ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ទាមទារ​បើក​អង្កេត​សំណុំ​រឿងបារាំង​​លក់​យន្តហោះ​ចម្បាំង​ទៅ​ឱ្យ​ឥណ្ឌា

សំឡេង ០៥:៥៦
យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​ឥណ្ឌា​
យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​ឥណ្ឌា​ REUTERS - ADNAN ABIDI

អង្គការ​ប្រឆាំងអំពើពុករលួយបារាំង ឈ្មោះ​ថា Sherpa បាន​​ដាក់​ពាក្យបណ្តឹង​ទាមទារ​ឲ្យ​បារាំង​បើក​អង្កេត​ករណី​ ​បារាំងលក់​យន្តហោះចម្បាំង​រ៉ាហ្វាល់ ទៅ​ឲ្យ​ឥណ្ឌា កាលពី​ឆ្នាំ​២០១៦។ អង្គការ​សង្ស័យ​ថា​ ការ​លក់​យន្តហោះ​ចម្បាំង​៣៦​គ្រឿង ក្នុង​តម្លៃ​៧,៨​ពាន់​លាន​អឺរ៉ូ ទៅ​ឱ្យ​ឥណ្ឌា មាន​ដិត​ដាម​ទៅ​ដោយ​អំពើ​ពុក​រលួយ និង​ជំនួញ​ឥទ្ធិពល​សកម្ម​និង​អសកម្ម​ ដែល​ត្រូវ​តែ​បើក​អង្កេត​ឡើង​វិញ។ ​តើ​​មានហេតុការណ៍ ​និង​ភស្តុតាង​អ្វី​ដែល​ជំរុញ​ឱ្យ​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​គាស់​កកាយសំណុំ​​រឿង​ចាស់​ឡើង​វិញ ?

ផ្សាយពាណិជ្ជកម្ម

អង្គការ​ប្រឆាំងអំពើពុករលួយបារាំង​Sherpa បាន​​ដាក់​ពាក្យបណ្តឹង​ទាមទារ​ឲ្យ​បារាំង​បើក​អង្កេតបទសង្ស័យ​ពុករលួយ​ជុំ​វិញ​ការ​លក់​យន្តហោះចម្បាំង​រ៉ាហ្វាល់ ទៅ​ឲ្យ​ឥណ្ឌា។ ការ​លក់​យន្តហោះ​ចម្បាំង​ ​​កាលពី​ឆ្នាំ​២០១៦ ​ចំនួន ៣៦​គ្រឿង ក្នុង​តម្លៃ​ជាង​៧៨០០​លាន​អឺរ៉ូ ដែលបារាំងក្រោម​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ ហូឡង់ ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់ ជាមួយ​ឥណ្ឌា​ បន្ទាប់​ពីចាយ​ពេល​​ចរចា​អស់​ជា​ច្រើន​​ឆ្នាំ​មក។ ជា​ច្រើន​ឆ្នាំកន្លង​មក​ទៀត​​ ទំនិញ​ដល់​ដៃ​អតិថិជន​ហើយ ស្រាប់​តែ​រឿង​​អាស្រូវ​ពុក​រលួយ​បាន​ផុស​ឡើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

ហេតុអ្វី​​អង្គការ​​ប្រឆាំង​អំពើ​ពុករលួយ​​ទាមទារ​បើក​កកាយ​រឿង​ឡើង​វិញ ?

បើ​តាម​​​ប្រភព​ស្និទ្ធ​នឹង​សំណុំ​រឿង បញ្ជាក់​នៅល្ងាច​ថ្ងៃ​អង្គារ​ទី ២៧​មេសា ២០២១ បណ្តឹង​របស់​អង្គការ Sherpa ​​ផ្អែក​ទៅ​លើ​ការ​សង្ស័យ​ថ្មី ដែល​សារព័ត៌មាន​អង្កេត​Mediapart បាន​ទម្លាយ​ថា​ តុលាការ​ហិរញ្ញវត្ថុ និង​ទីភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​​ពុក​រលួយ​បារាំង បាន​កាយ​កប់​បំបិទ​ការ​សង្ស័យពុករលួយ​​ទាំង​ឡាយ​ជុំ​វិញ​សំណុំ​រឿង​លក់​យន្តហោះ​ចម្បាំង​ទៅ​ឱ្យ​ឥណ្ឌា។ បើតាមMediapart ក្រុមហ៊ុន​Dassault និង​ដៃ​គូ Tales បាន​ឱ្យ​លុយ​រាប់​លាន​ដុល្លារ​ទៅ​ អ្នក​ជំនួញ​ឥណ្ឌា​ម្នាក់​ ឈ្មោះ ​លោក Sushen Gupta សម្រាប់​​មួយ​ភាគ​យក​ទៅ​សូករដ្ឋការ​ឥណ្ឌា។ បុរស​ជំនួញ Gupta ដែល​ជាប់​ចោទ​នៅ​ឥណ្ឌា​ក្នុង​សំណុំ​រឿង​ជួញ​ដូរ​អាវុធ​មួយ​ផ្សេង​ទៀត បាន​ផ្តល់​ឯកសារ​សម្ងាត់​របស់​ក្រសួងការពារ​ជាតិ​ឥណ្ឌា​មក​ឱ្យ​ ​Dassault ដើម្បី​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង​អាច​លើក​គម្រោង​បាន​ថោក​ជាង​គេ និង​បាន​ទទួល​កិច្ចសន្យា​ផលិតយន្តហោះ​រ៉ាហ្វាល់។ នេះ​បើ​តាម​វេបសាយ​ Mediapart ​ដដែល​ ដែល​បាន​អះអាង​ទៀត​ថា ក្រោយ​ចុះ​កិច្ចសន្យា​ហើយ​ ទី​​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​បារាំង​ បាន​ដឹងថា​ក្រុមហ៊ុនDassault​បាន​ឱ្យ​លុយ​មួយ​លាន​អឺរ៉ូ​ទៅ​សហគ្រាស​Defsys Solutions  របស់​លោក Guptaហើយ តែ​មិន​យក​មក​ប្រាប់​តុលាការ​ទេ។ ទីភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ អះអាង​ថា​ជា​កា​រទិញ​ម៉ាកែត​រ៉ាហ្វាល់​ តែតាមការ​ពិត​​Dassaultពុំអាច​ផ្តល់​​វិក័យប័ត្រ​​បញ្ជាក់​ការ​ទិញ​ដូរ​នេះ​ទេ។ ហើយ​ទីភ្នាក់ងារ​ សុំមិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់​ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​Mediapartនេះ។ ប៉ុន្តែ​នៅ​ថ្ងៃទី ៨​មេសា Dassault បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ការពារ​ខ្លួន​ថា ពុំ​ដែល​ទទួល​ពាក្យ​បន្ទោស​ថា​មាន​បទ​ល្មើស​អ្វី​សោះ នៅ​រាល់​ពេល​ត្រួត​ពិនិត្យ។

បណ្តឹង​ទីមួយ មិន​សម្រេច

កាលពី​ឆ្នាំ​២០១៨ អង្គការ​ប្រឆាំង​អំពើពុករលួយ​បារាំង Sherpa បាន​ប្តឹង​និង​ធ្វើ​ការ​បរិហារ​ម្តង​ហើយ ថា​មាន​អំពើ​ពុក​រលួយ​ និង​ទំនាស់​ផល​ប្រយោជន៍​នៅ​ក្នុង​សំណុំ​រឿង​លក់​យន្តហោះចម្បាំង​ទៅ​ឱ្យ​ឥណ្ឌា។ នៅក្នុង​បណ្តឹង​ អង្គការ​Sherpa បាន​បរិហារ​ច្រើនករណី​ណាស់ ដូច​ជា​ជម្រើស​របស់​ក្រុមហ៊ុន​ដាសូ យក​ក្រុមហ៊ុន​ឥណ្ឌា Raliance Group ដែល​គ្មាន​បទ​ពិសោធន៍ក្នុង​ផ្នែក​ឧស្សាហកម្ម​​អាកាសចរណ៍​សោះ​មក​ធ្វើ​ជា​ដៃគូ ព្រោះ​ម្ចាស់​ក្រុម​ហ៊ុន​ជាមនុស្ស​ជំនិត​នឹង​នាយករដ្ឋមន្ត្រី​ណារិនដ្រា ម៉ូឌី។ ការចរចា​ទិញ​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​រវាង​បារាំង​និង​ឥណ្ឌា​បាន​ចាប់​ផ្តើម​សម្រុក​ខ្លាំង​នៅ​ឆ្នាំ​២០១២ ដោយ​ក្រុមហ៊ុនដាសូ​បានព្រមព្រៀង​៩៥%​ជាមួយ​ក្រុមហ៊ុន​យន្តហោះជាតិ​ឥណ្ឌា Hindustan Aeronautics Ltd (HAL) តែ​ក្រោយ​ទស្សនកិច្ច​របស់​លោក​មូឌី នៅ​ប៉ារីស ស្រាប់តែ​មួយ​ខែ​ក្រោយ​ក្រុមហ៊ុន​ដាសូ​បារាំង​ងាក​ទៅ​ចរចា​ជាមួយ​ក្រុមហ៊ុនឯកជន​Raliance Group រហូត​សម្រេច​ចេញ​ជា​ការ​​ចុះ​ហត្ថលេខា​លក់​ទិញរ៉ាហ្វាល់​៣៦​គ្រឿង​ទៅ​វិញ។ ហើយ​ក្នុង​អំឡុង​ពេល​ចរចា​នោះ ក្រុមហ៊ុន​Raliance Group ជា​អ្នក​ផ្តល់​ហិរញ្ញវត្ថុ​ផលិតភាពយន្ត របស់​សមិទ្ធិករ Julie Gayet ដែល​ជា​កំណាន់​ចិត្ត​របស់​លោកប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ ហូឡង់។ សម្រាប់​Sherpa​ជាបទ​​សង្ស័យ ធ្វើ​ជំនួញ​ឥទ្ធិពល​។ នៅ​ពាក់​កណ្តាល​ខែមេសា​ឆ្នាំ​២០១៩ កាសែត​បាន​ទម្លាយ​ថា​ បារាំង​បាន​កាត់​បន្ថយ​បំណុល​ពន្ធ​របស់​ក្រុមហ៊ុនបារាំង​ជា​សាខា​Raliance Group ពី​១៥១​លាន​មក​ត្រឹម​៧,៣លាន​អឺរ៉ូ។ លុប​បំណុល​ពន្ធ​ដើម្បី​សម្រួល​ការ​ចរចា​ ក៏​ជា​បទ​ល្មើស​ដែរ សម្រាប់​Sherpa។

ប៉ុន្តែ​តុលាការ​ហិរញ្ញវត្ថុ​ជាតិ បាន​ផ្តល់​សេចក្តី​សម្រេច​នៅ​មិថុនា ២០១៩ បិទ​បញ្ចប់​សំណុំ​រឿង​នោះ​ទៅ​វិញ​។

ក្នុង​នាម​ជា​អ្នក​មាន​សិទ្ធិ មាន​អំណាច​បញ្ចេញ​សកម្មភាព​តាម​ផ្លូវ​ច្បាប់​ក្នុង​សំណុំ​រឿង​នេះ Sherpa ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ថ្មី រួច​ហើយ នៅ​ថ្ងៃទី ២២​មេសា​កន្លង​ទៅ​ ដោយ​តាំង​ខ្លួន​ធ្វើ​ជា​ភាគី​ស៊ីវិល​ផង​ ទាមទារ​ឱ្យ​បើក​អង្កេត​សំណុំ​រឿង​លក់​រ៉ាហ្វាល់​​​នេះ ​ ពី​បទ​សង្ស័យ​មាន​ការ​ប្រព្រឹត្ត​អំពើ​​ពុក​រលួយ ជំនួញឥទ្ធិពលសកម្ម និង​អសកម្ម និង​ បទទទួលផល-លាងលុយដែលបានមកពីការប្រព្រឹត្តបទល្មើសខាងលើ។ បណ្តឹង​របស់​Sherpa នឹង​ត្រូវ​មក​បើក​ជា​ស្វ័យប្រវត្តិ ការ​អង្កេត​​​ឡើង​វិញ​​ នៅ​រវាង​ប៉ុន្មាន​ខែ​ទៀត​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI