ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចំនួន​អ្នក​ឆ្លង​កូវីដ​នៅ​ឥណ្ឌា​កើន​ដល់​២០​លាន​នាក់​ តែ​អ្នក​ជំនាញ​ថា​អ្នក​ឆ្លង​ពិត​ប្រាកដ​មាន​ច្រើន​ជាងនេះ

សំឡេង ០៦:១៧
នៅថ្ងៃអង្គារ ទី៤ ឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងកូវីដសរុបនៅឥណ្ឌាកើនដល់២០លាននាក់។ ប៉ុន្តែ អ្នកជំនាញលើកឡើងថា អ្នកឆ្លងពិតប្រាកដ មានច្រើនជាងតួលេខផ្លូវការ។
នៅថ្ងៃអង្គារ ទី៤ ឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងកូវីដសរុបនៅឥណ្ឌាកើនដល់២០លាននាក់។ ប៉ុន្តែ អ្នកជំនាញលើកឡើងថា អ្នកឆ្លងពិតប្រាកដ មានច្រើនជាងតួលេខផ្លូវការ។ REUTERS - SAMUEL RAJKUMAR

ខណៈ​សហរដ្ឋ​អាមេរិក​ និង​ប្រទេសអឺរ៉ុប​ កំពុង​បើក​ប្រទេស​វិញ​បណ្តើរៗ​តាម​ដំណាក់​កាល​ ស្ថានភាព​កូវីដ​នៅក្នុង​ប្រទេស​ឥណ្ឌា​ នៅ​បន្ត​មាន​សភាព​ធ្ងន់​ធ្ងរ​។ នៅថ្ងៃ​អង្គារ​ ទី៤​ ឧសភា​នេះ​ អត្រា​ឆ្លង​កូវីដ​នៅប្រទេសឥណ្ឌា​ បាន​ហក់កើនដល់ជាង​ ២០ លាន​នាក់​ ដោយ​សារ​រលក​ចម្លង​នៅតែ​មាន​កម្លាំងខ្លាំង​។ យ៉ាងណាក៏ដោយ​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ណារិនដ្រា​ ម៉ូឌី​ និយាយថា​ករណី​ឆ្លង​កំពុង​ថយចុះ​មកវិញខ្លះ​ហើយ​។

ផ្សាយពាណិជ្ជកម្ម

ចំនួនអ្នក​ឆ្លង​កូវីដនៅ​ក្នុង​ប្រទេស​ឥណ្ឌា​កើនឡើងដល់ជាង​ ២០ លាន​នាក់

នា​ខណៈពេល​នេះ​ ប្រទេស​ឥណ្ឌា​នៅតែ​រងគ្រោះខ្លាំង​ពី​មហា​វិបត្តិ​កូវីដ​។ ប៉ុន្មាន​សប្តាហ៍​មកនេះ​ អាជ្ញាធរ​ឥណ្ឌា​ខំប្រឹង​ខ្នះខ្នែងខ្លាំង​ណាស់ដែរ ​ទប់​ទល់​នឹង​ការ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នៃ​ជំងឺ​កូវីដ​១៩​ ក៏ប៉ុន្តែ​ករណីឆ្លងថ្មី​និង​អ្នក​ស្លាប់​ដោយសារ​កូវីដនៅតែ​មាន​ចំនួន​ច្រើន​ខ្លាំង​។

រលក​ចម្លង​យក្ស​បាន​ធ្វើ​ចំនួន​អ្នកឆ្លង​កូវីដ​សរុប​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ កើនឡើង​ដល់​ជាង​ ២០ (២០ ២៨២ ៨៣៣) លាននាក់​ ហើយ​អ្នកស្លាប់វិញ​កើនឡើង​ដល់​ជាង​ ២២ ម៉ឺន​នាក់ (២២២ ៤០៨)។

ដោយហេតុថា​ ករណីឆ្លងថ្មី​និង​ចំនួន​អ្នក​ស្លាប់​ដោយសារកូវីដ​នៅតែមានចំនួន​ច្រើន​ខ្លាំង​ ក្រុម​អ្នក​ប្រឆាំង​ បាន​ជំរុញ ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ណារិនដ្រា​ ម៉ូឌី​ បិទ​ខ្ទប់​ប្រទេស​ទាំងស្រុង​ស្របតាម​ការណែនាំ​ពី​អ្នកជំនាញ​។

ក៏ប៉ុន្តែ​ អាជ្ញាធរឥណ្ឌា​ បាន​ប្រកាស​ប្រាប់ថា​ ករណី​ឆ្លង​កូវីដ​ប្រចាំថ្ងៃ​ កំពុង​ថយ​ចុះ​មក​វិញ​ខ្លះ​ហើយ​។ នៅថ្ងៃអង្គារ​ ទី៤ ​ឧសភានេះ​ ប្រទេស​ឥណ្ឌា​ បាន​រាយការណ៍​ ថា​ករណី​ឆ្លង​កូវីដ​ថ្មី​មាន​ជាង​ ៣៥០ ០០០​ ករណី​ ថយចុះបន្តិចមកវិញខ្លះ​ បើប្រៀបធៀប​នឹង​ប៉ុន្មាន​ថ្ងៃ​មុន​។

តើ​ការ​ឆ្លងរាតត្បាត​កូវីដ​នៅឥណ្ឌា​ ពិតជា​ថយចុះ​​មែន​ទេ​?

បើតាម​របាយការណ៍​ផ្លូវការ​ ករណី​ឆ្លងកូវីដថ្មី​នៅក្នុង​ប្រទេសឥណ្ឌា​ ធ្លាក់ថយ​ចុះមកវិញ​បន្តិច​នៅប៉ុន្មា​នថ្ងៃ​ថ្មីៗនេះ​ ដោយ​ថយ​ពីចំនួន​ជាង​ ៤០០ ០០០ ករណី​កាលពី​ថ្ងៃសុក្រ ទី៣០​ មេសា​ មកជាង​ ៣០​០ ០០០ករណី​ជាប់ៗ​គ្នា​ ៣-៤ ថ្ងៃ​កន្លង​មក​នេះ​។

ជាការពិត​ គេសង្កេតឃើញថា​ នៅសប្តាហ៍ចុងក្រោយនេះ​ ករណី​ឆ្លង​កូវីដ​ថ្មី​នៅ​ឥណ្ឌា​បាន​ធ្លាក់ចុះ​ ជាមធ្យម​នៅក្រុងដែលី​ រដ្ឋអ៊ូតា​ ប្រាដេស​ (Uttar Pradesh) និង​ រដ្ឋ​ម៉ាហារ៉ាសត្រា  (Maharashtra) ដែល​សុទ្ធតែជា​ចំណុចក្តៅ​ផ្ទុះមានការ​ឆ្លងរាតត្បាតកូវីដ​ខ្លាំង​។

ក៏ប៉ុន្តែ​ ក្រុមអ្នក​ជំនាញ​ផ្នែក​សុខាភិបាល ​បាន​លើកឡើង​ថា​ អ្នក​ឆ្លង​ពិត​ប្រាកដ នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ​មានច្រើនជាង​តួលេខ​ផ្លូវការ​ ពោលគឺ​អាច​មាន​ចំនួន​ច្រើនជាង​តួលេខ​ផ្លូវការ ​ពី ៥ ទៅ ១០ ដង​។ ចំណែក​ឯអ្នក​ស្លាប់វិញ​ អាច​មាន​ខ្ពស់​ជាង​តួលេខផ្លូវការពី​ ២ ទៅ ៥ ដង​ឯណោះ​។

សព្វថ្ងៃនេះ​ ការធ្វើតេស្ត​រកជំងឺកូវីដនៅតាមបណ្តាក្រុងនានា​របស់​ប្រទេស​ឥណ្ឌា​ មិនទាន់​មានលក្ខណៈ​ទូលំទូលាយ​ដូចគ្នានោះទេ​ ហើយនៅក្រុងខ្លះ​ដូចជា​ក្រុងដែលី​ជាដើម​ ការ​ធ្វើតេស្តរក​កូវីដ​បានធ្លាក់ចុះ​នៅ​ប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ​។

ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ការ​ធ្វើតេស្ត​នៅមិន​ទាន់​គ្រប់គ្រាន់​ ដូច​ពេលបច្ចុប្បន្ននេះ​ គេយល់ឃើញថា​ វាហាក់បីដូចជា​ឆាប់រហ័សពេក​ ក្នុង​ការ​និយាយថា​ ករណី​ឆ្លង​កូវីដ​នៅ​ឥណ្ឌា​មាន​ការថយចុះ​នោះ​។

លោកនាយករដ្ឋមន្រ្តីឥណ្ឌាណារិនដ្រាម៉ូឌី ចាញ់ឆ្នោតនៅរដ្ឋ West Bengal

ជាការពិតណាស់ មហាវិបត្តិសុខាភិបាល​ដែលកំពុងកើតឡើងក្នុងប្រទេសឥណ្ឌា​ បាន​ធ្វើ​ឲ្យ​ប្រជាជនឥណ្ឌា​មួយចំនួន​ខឹង​សម្បា នឹង​លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី រហូតធ្វើឲ្យប្រជាប្រិយភាព របស់លោកធ្លាក់ចុះមួយកម្រិត​ និង​ត្រូវ​ទទួលបរាជ័យក្នុង​ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅរដ្ឋដ៏សំខាន់មួយទៀតផង។

តាមរយៈ​ ការប្រកាស​លទ្ធផលកាលពីថ្ងៃអាទិត្យ​ គណបក្ស​របស់​លោក ម៉ូឌី បាន​ចាញ់​ការ​បោះឆ្នោតនៅ​ រដ្ឋ West Bengalភាគខាង​កើតប្រទេសឥណ្ឌា​។ គណបក្ស​របស់​លោក​នាយករដ្ឋមន្រ្តី​ ម៉ូឌី​ អាច​ឈ្នះបាន​ត្រឹម​ ៧៧ អាសនៈ​ប៉ុណ្ណោះ​ នៅក្នុង​សភានៃ​រដ្ឋ West Bengal ដែល​មាន​អាសនៈ​សរុបទាំងអស់​ ២៩៤ ​បើទោះបីជា​ មន្ត្រីបក្ស​របស់​លោក​បាន​ខំ​ប្រឹងធ្វើ​យុទ្ធនាការ​បោះឆ្នោត​យ៉ាង​ខ្លាំងក្លា​ហើយក៏ដោយ​។

នេះ​អាចចាត់ទុកថា​ មេរៀន​ ជា​ចំណេះ​ជិះ​ក​ឯងរបស់​ នាយក​រដ្ឋមន្ត្រីឥណ្ឌាម៉ូឌី​។ ដំបូងឡើយ​ ដើម្បី​តែ​ផល​ប្រយោជន៍​ ដើម្បី​តែ​អាច​យកឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​អ្នក​តំណាងរាស្រ្ត​ប្រចាំរដ្ឋ​ ទោះបីជា​មាន​ការរិះគន់ខ្លាំង​ក្តី​ ក៏​លោកម៉ូឌី​ នៅតែ​អនុញ្ញាតឲ្យ​ប្រជាជន​ឥណ្ឌា​រាប់លាននាក់​ ប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូ​នៅឯ​ទន្លេគង្គា​ ទាំង​ខណៈ​ដែល​ការឆ្លងរាតត្បាតកូវីដ​នៅក្នុងប្រទេស​កំពុងផ្ទុះខ្លាំង​។

លោកនាយករដ្ឋមន្ត្រីណារិនដ្រា​ ម៉ូឌី​ និង​មន្ត្រីក្រោមរដ្ឋបាល​របស់លោក​ សុខចិត្ត ទុក​បញ្ហា​សុវត្ថិភាព​មួយឡែក​ ដោយ​ហេតុតែ​ចង់យកចិត្ត​ មិន​ចង់ឲ្យ​ប្រជាជន​ឥណ្ឌា​អ្នកកាន់សាសនាហិណ្ឌូ ដែល​ជា​អ្នកគាំទ្រ​ដ៏ធំបំផុត​របស់​គណបក្សរបស់លោក​ខឹង​។

ក៏ប៉ុន្តែ​ លទ្ធផល​ខុសពីការរំពឹងទុក​ ក្រៅពី​ទទួលបរាជ័យ​ក្នុងការ​បោះឆ្នោត​នៅក្នុងរដ្ឋ West Bengal ហើយ​ ប្រជាប្រិយភាពរបស់លោកក៏ធ្លាក់ចុះគួរឲ្យកត់សម្គាល់​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រជាជនឥណ្ឌា​ កាន់តែច្រើន ​មានកំហឹងចំពោះ​លោកម៉ូឌី និងថា​វិបត្តិ​សុខាភិបាល​ដែល​ប្រទេសឥណ្ឌា​ជួប​ប្រទះសព្វថ្ងៃនេះ​ គឺជាកំហុស​រដ្ឋាភិបាល​ឥណ្ឌា​ដឹកនាំ​ដោយលោកម៉ូឌី​។

ប្រជាជន​ឥណ្ឌាមួយចំនួន​ ថែមទាំងបានរិះគន់លោក​ ម៉ូឌី និងមន្ត្រី​ក្រោមឱវាទស​របស់​លោក ថាមិន​អាច​ដោះស្រាយ​វិបត្តិកូវីដ​បានល្អ​ និង​បែរ​រក្សាភាពស្ងៀមស្ងាត់​លែង​សូវ​និយាយស្តី​ នៅ​ពេល​វិបត្តិកូវីដ​នៅក្នុងប្រទេស​រីកធំខ្លាំង​ រហូតបណ្តាល​ឲ្យ​ប្រជាជនជាច្រើន​ធ្លាក់ខ្លួនឈឺ​ និង​ស្លាប់​ដោយ​ជំងឺ​កូវីដ​គួរឲ្យសង្វែកជារៀងរាល់ថ្ងៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI