​អាច​ចម្រើន​ធាតុ​​អ៊ុយរ៉ានីញ៉ូមបាន​៦០%​ហើយ មិន​យូរ​មិន​ឆាប់​នឹង​ឡើង​៩០%​ដែល​​ជា​កំរិត​សមត្ថភាព​សម្រាប់​ផលិត​គ្រាប់​បែកនុយក្លេអ៊ែរ។ បើ​ទោះ​បី​ជា​អ៊ីរ៉ង់តែង​តែ​​អះអាង​ជា​និច្ច​ថា​ កម្មវិធីនុយក្លេអ៊ែរ​និង​ការ​​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ មាន​កម្មវត្ថុ​ស៊ីវិល​សុទ្ធ​សាធ ក៏​ដោយ ក៏​មាន​​ន័យ​ថា​អ៊ីរ៉ង់​កំពុង​បោះជំហាន​ឆ្លង​​ដំណាក់​កាល​ដ៏​សំខាន់​មួយ  និង​ជា​កាយវិការ​ផ្គើន​ផ្ចាញ់ថ្មី​ ​ដ៏​សម្បើម​តែ​ម្តងដាក់​សហគមន៍​អន្តរជាតិ។ បើ​តាមកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​មហាអំណាច​បូក​និង​អាល្លឺម៉ង់​នោះ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​មិន​អាច​ចម្រើន​ធាតុ​​អ៊ុយរ៉ានីញ៉ូមលើស​៤%​ទេ​​។

​ផលវិបាក​ការទូត

គ្រាន់​តែ​បាន​ឮ​សេចក្តី​ប្រកាស​ចម្រើន​ធាតុ​​អ៊ុយរ៉ានីញ៉ូម៦០%​ភ្លាម​ ជំនួប​ប្រជុំ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធ​ទី ១៤​មេសានេះ ដើម្បី​ស្រោច​ស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​ឆ្នាំ​២០១៥ ត្រូវ​បាន​លើក​ពេល​ទៅ ធ្វើ​នៅ​ថ្ងៃព្រហស្បតិ៍ទី ១៥​មេសា​ស្អែក​វិញ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​រុស្ស៊ី។ ជា​ជំនួប​ប្រជុំ​រវាង​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង អាល្លឺម៉ង់ ចិន​ បារាំង អង់គ្លេស​ អ៊ីរ៉ង់ និង​រុស្ស៊ី ក្រោម​ការ​ដឹកនាំ​របស់​សហភាព​អឺរ៉ុប ដើម្បី​សាកល្បង​នាំ​​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ឱ្យ​និយាយ​ចូល​គ្នា​វិញ។ អ៊ីរ៉ង់​ទាមទារ​ឱ្យ​អាមេរិក​លុប​ចោល​ទាំង​អស់​ទណ្ឌកម្ម​ទាំង​អម្បាល​ម៉ាន​ដែល​រដ្ឋបាល​អាមេរិក​បាន​ដាក់​លើ​អ៊ីរ៉ង់​កាលពី​៤​ឆ្នាំមុន ទើប​ព្រម​កំរិត​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ ហេតុការណ៍​កាលពី​ថ្ងៃ​អាទិត្យ និង​សេចក្តី​ប្រកាស​របស់​អ៊ីរ៉ង់​នេះ ពិត​ជា​បង្ក​ភាព​ស្មុគស្មាញ​កាន់​តែ​ខ្លាំង​ដល់​ជំនួប​ប្រជុំ។

 

បារាំងបាន​ប្រកាស​ថ្កោលទោស​អ៊ីរ៉ង់​ ថា​កំពុង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ ដែល​ចាំ​បាច់​ត្រូវ​សហការ​ស្វែង​រក​ចម្លើយ​ព្រមាន​តប ពី​សំណាក់​ក្រុម​ប្រទេស​មាន​ពាក់​ព័ន្ធ​នឹងសំណុំ​រឿង​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ បារាំង​កំពុង​ពិភាក្សា​ជាមួយ​ដៃ​គូ​ហើយ​។ សេតវិមាន​ក៏​បាន​សម្តែង​ក្តី ព្រួយ​បារម្ភ​ខ្លាំង​ដែរ ប៉ុន្តែ​លោក​ប្រធានាធិបតី​អាមេរិក ចូបៃដិន រក្សា​ចិត្ត​ជ្រើសរើសការ​​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​ការ​ទូត​ជានិច្ច ទោះ​មិន​អាច​និយាយ​​ ដោយ​​ផ្ទាល់​ជាមួយ​អ៊ីរ៉ង់​ក៏​ដោយ។ ក្នុង​លក្ខខណ្ឌ​បែប​នេះ គេ​មិន​ជា​ត្រូវ​ចរចា​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​​​ បើ​តាម​អ្នក​វិភាគ​នៅមជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​ ការ​គំរាម​របស់​អ៊ីរ៉ង់​ចង់ចម្រើន​ធាតុ​​អ៊ុយរ៉ានីញ៉ូម៦០% មិន​អាច​បង្ខំ​អាមេរិក​ឱ្យ​ព្រមតាម​អ្វី​ដែល​អ៊ីរ៉ង់​ទាមទារ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI