ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​មេរោគកូវីដ​បំប្លែង​ខ្លួន​ឥណ្ឌា​ កាច​ខ្លាំង និង​ឆ្លង​ខ្លាំង​ ជាងវីរុស​កូវីដផ្សេង​ទៀត​ឬ ?

សំឡេង ០៦:៤២
ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌា​ចាល់​ខ្លាំង ខ្វះ​អុកស៊ីហ្សែន សម្រាប់​សង្គ្រោះ​អ្នក​ជំងឺ​កូវីដ១៩
ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌា​ចាល់​ខ្លាំង ខ្វះ​អុកស៊ីហ្សែន សម្រាប់​សង្គ្រោះ​អ្នក​ជំងឺ​កូវីដ១៩ Sajjad HUSSAIN AFP

គិត​ត្រឹម​ថ្ងៃទី ២៤​មេសា វេលា​ម៉ោង ១៧និង​៤៥នាទី ម៉ោង​សកល ពិភពលោក​បាន​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូវីដ​១៩ ជូនប្រជាពលរដ្ឋបាន​ជាង​១ពាន់​លាន​ដូស នៅ​ក្នុង​២០៧​ប្រទេស។ ប៉ុន្តែ​ករណីឆ្លង​កូវីដ​១៩​ថ្មី ក៏​បាន​​កើន​ឡើង​​យ៉ាង​ខ្លាំងដែរ ដល់​ទៅ​ជិត​៩សែន​នាក់​ក្នុង​រយៈ​ពេល​២៤ម៉ោង​ចុងក្រោយ​នេះ ក្នុង​នោះជិត​៣សែន​៥ម៉ឺន​ករណី នៅ​ឥណ្ឌា។ អាមេរិក​បានប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ដល់​រដ្ឋាភិបាល និង​ពលករ​ផ្នែក​សុខាភិបាល​ឥណ្ឌា។ ចំណែកអឺរ៉ុបដែល​កំពុង​វក់វី​ខ្លាំង​នឹង​ការ​ចម្លង​កូវីដ​១៩​ដែរ​នោះ ចាប់ពិចារណា​បើក​ប្រទេស​ឡើង​វិញ​ តែ​​កំពុង​ប្រយ័ត្ន​ខ្លាំង​ខ្លាច​​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ឥណ្ឌា​​ចូល​មក។

ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​ចាក់ថ្នាំ​បង្ការ​ជំងឺ​កូវីដ​១៩ នៅលើ​ពិភពលោក​ចាប់​មាន​ល្បឿន​ហើយ។ ជាង​១ពាន់លាន​ដូស នេះ​ជាចំនួន​​​​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ដែលពិភពលោក​​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍​ទី ២៤​មេសា​ម្សិលមិញ។ យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជា​ក្តី​សង្ឃឹម​តែមួយ​គត់ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​រាតត្បាត​របស់​កូវីដ។ គ្រាន់​តែ​ថា​​ល្បឿន​នៃដំណើរការ​ចាក់​ថ្នាំ​បង្ការ​មិន​ដូច​គ្នា​ទេ​ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ នៅ​ក្នុង​ចំណោម​ថ្នាំ​បង្ការ​១ពាន់​លានដូស​ដែល​បានចាក់ នៅក្នុង​២០៧​ប្រទេស​​នេះ ជាងពាក់កណ្តាល​ (៥៨%) ផ្តុំ​នៅក្នុង​ប្រទេស​បី​ប៉ុណ្ណោះ​គឺ​ សហរដ្ឋ​អាមេរិក (២២៥,៦លាន​នាក់) ចិន (២១៦,១លាននាក់) និងឥណ្ឌា (១៣៨,៤លាននាក់)។ រីឯ​ជប៉ុន​នៅយឺត​យ៉ាវ​ខ្លាំង​ជាង​គេ​មែនទែន។

តែបើ​រាប់​ពី​អត្រា​ប្រជាជន​បាន​ទទួល​ថ្នាំ​វ៉ាក់សាំង​វិញ អ៊ីស្រាអែល​ជា​ប្រទេស​នាំ​មុខ​គេ​នៅ​លើពិភពលោក ដោយ​មាន​ប្រជាជនជាង​៦០%​បាន​ទទួល​ថ្នាំបង្ការ។ សហរដ្ឋ​អាមេរិក ជាង​៤០%​។ ចំណែក​សហភាពអឺរ៉ុបស្ថិត​ក្នុង​មធ្យម​ភាគ ២១% ដោយ​ចាក់​បាន​សរុប​​១២៨​លាន​ដូស។ ប៉ុន្តែ​ជាមួយ​នឹង​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថ្នាំ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចនសុននិង​ចនស៊ុន​ឡើង​វិញ អាមេរិកនិង​សហភាព​អឺរ៉ុប ​សង្ឃឹម​ថា​នឹងអាច​ពន្លឿន​បន្ថែម​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​របស់​ខ្លួន​។

ករណី​ឆ្លង​ថ្មី​កើន​ឡើង​ខ្លាំង ជាប់​​កំណត់​ត្រា​ពិភពលោក

កូវីដ​១៩ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​បីលាន​នាក់ មិនបាន​បន្ថយ​ល្បឿនចម្លង​ទេ។ ​តាំង​ពី​ប៉ុន្មានថ្ងៃ​មកនេះ ចំនួន​អ្នក​ឆ្លង​ថ្មី​ និង​ចំនួនអ្នកស្លាប់កើន​ឡើង​ខ្លាំង​បំផុតដែរ ជាពិសេស​នៅ​ឥណ្ឌា​តែម្តង។​ នៅ​ឥណ្ឌា បាន​ឡើង​ដល់​កំរិតកំពូល​បំបែកកំណត់​ត្រា​ពិភពលោកជា​រៀង​រាល់ថ្ងៃ។ ក្នុង​មួយ​ថ្ងៃសៅរ៍​ទី ២៤​មេសា​ម្សិលមិញ ឥណ្ឌា​រាប់​ឃើញ​មាន​អ្នកឆ្លងថ្មី​ប្រមាណ ៣៤ ៦៧៦៦ នាក់ ពោល​គឺ​ជាង​មួយភាគបី​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី​សរុប​នៅ​លើ​ពិភពលោក និង​អ្នក​ស្លាប់ថ្មី​បន្ថែម​ចំនួន ២៧៦៧នាក់។​ មន្ទីរ​ពេទ្យ​ឥណ្ឌា​ខ្វះ​សព្វ​ខ្វះ​គ្រប់ ជាពិសេស​គឺខ្វះអុកស៊ីហ្សែន​តែម្តង។ ពេល​នេះ​រដ្ឋាភិបាល​ឥណ្ឌាបានសម្រេចពន្យារពេល​បិទខ្ទប់​រដ្ឋធានី​បន្ត​ទៀត​សិន និង​​បាន​បញ្ចេញ​ យន្តហោះ និង​រថភ្លើង​ ​យោធា ដើម្បី​ដឹកជញ្ជូន​សម្ភារៈ​បរិក្ខារពេទ្យ ខ្យល់​អុកស៊ីហ្សែន ពី​តំបន់​ផ្សេង និង​ប្រទេស​ផ្សេង​មកជា​ជំនួយ។ ប្រឈមនឹង​សន្ទុះ​ចម្លង​យ៉ាង​គំហុក​ដូច្នេះ សហរដ្ឋ​អាមេរិក​ ក៏​បាន​ប្រកាសគ្រោង​ផ្តល់​ជំនួយ​បន្ថែម​ដល់​រដ្ឋាភិបាល​ និង​សេវា​សុខាភិបាល​ឥណ្ឌា​​ ដែល​នឹងទៅ​ដល់​ក្នុង​ពេល​ឆាប់ៗ។ អាមេរិក​ចង់​ធ្វើ​យ៉ាង​ណា​ជួយ​ឥណ្ឌាឱ្យធានាបាន​ការ​​បន្ត​ផលិត​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូវីដ។ ក្រៅ​​ពីអាមេរិក សហភាពអឺរ៉ុប​ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​ឥណ្ឌា​ដែរ​។

កូវីដបំប្លែងខ្លួន​ឥណ្ឌា​កំណាច​ខ្លាំង ?

សម្រាប់អ្នក​ជំនាញ ករណី​ឆ្លង​ថ្មី​​នៅឥណ្ឌា​នេះ ​ទំនង​ជា​ច្រើន​ជាងតួលេខនេះ​ឆ្ងាយ​ណាស់ ហើយ​អាច​នឹង​បន្តកើន​ឡើង​ ជា​ច្រើន​ថ្ងៃ​ខាងមុខទៀត។ មូលហេតុធំ​ដែលនាំ​ឱ្យ​មាន​ការ​ចម្លង​រាតត្បាត​ខ្លាំង គឺ​មេរោគបំប្លែងខ្លួន​និង​ការបណ្តោយ​ឱ្យ​មានកា​រជួបជុំ​ប្រារព្វ​ពិធីសាសនា។

​ករណី​មេរោគកូវីដ​បំប្លែង​ខ្លួនឥណ្ឌា មាន​ច្រើន​។ តែ​មេរោគ​បំប្លែង​ខ្លួន ដ៏​​ចំបង​ ដែលកំពុង​ធ្វើ​ចរាចរណ៍​​​ខ្លាំងជាងគេ​​នោះ មាន​ការ​បំប្លែង​ខ្លួន​ទ្វេដង។ ប្រូតេអ៊ីន​អេស ដែល​ជា​ភ្នាក់ងារ​ចម្លង​របស់​មេរោគSars-Cov-2​នៃ​ជំងឺ​កូវីដ​១៩ បំប្លែង​ទម្រង់​ដល់​ពីរ​យ៉ាង មួយ​មាន​លក្ខណៈ​ស្រដៀង​នឹងមេរោគកូវីដបំប្លែង​ខ្លួន​អាហ្វ្រិក​ខាងត្បូង និង​មួយ​ទៀត​ស្រដៀង​នឹង​មេរោគ​បំប្លែងខ្លួន​នៅ​កាលីហ្វ័រញ៉ា។ ដោយ​សារ​មាន​លក្ខណៈ​ពិសេស​ចេះ​បំប្លែង​ខ្លួន​ឌុប​អ៊ីចឹង មេរោគ​កូវីដបំប្លែង​ខ្លួន​ឥណ្ឌា មានសមត្ថភាពចម្លង​លឿន​និង​ខ្លាំង​ជា​មេរោគ​​កូវីដ​ដើម ឬ​កូវីដបំប្លែង​អង់គ្លេស អាហ្វ្រិក​ខាងត្បូង​ឬ​ប្រេស៊ីល។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​នៅ​មិន​ទាន់មាន​ទិន្នន័យ​ឬ សន្និដ្ឋាន​ ​ថា​មេរោគកូវីដ​បំប្លែង​ខ្លួន​ឥណ្ឌា​កំណាចអាច​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង បាន​នៅ​ឡើយទេ។ អ្វី​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​មួយ​ទៀតនោះ គឺ​មាន​សញ្ញា​ដែល​បញ្ជាក់​ថា​វ៉ាក់សាំងនាពេល​បច្ចុប្បន្ន មិន​អាច​ទប់​និង​ការពារពី​កូវីដបំប្លែង​ខ្លួន​ឥណ្ឌា បាន​ទេ។ ហើយ​ឥលូវ មេរោគកូវីដ​បំប្លែង​ខ្លួន​ឥណ្ឌា​នេះបាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជាង២០​ហើយ មាន​ជាអាទ៍​បែលហ្សិក និង​ស្វីស។

អឺរ៉ុប​ចង់​បើក​ប្រទេសវិញ

ហេតុ​ដូច្នេះ​ហើយ​បាន​ជាអឺរ៉ុ​ប​ព្រួយ​បារម្ភ​ខ្លាំង ប៉ុន្តែប្រឈម​នឹង​សម្ពាធ​ប្រជាជន​ ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខ្លះ ចាប់​ពិចារណារកមធ្យោបាយ​បើក​ប្រទេស​វិញ​​ បើ​ទោះបី​ជា​ករណី​ឆ្លង​ថ្មីនៅ​ខ្ពស់​ត្រដែត​ក៏​ដោយ។

នៅ​បែលហ្សិក ហូឡង់ បារាំង​ ឬ​ស្វីស ប្រជាជន​បានដាក់​​សម្ពាធ​ខ្លាំង​ឡើង​លើ​រដ្ឋាភិបាល រហូត​ព្រម​បន្ធូរបន្ថយ​វិធានការ បើ​ទោះបី ជា​ចំនួន​អ្នកឆ្លង​ថ្មី​ នៅ​ខ្ពស់​ត្រដែត​យ៉ាង​ណា​ក៏​ដោយ។ ជាក់ស្តែង ម្សិលមិញ នៅ​អង់គ្លេស​ មាន​ការ​រៀប​ចំ​ធ្វើ​បាតុកម្ម​ ប្រឆាំង​នឹង​វិធានការ​បិទ​ខ្ទប់​ប្រទេស និង​ការ​ប្រើ​លិខិត​ឆ្លង​ដែនកូវីដ ក្លាយ​ជា​ប៉ះទង្គិច​ហិង្សា​រង​របួស​ប៉ូលិស​៨នាក់ ចាប់​ខ្លួន​បាតុករ​៥នាក់។ ហាមឃាត់​មិន​ឱ្យ​ធ្វើ​ មែន តែ​ពលរដ្ឋ​​ស្វីសនៅ​តែ​ជំនះ​ធ្វើបាតុកម្ម​​ ​ស្រែក​ទាមទារ​សេរីភាពប្រឆាំង​នឹង​វិធានការ​កូវីដ។

ផ្ទុយ​ទៅ​វិញ ​នៅ​អាល្លឺម៉ង់​ អាជ្ញាធរ​ចាប់​រឹង​បន្តឹង​វិធានការ​ឡើងវិញ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រលករាតត្បាត​ទីបី។ នៅ​ប៉េរ៉ូ​ ​ ពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស់​ពីរជាន់ នៅ​ពេល​ទៅ​ផ្សារ ចូល​កន្លែង​បិទ​ជិត ឬ​កន្លែង​មានមនុស្ស​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI