ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើអាមេរិក​អាចធ្វើជា​គំរូ ដឹកនាំគេ​ឲ្យ​​កាត់បន្ថយ​ការបញ្ចេញ​​ឧស្ម័ន​ផ្ទះកញ្ចក់ដែរឬទេ?

សំឡេង ០៩:១៣
រោងចក្រ​ដុតធ្យូងថ្ម នៅ​ទីក្រុង Grevenbroich ភាគខាងជើង​ប្រទេស​អាល្លឺម៉ង់ នៅ ឆ្នាំ ២០១៤
រោងចក្រ​ដុតធ្យូងថ្ម នៅ​ទីក្រុង Grevenbroich ភាគខាងជើង​ប្រទេស​អាល្លឺម៉ង់ នៅ ឆ្នាំ ២០១៤ AP - Martin Meissner

អាមេរិក​ក្រោម​អាណត្តិ​របស់​លោក​ចូ បៃដិន បាន​យក​ថ្ងៃ ដែល​ពិភពលោក​ប្រារព្ធ​ទិវា​ភពផែនដី នៅ ថ្ងៃ​ទី ២២​មេសា ដើម្បី​រៀបចំ​ជំនួបកំពូល​ស្តីពី​អាកាសធាតុ។ នៅក្នុង​ជំនួបកំពូល​ដែល​ធ្វើឡើង​តាម​សន្និសីទវីដេអូ នៅ​ថ្ងៃព្រហស្បតិ៍ ទី២២​មេសា និង​ថ្ងៃ​សុក្រ​ទី ២៣​មេសា នឹង​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស ៤០ ដែលនៅក្នុង​នោះ មានផងដែរ​ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី រុស្ស៊ី លោក​វ្លាឌីមៀរពូទីន។

ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល ស្តីពី​អាកាសធាតុ​រៀបចំ​ដោយ​អាមេរិក នៅថ្ងៃ​នេះ ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ស្អែកនេះ មាន​គោលដៅ ជំរុញ លើក​ទឹកចិត្ត​ឲ្យ​ប្រទេស​ហត្ថលេខី ទាំង ១៩៦ នៃ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ក្រុង​ប៉ារីស ចាត់វិធានការ​ខ្លាំងក្លា ជាងមុន ក្នុងរឿង កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក កាត់បន្ថយ បរិមាណ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជាដើមហេតុ​ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ។ ជំនួបកំពូល ដែល​ផ្តួចផ្តើម​ដោយ​អាមេរិក លើកនេះ​ធ្វើឡើង​នៅ​តែ ប៉ុន្មាន​ខែ​មុន សន្និសីទ​អន្តរជាតិ​ស្តីពី អាកាសធាតុ របស់​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​រៀបចំ​ធ្វើ​នៅ​ខែ​វិច្ឆិកា ចុងឆ្នាំនេះ នៅប្រទេស​អង់គ្លេស។

ជំនួបកំពូល​ផ្តួចផ្តើម​ដោយ​ប្រធានាធិបតី អាមេរិក លើកនេះ ​ជា​ឱកាស​បើកផ្លូវ ឲ្យ​ប្រទេស​មហាអំណាច ដែល​ពូកែ​ខាង​បញ្ចេញ​ឧស្ម័នកាបូនិក ដាក់​បង្ហាញ​ឲ្យហើយ នូវ គោលដៅ កម្មវិធី​នយោបាយ របស់ខ្លួន ស្តីពី កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក​ឲ្យ​បាន​ច្រើនជាងមុន ច្រើនជាង ការសន្យា ដែល​មាន​ចែង នៅក្នុង​កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ​ក្រុង​ប៉ារីស ឆ្នាំ ២០១៥។

អាមេរិក ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័នកាបូនិក ធំទី ២ ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន ប៉ុន្តែ ​នាំមុខ ប្រទេស​ឥណ្ឌា រុស្ស៊ី និង​ជប៉ុន (ចិន លេខ ១ អាមេរិក​លេខ២ ឥណ្ឌា​លេខ ៣ រុស្ស៊ី លេខ ៤ និង​ជប៉ុន​លេខ ៥) នឹង​បង្ហាញ ផែនការ​ជាតិ​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់។

នៅ​មុន​បើកជាផ្លូវការ ជំនួបកំពូល នៅថ្ងៃ​ព្រហស្បតិ៍ លោកប្រធានាធិបតី​ចូ បៃដិន បាន​ប្រកាស ថា អាមេរិក​នឹង​កាត់បន្ថយ ឧស្ម័នកាបូនិក ឲ្យបាន​ពាក់កណ្តាល ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៣០។ តាមរយៈ ជំនួបកំពូល​លើកនេះ អាមេរិក​បាន​ត្រៀម​ខ្លួន​រួចហើយ ដើម្បីអភវិឌ្ឍ សេដ្ឋកិច្ច​បៃតង សេដ្ឋកិច្ច​គ្មាន​បញ្ចេញ ឧស្ម័ន​កាបូនិក។

ជំនួបកំពូល​ស្តីពី​អាកាសធាតុ នៅ​ថ្ងៃនេះ ជា​ជោគជ័យ នយោបាយ​បរទេស របស់​លោក​ចូ បៃដិន នៅបន្ទាប់​ពី​ប្រកាស ត្រលប់​ចូល គោរព ក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ ស្តីពី​អាកាសធាតុឡើង​វិញ នៅ​ដើម​ឆ្នាំនេះ។ ដោយធ្វើ​ជា​ម្ចាស់​ផ្ទះ ផ្តួចផ្តើម​រៀបចំ ជំនួបកំពូល​ស្តីពីអាកាសធាតុ​លើកនេះ លោកប្រធានាធិបតី ចូ បៃដិន ចង់​បង្ហាញ​ថា អាមេរិក​បាន​ត្រលប់​មក​វិញហើយ ហើយនិង​ចង់​ដើរ​តួនាទី ជា​អ្នកដឹកនាំ​គេ​ក្នុង​រឿង​ប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួល​អាកាសធាតុ។

គេ​អាច​រំពឹង​បានអ្វី​ខ្លះ ពី​ជំនួបកំពូល​រៀបចំ ដោយ​អាមេរិក?

គេសង្ឃឹមថា នៅក្នុង​ជំនួបកំពូលលើកនេះ ប្រទេស​មហាអំណាច នឹង​អាច​ ប្រដេញ​ជើងគ្នា ដើម្បី​ក្លាយ​ជា​ប្រទេស​នាំមុខគេ ដែល​ កាត់បន្ថយ ឧស្ម័ន​កាបូនិក​បាន​ច្រើនជាងគេ។ ជាក់ស្តែង នាយករដ្ឋមន្រ្តី អង់គ្លេស ដែល​ជា​ម្ចាស់ផ្ទះ រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ នៅ​ចុងឆ្នាំនេះ បាន​ប្រកាស​នៅ ថ្ងៃ​អង្គារថា អង់គ្លេស នឹង​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ឲ្យ​បានច្រើនជាងមុន គឺ ៧៨% ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៣៥ ចំណែក សហភាព​អឺរ៉ុប​វិញ ទើប​បាន​សើរើ​កាត់បន្ថយ  ឧស្ម័ន កាបូនិក​ច្រើនជាង​ការសន្យា នៅឆ្នាំ ២០១៥ ពោលគឺ​ដល់ទៅ ៥៥% ពីពេលនេះ​រហូត​ដល់​ឆ្នាំ ២០៣០។

ប្រធានាធិបតី រុស្ស៊ី​ឯណោះ​វិញ បើទោះជា​ដាក់ខ្លួន​ជា​សត្រូវ ប្រកួតប្រជែង របស់​អាមេរិក បាន​ប្រកាស​ថា រុស្ស៊ី នឹង​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ឲ្យ​បាន​ច្រើនជាង អឺរ៉ុប​ទៅទៀត។ នៅមុន​ចូលរួម​ក្នុង​ជំនួប​កំពូល​ថ្ងៃនេះ នាយករដ្ឋមន្រ្តី​កាណាដា​ ក៏​បាន​ប្រកាស បង្កើន​តួលេខ​នឹង​គេ​ដែរ គឺ​ពី ៣០% នៅក្នុង​កិច្ចព្រមព្រៀងនៅឆ្នាំ ២០១៥ ទៅដល់ ៤០% និង ៤៥% ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៣០។

ទោះជា​មិន​បាន​សន្យា​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូនិក ប្រេស៊ីល​ឯណោះវិញ បាន​សន្យា​កាត់បន្ថយ ការកាប់បំផ្លាញ​ព្រៃឈើ​អាម៉ាហ្សូន ដែល​ដើរតួនាទី​សំខាន់​ក្នុងការស្រូបយក​ឧស្ម័នកាបូនិក​ពីក្នុង​បរិយាកាស ពីពេលនេះ ដល់​ឆ្នាំ ២០៣០។

ការសម្រេច​ណាមួយ នៅក្នុង​ជំនួបកំពូលលើកនេះ សំខាន់ណាស់​ព្រោះ​ត្រូវដឹងថា ទោះជាមាន​ប្រទេស​ប្រមាណជាង ៤០​ចូលរួមមែន ប៉ុន្តែ ​ប្រទេស​ទាំង ជាង ៤០ នេះ ជា​អ្នកបញ្ចេញ ឧស្ម័ន​ផ្ទះកញ្ចក់ ប្រមាណ ៨០% នៃ​ឧស្ម័ន​ផ្ទះកញ្ចក់​សរុប នៅលើ​ផែនដី។

ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា លោក​ប្រធានាធិបតី ចិន ស៊ី ជីនពីង​នឹង​បង្ហាញ ផែនការ​ថ្មី​របស់​ចិន នៅក្នុង​ជំនួបកំពូល​លើកនេះ។ លោក​ប្រធានាធិបតី ស៊ី ជីនពីង ធ្លាប់​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល កាលពី​ខែ​កញ្ញា​ឆ្នាំមុន នៅពេល លោក​បាន​ប្រកាស​នៅ អង្គការ​សហប្រជាជាតិ ថា ចិន ដែល​ជា​អ្នកបញ្ចេញ​ឧស្ម័នកាបូនិក​ច្រើនជាងគេ​ក្នុង​លោក​នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក នៅ​ឆ្នាំ ២០៣០ ហើយនិង​សម្រេច​ឲ្យបាន​អព្យាក្រិត​កាបូន ឬ ហ្សេរ៉ូកាបូន នៅ​ឆ្នាំ ២០៦០។

នៅពេល លោកដូណាល់ ត្រាំ ដកអាមេរិក​ចេញពី​កិច្ចព្រមព្រៀងស្តីពី​អាកាសធាតុ លោក​ប្រធានាធិបតី​ចិន បាន​បង្ហាញ​ថា ចិន​ជា​មហាអំណាច គាំទ្រ នយោបាយពហុភាគីនិយម និង​មាន​ការទទួលខុសត្រូវ ប៉ុន្តែ នៅពេលនេះ លោក​ត្រូវ​មក​ប្រឈម​នឹង​លោក​ចូ បៃដិន ដែល​បាន​នាំ​អាមេរិក​មក​ចូលក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ឡើងវិញ និង​ចង់​ដឹកនាំគេ ឲ្យ​កាត់បន្ថយ ក្នុង​រឿង​ប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួល​អាកាសធាតុ។

តើ​លោក​ចូ បៃដិន នឹង​អាច​សម្រេច គោលដៅ​នេះ​ដែរឬទេ? តាម​កិច្ចព្រមព្រៀង នៅ​ឆ្នាំ ២០១៥ អាមេរិក​ធ្លាប់​បាន​សន្យា​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ប្រមាណ តែ ពី ២៦ ទៅ ២៨%​ប៉ុណ្ណោះ ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០២៥។ សម្រាប់អ្នកជំនាញ​ខាង​អាកាសធាតុ តួលេខ​នេះ​តិចណាស់ សម្រាប់​ឲ្យ​គេ​អាច​សម្រេច​គោលដៅ កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក  ដើម្បី ទប់ស្កាត់ កុំ​ឲ្យ​ផែនដី ឡើង​កំដៅ ១,៥អង្សារ បន្ថែមទៀត ទៅតាម កិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុ​ឆ្នាំ ២០១៥។ ដូចការរំពឹងទុក លោកប្រធានាធិបតី ចូ បៃដិន បាន​ប្រកាស​ថ្ងៃ​ព្រហស្បតិ៍ថា អាមេរិក​នឹង​ចូលរួម អាច​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ឲ្យ​បាន ៥០% ពីពេលនេះ ដល់​ឆ្នាំ ២០៣០។

ឧស្ម័ន​កាបូនិក ​កើនឡើង​ដល់​១,៥ពាន់លាន​តោន នៅឆ្នាំ ២០២១

គេ​ដឹងហើយ ថា មូលហេតុដ៏​ចម្បង​បំផុត ដែល​នាំ​ឲ្យ​ភពផែនដី​ឡើង​កម្តៅ គឺ​ការ​កើនឡើង​នៃ​បរិមាណ​ឧស្ម័ន​កាបូនិក មេតាន ដែល​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ នៅ​ក្នុង​បរិយាកាស។ បើ​បរិមាណ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស​កើនឡើង សីតុណ្ហភាព​នឹង​កើនឡើង បើ​បរិមាណ​ឧស្ម័ន​នៅ​ថេរ សីតុណ្ហភាព​នៅ​ថេរ ហើយ​បើ​បរិមាណ​ឧស្ម័ន​ថយចុះ សីតុណ្ហភាព​ក៏​នឹង​ថយ​ចុះ​ទៅតាម​នោះ​ដែរ។

ដើម្បី​អាច​ទប់ស្កាត់​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី​កុំ​ឲ្យ​កើនឡើង​លើស​ពី ១,៥ ឬ ២អង្សា ដូច​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ឆ្នាំ២០១៥ “ហ្សេរ៉ូកាបោន” គឺ​ជា​លក្ខខណ្ឌ​ដ៏​ចាំបាច់​បំផុត ដែល​យើង​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ២០៥០​ខាងមុខ។ ប្រទេស​នីមួយៗ​បាន​សន្យា កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក របស់ខ្លួន ហើយ​និង​ធ្វើ​យ៉ាងណា អាច​សម្រេច​អព្យាក្រឹត​កាបូន នៅ​ឆ្នាំ ២០៦០ ដូច​ករណី​ប្រទេស​ចិន។ ប៉ុន្តែ នៅ​ការពិត​ជាក់ស្តែង ការសន្យា​មានតែ​នៅលើ​មាត់ នៅលើ​ក្រដាស។ ចាប់តាំង​ពី​ការចុះកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ឆ្នាំ ២០១៥ ការបញ្ចេញ​ឧស្ម័នកាបូនិក​នៅតែ​មាន​ច្រើន នៅក្នុង​ពិភពលោក។

ទោះបី​ជា​ថយចុះ បន្តិច នៅ​ឆ្នាំ ២០២០ ដោយសារ​តែ​វិបត្តិកូវីដ​១៩ ប៉ុន្តែ ការបញ្ចេញ​ឧស្ម័ន​កាបូនិក​កើនឡើងវិញ ក្នុង​បរិមាណ​ខ្ពស់ អាច​ដល់ ១,៥ពាន់​លាន​តោន នៅ​ឆ្នាំ ២០២១នេះ។ ពោល​គឺ​កើនឡើង ៥% បើប្រៀបធៀប​នឹង​ឆ្នាំ ២០១៩។ កើនឡើង ព្រោះថា ប្រទេស​ចិន បើ ទោះជា​ចិន​កំពុង​ជំរុញ បង្កើត​ថាមពល​កកើតឡើង វិញដូចជា​ផ្ទាំង ស្រូប​កំដៅ​ព្រះអាទិត្យ កង្ហារយក្ស ដើរដោយ​ខ្យល់ សម្រាប់​ផលិត​អគ្គិសនី ប៉ុន្តែ ចិន នៅតែ​ត្រូវ​ការប្រើ​ធ្យូងថ្ម សម្រាប់​ផលិត​អគ្គិសនី​សម្រាប់​ការប្រើប្រាស់​ក្នុង​ស្រុក។ រដ្ឋាភិបាល​ចិន នៅតែ បង្កើន ការវិនិយោគ​ទៅលើ​រោងចក្រ​ដើរដោយ​ថាមពល​បានមកពីការដុតធ្យូងថ្ម ដែល​ជាអ្នកបញ្ចេញ ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់។

ជាថ្មីម្តងទៀត គេ​ដឹងថា ការបញ្ចេញ​ឧស្ម័នកាបូនិក មិន​ល្អ ព្រោះ​វា​នឹង​ជះផលអាក្រក់​សម្រាប់គ្រប់គ្នា មិន​ថា ប្រទេស​អ្នកមាន ប្រទេស​ក្រីក្រ ដែល​នឹង​អាច​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ កើតចេញមកពី​ការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែ ជា​ថ្មី ម្តងទៀត ប្រយោជន៍ សេដ្ឋកិច្ច​ផ្ទាល់ខ្លួន បានធ្វើ​ឲ្យ​ប្រទេស​នីមួយៗ​នៅតែ​អាត្មានិយម ដុតធ្យូងថ្ម និង​ប្រើប្រាស់មធ្យោបាយធ្វើដំណើរដែល​បញ្ចេញ​ឧស្ម័នកាបូនិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI