ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្រ្តី​ប៉ាគីស្ថានព្រមាន​ពីផលវិបាក បើសិនសភា​បោះឆ្នោតបណ្តេញ​ឯកអគ្គរដ្ឋទូតបារាំង​ពីប្រទេស

សំឡេង ០៨:៣០
អ្នកកាន់សាសនា​អ៊ីស្លាម កាន់បដា​សរសេរ​ប្រមាថ​ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង នៅក្នុង​បាតុកម្ម​ប្រឆាំង​ការចុះផ្សាយ​រូបត្លុក ព្យាការី មហាម៉េត ដោយ​ទស្សនាវដ្តីបារាំង ខែ​តុលា ២០២០
អ្នកកាន់សាសនា​អ៊ីស្លាម កាន់បដា​សរសេរ​ប្រមាថ​ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង នៅក្នុង​បាតុកម្ម​ប្រឆាំង​ការចុះផ្សាយ​រូបត្លុក ព្យាការី មហាម៉េត ដោយ​ទស្សនាវដ្តីបារាំង ខែ​តុលា ២០២០ AP - Muhammad Sajjad

សភា​ប៉ាគីស្ថាន ត្រូវ​បោះឆ្នោត​នៅ ថ្ងៃអង្គារ​ទី ២០​មេសា លើ​សំណើ​របស់​រដ្ឋាភិបាល ដើម្បី បណ្តេញ​ឯកអគ្គរដ្ឋទូតបារាំង​ចេញពី ប្រទេស។ បណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង​ចេញពីប្រទេស​ជា​ការទាមទារ​ចង់បាន​ខ្លាំង​របស់គណបក្ស​អ៊ីស្លាម​ជ្រុលនិយម មួយ នៅ ប៉ាគីស្ថាន ដែលជាអ្នក​ជំរុញ​ឲ្យ​មាន​កុបកម្ម បាតុកម្ម ប្រឆាំង បារាំង នៅ​ទឹកដី ប៉ាគីស្ថាន។ នៅ សប្តាហ៍មុន រដ្ឋាភិបាល​បារាំង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​របស់ខ្លួន​ចាកចេញ​មួយរយៈ នៅខណៈពេល​ដែល បាតុកម្ម​ហិង្សា​ប្រឆាំង​បារាំង​បាន​កើនឡើង កាន់តែ​ខ្លាំង នៅទូទាំង​ប្រទេស​ប៉ាគីស្ថាន។ តើអ្វី ជា​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​កើតមាន​ភាពតានតឹង រវាង​បារាំង និង​ប៉ាគីស្ថាន នៅពេលនេះ

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អង្គារទី ២០ មេសា​នេះ សភា​ប៉ាគីស្ថាន​ត្រូវ​បោះឆ្នោត សម្រេច​ថា តើ​គេ​ត្រូវ​បណ្តេញ ឯកអគ្គរដ្ឋទូត​បារាំង ចេញ​ពី​ប្រទេស​ដែរឬទេ។ បណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង ចេញពី​ប្រទេស​ប៉ាគីស្ថាន គឺ ការទាមទារ​ចង់បាន​របស់​គណបក្ស អ៊ីស្លាមជ្រុលនិយម តេរីក អ៊ី ឡាប៊េក (TLP) ដែល​ជា​អ្នកអំពាវនាវ​ឲ្យ​មានចលនា​បាតុកម្ម​ប្រឆាំង បារាំង នៅ​ប៉ាគីស្ថាន។

សភាប៉ាគីស្ថាន​ត្រូវ​បោះឆ្នោត​បណ្តេញឯកអគ្គរដ្ឋទូត​បារាំង ចេញពីប្រទេស​នៅពេលនេះ ជាលទ្ធផល​នៃ​ភាពតានតឹង បារាំង ប៉ាគីស្ថាន ដែល​ចាប់កើតមាន ប៉ុន្មាន​ខែមកហើយ។ ដើម្បី​អាច​យល់​ពី ស្ថានភាព​សព្វថ្ងៃនេះ គេ​ត្រូវ​ត្រលប់​ទៅ​មើល​រឿងរ៉ាវ​កើតដំបូង កាលពី​ប៉ុន្មាន​ខែ​មុន។ នៅ​ថ្ងៃ​ទី ៣​កញ្ញា នៅ​ចំ​ថ្ងៃ​ដែល​តុលាការ​បារាំង បើកសវនាការ កាត់ទោស ក្រុមជីហាត ដែល​ពាក់ព័ន្ធ នឹង​ភេរវកម្ម នៅទីក្រុង​ប៉ារីស ឆ្នាំ ២០១៥ ទស្សនាវដ្តី បារាំង ឆាលី អ៊ិបដូ បាន​បោះពុម្ពផ្សាយ​សាជាថ្មី រូបត្លុក ព្យាការី មហាម៉េត។ រូបត្លុក​នោះ​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង នៅ បណ្តាប្រទេស​កាន់សាសនា​អ៊ីស្លាម ដែលនៅក្នុង​នោះមានផងដែរ ប៉ាគីស្ថាន។

ប៉ុន្តែ ទើប​នៅ ២​ខែក្រោយ ដែល​កើតមាន​ចលនា​ស្អប់​បារាំង និង​បាតុកម្ម នៅទូទាំង​ប្រទេស​ប៉ាគីស្ថាន ពោល​គឺ​បន្ទាប់​ពី ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង បាន​ចេញមុខ​និយាយ​ការពារ សិទ្ធិសេរីភាព គូរ បង្ហាញ រូបត្លុក ព្យាការី មហាម៉េត។ នៅ​ថ្ងៃ ទី ២១​តុលា ឆ្នាំមុន នៅ​ថ្ងៃ​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​គ្រូបង្រៀន​ដែល​ត្រូវ​ឧក្រិដ្ឋជន​សម្លាប់​ដោយសារ​បង្ហាញ​រូបត្លុក មហាម៉េត លោក​ប្រធានាធិបតី​បារាំង បាន​និយាយ​ថា បារាំង នឹង​មិនបោះបង់​ចោល ទម្លាប់ គូរ​រូបត្លុក​នោះទេ។ សំដី​របស់​លោកប្រធានាធិបតី បារាំង បាន​ទៅ​ដុតកំហឹង​នៅ​បណ្តា​ប្រទេស​កាន់សាសនា​អ៊ីស្លាម ជាទី ដែល ការគូរ បង្ហាញ​រូប​ព្យាការី មហាម៉េត ត្រូវចាត់ទុក​ជា​ការជេរប្រមាថ​សាសនា​អ៊ីស្លាម។ នៅ​ប៉ាគីស្ថាន ប្រទេស​អ៊ីស្លាម​ធំទី ២ ក្នុង​ពិភពលោក ដែល​មាន​ប្រជាជន​រស់នៅ ជិត ២០០លាន​នាក់ ការជេរប្រមាថ​សាសនា​អ៊ីស្លាម គឺ​ជារឿង​ដ៏រសើប និង អាច​ធ្វើ​ឲ្យ​គេ​ប្រឈម​នឹង​ការព្រួត​វាយសម្លាប់​របស់​មហាជន។ នៅ ក្រោយ ប្រធានាធិបតី​បារាំង ថ្លែង​ការពារ​ជំហរ​របស់​បារាំង ដើម្បី​បន្ត គូររូបត្លុក​ព្យាការី មហាម៉េត នាយករដ្ឋមន្រ្តី ប៉ាគីស្ថាន​ក៏បាន​ចេញ​មុខ​ថ្កោលទោស និង​បាន​រិះគន់ លោក​ម៉ាក្រុង ថា កំពុង​វាយប្រហារ​អ៊ីស្លាម នៅក្រោម​លេស ការពារ​សិទ្ធិសេរីភាព​បញ្ចេញមតិ។ ទោះជា​ប្រមុខរដ្ឋាភិបាល​ប៉ាគីស្ថាន​ចេញមុខ រិះគន់​បារាំង ពីរឿង​គូររូបត្លុក​ព្យាការី មហាម៉េត ប៉ុន្តែ វា​មិន​បាន​ទៅ បន្ថយ​កំហឹង​ស្អប់​បារាំង​នៅ​ប៉ាគីស្ថាន​នោះទេ។ ជាង ៦ខែមកនេះ គណបក្ស អ៊ីស្លាមជ្រុលនិយម​តូចមួយ គឺ គណបក្ស ​តេរីក អ៊ី ឡាប៊េក (TLP) បាន​ញុះញង់​ឲ្យ​គេ​ស្អប់ និង ធ្វើ​បាតុកម្ម ប្រឆាំង​បារាំង ដែល​ក្រុមនេះ​ចោទថា បាន​ជេរប្រមាថ​ព្យាការី មហាម៉េត តាមរយៈ ការគូរបង្ហាញ​រូបត្លុក។

ដោយសារ​តែ​បាតុកម្ម​ និង​កូដកម្ម អំពាវនាវ​ដោយ​គណបក្ស​អ៊ីស្លាមជ្រុលនិយម​មួយនេះ ទីក្រុង ធំៗ​បី​របស់​ប៉ាគីស្ថាន ត្រូវ​ជាប់គាំង ស្ទះ​សេដ្ឋកិច្ច​មួយផ្នែក។ ដើម្បី បញ្ចុះបញ្ចូល ឲ្យ​គណបក្ស​អ៊ីស្លាម​ជ្រុលនិយម ឈប់​ធ្វើបាតុកម្ម រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​ចរចា​ជាមួយ​ក្រុមនេះ កាលពីខែតុលា​ម្តងហើយ ដោយ​ប្រកាស​សុខចិត្ត​ធ្វើ​ពហិកា​មិន​ទិញ​ទំនិញ​បារាំង។ តាម​គណបក្ស​អ៊ីស្លាម​ជ្រុលនិយមតេរីក អ៊ី ឡាប៊េក រដ្ឋាភិបាល​របស់​អ៊ីមរ៉ាន់ ខាន់ បាន​សន្យា​ផងដែរថា នឹង​បណ្តេញ​ឯកអគ្គរដ្ឋទូត បារាំង ចេញពី ប្រទេសយ៉ាងយូរ នៅ​ខែ​មេសា​នេះ។

រដ្ឋាភិបាល ប៉ាគីស្ថាន ចាប់ខ្លួន មេបក្ស​តេរីក អ៊ី ឡាប៊េក ដែល​ទាមទារ​ឲ្យ​គេ​បណ្តេញ​ឯកអគ្គរដ្ឋទូតបារាំង​ពីប្រទេស

មេបក្ស​តេរីក អ៊ី ឡាប៊េក គឺ​លោក សាអាដ ហ៊ូសាំង រីហ្សវី ដែល​ជាអ្នកទាមទារ​ចង់​ឲ្យ​គេ​បណ្តេញ ឯកអគ្គរដ្ឋទូតបារាំង ពី ប្រទេស ត្រូវ​អាជ្ញាធរ​ប៉ាគីស្ថាន​ចាប់ខ្លួន កាលពី ថ្ងៃ​ពុធ​ទី ១២​មេសា ពោល​គឺ នៅបន្ទាប់​ពី​លោក​បានអំពាវនាវ​ឲ្យ​គេ​ធ្វើ​បាតុកម្ម​នៅ ថ្ងៃ​ទី ២០​មេសា​នេះតែម្តង ដើម្បី ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប៉ាគីស្ថាន​គោរព​តាម​ការសន្យា​របស់ខ្លួន ដើម្បី ដាក់ពាក្យ​ស្នើ​ឲ្យ​សភា បោះឆ្នោត បណ្តេញ​អ្នកតំណាង​បារាំង​ចេញ​ពី​ប្រទេស។

ការចាប់ខ្លួន មេបក្ស​អ៊ីស្លាមជ្រុលនិយម​បាន​បង្ក​ឲ្យមាន​កុបកម្ម បាតុកម្ម ហិង្សា រហូត​សម្លាប់​ប៉ូលិស​ប៉ាគីស្ថាន ៤នាក់ ហើយនិង​ការចាប់​ចំណាប់ខ្មាំង​ប៉ូលិស​ពីសំណាក់​សកម្មជន​របស់​បក្ស តេរីក អ៊ី ឡាប៊ែក នៅទីក្រុង​អ៊ីស្លាម៉ាបាដ កាលពី សប្តាហ៍មុន។

ក្រៅ​តែ​ពី​ចាប់ខ្លួន​មេបក្ស​អ៊ីស្លាម​ជ្រុលនិយម​ហើយ ក្រសួង​មហាផ្ទៃ ប៉ាគីស្ថាន​បាន​ចេញ​លិខិត នៅ ថ្ងៃ​ទី ១៤ មេសា ហាមឃាត់ មិន​ឲ្យ​គណបក្ស​តេរីក អ៊ី ឡាប៊េក ធ្វើ​នយោបាយ​តទៅទៀត។ សម្រាប់​នាយករដ្ឋមន្រ្តី ប៉ាគីស្ថាន គេ​ត្រូវ​ប្រើច្បាប់ ប្រឆាំង ភេរវនិយម សម្រាប់​បិទខ្ទប់ គណបក្ស អ៊ីស្លាមជ្រុលនិយម ព្រោះថា គណបក្ស​នេះ បាន​ញុះញង់​ឲ្យ​មាន​បាតុកម្ម សកម្មភាព ហិង្សា ដែល​កំពុង​បំផ្លាញ​មុខមាត់​របស់​ប៉ាគីស្ថាន​នៅ ឆាក​អន្តរជាតិ។

តាមអ្នកជំនាញ រដ្ឋាភិបាល ប៉ាគីស្ថាន ទំនង​ចង់​បិទបញ្ចប់ វិបត្តិ​ធ្វើ​បាតុកម្ម​លើកនេះ តាមរយៈ ការចាប់ខ្លួនមេបក្ស និង ហាមឃាត់​គណបក្ស តេរីក អ៊ី ឡាប៊េក​មិន​ឲ្យ​ធ្វើ​នយោបាយ​តែម្តង។ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តី ប៉ាគីស្ថាន​ យល់ច្រលំ​ធំ ព្រោះថា គណបក្ស​តេរីក អ៊ី ឡាប៊េក មាន​អ្នកគាំទ្រ​ច្រើន និង​ទទួល​បាន​សមានចិត្ត​គាំទ្រ​ពី​អ្នកកាន់សាសនា​អ៊ីស្លាម​ជាច្រើន​នៅ ប៉ាគីស្ថាន ដោយសារ​តែ គណបក្ស​នេះ មានជំហរដាច់ណាត់ ការពារ សាសនា​អ៊ីស្លាម។

ដោយយល់ថា ទោះជា​ ចាប់ខ្លួន មេបក្ស ហើយ និង​ហាមឃាត់​គណបក្ស មិន​ឲ្យ​ធ្វើ​នយោបាយ នៅតែ​មិនអាច​ទៅ បិទ​បញ្ចប់ មហាបាតុកម្ម​ប្រឆាំង​បារាំង នៅទូទាំងប្រទេស រដ្ឋាភិបាល​របស់​លោក​អ៊ីមរ៉ាន់ ខាន់ ក៏​បាន​ប្តូរ​ជំហរ​មកវិញ ដោយ​បានងាក​ទៅ​ចរចា ឡើងវិញ ជាមួយ មន្រ្តី គណបក្ស​តេរីក អ៊ី ឡាប៊េក កាលពី យប់​ថ្ងៃ​ចន្ទ​ទី ១៩ មេសា។ គឺ​នៅក្រោយ​ការចរចានេះ ឯង ហើយ​និង​ក្រោយ ក្រុមអ៊ីស្លាមជ្រុលនិយម យល់ព្រម ដោះលែង ប៉ូលិស ប៉ាគីស្ថាន ទើប រដ្ឋាភិបាល​ប៉ាគីស្ថាន បាន យល់ព្រម ដាក់ពាក្យ​ស្នើ​មែនទែន ទៅ​ឲ្យ​សភា ប៉ាគីស្ថាន បោះឆ្នោត បណ្តេញ ឯកអគ្គរដ្ឋទូត​បារាំង នៅថ្ងៃ​អង្គារ​ទី ២០​មេសានេះ។ ក្រៅតែពី ទាមទារ​ឲ្យ​សភា បោះឆ្នោត ​បណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង គណបក្ស តេរីក អ៊ី ឡាប៊េក (TLP)​បាន​ទាមទារ​ផងដែរ ឲ្យ​គេ​ដោះលែង មេគណបក្ស អាយុ ២៦​ឆ្នាំ និង​អនុញ្ញាត​ឲ្យគណបក្ស​ចាប់ដំណើរការឡើងវិញ។ ចុងក្រោយ គេ​បានទាមទារ​ផងដែរ ឲ្យ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ចុះចេញពីតំណែង។

នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន៖ បណ្តេញ​ឯកអគ្គរដ្ឋទូតបារាំង​នឹង​មិនទៅប៉ះពាល់ប្រយោជន៍​បារាំង​នោះទេ

នៅ​ក្នុង​សុន្ទរកថា ថ្លែង​តាម​ទូរទស្សន៍​នៅថ្ងៃ​ចន្ទម្សិលមិញ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​អ៊ីមរ៉ាន់ ខាន់ ​បាន​អំពាវនាវ ឲ្យប្រទេស​លោកខាងលិច ឈប់ ជេរប្រមាថ ព្យាការី មហាម៉េត ក្រោម​លេស សិទ្ធិសេរីភាព​បញ្ចេញមតិ។ ប៉ុន្តែ ជាមួយ​គ្នានោះ លោក​បាន​ព្រមាន​ផងដែរ ពី​ផលវិបាក ដែល​អាច​កើតឡើង ដោយសារ​តែ​រឿងបណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង។ សម្រាប់​នាយករដ្ឋមន្រ្តី ប៉ាគីស្ថាន គេ​មិនអាច​ចេះតែ​បណ្តេញ​ឯកអគ្គរដ្ឋទូត នៅរាល់​ពេល​មាន​បាតុកម្ម​ប្រឆាំង រូបគំនូត្លុក​ព្យាការី មហាម៉េត​នោះទេ។

តាម​លោក​អ៊ីមរ៉ាន់ ខាន់ បើសិន​គេ​នៅតែ​បន្ត ធ្វើ​បាតុកម្ម​តវ៉ា ពេញមួយជីវិត នោះ វា​មិនត្រឹមតែ​ធ្វើ​ឲ្យ​ខាតប្រយោជន៍​របស់​ប៉ាគីស្ថាន​ប៉ុណ្ណោះទេ ប៉ុន្តែ វា នឹង​គ្មាន​ជះផល​អាក្រក់​លើ​ប្រទេស​លោកខាងលិច​សូម្បីបន្តិច។

សម្រាប់​ប្រមុខរដ្ឋាភិបាល​ប៉ាគីស្ថាន បាតុកម្ម ប្រឆាំង បារាំង ឬ​បណ្តេញ​អ្នកតំណាងទូតបារាំង នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ប្រយោជន៍​របស់​បារាំង នោះទេ។ ផ្ទុយទៅវិញ វានឹង​ប៉ះពាល់​ដោយផ្ទាល់​ដល់​សេដ្ឋកិច្ច ឆ្នាំងបាយ របស់​ប៉ាគីស្ថាន ផ្ទាល់​តែម្តង ដែល ត្រូវ​ពឹងអាស្រ័យ​ខ្លាំង​លើ​ការនាំចេញ​ទំនិញ​វាយនភ័ណ្ឌ​ទៅ​កាន់ទីផ្សារ​អឺរ៉ុប។

រដ្ឋាភិបាល​ប៉ាគីស្ថាន​ផ្ទាល់​បារម្ភ​ថា បើសិន គេ​បណ្តេញ​ឯកអគ្គរដ្ឋទូត បារាំង​លើកនេះ នោះ ប៉ាគីស្ថាន​នឹង​អាច​មានទំនាក់ទំនង កាន់តែចុះ​អាក្រក់ ជាមួយ បារាំង ហើយ​និង​ធ្វើ​ឲ្យ​ប៉ាគីស្ថាន មានមុខមាត់​មិនល្អ នៅ​ឆាក​អន្តរជាតិ។ នេះមិនមែន​ជារឿង​ល្អនោះទេ ជាពិសេស នៅ​ពេល បារាំង កំពុង​ខិត​ចូល​ទៅ​ជិតស្និទ្ធ​កាន់តែ​ខ្លាំង​ជាមួយ ឥណ្ឌា ដែល​ជា​បងប្អូន​សត្រូវ​របស់​ប៉ាគីស្ថាននោះ។

នៅតែ​៣ខែ​មុនការបោះឆ្នោត សភា​ប៉ាគីស្ថាន លោក​នាយករដ្ឋមន្រ្តី អ៊ីមរ៉ាន់ ខាន់ ដែល​ចង់​បន្ត​កាន់តំណែង​នាយករដ្ឋមន្រ្តី​មួយអាណត្តិ​ទៀត បាន​ព្យាយាម​យក​ចិត្ត ស្វែងរក​ការគាំទ្រ ពី​អ្នកកាន់តែ​សាសនា​អ៊ីស្លាម ដែលនៅក្នុង​នោះ មានផងដែរ គណបក្ស​អ៊ីស្លាមជ្រុលនិយម តេរីក អ៊ី ឡាប៊េក តាមរយៈ ចេញ​មុខ​ថ្កោលទោស រដ្ឋាភិបាល​បារាំង ក្នុងរឿង​គូររូបត្លុក ព្យាការី មហាម៉េត។ ប៉ុន្តែ អ្នកជំនាញ​វាយតម្លៃថា លោក​នាយករដ្ឋមន្រ្តី បាន​លង់​ក្នុង​អន្ទាក់​របស់​ក្រុមអ៊ីស្លាមជ្រុលនិយម ព្រោះថា ក្រុមនេះ តែងតែ ទាមទារ ចង់បាន​កាន់តែ​ច្រើន ដែល​នឹង​អាច​ធ្វើ​ឲ្យ​ក្រុមអ៊ីស្លាមជ្រុលនិយម មាន​សំឡេង កាន់តែ​ធំ និង​ពង្រីក​ឥទ្ធិពល អនុវត្តិ ការគោរព សាសនា​អ៊ីស្លាម​កាន់តែតឹងរ៉ឹង​នៅ ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI