ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហគមន៍អន្តរជាតិកំពុងខ្នះខ្នែងជួយឥណ្ឌាដែលកំពុងរងគ្រោះខ្លាំងដោយកូវីដ១៩

សំឡេង ០៨:២៤
សហគមន៍អន្តរជាតិកំពុងខ្នះខ្នែងជួយឥណ្ឌាដែលកំពុងរងគ្រោះខ្លាំងដោយកូវីដ១៩
សហគមន៍អន្តរជាតិកំពុងខ្នះខ្នែងជួយឥណ្ឌាដែលកំពុងរងគ្រោះខ្លាំងដោយកូវីដ១៩ © leparisien

នៅ​ក្នុង​ប្រទេស​ឥណ្ឌា រដ្ឋាភិបាល​កំពុង​បន្ត​ប្រឈម​នឹង​កំណើន​ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ដោយ​កូវីដ១៩ នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ គ្រាន់​តែ​ក្នុង​មួយ​ថ្ងៃ​ចន្ទ ទី២៦ មេសា ករណី​ឆ្លង​ថ្មី​មាន​ចំនួន ៣៥២ ៩៩១ករណី និង​អ្នក​ស្លាប់​មាន​ចំនួន ២ ៨១២នាក់។ ក្រុង​ញូដែលី​ជា​ក្រុង​ដែល​កំពុង​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​ខ្លាំង​ដែល​មន្ទីរពេទ្យ​ទាំង​អស់​គ្មាន​កន្លែង និង​គ្មាន​ឧបករណ៍​ដើម្បី​ទទួល​ព្យាបាល​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​បាន​ទៀត​ឡើយ។ ប្រឈម​នឹង​ស្ថានការណ៍​អាសន្ន​នេះ ជំនួយ​បរទេស​បាន​ផ្តើម​ទៅ​ដល់​ឥណ្ឌា​បណ្តើរៗ​ក្នុង​ថ្ងៃ​អង្គារ ទី២៧ មេសា។

ផ្សាយពាណិជ្ជកម្ម

ជំនួយ​របស់​បរទេស​សម្រាប់​ឥណ្ឌា​ពេល​នេះ​មាន​ភាគ​ច្រើន​​ពី​ប្រទេស​នៅ​អឺរ៉ុប ដូច​ជា​អង់គ្លេស បារាំង អាល្លឺម៉ង់ រួម​ទាំង​សហភាព​អឺរ៉ុប។ ចំណែក​ជំនួយ​វិញ​ច្រើន​ជា​សម្ភារៈពេទ្យ​មាន​ដូច​ជា​ឧបករណ៍​ជួយ​ផ្លូវដង្ហើម ប្រដាប់​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ ឬ​មួយ​ក៏​អុកស៊ីសែន​ជា​ដើម។ គេ​អាច​និយាយ​បាន​ថា គឺ​សុទ្ធសឹង​ជា​សម្ភារៈ​ពេទ្យ​ចាំ​បាច់​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។ ជំនួយ​របស់​អង់គ្លេស​បាន​ទៅ​ដល់​មុន​គេ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៧ មេសា​ដោយ​មាន​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម​ចំនួន ១០០ សម្រាប់ និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ចំនួន ៩៥គ្រឿង។ នេះ​គ្រាន់​ជា​ជំនួយ​បន្ទាន់​ដំបូង​ប៉ុណ្ណោះ ព្រោះ​បើ​តាម​ឧត្តមស្នងការដ្ឋាន​អង់គ្លេស​ប្រចាំ​ក្រុង​ញូដែលី អង់គ្លេស​គ្រោង​បញ្ជូន​សរុប​ក្នុង​សប្តាហ៍​នេះ​នូវ​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ចំនួន ៤៩៥គ្រឿង និង​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម​ចំនួន ១៤០ សម្រាប់។

ពី​ខាង​បារាំង​វិញជំនួយ​នឹង​ទៅ​ដល់​ឥណ្ឌា​នា​ចុង​សប្តាហ៍​នេះ​ដោយ​មាន​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ខ្នាត​ធំ​ចំនួន ៨គ្រឿង​ដែល​អាច​ផ្តល់​អុកស៊ីសែន​ឲ្យ​អ្នក​ជំងឺ​ដល់​ទៅ ១០ ០០០នាក់​ក្នុង​មួយ​ថ្ងៃ និង​សម្ភារៈ​វេជ្ជសាស្រ្ត​ជំនាញ​ជា​ច្រើន​ទៀត ក្នុង​នោះ​ក៏​មាន​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម​ដែរ។ ចំណែក​អាល្លឺម៉ង់​បាន​ប្រកាស​ពី​ការ​ផ្តល់​ជំនួយ​បន្ទាន់​ឲ្យ​ឥណ្ឌា​ឆាប់ៗ ពិសេស​រោងចក្រ​ផលិត​អុកស៊ីសែន​តែ​ម្តង។ ជំនួយ​បន្ទាន់​ដូច​គ្នា​នេះ​ក៏​បាន​សន្យា​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​នៅ​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារិនដ្រា ម៉ូឌី​ក្នុង​ថ្ងៃ​ចន្ទ ទី២៦ មេសា។ នៅ​ក្នុង​ជំនួយ​បន្ទាន់​នោះ លោក​បៃដិន​បាន​សន្យា​ផ្តល់​ឲ្យ​ឥណ្ឌា​នូវ​ធាតុផ្សំ​សម្រាប់​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ១៩ សម្ភារៈ​សម្រាប់​ការពារ ឧបករណ៍​ធ្វើ​តេស្តិ៍​ឆាប់​រហ័ស ឬ​មួយ​ក៏​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម​ជា​ដើម។

WHO ផ្តល់​ជំនួយ​ជា​ធនធាន​មនុស្ស និង​សម្ភារៈបរិក្ខារ​ពេទ្យ

ស្ថានភាព​កូវី១៩ នៅ​ឥណ្ឌា​ត្រូវ​បាន​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO លោក​ទេដ្រូស​ចាត់​ទុក​ជា​រឿង​ធ្ងន់ធ្ងរ​ហួសប្រមាណ​គួរ​ឲ្យ​ខ្លោចចិត្ត​ខ្លាំង​ណាស់។ បើ​តាម​លោក​ទេដ្រូស WHO ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដែល​ខ្លួន​អាច​ធ្វើ​បាន និង​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន ក្នុង​នោះ គឺ​ការ​បញ្ជូន​សម្ភារៈ និង​ឧបករណ៍​ពេទ្យ​សំខាន់ៗ ពិសេស​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​រាប់ពាន់​គ្រឿង ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម មន្ទីរពេទ្យ​ចល័ត​ដែល​អាច​ដំឡើង​បាន​ភ្លាមៗ​ដើម្បី​ទទួល​ព្យាបាល​អ្នក​ជំងឺ និង​ឧបករណ៍​ពិសោធន៍​ផ្សេងៗ។ គួរ​បញ្ជាក់​ថា អុកស៊ីសែន និង​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម​ជា​របស់​សំខាន់ និង​ចាំ​បាច់​ជាង​គេ​ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ជំងឺ​កូវីដ១៩ ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពិបាក​ដក​ដង្ហើម។

ទន្ទឹម​នឹង​ជំនួយ​ជា​សម្ភារៈបរិក្ខារពេទ្យ លោក​ទេដ្រូស​ក៏​បាន​ប្រកាស​ពី​ការ​បញ្ជូន​បុគ្គលិក WHO ជាង ២ ៦០០នាក់​ទៅ​ឥណ្ឌា​ដើម្បី​ជួយ​ក្នុង​ផ្នែក​បច្ចេកទេស ការ​ឃ្លាំមើល និង​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង។ បន្ទាប់​មក WHO ក៏​គ្រោង​ធ្វើ​ការ​សិក្សា វិភាគ​ជា​បន្ទាន់​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​កំពុង​ប្រឈម​នឹង​ករណី​ឆ្លង​លឿន​ដើម្បី​ផ្តល់​ជា​អនុសាសន៍​ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់។ គួរ​បញ្ជាក់​ថា ឥណ្ឌា​ដែល​មាន​ចំនួន​ករណី​ឆ្លង​ថ្មី​ជាង ៣៥ម៉ឺននាក់ និង​ចំនួន​អ្នក​ស្លាប់​ខ្ទង់ ៣ ០០០នាក់​ក្នុង​មួយ​ថ្ងៃ​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​បាន​ធ្វើ​ឲ្យ​ប្រទេស​យក្ស​អាស៊ី​មួយ​នេះ​ក្លាយ​ជា​ប្រទេស​ទី៤ ក្នុង​លោក​ដែល​កំពុង​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​កូវីដ១៩។

រូបភាព​ដែល​គេ​បាន​ឃើញ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ និង​កំពុង​បន្ត​មាន​នៅ​ពេល​នេះ ពិសេស​ក្នុង​ក្រុង​ញូដែលី គឺ​ចំនួន​អ្នក​ជំងឺ​ជោរជន់​នៅ​តាម​មន្ទីរពេទ្យ និង​នៅ​ជុំវិញ​មន្ទីរពេទ្យ។ អ្នក​ជំងឺ​ខ្លះ​បាន​ដេក​ក្នុង​ឡាន ក្នុង រមក​កង់ និង​ក្រោល​កន្ទេល​ដេក​ផ្ទាល់ដី​ដោយ​មាន​បំពាក់​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម​នៅ​ក្បែរ​មន្ទីរពេទ្យ។ ចំណែក​អ្នក​ខ្លះ​ទៀត​ដែល​គ្មាន​ជំនួយ​ផ្លូវដង្ហើម និង​គ្មាន​កន្លែង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន​ដេក​ស្លាប់​នៅ​ក្បែរ​មន្ទីរពេទ្យ​តែ​ម្តង។

ស្ថានភាព​កូវីដ១៩ ក្នុង​លោក​កំពុង​បន្ត​ផុយស្រួយ

មាន​ការ​លើក​ឡើង​ថា កំណើន​ចំនួន​ករណី​ឆ្លង​ថ្មី និង​ចំនួន​អ្នក​ស្លាប់​យ៉ាង​គំហុក​នៅ​ឥណ្ឌា​នេះ គឺ​ដោយសារ​មេរោគ​កូវីដ១៩ បំប្លែង​ខ្លួន​របស់​ឥណ្ឌា​ដែល​គេ​ហៅ​ថា B.1.617។ WHO បាន​យល់​ឃើញ​ថា ដោយ​ផ្អែក​តាម​ការ​ធ្វើ​ចរាចរណ៍​យ៉ាង​ឆាប់​រហ័ស ការ​ឆ្លង​ក្នុង​ល្បឿន​លឿន និង​ការ​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​យ៉ាង​លឿន​របស់​អ្នក​ជំងឺ គឺ​គ្មាន​អ្វី​ក្រៅ​ពី​វីរុស​កូវីដ១៩ បំប្លែង​ខ្លួន​ឥណ្ឌា​ទេ។ គួរ​រម្លឹក​ថា​សព្វ​ថ្ងៃ​នេះ និង​ក្រៅ​ពី​វីរុស​កូវីដ១៩ ទម្រង់ដើម​ដែល​កំពុង​បន្ត​ធ្វើ​ចរាចរណ៍​តាំង​ពី​ជាង ១ឆ្នាំ​កន្លង​មក ពិភពលោក​កំពុង​មាន​វត្តមាន​វីរុស​កូវីដ១៩ បំប្លែង​ខ្លួន​ពី​អង់គ្លេស អាហ្រ្វិកខាងត្បូង ប្រេស៊ីល និង​ឥណ្ឌា​ពេល​នេះ។

គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា វីរុស​កូវីដ១៩ បំប្លែង​ខ្លួន​កាច​ខ្លាំង ឆ្លង​លឿន និង​ស្លាប់​ក៏​លឿន។ តែ​ក្នុង​ចំណោម​វីរុស​កូវីដ១៩ បំប្លែង​ខ្លួន​ទាំង ៤ ប្រភេទ វីរុស​កូវីដ១៩ បំប្លែង​ខ្លួន​របស់​ឥណ្ឌា​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​វីរុស​កូវីដ១៩ បំប្លែង​ខ្លួន​ទ្វេដង មាន​ន័យ​ថា បំប្លែង​ខ្លួន​លើ​បំប្លែង​ខ្លួន។ តើ​ដោយ​ហេតុផល​នេះ​ឬ​បាន​ជា​ឥណ្ឌា​កំពុង​ស្គាល់​រលក​ឆ្លង​ខ្លាំង​គួរ​ឲ្យ​ខ្លោចចិត្ត​ដូច​ដែល​អគ្គនាយក WHO លោក​ទេដ្រូស​បាន​ថ្លែង?។ WHO មិន​បាន​ទាត់​ចោល​នូវ​អំណះអំណាង​នេះ​ទេ តែ​យល់​ឃើញ​ថា តម្រូវ​ការ​ទិនន្ន័យ​បន្ថែម​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​ថា តើ​វា​ពិត​ជា​វីរុស​កូវីដ១៩ បំប្លែង​ខ្លួន​ទ្វេដង​មែន ឬ​ដែល​បាន​រុញ​ឥណ្ឌា​ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​សព្វថ្ងៃ​នេះ។

ដោយឡែក លោកស្រី Maria Van Kerkhove អ្នក​ទទួល​ខុសត្រូវ​បច្ចេកទេស​នៃ​យុទ្ធនាការ​ប្រឆាំង​កូវីដ១៩ របស់ WHO បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​អស់​កុំ​បន្ធូរដៃ​ក្នុង​ការ​ប្រឆាំង​នឹង​កូវីដ១៩ ដើម្បី​ចៀស​ផុត​ពី​ស្ថានភាព​ដូច​នៅ​ឥណ្ឌា។ តាម​លោកស្រី Maria ស្ថានភាព​កូវីដ១៩ នៅ​ផុយស្រួយ​ក្នុង​កម្រិត​ពិភពលោក។ ផុយស្រួយ​ដោយ​លោកស្រី Maria បាន​មើល​ឃើញ​ថា ស្ថានភាព​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក​នៅ​បន្ត​តានតឹង​ខ្លាំង ព្រោះ​ចំនួន​ករណី​ឆ្លង​មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល ៩សប្តាហ៍​ជាប់​គ្នា ហើយ​ចំនួន​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល ៦សប្តាហ៍​ជាប់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI