ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដើម្បី​ប្រយុទ្ធនឹង​អសមភាពនៃ​ការ​ចាក់វ៉ាក់​សាំង​ប្រឆាំង​កូវីដ​១៩ តើគួរ​ឬមិនគួរ​ព្យួរ​កម្មសិទ្ធិ​បញ្ញា?

សំឡេង ០៧:១២
ដបវ៉ាក់សាំង ពីឆ្វេងទៅស្តាំ AstraZeneca Moderna ​Sputnik-V (A & B) Sinopharm  BioNTech/Pfizer
ដបវ៉ាក់សាំង ពីឆ្វេងទៅស្តាំ AstraZeneca Moderna ​Sputnik-V (A & B) Sinopharm BioNTech/Pfizer AP - Attila Balazs

ថ្ងៃទី២៦មេសានេះ គឺជាទិវាអន្តរជាតិ នៃសិទ្ធិកម្មសិទ្ធិបញ្ញា ដែល​ការពារ រាល់ស្នាដៃការងារ ឬលទ្ធផល​ស្រាវជ្រាវ របកគំហើញ របស់បុគ្គល ឬ សហគ្រាសណាមួយ។ ដោយឡែក អង្គការ និងប្រទេសមួយចំនួន បាន​លើកឡើងនូវគំនិត ចង់​ឲ្យ​អង្គការពាណិជ្ជកម្មពិភពលោក ព្យួរនូវសិទ្ធិកម្មសិទិ្ធបញ្ញា របស់មន្ទីរពិសោធន៍ផលិតឱសថ ដែលបានស្រាវជ្រាវរកឃើញវ៉ាក់សាំងប្រឆាំងកូវីដ​១៩​។ ធ្វើបែបនេះ គឺដើម្បី​ឲ្យ​សហគ្រាសផលិតឱសថផ្សេងទៀត អាចមានសិទ្ធិ​ផលិតវ៉ាក់សាំងបាន ហើយ​ចែកចាយ​ឲ្យ​បានទូលំទូលាយ ជាពិសេសទៅដល់ប្រទេសក្រីក្រ។ តែយ៉ាងណា សហគ្រាសផលិតឱសថធំៗ ដែលជាម្ចាស់កម្មសិទ្ធិបញ្ញានៃវ៉ាក់សាំងប្រឆាំងកូវីដ​១៩​ បានសំដែងការ​ប្រឆាំងដាច់ខាត ទៅ​នឹងគំនិតនេះ។

ផ្សាយពាណិជ្ជកម្ម

ព្យួរកម្មសិទ្ធិបញ្ញារបស់វ៉ាក់សាំង ដើម្បីពន្លឿនការផលិត ចែកចាយតាមប្រទេសក្រីក្រ?

គំនិតព្យួរកម្មសិទ្ធិបញ្ញា នៃវ៉ាក់សាំងប្រឆាំងកូវីដ​១៩ បានផុសផុលឡើងកាន់តែច្រើន នាពេលបច្ចុប្បន្ននេះ។ ប្រទេសដែលបានចេញមុខខ្លាំងជាងគេ ស្នើគំនិតព្យួរកម្មសិទ្ធិបញ្ញា វ៉ាក់សាំងប្រឆាំងកូវីដ​១៩នេះ គឺមានឥណ្ឌា និង អាហ្វ្រិកខាងត្បូង។ ប្រទេស២នេះ បានស្នើគំនិតនេះ ទៅកាន់​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ឥឡូវក៏មាន ប្រទេសមួយចំនួន និង​អង្គការក្រៅរដ្ឋាភិបាល​ខ្លះ​ គាំទ្រដែរ។

លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បាន​លើកឡើងកាលពីថ្ងៃសុក្រកន្លងទៅនេះ ថាវ៉ាក់សាំងគឺជា​សម្បត្តិរួមរបស់មហាជន។ លោក​បាន​អំពាវនាវ ឲ្យ​ពិភពលោក​រួមគ្នា ប្រយុទ្ធ​នឹង​បញ្ហា​អសមភាព នៃ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ព្រោះថា ប្រទេស​អ្នក​​មាន​​មួយក្តាប់​តូច បាន​​ប្រមូល​ទិញ​​​វ៉ាក់សាំង​សឹង​ទាំងអស់ រីឯប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសក្រីក្រវិញ គ្មានវ៉ាក់សាំង​ចាក់ឲ្យ​​ប្រជាជន​ទេ។

ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយ របស់អង្គការសុខភាពពិភពលោក ថាត្រូវតែព្យួរកម្មសិទ្ធិបញ្ញារបស់មន្ទីរពិសោធន៍ ដែលស្រាវជ្រាវរកឃើញវ៉ាក់សាំងប្រឆាំង​កូវីដ​១៩។ ធ្វើបែបនេះ គឺដើម្បីបើកផ្លូវ ឲ្យ​មន្ទីរពិសោធន៍ សហគ្រាសផលិតឱសថផ្សេង​ទៀត អាច​មានសិទ្ធិ​ផលិតវ៉ាក់សាំង​បានដែរ។ ដូច្នេះ វានឹងអាច​ពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ឲ្យ​បាន​ទូលំទូលាយ​បំផុត ជាពិសេសតាមប្រទេសក្រីក្រ។ លោកអះអាងថា គេមិនអាចនៅតែក្តាប់​ការពារ​កម្មសិទិ្ធ​បញ្ញានេះ ហើយទុកឲ្យ​​មនុស្ស​​ស្លាប់ដោយកូវីដ​១៩​នោះទេ។

មិនអាចលេងសើចជាមួយគុណភាពវ៉ាក់សាំង

ក៏ប៉ុន្តែ ក្រុមសហគ្រាសផលិត​ឱសថធំៗ​ ទាំងអស់ ដែលជាម្ចាស់កម្មសិទិ្ធបញ្ញា របស់វ៉ាក់សាំង ប្រឆាំងកូវីដ​១៩ បានបដិសេធគំនិតព្យួរកម្មសិទ្ធិបញ្ញា​នេះទាំងស្រុង។ បណ្តាមន្ទីរពិសោធន៍ សហគ្រាសផលិតឱសថ ដែលជាម្ចាស់កម្មសិទ្ធិបញ្ញា របស់វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ បាន​លើកឡើងព្រមៗគ្នា ទៅកាន់បណ្តាញសារព័ត៌មានថា រឿងនេះមិនមែនជារឿងល្អទេ សូមកុំយល់ច្រឡំ។

លោក Sai Prasad ប្រធានបណ្តាញ​សហគ្រាស​ផលិតវ៉ាក់សាំាំង តាមប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Vaccine Manufacturers' Network) បានលើកឡើងថា ការផលិតវ៉ាក់សាំងមិនមែនជារឿងលេងសើចទេ។ វាគឺជាការងារដែលលំបាក ស្មុគស្មាញ និងបច្ចេកទេសខ្លាំងណាស់ ដែលតោងសហគ្រាសនីមួយៗ មានសមត្ថភាពត្រឹមត្រូវ ជាក់ច្បាស់ក្នុងការផលិត។ វាគឺជា​បញ្ហាសុខភាព អាយុជីវិតរបស់មនុស្សដែលទទួលវ៉ាក់សាំងនេះ។ ដូច្នេះ គេមិនអាចចេះតែបើកទ្វារចំហរ ឲ្យ​គ្រប់សហគ្រាសផលិត​ឱសថ ចេះតែអាច​ផលិតបាន ដោយគ្មានការប្រុងប្រយ័ត្ននោះទេ។

ដូចគ្នាដែរ លោកស្រី Michelle McMurry-Heath ប្រធានអង្គការ Biotechnology Innovation បានលើកឡើងថា កាលៈទេសៈពេលនេះ គឺត្រូវតែការពារគុណភាព និងទំនុកចិត្តរបស់​ប្រជាជន​ទូទៅ ​ចំពោះវ៉ាក់សាំង។ វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដែល​ត្រូវបាន​​​ស្រាវជ្រាវ និងផលិត​ដោយ​​សហគ្រាស​ធំៗ នៅប្រជាជនមិនចង់ទុកចិត្ត ចុះទំរាំតែយកវា ទៅឲ្យសហគ្រាសតូចតាច នៅតាមប្រទេស​ផ្សេងៗ​ ផលិតដោយសេរី គឺវាមិនកាន់តែវីវរទៅហើយទេ។

សហគ្រាសមន្ទីរពិសោធន៍ម្ចាស់កម្មសិទ្ធិបញ្ញា ក៏ដូចជាអ្នកជំនាញ​ផ្សេងទៀត បាន​លើកឡើងថា កា​ព្យួរកម្មសិទិ្ធបញ្ញារបស់វ៉ាក់សាំង ដើម្បីបើកផ្លូវ​ឲ្យ​សហគ្រាសផលិតឱសថ ទូទាំងពិភពលោក ផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ គឺវាជារឿងគ្រោះថា្នាក់ណាស់ ហើយ​វាក៏នឹងមិនអាច ទៅពន្លឿនការ​ផលិតវ៉ាក់សាំង ឲ្យ​បានច្រើនជាងបច្ចុប្បន្ននេះដែរ។ រាល់ថ្ងៃនេះ មន្ទីរពិសោធន៍ធំៗ ធ្វើការ មួយ​ថ្ងៃ​២៤ម៉ោង គ្មាន​ពេល​ឈប់សម្រាកផង នៅផលិតមិនចង់ទាន់។ ហើយបើត្រូវបំបែកក្រុមអ្នកជំនាញ ឲ្យ​​ទៅ​​បណ្តុះបណ្តាល​បច្ចេកទេស ដល់​សហគ្រាស​ផ្សេងទៀត គឺវាកាន់តែខាតពេល ការផលិតកាន់តែយឺតយ៉ាវ។

បញ្ហាខ្វះវត្ថុធាតុដើម​ សារធាតុផ្សំចាំបាច់ក្នុងវ៉ាក់សាំង

លោក Thomas Cueni ប្រធានសហព័ន្ធអន្តរជាតិនៃឧស្សាហកម្មផលិតឱសថ ​បានលើកឡើងចំពោះមុខអ្នកកាសែត ថារឿងផលិតវ៉ាក់សាំង បានលឿនរហ័សឬមិនរហ័ស​ វាមិនមែនអាស្រ័យទៅលើ​បញ្ហាកម្មសិទ្ធិបញ្ញានោះទេ។ លោកអះអាងថា មន្ទីរពិសោធន៍ម្ចាស់កម្មសិទ្ធិបញ្ញាទាំងអស់ ចង់ផលិតឲ្យ​បានលឿនរហ័សណាស់ តែតោងតែមានសារធាតុផ្សំគ្រប់គ្រាន់ដែរ យកមកផលិតដែរ។

លោក​បានបញ្ជាក់ថា គិតមកទល់ពេលនេះ មន្ទីរពិសោធន៍ម្ចាស់កម្មសិទិ្ធបញ្ញា​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ បានចុះ​កិច្ចព្រមព្រៀង​ចំនួន​​២៧៥​រួចទៅហើយ ជាមួយ​សហគ្រាស​ផលិតឱសថ​ផ្សេងៗទៀត នៅ​ទូទាំងពិភពលោក ដើម្បី​ធ្វើយ៉ាងណា​ផលិត​​ឲ្យ​​បាន​លឿន។ ហើយពេលខ្លះទៀតនោះ គឺគេចុះកិច្ចព្រមព្រៀង ជាមួយ​សហគ្រាស​ដែល​ជាគូប្រជែង​ថែមទៀត​ផង។ តែគេមិនខ្វល់​គិត​ច្រើនទេ សំខាន់ធ្វើយ៉ាងណា សម្រេចកម្មវត្ថុ ផលិតឲ្យ​បាន​១០ពាន់លានដូស នៅដំណាច់​ឆ្នាំ២០២១នេះ។

សហគ្រាសផលិតឱសថ បានលើកឡើងថា បញ្ហាចំបងដែលអាចជាឧបសគ្គ ធ្វើឲ្យ​ការផលិតវ៉ាក់សាំង​មាន​ភាពយឺតយ៉ាង គឺបញ្ហាខ្វះ​​ទំនិញមួយ​ចំនួន ដែល​ជា​សារធាតុផ្សំ ឬក៏ជា​​វត្ថុធាតុ​ដើម​ខ្លះ ដែល​ចាំបាច់​ ដើម្បីធ្វើវ៉ាក់សាំង។ បញ្ហាទាំងនេះ វាអាចមកពីការផលិតមិនទាន់ ដឹកមកមិនទាន់ ឬក៏ដោយ​សារបញ្ហា​ពន្ធ​គយនាំ​ចូល​អីជាដើម។ ដូច្នេះតែខ្វះវត្ថុធាតុដើម ឬគ្រឿងផ្សំណាមួយ គឺ​សង្វាក់​ផលិតកម្ម​នឹង​ត្រូវតែផ្អាក។

អ្នកជំនាញបានលើកឡើងថា បច្ចុប្បន្ននេះ មាន​សារធាតុផ្សំចំនួន​​ជាង​​១០០​មុខ ដែលចាំបាច់ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដែលពិបាកនឹង​រកទិញណាស់។ ចំនួនកាន់ខ្សត់ទៅៗ។ តួយ៉ាងសារធាតុ លីពីត (Lipides) ដែលត្រូវការចាំបាច់ ក្នុង​វ៉ាក់សាំង​ARN messager  របស់មន្ទីរពិសោធន៍​ Pfizer-BioNTech ​និង ​Moderna។

ទាក់ទិននឹងបញ្ហានេះដែរលោក Stéphane Bancel នាយក​មន្ទីរពិសោធន៍ Moderna បាន​ទាញសញ្ញា​អាសន្នថា  ក្នុងករណី​បើកចំហរ​កម្មសិទ្ធិបញ្ញា ឲ្យ​គ្រប់​គ្នា​អាច​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ គឺវា​នឹងហុច​ផលអវិជ្ជមាន​ ផ្ទុយទៅវិញទេ ព្រោះថា​សារធាតុផ្សំ​កំពុងតែ​ខ្វះផង។ ដូច្នេះបើបើក​ឲ្យ​ផលិត​​ច្រើនគ្នា គឺមានន័យ​ថា​កាន់តែ​ដណ្តើមគ្នា​ទិញ គឺវា​កាន់តែខ្វះ។ ជាងនេះទៀត អ្នកដណ្តើមទិញទៅនោះ ក៏មិនប្រាកដថា​ អាចយកទៅផលិត ​ចេញ​ជាវ៉ាក់សាំង​ ដែលមានគុណភាពល្អ​ ដូចមន្ទីរពិសោធន៍​ដើម​គេដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI