ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុបប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​បន្ទាន់ ដោយសារ​តែ​បញ្ហា​ភាព​តានតឹង​ជាមួយ​​រុស្ស៊ី ច្រើន​សំណុំរឿង

សំឡេង ០៧:១៣
លោកJosep Borrell ប្រមុខការទូតអឺរ៉ុប ប្រជុំពីចម្ងាយ ជាមួយ​រដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំង​២៧ ស្តីពីបញ្ហាតានតឹងច្រើនសំណុំរឿងជាមួយ​រុស្ស៊ី។ ថ្ងៃទី ១៩ មេសា ២០២១
លោកJosep Borrell ប្រមុខការទូតអឺរ៉ុប ប្រជុំពីចម្ងាយ ជាមួយ​រដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំង​២៧ ស្តីពីបញ្ហាតានតឹងច្រើនសំណុំរឿងជាមួយ​រុស្ស៊ី។ ថ្ងៃទី ១៩ មេសា ២០២១ AP - Francois Walschaerts

សហភាពអឺរ៉ុប កំពុងតែស្ថិតក្នុងកាលៈទេសៈលំបាក ប្រឈមជាមួយរុស្ស៊ីកាន់តែខ្លាំង មួយរយៈចុងក្រោយ​នេះ។ មានសំណុំរឿងជាច្រើន ដែលបង្កភាពតាន​តឹង ក្នុងនោះមានដូចជា បញ្ហា​អ៊ុយក្រែន ដែលរុស្ស៊ីហាក់កំពុងតែត្រៀមកម្លាំងទ័ព ចង់​ចូលមកឈ្លានពាន និងបញ្ហាសុខភាព របស់​លោក អាឡិចសី ណាវ៉ាល់នី ដែលមានជំងឺធ្ងន់ធ្ងរក្នុងមន្ទីរឃុំឃាំង​ ហើយ​ដែលអឺរ៉ុបខំខ្នះខ្នែង​ជួយឈឺឆ្អាល។​ ហើយចុងក្រោយ​នេះ គេបញ្ហាវិបត្តិការទូត ដែលទើបតែ​ឆេះឡើង រវាង​រុស្ស៊ី​ ជាមួយ​នឹង​សាធារណរដ្ឋឆែក​ ដែលជាសមាជិករបស់សហភាពអឺរ៉ុប។ នៅថ្ងៃចន្ទទី​១៩មេសា​ រដ្ឋមន្ត្រីការបរទេស នៃប្រទេស​សមាជិកសហភាពអឺរ៉ុបទាំង​២៧ កំពុងតែបើកការប្រជុំ​បន្ទាន់មួយ ដើម្បីនិយាយ​គ្នាលើបញ្ហាទាំងអំបាលម៉ាណនេះ។

ផ្សាយពាណិជ្ជកម្ម

អឺរ៉ុបចេញមុខឈឺឆ្អាល ចង់ជួយ​សង្គ្រោះជីវិតលោកណាវ៉ាល់នី

ស្ថានភាព​សុខភាព​របស់​លោកអាឡិចសី ណាវ៉ាល់នី កំពុងស្ថិតក្នុងដំណាក់​កាលគ្រោះថ្នាក់បំផុត នេះបើផ្អែកតាមប្រភពពី​ក្រុមគ្រួសារ និងមនុស្ស​ស្និទស្នាលនឹងលោក។ ក៏ប៉ុន្តែ អាជ្ញាធរមន្ទីរឃុំឃាំង​រុស្ស៊ី មិនព្រម​យកលោក ចេញទៅព្យាបាល​នៅមន្ទីរពេទ្យទេ។ កាលពីសប្តាហ៍មុន ភរិយាលោកណាវ៉ាល់នី ដែលបានចូលទៅជួប​លោកក្នុងមន្ទីរឃុំឃាំង បាន​អះអាង លោកណាវ៉ាល់នីបានស្រកទម្ងន់ ប្រមាណ​១០គីឡូក្រាមហើយ។

លោកណាវ៉ាល់នី ដែលជាប់ឃុំនៅ​មន្ទីរឃុំឃាំង Pekrov ចំងាយ​ប្រមាណ​ជិត​១០០គីឡូម៉ែត្រ ខាងកើតក្រុងម៉ូស្គូ មានជំងឺ​ឆ្អឺងខ្នងធ្ងន់ធ្ងរ។ លោកបានទាមទារសុំឲ្យ​គ្រូពេទ្យ​ដែលលោក​ទុកចិត្ត ចូលមកពិនិត្យ​ និងផ្តល់ថ្នាំឲ្យ​លោក តែមន្ទីរឃុំឃាំងមិនព្រមទេ។ ហេតុដូច្នេះហើយ​ លោក​ក៏បានសម្រេចចិត្ត​ធ្វើកូដកម្មបង្អត់អាហារ តាំងតែពីថ្ងៃទី​៣១មីនាម្លេះ។ អ្វីដែលគ្រូពេទ្យ​ជំនិតរបស់​លោក​ណាវ៉ាល់នី​ព្រួយ​បារម្ភនោះ គឺកម្រិតជាតិប៉ូតាស្យូមក្នុងឈាមរបស់គាត់ ឡើងខ្ពស់ខ្លាំង ហើយ​អាចធ្វើឲ្យ​គាំងបេះដូងគ្រប់ពេលវេលា។​ តែយ៉ាងណាអាជ្ញាធរមន្ទីរឃុំឃាំង នៅតែមិន​ព្រមឲ្យ​គ្រូពេទ្យ​ចូលទៅជួប ឬ ក៏បញ្ជូន​ដឹកលោក​ណាវ៉ាល់នី មកព្យាបាល​នៅខាងក្រៅទេ។

កាលពីល្ងាចទី​១៨មេសា លោក Josep Borrell ប្រមុខការទូតអឺរ៉ុប បានអំពាវនាវ ឲ្យអាជ្ញាធររុស្ស៊ីត្រូវតែយល់ព្រមជាបន្ទាន់ ឲ្យ​គ្រូពេទ្យ​ម្នាក់​ដែល​លោក​ណាវ៉ាល់នីទុ​កចិត្ត​ អាចចូលទៅពិនិត្យ​សុខភាព និងព្យាបាលលោកណាវ៉ាល់នី​។ ចំណែក លោក​រដ្ឋមន្ត្រីការបរទេសបារាំង បាន​លើកឡើងថា អាជ្ញាធររុស្ស៊ី ជាពិសេសគឺលោកប្រធានធិបតីពូទីនតែម្តង ដែលជាអ្នកទទួលខុសត្រូវ លើអាយុជីវិតរបស់​លោកអាឡិចសី ណាវ៉ាល់នី។

នៅថ្ងៃចន្ទទី១៩មេសានេះ រដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប បាន​បើកការប្រជុំបន្ទាន់ ដើម្បី​រកវិធីធ្វើ​យ៉ាងណា ជួយសង្គ្រោះជីវិតលោក​ណាវ៉ាល់នី។ បើតាម​ការចុះផ្សាយរបស់បណ្តាញព័ត៌មានអាល្លឺម៉ង់ លោក Heiko Maas ​រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ដែលជាអ្នកដឹកនាំការប្រជុំបន្ទាន់នេះ បាន​លើកឡើងថា គេនឹងរៀបចំធ្វើលិខិតផ្លូវការ ស្នើសុំឲ្យ​អាជ្ញាធររុស្ស៊ី ត្រូវផ្តល់ជូនលោកអាឡិចសី ណាវ៉ាល់នី នូវការព្យាបាលសុខភាព ដែលត្រឹមត្រូវ និងដោយ​បន្ទាន់បំផុត ព្រោះថាដំណាក់​កាល​នេះ ជារឿងស្លាប់រស់។

ទណ្ឌកម្ម​បន្ថែមលើរុស្ស៊ី?

អ្វីដែល​សហភាពអឺរ៉ុប អាចធ្វើបាន​បន្ថែមពីនេះ បើតាមការស្មាន គឺគ្មានអ្វីក្រៅពីសម្រេចដាក់ទណ្ឌកម្ម​លើរុស្ស៊ីនោះទេ។ លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំង ដែលបាននិយាយនៅតាមកញ្ចក់ទូរទស្សន៍ជាតិប៉ុស្តិលេខ៣ កាលពីយប់ម្សិលមិញ បានលើកឡើងថា ក្នុងសំណុំរឿងដាក់ថ្នាំបំពុលលោកណាវ៉ាល់នី គឺសហភាពអឺរ៉ុប បានចេញវិធានការទណ្ឌកម្ម ទៅលើរុស្ស៊ី ចំនួន៣វិធានការរួចហើយ។ វិធានការនេះច្រើនគួរសមហើយ តែប្រសិនបើចាំបាច់ ត្រូវបន្ថែមទណ្ឌកម្មទៀត គឺអឺរ៉ុបអាចនឹងបន្ថែម ដើម្បីដាក់សំពាធលើរុស្ស៊ី ឲ្យសង្គ្រោះជីវិតលោកណាវ៉ាល់នី។ លោកអះអាងថា លោកចង់ឲ្យ​អឺរ៉ុប​បន្ថែទណ្ឌកម្មលើរុស្ស៊ី ដើម្បីស្រោចស្រង់ជីវិតលោក​ណាវ៉ាល់នី។

ដូចគ្នាដែរ អ្នកនាំពាក្យសេតវិមានអាមេរិក លោក Jake Sullivan វិញ បាននិយាយនៅតាមកញ្ចក់ទូរទស្សន៍​CNN កាលពីម្សិលមិញដែរ ថាប្រសិនបើ​លោកអាឡិចសី ណាវ៉ាល់នី ស្លាប់ នោះ រុស្ស៊ី​ប្រាកដជាមិនអាចគេចផុត ពីទណ្ឌកម្មរបស់អាមេរិកឡើយ។

ដោយឡែក លោកAndreï Kéline អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងឡុងដ៍ បានថ្លែងនៅតាមកញ្ចក់ទូរទស្សន៍ BBC កាលពីថ្ងៃអាទិត្យថា លោកណាវ៉ាល់នី ថាជាអ្នកបង្កបញ្ហាព្រោះចង់ល្បី ចង់ឲ្យពិភពលោកចាប់អារម្មណ៍តែប៉ុណ្ណោះ។ លោកទូតរុស្ស៊ីរូបនេះ បានបន្ថែមថា កុំភ័យពេក រុស្ស៊ីនឹងមិន​បណ្តោយ​លោកណាវ៉ាល់នី ស្លាប់ក្នុងគុកទេ។

អ៊ុយក្រែន ឆែក សុទ្ធតែមានបញ្ហា​ជាមួយ​រុស្ស៊ី

ក្នុងសំណុំរឿងវិបត្តិការទូតរវាងរុស្ស៊ី និងសាធារណរដ្ឋឆែក គឺវាពាក់ព័ន្ធជាមួយ​សហភាពអឺរ៉ុប ដោយផ្ទាល់ ព្រោះថា សាធារណរដ្ឋឆែក គឺជាប្រទេសសមាជិកសហភាពអឺរ៉ុប។ បញ្ហាបានកើតឡើង បន្ទាប់ពី​រដ្ឋាភិបាល​ឆែក បានបណ្តេញ​មន្ត្រីទូតរុស្ស៊ីចំនួន​១៨នាក់ចេញពីប្រទេស។ អាជ្ញាធរឆេកចោទថាមន្ត្រីទូតរុស្ស៊ីទាំងនេះ ជាគិញសម្ងាត់របស់​រុស្ស៊ី ហើយដែលជាអ្នកទទួលខុសត្រូវ លើករណីផ្ទុះឃ្លាំងស្តុកអាវុធនិងគ្រាប់ផ្ទុះមួយកន្លែង កាលពីឆ្នាំ​២០១៤។ ជាការឆ្លើយតបវិញ កាលពីអាទិត្យទីូ​១៨មេសា រុស្ស៊ីបានបណ្តេញមន្ត្រីទូតឆែក​ ចំនួន​២០នាក់។

ចំណែក​បញ្ហាអ៊ុយក្រែន ជារឿងដ៏ធំដែរ ដែលអឺរ៉ុបមិនអាចមិនឈឺឆ្អាលបានទេ ព្រោះអ៊ុយក្រែនជាសម្ព័ន្ធមិត្តខ្លួន ហើយ​ជាសម្ព័ន្ធមិត្ត​​អង្គការអូតង់ទៀត។ អ៊ុយក្រែនកំពុងតែភ័យ ដោយសារតែរុស្ស៊ី ចល័តទ័ព ព័ទ្ធអ៊ុយក្រែននៅភាគខាងកើត និងក្នុងសមុទ្រខ្មៅ។

តែយ៉ាងណា សម្រាប់ពេលនេះ សហភាពអឺរ៉ុប កំពុងជជែកគ្នា ថាអាចធ្វើអ្វីបាន ដើម្បីជួយ។ សហភាពអឺរ៉ុបចង់ជួយ តែក៏មិនអាចចេញមុខ​តតាំងខ្លាំងជាមួយរុស្ស៊ីដែរ។ លោក Josep Borrell ប្រមុខការទូតអឺរ៉ុប បាន​ទទួលស្គាល់នៅពេលបើកកិច្ចប្រជុំព្រឹកមិញនេះ មានរឿងកាន់តែច្រើន ដែលអឺរ៉ុប និង​រុស្ស៊ី ត្រូវមើលមុខគ្នាលែងត្រង់ ភាពតានតឹង កាន់តែកើនឡើងជាលំដាប់។ បញ្ហាចោទ សួរថា តើ​ប្រទេសអឺរ៉ុបទាំង​២៧ អាចប្រមូលកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីតតាំងជាមួយរុស្ស៊ីដែរឬទេ?

មិនចង់បើកដៃឲ្យ​រុស្ស៊ីមានលេសឈ្លានពានអ៊ុយក្រែន

លោកប្រធានាធិបតីអ៊ុយក្រែន បានសុំឲ្យ​សហភាពអឺរ៉ុប និងអង្គការអូតង់ ​ពន្លឿននីតិវិធី ឲ្យខ្លួន ក្លាយ​ជាសមាជិកពេញសិទ្ធិ ដើម្បីជាសារផ្ញើទៅកាន់រុស្ស៊ី ថាហាមប៉ះពាល់អ៊ុយក្រែន។ តែសំណើរនេះ ត្រូវបាន​អឺរ៉ុប និង​អូតង់ បដិសេធ ថាកុំប្រញ៉ាប់ពេក។ ក្នុងន័យនេះយើងឃើញថា ទាំងអឺរ៉ុប ទាំងអូតង់ សុទ្ធតែ​មិនហ៊ានប្រឈមមុខចំៗ ជាមួយ​រុស្ស៊ីទេ។

មន្ត្រីទូតនៅអឺរ៉ុបខ្លះលើកឡើងថា គេមិនចង់បើកដៃ ឲ្យរុស្ស៊ីបានលេស ដើម្បីឈ្លានពានអ៊ុយក្រែនទេ។ តាំងពីចប់សង្គ្រាមត្រជាក់មក អ៊ុយក្រែន គឺជាប្រទេស​ដែលយើងអាចចាត់ទុកបាន ថាស្ថិតនៅចំកណ្តាល​ ពុះចែករវាង​រុស្ស៊ី​និងលោកសេរី​។ ដូច្នេះបើអ៊ុយក្រែនហ៊ានតែ​ផ្អៀងទៅខាងលោកសេរី  មានន័យថាលែងមានអ្វីខណ្ឌចែកទៀតហើយ ដូច្នេះរុស្ស៊ីនឹងបានលេសនេះ ឈ្លានពាន​អ៊ុយក្រែនជាក់ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI