ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពលរដ្ឋ​អូស្ត្រាលី នៅឥណ្ឌា​នឹង​មាន​ទោស​ជាប់ពន្ធនាគារ បើសិន​គេ​នៅតែ​ចង់​វិលត្រលប់​ចូល​ប្រទេស

សំឡេង ០៨:០១
ស្រ្តីរុញ​រទេះកូន​នៅ ព្រលានយន្តហោះទីក្រុង​Melbourne ប្រទេស​អូស្ត្រាលី នៅខែ​តុលា​ឆ្នាំ ២០២០
ស្រ្តីរុញ​រទេះកូន​នៅ ព្រលានយន្តហោះទីក្រុង​Melbourne ប្រទេស​អូស្ត្រាលី នៅខែ​តុលា​ឆ្នាំ ២០២០ AP - Asanka Brendon Ratnayake

ក្នុងពេល​ដែល​ជំងឺកូវីដ​កំពុង​ឆ្លងរាតត្បាត​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា រដ្ឋាភិបាល​អូស្ត្រាលី​ឯណោះ​វិញ​បាន​ចេញ សេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃ​សៅរ៍ទី ១ ឧសភា ២០២១ ដោយ​ហាម​លែង​ឲ្យ​ពលរដ្ឋ​អូស្ត្រាលី នៅ​ប្រទេស​ឥណ្ឌា​ធ្វើដំណើរ​ត្រលប់​ចូល​ប្រទេស​វិញ។ អ្នកដែល​ល្មើស​នឹង​បម្រាម​របស់​រដ្ឋាភិបាល​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ ឬ ពិន័យជាប្រាក់​រាប់ម៉ឺនដុល្លារ។ ក្នុង​កាលៈទេសៈ​ដែល​ប្រជាជន​អូស្ត្រាលី ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ឆ្លង​ជំងឺកូវីដដែល​កំពុងរាតត្បាត​ខ្លាំង​នៅ ប្រទេស​ឥណ្ឌា តើ​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​អាច​បិទភ្នែក បោះបង់ចោល ពលរដ្ឋ​ខ្លួន​ឯង​បានយ៉ាងម៉េច?

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​សៅរ៍នេះ រដ្ឋាភិបាល​អូស្ត្រាលី បាន​សម្រេច​ថា រាល់​អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌា ចូល​ទឹកដី​អូស្ត្រាលី នឹង​ត្រូវ​ប្រឈមទោស ជាប់ពន្ធាគារ និង​ប្រាក់ពិន័យ​រាប់ម៉ឺនដុល្លារ។ វិធានការ​ថ្មី​របស់​រដ្ឋាភិបាល គឺ​ហាមផ្តាច់ ​មិន​ឲ្យ​ពលរដ្ឋអូស្ត្រាលី នៅប្រទេស​ឥណ្ឌា ត្រលប់​ចូល​ប្រទេស​វិញ។ នៅក្នុង​គ្រា​ដែល​ពួកគេ​កំពុងប្រឈម​គ្រោះថ្នាក់​ឆ្លងកូវីដ​នៅ​ប្រទេស​ឥណ្ឌា ប្រជាជន​អូស្ត្រាលី មិនអាច​វិលត្រលប់ចូល​ក្នុងប្រទេស​របស់ខ្លួន​បាន​វិញ។

ទៅតាម​វិធានការ​ថ្មី ដែល​ប្រកាស​ដោយ​រដ្ឋមន្រ្តី សុខាភិបាល​អូស្ត្រាលី រាល់​ពលរដ្ឋ​អូស្ត្រាលី ដែល​បានធ្វើដំណើរ មានវត្តមាន នៅ​ប្រទេស ឥណ្ឌា ក្នុង​រយៈពេល ១៤​ថ្ងៃ​ចុងក្រោយនេះ គឺ​លែង​មាន​សិទ្ធិ​ត្រលប់​ចូល ប្រទេស​អូស្ត្រាលី ចាប់ពី ថ្ងៃ​ចន្ទ ទី ៣​ឧសភា​តទៅ។ វិធានការ​ថ្មី ដែល​នឹង​ចាប់មាន​សុពលភាព​ពី​ថ្ងៃទី ៣​រហូត​ដល់​ថ្ងៃទី ១៥​ឧសភា​បាន​ចែង​សង្កត់ធ្ងន់ថា រាល់​អ្នកដែល​ល្មើស បម្រាមនេះ នឹង​ត្រូវ​ប្រឈម​នឹង​ការដាក់ទោស​ជាប់ពន្ធនាគារ ៥ឆ្នាំ ឬ​បង់ប្រាក់ពិន័យ ជាង ៤ម៉ឺនអឺរ៉ូ ឬក៏​ទាំងពីរ​តែម្តង។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃ​សៅរ៍នេះ រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល អូស្ត្រាលី លោក​Greg Hunt​បាន​និយាយ​ថា លើកនេះ រដ្ឋាភិបាល​អូស្ត្រាលី​មិន​បាន​សម្រេចចិត្ត ស្រាលៗ​នោះទេ។ ការសម្រេចចិត្ត​នេះ ធ្វើឡើង​ដើម្បី​ការពារ​ប្រព័ន្ធ​សុខាភិបាល មជ្ឈមណ្ឌល​ចត្តាឡីស័ក​របស់​រដ្ឋាភិបាល។ មួយវិញទៀត រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ធ្វើ​បែបនេះ ដោយ​មើល​ទៅ​លើ​សមត្ថភាព​ទទួល​យកបាន​របស់​មណ្ឌល​ចត្តាឡីស័ក ដែល​រដ្ឋាភិបាល បាន​បង្កើតឡើង​សម្រាប់ ដាក់រាល់​អ្នកដំណើរ​មក​ពីបរទេស។

គួររំលឹកថា ចាប់តាំង​ពីផ្ទុះកើតមាន​ជំងឺកូវីដ​ក្នុង​ពិភពលោក អូស្ត្រាលី​បាន​រឹតបន្តឹង ដំណើរចេញចូល​ក្នុង​ទឹកដី​របស់ខ្លួន ខ្លាំងណាស់ ក្នុង​គោលដៅ ទប់ស្កាត់​ការឆ្លងរាលដាល​ចូល​ក្នុង​សហគមន៍។ ចាប់តាំង​ពី​ខែ​មីនា​ឆ្នាំមុន អូស្ត្រាលី បាន​បិទព្រំដែន អាកាស មិន​ឲ្យជនបរទេស​ធ្វើដំណើរ​ចូល​ទៅ​ទឹកដី របស់ខ្លួន​នោះទេ លើកលែង​តែ ឥស្សរជន​សំខាន់ៗ តារាភាពយន្ត ឬ​កីឡាករ​បរទេស។ វិធានការ​ដ៏​តឹងរ៉ឹង​នេះ​បានធ្វើ​ឲ្យ​អូស្ត្រាលី ដែល​មាន​ប្រជាជន​២៥លាននាក់ មានចំនួន​អ្នកឆ្លងថ្មី ទាបមែនទែន ចំណែក​ចំនួនអ្នកឆ្លងសរុប​មានតែ​ជាង ៣ម៉ឺននាក់ ហើយនិង​មាន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ​តែ ៩១០នាក់ប៉ុណ្ណោះ។

សម្រាប់​អាជ្ញាធរ​អូស្ត្រាលី ទោះបិទ​ព្រំដែន មិន​ឲ្យ​ជនបរទេស​ចូល ប៉ុន្តែ ករណី​ឆ្លងកូវីដ នៅតែ​មាន ព្រោះថា អូស្ត្រាលី នៅតែ​បើកព្រំដែន​ទទួល​ជនជាតិ​ខ្លួន ដែលធ្វើដំណើរ​មកពីបរទេស ឬ​តារាភាពយន្ត កីឡាករ ជា​ពិសេស​កីឡាករ​Cricket។ បញ្ហា​នៅត្រង់ថា ទោះ​ជារាល់​អ្នកដំណើរ​មក​ពី​បរទេស ត្រូវ​ដាក់​ក្នុង​មណ្ឌល​ចត្តាឡីស័ក ដែល​ភាគច្រើន​ជា​សណ្ឋាគារ ប៉ុន្តែ គេ​នៅតែ​ឃើញ​មាន​ករណី ចម្លង​ចេញពី​មណ្ឌលចត្តាឡីស័ក ទៅ​កាន់​សហគមន៍ តាមរយៈ​បុគ្គលិក​ដែល​ធ្វើការ​នៅមណ្ឌល​ចត្តាឡីស័ក។

មណ្ឌលចត្តាឡីស័ក​របស់​រដ្ឋាភិបាល​ភាគច្រើន​ជា សណ្ឋាគារ​នៅកណ្តាលក្រុង ដូច្នេះ ការឆ្លងកូវីដ​ថ្មី គឺ​លឿនខ្លាំងណាស់។ ដោយសារ​តែ មាន​បញ្ហា​ចម្លងចេញ​ពី មណ្ឌលចត្តាឡីស័ក ហ្នឹងហើយ បាន​ជារដ្ឋាភិបាល បិទព្រំដែន មិន​ចង់​ទទួល​យក អ្នកធ្វើដំណើរ​ពីបរទេស សូម្បីតែ​ជនជាតិឯង។

ហេតុអ្វី​អូស្ត្រាលី​ចាំបាច់​ចាត់វិធានការតឹងរ៉ឹងថ្មីធ្វើអ្វី?

ដោយសារ​បារម្ភ​ខ្លាច​មេរោគបំប្លែងខ្លួន​ថ្មី មកពីឥណ្ឌា ឆ្លងរាតត្បាត​ក្នុងប្រទេស រដ្ឋាភិបាល​អូស្ត្រាលី បាន​សម្រេច​នៅ​សប្តាហ៍នេះ បិទ​ជើងហោះហើរ ពីប្រទេស​ឥណ្ឌា ដែលធ្វើ​ឲ្យ​ជនជាតិ​អូស្ត្រាលី ប្រមាណ ៩ពាន់នាក់ ដែល​កំពុង​មាន​វត្តមាន​នៅ ឥណ្ឌា ដែលនៅក្នុង​នោះ​មានផងដែរ កីឡាករ Cricket ដែល​ធ្វើដំណើរ​ទៅប្រកួត​នៅ​ទីក្រុង​ញូវដេលី មិន​អាច​ធ្វើដំណើរ​ត្រលប់​ចូល​ប្រទេស​បាន។ នៅពេល​សម្រេច​បិទជើងហោះហើរ រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន​បាន​និយាយ​ថា វិធានការ​នេះ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ និង​ថា អូស្ត្រាលី នឹង​បញ្ជូន​យន្តហោះ​ពិសេស​ទៅ​ដឹក​ប្រជាជន​អូស្ត្រាលី​ចេញពី​ឥណ្ឌា នៅក្នុង​ពេល​ដែលជំងឺ​កូវីដ​កំពុង​រាតត្បាត​ខ្លាំង​នៅ ឥណ្ឌា។

ប៉ុន្តែ ក្រៅតែ​ពីមិនបាន​បញ្ជូន​យន្តហោះ ទៅ​ដឹក​ប្រជាជន​ខ្លួនចេញពី​ឥណ្ឌា រដ្ឋាភិបាលអូស្ត្រាលី នៅ​ថ្ងៃ​សៅរ៍នេះ បែរ​ជា​សម្រេច​ចាត់វិធានការ​ក្តៅ ប្រឆាំង​ពលរដ្ឋ​របស់ខ្លួន ក្នុង​បទ​រំលោភ​បម្រាម រដ្ឋាភិបាល ដែល​ហាម​មិន​មានអ្នកដំណើរមក​ពីឥណ្ឌា​ចូល​ទឹកដី​អូស្ត្រាលី។

តាម​កាសែត​ក្នុងស្រុក​អូស្ត្រាលី​ រដ្ឋាភិបាល​សម្រេច​ចាត់វិធានការខ្លាំង រហូត​ដល់​ការដាក់ទោសជាប់ពន្ធនាគារ ពីព្រោះថា ទោះបី​រដ្ឋាភិបាល​បាន​ប្រកាស​បិទជើងហោះហើរ​ផ្ទាល់​ពី​ឥណ្ឌា នៅ​សប្តាហ៍នេះមែន ប៉ុន្តែ មាន​ពលរដ្ឋ​អូស្ត្រាលី ជាពិសេស ប្រជាជន​អូស្ត្រាលី ដើមកំណើត​ឥណ្ឌា បាន​ព្យាយាម ប្រើ​គ្រប់​មធ្យោបាយ ដូចជា​ហោះ​ចេញ​ពី​ឥណ្ឌា ទៅកាន់​ប្រទេស​ផ្សេងទៀត ដើម្បី អាច​ធ្វើដំណើរ​ត្រលប់​ចូល​អូស្ត្រាលី។ រដ្ឋាភិបាល​អូស្ត្រាលី បាន​សម្រេច​រឹតបន្តឹង ខ្លាំង នៅពេលនេះ  នៅបន្ទាប់ពីសង្កេត​ឃើញថា អ្នកដំណើរ ដែល​ធ្លាប់​ស្ថិតនៅ​ឥណ្ឌា ប៉ុន្តែ ធ្វើដំណើរ​ប្រទេស​ផ្សេង បាន​ធ្វើតេស្តទៅ​ឃើញ ​វិជ្ជមាន​កូវីដ ក្នុង​ពេល​ធ្វើ​ចត្តាឡីស័ក។

រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​បោះបង់​ចោល​ប្រជាជន​របស់ខ្លួន ទៅក្នុង​រលកយក្ស​ស៊ូណាមី កូវីដ នៅ​ឥណ្ឌា?

តាម​កាសែត​ក្នុងស្រុក​អូស្ត្រាលី នេះ​ជាលើក​ទី ១ក្នុង​ប្រវត្តិសាស្រ្ត​អូស្ត្រាលី  ដែលរដ្ឋាភិបាល​ចាត់ទុក​ពលរដ្ឋខ្លួន​ថា ជា​ជនឧក្រិដ្ឋ ដោយសារ​ល្មើសត្រលប់​ចូលប្រទេស​វិញ។ នៅ​ថ្ងៃ​សៅរ៍នេះ គ្រូពេទ្យ​ដើមកំណើត​ឥណ្ឌា​ម្នាក់​ដែលធ្វើការ​ជា​អ្នកអត្ថាធិប្បាយ​នៅ​ទូរទស្សន៍អូស្ត្រាលី ABC បាន​និយាយ​ថា មាន​ប្រជាជន​អូស្ត្រាលី ដើមកំណើត​ឥណ្ឌា​ជាច្រើន កំពុង​ចាំសេចក្តីស្លាប់ នៅ​ឥណ្ឌា ជាទី​ដែលស្ថានភាព​ឆ្លងកូវីដ​ធ្លាក់ធ្ងន់ធ្ងរ កាន់តែខ្លាំង។ ដោយ​គ្មាន​រកមធ្យោបាយ ដើម្បី​សង្រ្គោះ ដឹកពួកគេ​ចេញ​ពី​ឥណ្ឌា នៅក្នុង​ស្ថានភាព​ដ៏អាក្រក់​បែបនេះ រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​បោះបង់​ចោល​ពលរដ្ឋរបស់ខ្លួន។

ការប្រកាស​នៅ​ថ្ងៃ​សៅរ៍ បានធ្វើ​ឲ្យ​អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch ខឹងឆេះដុំ រិះគន់ខ្លាំងៗ​ រដ្ឋាភិបាល​អូស្ត្រាលី​បាន​រំលោភ​សិទ្ធិជា​មូលដ្ឋាន​របស់ប្រជាជន​អូស្ត្រាលី។ តាម​ប្រធាន​អង្គការ​ Human Rights Watch​ប្រចាំ​អូស្ត្រាលី រដ្ឋាភិបាល​អូស្ត្រាលី គួរ​តែ ទៅ​ដឹកជញ្ជូន​ពលរដ្ឋ​របស់ខ្លួន ចេញ​ពី​តំបន់​គ្រោះថ្នាក់ នៅ ឥណ្ឌា និង​បង្កើន កន្លែង​ធ្វើ​ចត្តាឡីស័ក ដែលមាន​គុណភាព សម្រាប់​ដាក់​ពួកគេ ពោល​គឺមិនមែន ទៅ​ផ្តោត​សំខាន់ ទៅ​លើ​រឿង ចាប់ដាក់ពន្ធនាគារ យាយី ពលរដ្ឋ​ដែល​ព្យាយាមចង់​ត្រលប់​ប្រទេស​របស់ខ្លួននោះទេ។

អង្គការ​ការពារ​សិទ្ធិមនុស្ស បាន​លើកឡើង​ពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប៉ុន្តែ ពលរដ្ឋ​អូស្ត្រាលី ដែល​នៅជាប់គាំង​នៅ​ឥណ្ឌា នៅតែ​មិនអាច ត្រលប់​ចូល​ប្រទេស​បានភ្លាមៗ​នោះទេ។ ហើយ​ពួកគេ​រឹតតែមិនអាច​ប្តឹងរដ្ឋាភិបាល​ពីរឿងនេះដែរ។ បញ្ហា​នៅត្រង់ថា ពួកគេ​មិន​បាន​អាច លើក​យក​ច្បាប់សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ទៅ​ដាក់បន្ទុក​រដ្ឋាភិបាល​អូស្ត្រាលី នៅ​តុលាការ​អូស្ត្រាលី​បាននោះទេ។ សិទ្ធិពលរដ្ឋ ហើយនិង​សេរីភាព​ដទៃទៀត គឺ​មិនត្រូវ​បាន​ធានា​នៅក្នុង​ច្បាប់​អូស្ត្រាលី​នោះទេ។ រដ្ឋធម្មនុញ្ញ​អូស្ត្រាលី​នៅ​ខ្វះចន្លោះពីរឿង​ច្បាប់សិទ្ធិមនុស្ស​នេះ។ ដោយសារ​តែ​រឿងហ្នឹងហើយ បាន​ជា​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ហេតុផល ស្ថានភាព​អាសន្ន កូវីដ នេះ អាចបង្កើតបាន ក្នុងរយៈពេល​តែ​មួយយប់ នូវ​វិធានការ​តឹងមួយ ដែល ចាត់ទុក ពលរដ្ឋ​អូស្រ្តាលី ខ្លួនឯង ថា មាន​ទោស​ឧក្រិដ្ឋ។ ទោស​ឧក្រិដ្ឋ ដោយសារតែ ចង់​ត្រលប់​ចូល​ប្រទេស​វិញ ដើម្បី គេចចេញ​ពី​គ្រោះថ្នាក់​ឆ្លងជំងឺកូវីដ​នៅ​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI