ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េ​ខាងជើង​ប្រកាស​បិទផ្លូវ មិន​ចរចា និង​ចោទ​នយោបាយ​ការទូត​របស់​​​លោកចូ បៃដិន ​ថា​មិន​ស្មោះត្រង់

សំឡេង ០៥:៤០
រូបលោកចូ បៃដិន និង មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុង នៅលើកញ្ចក់ទូរទស្សន៍ នៅស្ថានីយ៍រថភ្លើង Suseo Railway Station ក្រុងសេអ៊ូល ថ្ងៃទី ២៦មីនា ២០២១
រូបលោកចូ បៃដិន និង មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុង នៅលើកញ្ចក់ទូរទស្សន៍ នៅស្ថានីយ៍រថភ្លើង Suseo Railway Station ក្រុងសេអ៊ូល ថ្ងៃទី ២៦មីនា ២០២១ AP - Ahn Young-joon

បន្ទាប់ពី​លោក ចូ បៃដិន បានប្រកាសថា លោក​នឹងប្រើប្រាស់នយោបាយ​ការទូត ដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរ​ ជាមួយ​កូរ៉េខាងជើង ស្រាប់តែ​ភាគីកូរ៉េខាងជើង បាន​ឆ្លើយតបមកវិញ នៅថ្ងៃទី​២ឧសភា ដោយ​បាន​ចាត់ទុក​ នយោបាយការទូតរបស់រដ្ឋាភិបាល​អាេមរិក​ ថាគ្មានភាពស្មោះត្រង់ និង​ពោរពេញដោយ​ល្បិចស្នៀត។ តើតាមរយៈការ​ប្រកាសនេះ គឺកូរ៉េខាងជើង ចង់​ច្រានចោលទាំងស្រុង​ នូវ​ការបើកផ្លូវចរចាផ្នែកការទូត ជាមួយ​សហរដ្ឋអាមេរិក ឬយ៉ាងណា?

ផ្សាយពាណិជ្ជកម្ម

« ដំណោះស្រាយ​ផ្លូវការទូត ដែលបោកប្រាស់ »

លោកចូ បៃដិន ទើបតែ​បាន​ប្រកាសនៅចំពោះមុខសភាខុនហ្ក្រេស ថា លោក​នឹងអនុវត្តគោលនយោបាយផ្លូវ​​ការទូត អមដោយការដាក់សំពាធផង ដើម្បីដោះស្រាយ​បញ្ហា ជាមួយកូរ៉េខាងជើង។ ក៏ប៉ុន្តែស្រាប់តែនៅថ្ងៃនេះ កូរ៉េខាងជើង បាន​ចេញលិខិតប្រកាស ចោទថាគោលនយោបាយ​ការទូតរបស់​លោក ចូ បៃដិន គឺជាគោលនយោបាយ​បោកប្រាស់ គ្មាន​ភាពស្មោះត្រង់។

បណ្តាញ​ព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA បានចេញផ្សាយ​លិខិតប្រកាស របស់របបផ្តាច់ការព្យុងយ៉ាង នៅថ្ងៃអាទិត្យ​នេះ ដែលបាន​លើកឡើងថា លោកចូ បៃដិន បានធ្វើអំពើមួយ​ខុសឆ្គងធំណាស់ ដោយ​បានមើលស្រាលកូរ៉េខាងជើង ហើយ​ចង់ប្រើយុទ្ធសាស្ត្រ ដែលកូរ៉េខាងជើង ដឹងពីល្បិចស្នៀតនេះអស់ទៅហើយ។

មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង ឈ្មោះ Kwon Jung Gun បានលើកឡើងថា សម្តីប្រកាសរបស់​លោក​ ចូ បៃដិន គឺបានសបង្ហាញ​យ៉ាងច្បាស់ អំពីឆន្ទៈបន្តគោលនយោបាយ​ រករឿង បង្កបញ្ហាជាមួយកូរ៉េខាងជើង ដដែលជាដដែល ពោលគឺជាស្នៀតរបស់អាមេរិក ប្រមាណ​​កន្លះសតវត្សមកហើយ។

មន្ត្រីដដែលនេះ បន្ថែមថា ពាក្យថា នយោបាយ​ផ្លូ​វការទូត ដែលរដ្ឋបាល​លោកចូ បៃដិន បាន​ប្រកាសនោះ គឺគ្រាន់តែជាពាក្យ​បោកប្រាស់ ដើម្បីបិទបាំង អំពើអាក្រក់ រករឿងធ្វើបាបកូរ៉េ​ខាងជើង​តែ​ប៉ុណ្ណោះ។ ហើយ​ពាក្យ​ថា ដាក់សំពាធ វិញ គឺមានន័យថាអាមេរិក នឹងបន្តគំរាម​មកលើកូរ៉េខាងជើង ឲ្យ​បោះបង់​កម្មវិធីនុយក្លេអ៊ែរ។ លិខិត​ប្រកាសនេះបន្ថែមថា ចាប់ពីពេលនេះ គេដឹងល្បិចស្នៀតរបស់អាមេរិកច្បាស់ហើយ ដូច្នេះកូរ៉េខាងជើងនឹងត្រូវ​តែ​ចាត់វិធានការ​តបវិញ ឲ្យ​សមស្រប។

ចរចាតាមផ្លូវការទូត ដោយឈរលើតថៈភាពជាក់ស្តែង

តាមការពន្យល់លំអិតពីសំណាក់ លោកស្រី ជែន​ សាគី អ្នកនាំពាក្យសេតវិមានអាមេរិក​ បាន​ឲ្យដឹងថា លោក ចូ បៃដិន ត្រៀម​ទទួលយល់ព្រម ចំពោះការប្រើគោលនយោបាយ​ការទូត ដែល​​ឆ្លើយតប នឹងតថៈភាពជាក់ស្តែង មួយដំណាក់កាល​ទៅមួយដំណាក់កាល។

លោកស្រី ជែន​ សាគី បាន​លើកឡើងថា កម្មវត្ថុធំរបស់រដ្ឋបាល​លោកចូ បៃដិន គឺឈាន​ទៅ​បិទកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង​ ទាំងស្រុងតែម្តង។ ក៏ប៉ុន្តែ យុទ្ធសាស្ត្ររបស់រដ្ឋបាល​លោកចូ បៃដិន គឺ មិនចង់ទៅបង្ខំ​ដោយ​តក់ក្រហល់ ដើម្បីឲ្យ​បាន​កិច្ចព្រមព្រៀងធំមួយ​ ជាមួយកូរ៉េខាងជើង ដូចដែល​ រដ្ឋបាល​លោកដូណាល់ ត្រាំ ធ្លាប់ធ្វើនោះទេ។ ហើ​យ​ក៏មិនសំងំស្ងៀម អត់ធ្មត់ទុកពេល ដូចកាលពីសម័យ​លោកអូបាម៉ាដែរ។

ក្នុងន័យនេះ គឺមានន័យថា រដ្ឋបាលលោកចូ បៃដិន នឹងជ្រើសយកផ្លូវកណ្តាល ពោលគឺព្យាយាម បើកផ្លូវគ្រប់ច្រក ដើម្បី​ចរចាការទូត តែទន្ទឹមនឹងនេះ ក៏មិនបន្ថយ​ដៃ ក្នុងការដាក់សំពាធដែរ។ រដ្ឋបាល​លោក​ ចូ បៃដិន បាន​លើកឡើងផងដែរ ថានឹង​ពិគ្រោះ សិក្សាជាមួយ​ ភាគីកូរ៉េខាងត្បូង និងជប៉ុន ឲ្យ​បានច្រើនបំផុត ដើម្បីវែកផ្លូវចរចា ជាមួយ​កូរ៉េខាងជើង។ យ៉ាងណាមិញ នៅថ្ងៃទី​២១ឧសភា ខាងមុខ លោកមូន ជាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើដំណើរទៅជួប​លោក ចូ បៃដិន នៅវ៉ាស៊ីនតោន ដើម្បីនិយាយរឿងកូរ៉េខាងជើងនេះឯង។

ប្រកែកមិនទទួល ដើម្បីទាមទារសម្បទាន

ជាមួយ​នឹង​ការ​ប្រកាសរបស់កូរ៉េខាងជើង នៅថ្ងៃនេះ គឺវាហាក់មានន័យថា កូរ៉េ​ខាងជើង បិទផ្លូវចរចាទាំងស្រុងតែម្តង ជាមួយ​សហរដ្ឋអាេមរិក។​ សម្រាប់​​ពេលនេះ កូរ៉េខាងជើង បាន​​ប្រកាស មិនទទួលយកការចរចាការទូតជាមួយ​សហរដ្ឋអាមេរិកទេ ព្រោះកូរ៉េខាងជើង ចាត់​ទុកថា​ជាល្បិចស្នៀតរបស់​អាមេរិក។ យ៉ាងណាមិញ ប្រមាណ​៣ខែមកនេះ ចាប់តាំងពី​លោក ចូ បៃដិនបានចូលកាន់តំណែង គឺ​ភាគីអាមេរិក បាន​ព្យាយាម​ទាក់ទងទៅកូរ៉េខាងជើងច្រើនដងហើយ ដើម្បីបើកផ្លូវចរចា។ ក៏ប៉ុន្តែកូរ៉េខាងជើង បានធ្វើមិនដឹងមិនឮ រហូត។ នេះបើតាមការអះអាង របស់លោកស្រី Jalina Porter អ្នកនាំពាក្យ​ក្រសួងការបរទេសអាេមរិក។

ក៏ប៉ុន្តែ ការប្រកាសបិទផ្លូវចរចា ពីសំណាក់កូរ៉េខាងជើង នាពេលនេះ វាអាចមានន័យ​ថា ជាការទារថ្លៃខ្លួនក៏ថាបាន។ ពោលគឺ កូរ៉េខាងជើង ត្រូវការ​ឲ្យ​រដ្ឋបាលថ្មីរបស់អាមេរិក ធ្វើសម្បទានខ្លះសិន មុននឹងសុខចិត្តចរចា។ សម្បទាន នោះ គឺវាអាចជាការដកទណ្ឌកម្មខ្លះ និងការផ្អាកឈប់ធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ជាដើម។

ហើយ​មួយវិញទៀត កូរ៉េខាងជើងដំឡើងសំឡេង ក្អេងក្អាងខ្លាំងនាពេលនេះ ក៏អាចមានពាក់ព័ន្ធជាមួយនឹងចិនដែរ។ ដូចយើងដឹងកន្លងមកហើយ ថាចិនមានទំនាក់ទំនង ចាំជួយទំនុកបំរុងរបបផ្តាច់ការព្យុងយ៉ាងរហូត។ ហើយ​នៅក្នុងសំណុំរឿងកូរ៉េខាងជើងនេះ រដ្ឋបាល​លោកចូ បៃដិន ដូចជាគ្មានចេតនាចង់ពឹងចិន ឲ្យ​ជួយវែកផ្លូវ ចរចាជាមួយ​កូរ៉េខាងជើងទេ។ រដ្ឋបាលលោកចូ បៃដិន បានបង្ហាញជំហរប្រជែងជាមួយ​ចិនខ្លាំងណាស់ ដោយ​បានប្រមូលគៀងគរប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឲ្យ​រួមគ្នាទប់ទល់ជាមួយចិន។ សម្បទានដែលកូរ៉េខាងជើងទាមទារ ចង់ឲ្យ​អាមេរិក​យល់ព្រម ក៏ជាផលប្រយោជន៍របស់ចិនដែរ។ ដូច្នេះ កូរ៉េខាងជើង ព្រមចរចា ឬមិនចរចា ទៅថ្ងៃមុខ គឺវាអាស្រ័យ ទៅលើ​ការសម្រេចរបស់ចិនប៉េកាំងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI