ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមប្រទេស​G7 ផ្តោតពិភាក្សា​ លើ​យុទ្ធនាការ​ឃោសនា ព័ត៌មាន​ក្លែងក្លាយ​របស់​រុស្ស៊ី​និង​ចិន

សំឡេង ០៩:១១
របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​នៅ​ខែ​សីហា​ឆ្នាំ ២០២០​បង្ហាញថា​ រដ្ឋ រុស្ស៊ីផ្តល់​ថវិកា​ដល់​ក្រុម​ជំនាញពិសេស​ដែល​បង្កើត​ព័ត៌មាន​មិនពិត ក្លែងក្លាយ​ដើម្បី​បំភ័ន​មតិមហាជនអាមេរិក
របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​នៅ​ខែ​សីហា​ឆ្នាំ ២០២០​បង្ហាញថា​ រដ្ឋ រុស្ស៊ីផ្តល់​ថវិកា​ដល់​ក្រុម​ជំនាញពិសេស​ដែល​បង្កើត​ព័ត៌មាន​មិនពិត ក្លែងក្លាយ​ដើម្បី​បំភ័ន​មតិមហាជនអាមេរិក AP - Jon Elswick

ក្រោយអាក់ខាន មិនបាន​ជួបប្រជុំ ឃើញមុខ​គ្នា​ផ្ទាល់ អស់​២ឆ្នាំ ដោយសារ​វិបត្តិ​កូវីដ រដ្ឋមន្រ្តី​ការបរទេស​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម ទាំង​៧ ត្រូវជួបគ្នាផ្ទាល់ នៅក្នុង​កិច្ចប្រជុំ ដែល​ចាប់ផ្តើម​បើក ចាប់ពីថ្ងៃ​ចន្ទ​ទី ៣​ឧសភា ២០២១ នៅ​ទីក្រុងឡុងដ៍​ ប្រទេស​អង់គ្លេស។ ការជំរុញ​សេដ្ឋកិច្ច​ចេញពីវិបត្តិកូវីដ និងការប្រយុទ្ធប្រឆាំង​នឹង​គំរាមកំហែង​ថ្មីនៅក្នុង​ពិភពលោក គឺជា​សំណុំរឿង​សំខាន់ នៅក្នុង​កិច្ចពិភាក្សា​របស់​រដ្ឋមន្រ្តី​ការបរទេស នៃក្រុមប្រទេស G7។

ផ្សាយពាណិជ្ជកម្ម

នៅមុន​បើក​កិច្ចប្រជុំ នៅថ្ងៃ​នេះ រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស ដែល​ជា​ម្ចាស់ផ្ទះ បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា ក្រុមប្រទេស​G7 នឹងសហការគ្នា ធ្វើ​យ៉ាងណា​ឲ្យ​មានការបែងចែក ស្មើភាពគ្នា វ៉ាក់សាំង បង្ការជំងឺកូវីដ ប្រយុទ្ធប្រឆាំង គ្រោះអត់ឃ្លាន ចាត់វិធានការ​ខ្លាំងជាងមុន ក្នុង​ផ្នែកប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ និងចុងក្រោយ គឺ សម្រេច​ឲ្យ​បាន​ទិសដៅ របស់​អង្គការ​សហប្រជាជាតិ ដើម្បី ឲ្យ​ក្មេងស្រី​បានទទួល​ការអប់រំ។ ប៉ុន្តែ អង់គ្លេស​ខ្លួនឯងផ្ទាល់ ទើប​រងការរិះគន់​ដោយសារ​តែ​កាត់ជំនួយ សម្រាប់ អង្គការ​យូនីសេហ្វ កាលពី​សប្តាហ៍មុន។

អង់គ្លេស​ថា កិច្ចប្រជុំ​លើកនេះ នឹង​ផ្តោតសំខាន់ លើ​ការបែងចែក វ៉ាក់សាំង​ឲ្យ​ស្មើភាពគ្នា​ក្នុង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​ភាពក្រីក្រ ប៉ុន្តែ នៅ​ការពិត​ជាក់ស្តែង គឺ​មិន​អីចឹងទេ។

អង់គ្លេស​ខ្លួន​បានសម្រុក​ចាក់វ៉ាក់សាំងឲ្យ​ប្រជាជន​របស់ខ្លួន​បាន​ច្រើនបំផុត ទាំង​ប្រទេស​មួយចំនួន​ច្រើន គ្មាន​វ៉ាក់សាំង​ចាក់​នឹងគេ។ នៅក្នុង​រឿង​ប្រាក់ជំនួយ​អន្តរជាតិ រដ្ឋាភិបាល​អង់គ្លេស​បាន​សម្រេច​កាត់បន្ថយ វិភាគទាន​របស់ខ្លួន ពី ១៤ពាន់​លានផោន មក​នៅត្រឹម ១០ពាន់​លាន​ផោន គឺ​កាត់​អស់​ប្រមាណ ៥ពាន់លាន​ដុល្លារ។ រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស លោក Dominic Raab នៅថ្ងៃ​អាទិត្យ​ម្សិលមិញ បាននិយាយ​ការពារ​នយោបាយ​កាត់បន្ថយ​ជំនួយ​របស់​រដ្ឋាភិបាល​អង់គ្លេស ថា ធ្វើដោយ​បង្ខំចិត្ត ដោយសារ​តែ​បញ្ហាវិបត្តិកូវីដ​១៩។ យ៉ាងណាក៏ដោយ ប្រមុខការបរទេស​អង់គ្លេស​នៅតែបញ្ជាក់ថា ទោះអង់គ្លេស​កាត់បន្ថយ ប្រាក់ជំនួយ សម្រាប់​កម្មវិធី​របស់​អង្គការ​ស្ប្រជាជាតិ ប៉ុន្តែ អង់គ្លេស​នៅតែ​នាំមុខគេ ខាងផ្តល់​ជំនួយអន្តរជាតិ។

នៅមុន​អន្តរាគមន៍​របស់​រដ្ឋមន្រ្តីការបរទេស​អង់គ្លេស​ទៅទៀត អង្គការ​ចំនួន​៣​របស់​អង្គការ​សហប្រជាជាតិ បាន​និយាយ​ព្រមាន​រួចហើយ​ពីផលវិបាក ដោយសារ​តែ​អង់គ្លេស កាត់បន្ថយ​ប្រាក់ជំនួយនេះ។ អង្គការ​យូនីសេហ្វេ​ដែលធ្វើការ​ផ្នែក​អប់រំ របស់​អង្គការ​សហប្រជាជាតិ អង្គការ UNAIDS បាន​សំដែង​ក្តីបារម្ភ​របស់ខ្លួន នៅក្រោយ អង្គការ UNFPA ដែលធ្វើការ​ទៅលើ​រឿងផ្លូវភេទ វាយតម្លៃថា ការកាត់បន្ថយ​ជំនួយ​ពីខាង​ប្រទេស​អង់គ្លេស​នឹងជំរុញ​ឲ្យមាន​​មនុស្ស ស្លាប់ ជាង ២សែននាក់ បន្ថែមទៀត ក្នុង​ពិភពលោក។

អង់គ្លេស​ស្នើឲ្យ ​ក្រុមប្រទេស​G7 បង្កើត​យន្តការ​ដើម្បី ឆ្លើយតប ប្រឆាំង ជាបន្ទាន់ នឹង​ការឃោសនា ការផ្សព្វផ្សាយ​ព័ត៌មានមិនពិត

រដ្ឋាភិបាល​អង់គ្លេស​ចង់​ឲ្យ​ក្រុមប្រទេស G7 បង្កើត​យន្តការ​រួម​មួយ ដើម្បី វាយបក​ភ្លាមៗ​នឹងយុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ជាពិសេស ពី​ខាង​រុស្ស៊ី និង​ចិន។ តាម​រដ្ឋមន្រ្តីការបរទេស​អង់គ្លេស នៅពេលគេឃើញ មាន​ការផ្សាយ​ព័ត៌មាន​ភូតកុហក ព័ត៌មាន​មិនពិត និង​បោកប្រាស់ យន្តការ​របស់​ក្រុមប្រទេស​G7 នឹង​អាច​វាយបក​បន្ទាន់ ដោយ​បង្កើត​ព័ត៌មាន​ពិតប្រាកដ មិនថា សម្រាប់​ប្រជាជន​ក្នុង​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​យុទ្ធនាការ​ឃោសនា​ព័ត៌មាន​មិនពិត ឬ​សម្រាប់​ប្រជាជន​រុស្ស៊ី និង​ប្រជាជន​ចិន​នោះទេ។

ប្រមុខការបរទេស​អង់គ្លេស សំដៅ​ចោទប្រកាន់ខ្លាំង​ភាគី​រុស្ស៊ី ថា អ្នក​បើកយុទ្ធនាការ ឃោសនា ផ្សព្វផ្សាយ ព័ត៌មាន​បោកប្រាស់។ តាម​កាសែត​អង់គ្លេស Sunday Times ការសិក្សា​មួយ ដែល​បានទទួល​ហិរញ្ញវត្ថុ​ពីក្រសួង​ការបរទេស​អង់គ្លេស បាន​បង្ហាញ​ថា ក្រុមចោរ​រុស្ស៊ី​បាន​បន្លំ​ខ្លួន​ជា​ពលរដ្ឋ​អង់គ្លេស ដើម្បី​សរសេរ​ខំមិន ក្នុងកាសែត​អង់គ្លេស ថា ពួកគេ គាំទ្រ ឲ្យ​រុស្ស៊ី​រំលោភឈ្លានពាន​ទឹកដី​អ៊ុយក្រែន។ ក្រោយមក កាសែត​រុស្ស៊ី ក៏ដកស្រង់ ខំមិន​ទាំងអស់នោះ រហូត​ធ្វើ​ឲ្យ​គេ​ជឿថា ប្រជាជន​អង់គ្លេស ឈរ​នៅខាង​ប្រទេស​រុស្ស៊ី។ តាម​ការសិក្សាខាងលើ ក្រុមចោរព័ត៌មានវិទ្យា​រុស្ស៊ី បានបំភ្លៃ​ បំភ័ន មតិមហាជន តាមរយៈ បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក នៅ​តាម ប្រទេស​ចំនួន ១៤ ដែលក្នុង​មាន​ផងដែរ ប្រទេស​សមាជិក​របស់ G7។ ថ្មីៗនេះ ក្រសួងការបរទេស​អង់គ្លេស​បាន​កោះហៅ ឯកអគ្គរដ្ឋទូត​រុស្ស៊ី ម្តងហើយ ដើម្បី និយាយ​ពី​រឿងនេះ។ ក្រៅពីរុស្ស៊ី ចិន​ក៏​ជា​ទិសដៅ ចោទប្រកាន់​របស់​អង់គ្លេស ដែរ ក្នុង​រឿង​ដែល​ចិន​ជះលុយ ទៅលើ​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​បណ្តាប្រទេស​ដែលទទួល​បាន​ជំនួយលុយ​ពីចិន។ តាមការសិក្សា​របស់​អង់គ្លេស ចិន​បាន​ផ្សព្វផ្សាយ​មិនពិតជាច្រើនទាក់ទង​នឹង​ប្រសិទ្ធិភាព​វ៉ាក់សាំង​អង់គ្លេស ហើយនិង​រឿង ប្រជាជន​អ៊ុយហ្គួរ នៅ​ខេត្ត​ស៊ីនជាំង។ ការផ្សព្វផ្សាយឃោសនា   ក្នុង និង​ក្រៅប្រទេស​ចិន និង​រុស្ស៊ី  ធ្វើ​ឲ្យ​គេ​ជឿថា គ្មាន​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​ចិន គ្មានគំរាមកំហែង​របស់​រុស្ស៊ី លើ​អ៊ុយក្រែន។ បើតាមភាគីអង់គ្លេស យុទ្ធនាការ​ឃោសនា​ផ្សព្វផ្សាយ​របស់​រុស្ស៊ី និង​ចិន​បានធ្វើ​មហាជន​ជាច្រើន មិនជឿជាក់លើ ​វ៉ាក់សាំង​របស់​អង់គ្លេស ឬ​វ៉ាក់សាំង អាមេរិក។ ធ្វើដូច្នេះ គឺ​ដើម្បី​ផលប្រយោជន៍​វ៉ាក់សាំង​របស់​ចិន ឬ​វ៉ាក់សាំងរុស្ស៊ី​ខ្លួនឯង។

នៅក្នុង​រឿង ចោទប្រកាន់ ប្រទេស​រុស្ស៊ី និង​ចិន ថា ជាអ្នកផ្សព្វផ្សាយ​ព័ត៌មាន​មិនពិតនេះ អង់គ្លេស​និង​អាមេរិក​និយាយ​ចុះ​សម្រុង​គ្នា​ខ្លាំងណាស់។ នៅ​មុន​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅទីក្រុង​ឡុងដ៍ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន នៅ​បាន​ចោទប្រកាន់​ផងដែរ​ប្រទេស​ចិន ថា បានរំលោភ​កម្មសិទ្ធិបញ្ញា មិនគោរព​ច្បាប់ធ្វើ​ពាណិជ្ជកម្ម។ ដូច្នេះ ចិន​ក៏ជា​សំណុំរឿង​សំខាន់ ដែល​គេ​ពិភាក្សា​ផងដែរ នៅក្នុង​កិច្ចប្រជុំ​របស់ G7​នៅ​សប្តាហ៍ នេះ។

ការប្រជុំ​G 7 ដើម្បីនិយាយពីការគំរាមកំហែង​របស់ ​រុស្ស៊ី និង​ចិន

បារាំង អាល្លឺម៉ង់ អង់គ្លេស កាណាដា អ៊ីតាលី និង​ជប៉ុន​សុទ្ធជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដែល​អាច​ចាត់ទុក​ជា​ក្រុមប្រទេស​លោកខាងលិច ដែល​កំពុង​ពើបប្រទះ​នឹង​ការឡើង​អំណាច​របស់​ចិន និង​រុស្ស៊ី។ និយាយប្រាប់អ្នកកាសែត កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីការបរទេស​អង់គ្លេស​និយាយ​ថា អង់គ្លេស​រួមគ្នា អាច​រៀបចំ ជំនួបកំពូល​របស់​ក្រុមប្រទេស​ប្រជាធិបតេយ្យ នៅក្នុងលោក។ គេ​អាច​កាត់យល់ថា ចិន និង​រុស្ស៊ី ដែលគ្មាន​មុខ​នៅក្នុង​ជំនួបG7​នៅ​សប្តាហ៍នេះ មិនមែនជា​ប្រទេស​ប្រជាធិបតេយ្យ ប៉ុន្តែ ជាប្រទេស​ផ្តាច់ការ​ដែល ប្រទេស​លោកខាងលិច កំពុង​ប្រកួតប្រជែងជាមួយ។

ពីមុន G8 មាន​រុស្ស៊ី ចូលរួមដែរ ដែល​ធ្វើ​ឲ្យ​គេ​មិនសូវ​ឃើញ​ច្បាស់ ការបែងចែកបក្សពួក​គ្នា​ជា​ក្រុមនោះទេ។ ប៉ុន្តែ នៅពេលរុស្ស៊ី លែងមានមុខ​នៅក្នុង ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម តទៅទៀត ក្រុមប្រទេស G7 ត្រូវ​គេ​មើលឃើញច្បាស់ ថា ប្លុក ក្រុមប្រទេស​អ្នកមាន លោកខាងលិច ដែលតំណាង​ ជិតពាក់កណ្តាល នៃ​ទ្រព្យសម្បត្តិ​ពិភពលោក គឺ ៤០​ទ្រីលាន​ដុល្លារ ​ដែល​កំពុង​បារម្ភ​ភ័យខ្លាច​បាត់បង់​ប្រយោជន៍​របស់ខ្លួន នៅចំពោះមុខ​ចិន និង​រុស្ស៊ី។ ចិន ដែល​ក្លាយ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ២​ក្នុង​ពិភពលោក ចំណែក​រុស្ស៊ី ដែល​ជា​មហាអំណាច​យោធាមានដែនដី ធំជាងគេ​ក្នុង​ពិភពលោក។

ដើម្បី​ទប់ទល់​នឹង​ចិន និង​រុស្ស៊ី ភាគីអង់គ្លេស​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ G7​បានអញ្ជើញ​ផងដែរ រដ្ឋមន្រ្តី​ឥណ្ឌា អគ្គលេខាធិការ​អាស៊ាន ជាដើម ដែលនៅក្នុង​នោះ សមាជិក​មួយចំនួន​កំពុង​មានជម្លោះ​ជាមួយ​ចិន នៅសមុទ្រចិន​ខាងត្បូង។

នៅក្នុង​អាណត្តិ​លោកដូណាល់ ត្រាំ ក្រុមប្រទេស​G7​មិន​សូវ ជា​ធ្វើការ​ជាមួយគ្នា​ដោយ​រលូនទេ ដោយសារ​តែ​លោកដូណាល់ ត្រាំ ដើរឈ្លោះជាមួយគេឯង មិនថា ជាមួយ គូសត្រូវ ឬ សម្ព័ន្ធមិត្ត។ ប៉ុន្តែ ទោះបី​ជា​អាមេរិក​មាន​លោក​ចូ បៃដិន សន្យា​ត្រលប់​មក​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ត​ឡើងវិញ ដើម្បី ប្រឆាំង រដ្ឋអំណាច​ផ្តាច់ការ ប៉ុន្តែ គេ​មិនត្រូវ​សង្ឃឹម ថា អាមេរិក​នឹង​ត្រលប់​មកធ្វើ​ជា​មហាអំណាច ដឹកនាំ​គេ​ដូចមុននោះ។

វិបត្តិកូវីដ រួមផ្សំ​នឹង​នយោបាយ​មិនប្រាកដប្រជា​របស់​លោកដូណាល់ ត្រាំ នាពេលកន្លងមក​បានធ្វើ​ឲ្យ​ប្រទេសជាច្រើន មិនថា​ធំ ឬតូច ងើបឈរ ចេះ​ពង្រឹង ខ្លួនឯង ដោយ​កាត់បន្ថយ​ការពឹងអាស្រ័យ​លើ​ក្រុមប្រទេស​អ្នកមាន។ គេ​បានរួមគ្នា នៅ​ថ្នាក់មូលដ្ឋាន នៅថ្នាក់តំបន់ ពោល គឺ​លែង​សូវ រង់ចាំ រំពឹងខ្លាំង​ពី​ជំនួយប្រទេស​លោកខាងលិច​ដូចមុន។ ម្យ៉ាងទៀត នៅក្នុង​កាលៈទេសៈ ​គ្រប់ប្រទេស​ក្នុង​ពិភពលោក​កំពុង ស្រវេស្រវ៉ា ចង់​ងើបចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច វិបត្តិសុខភាព​ដោយសារ​ជំងឺរាតត្បាត​កូវីដនេះ ការរួមគ្នា​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម ដើម្បីតតាំងនឹង​ចិន និង​រុស្ស៊ី មិនមែនជារឿង​ដែល​គេ​ត្រូវលើក​មកនិយាយ​ជាអាទិភាព នៅពេលនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI