ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភាព​តានតឹង​កាន់តែកើន ​ក្រោយ​ចិន​​ប្រកាស​ផ្អាក​សហប្រតិបត្តិការ​​ពាណិជ្ជកម្ម ​​ជាមួយ​​អូស្ត្រាលី

សំឡេង ០៦:៥៨
ទង់ជាតិចិន និងអូស្ត្រាលី ឈរទន្ទឹមគ្នា​​ ក្នុងកម្មវិធីមួយនៅក្រុងកង់បេរ៉ា ថ្ងៃទី ១៧ មិថុនា ២០១៥ ជាសម័យកាលដែលរដ្ឋាភិបាល​អូស្រ្តាលី ត្រូវរ៉ូវគ្នាជាមួយចិន។ តែក្រោយការចូលកាន់តំណែងរបស់​លោក ស្កុត ម៉ូរីសុន អូស្ត្រាលី និង ចិន មើលមុខគ្នាលែងត្រង់។
ទង់ជាតិចិន និងអូស្ត្រាលី ឈរទន្ទឹមគ្នា​​ ក្នុងកម្មវិធីមួយនៅក្រុងកង់បេរ៉ា ថ្ងៃទី ១៧ មិថុនា ២០១៥ ជាសម័យកាលដែលរដ្ឋាភិបាល​អូស្រ្តាលី ត្រូវរ៉ូវគ្នាជាមួយចិន។ តែក្រោយការចូលកាន់តំណែងរបស់​លោក ស្កុត ម៉ូរីសុន អូស្ត្រាលី និង ចិន មើលមុខគ្នាលែងត្រង់។ AFP - LUKAS COCH

ភាពតានតឹង មើលមុខគ្នាមិនត្រង់ រវាងចិន និងអូស្ត្រាលី កំពុងតែកើនឡើងជាខ្លាំង។ នៅថ្ងៃព្រហស្បតិ៍ទី​៦ឧសភា រដ្ឋាភិបាលចិន បាន​ប្រកាស​ព្យួរទាំងស្រុង នូវកិច្ច​ព្រមព្រៀងសហប្រតិបត្តិការ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ ជាមួយអូស្ត្រាលី។ ការសម្រេចនេះ គឺជាការឆ្លើយតបវិញរបស់ចិន ចំពោះការដែរ អូស្ត្រាលីបានសម្រេច​លុបចោលកិច្ចសន្យា​ ចូលរួមក្នុង​គំរោង ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។ តើប្រទេសទាំង២នេះ កំពុងតែដើរដល់ដំណាល់កាលមួយ ដែល​មិន​អាច​និយាយគ្នាចុះសម្រុង ហើយធ្វើការ​ប្រកាសវាយ​បកគ្នាទៅវិញទៅមក ឬយ៉ាងណា?

ផ្សាយពាណិជ្ជកម្ម

ឈប់លេងចូល !

ទីភ្នាក់ងាររៀបចំផែនការរបស់​ចិន បានចេញលិខិតប្រកាសនៅថ្ងៃព្រហស្បតិ៍ ៦ឧសភានេះ ថាគេផ្អាកទាំងស្រុង​ នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាមួយអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះកាលពីឆ្នាំ​២០១៤ ដែល​​រៀបចំបង្កើត ឲ្យ​មានការចរចាសន្ទនាគ្នាស្អិតរមួត រវាងប្រទេសទាំង២ ដើម្បីជំរុញ​បង្កើនការវិនិយោគ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។

ពោលគឺ ចិនប្រកាស​ផ្អាកកិច្ចព្រមព្រៀងនេះ តែ​មិនមែនមានន័យថា រាល់ទំនាក់ទំនងពាណិជ្ជកម្មរវាង ចិននិងអូស្ត្រាលី ត្រូវបិទ ចប់លែងមានចាប់ពីថ្ងៃនេះទេ។ គឺ​គេបិទតែ​ការចរចាសន្ទនាគ្នា នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ។ ដូច្នេះពីនេះទៅមុខ លែងមានការចរចា ការពិភាក្សា បង្កើតសម្ព័ន្ធភាព​​ សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មអ្វី​ទៀតហើយ រវាងចិន និងអូស្ត្រាលី។

យ៉ាងណាក៏ដោយ លោក Dan Tehan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​អូស្ត្រាលី បាន​ប្រតិកម្មថា ភាគីអូស្ត្រាលី មានការ « ខកចិត្ត » ចំពោះការដែលចិន សម្រេចផ្អាកការសន្ទនាក្នុងវិស័យពាណិជ្ជកម្ម ជាមួយអូស្រ្តាលី។ លោក​បាន​អះអាងថា ភាគីអូស្រ្តាលី នៅតែបើកទ្វារចំហរ​ជានិច្ច ដើម្បី​ទទួល​យក​ការអនុវត្តកិច្ចព្រមព្រៀង​នេះវិញ ព្រោះវាជាវេទិកាដ៏សំខាន់ ដែលអនុញ្ញាតឲ្យ​ប្រទេសទាំងពីរ ជជែកគ្នា​ដោះស្រាយ​បញ្ហាផ្សេងៗ ក្នុងវិស័យពាណិជ្ជកម្ម។

តែតាមពិត​ទៅ ការចរចាសន្ទនាគ្នា រវាងចិននិងអូស្ត្រាលី ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងនេះ បាន​ស្ងាត់បាត់សូន្យ គ្មានសកម្មភាពអ្វី តាំងតែពីឆ្នាំ​២០១៧ម្លេះ។ យ៉ាងណាមិញ លោក James Laurenceson នាយកវិទ្យាស្ថានទំនាក់ទំនងចិនអូស្ត្រាលី នៅសកលវិទ្យាល័យ​បច្ចេកវិទ្យា​ក្រុងស៊ីដនី បាន​បញ្ជាក់ប្រាប់អ្នកយកព័ត៌មាន​បារាំង AFP ថា ការសម្រេច​របស់ចិន នាពេលនេះ គឺមានន័យ​ជានិម្មិតរូបច្រើនជាង​ ដើម្បី​​បញ្ជាក់ថាចិនខឹង​អូស្ត្រាលី។ ចំណែក​ផលប៉ះពាល់ជាក់ស្តែង ទៅលើវិស័យ​សេដ្ឋកិច្ចពាណិជ្ជកម្មវិញ គឺមិនមានអ្វីធំដំទេ នៅក្រោយ​ការសម្រេចនេះ។

« អូស្ត្រាលីបង្កបញ្ហារំខានទំនាក់ទំនងខ្លាំងពេក »

នៅក្នុង​លិខិតប្រកាស របស់​ទីភ្នាក់ងាររៀបចំផែនការរបស់ចិន បានលើកឡើងថា គេសម្រេចផ្អាកទាំងស្រុង រាល់ការទំនាក់ទំនងនិយាយគ្នា ជាមួយអូស្ត្រាលី ក្នុងកិច្ចការពាណិជ្ជកម្មនេះ គឺ « មកពីអូស្ត្រាលី កន្លងមកនេះ បានធ្វើសកម្មភាព រំខាន រករឿង បង្កបញ្ហា ដល់ទំនាក់ទំនងជាមួយ​នឹងចិនជាប់រហូត »។ គេបញ្ជាក់ទៀតថា « គឺអូស្ត្រាលីធ្វើដោយបង្កប់នូវគំនិត រើសអើង បែប​មនោគមវិជ្ជា និង ដោយ​ស្មារតីដូចក្នុង​សម័យ​សង្រ្គាមត្រជាក់អញ្ចឹង »។

តាមពិត ហេតុផលនៅពីក្រោយ​ការសម្រេចរបស់ចិននេះ គឺជាការវាយ​បកសកសឹង ចំពោះការដែលរដ្ឋាភិបាលអូស្ត្រាលី បាន​សម្រេចលុប​កិច្ចសន្យា​មួយ របស់រដ្ឋបាលរដ្ឋវិកតូរីយ៉ា ដែលចូលរួម​ក្នុងគំរោង ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។ អូស្ត្រាលីបានធ្វើច្បាប់ថ្មីមួយ ដែលអាចអនុញ្ញាត ឲ្យ​រដ្ឋាភិបាលសហព័ន្ធ មានសិទ្ធិរំលាយរាល់កិច្ចសន្យាទាំងឡាយណា ដែលគេគិតថាអាចបង្កបញ្ហា​ ដល់សន្តិសុខជាតិទៅថ្ងៃក្រោយ។ ជាក់ស្តែង រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បាន​លើកឡើងថា « គំរោងផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ចិន គឺជាគំរោងពង្រីកឥទ្ធិពល ឃោសនានយោបាយ របស់​បក្សកុម្មុយនីស្តិចិន ហើយដែលអូស្ត្រាលីត្រូវតែប្រយ័ត្នជាទី​បំផុត »។

ភាពតានតឹង មើលមុខគ្នាលែងត្រង់រវាងចិននឹងអូស្ត្រាលីនេះ គឺ​បានចាប់ផ្តើមកើនខ្លាំងទៅ ចាប់ពីឆ្នាំ​​២០១៨​មក។ អូស្ត្រាលី ជាប្រទេសមុនគេដែល​បានហាមឃាត់ក្រុមហ៊ុន Huawei មិនឲ្យចូលរួមក្នុងទីផ្សារ​បច្ចេកវិទ្យា 5G។ ក្រោយ​មកទៀត លោក ស្កុត ម៉ូរីសុន បាន​ទាមទារឲ្យ​មានការស៊ើប​អង្កេត​អន្តរជាតិ ស្តីពីប្រភពផ្ទុះមេរោគជម្ងឺកូវីដ១៩ នៅចិន។ ការទាមទារនេះ ត្រូវបាន​ភាគីចិន ខឹងខ្លាំងណាស់ ដោយចាត់ទុកថាអូស្ត្រាលី ថាមាន​គំនិតចង់ចោទ​ប្រកាន់​ ទំលាក់កំហុសមកលើខ្លួន។ ប្រមាណ​ជាង១ឆ្នាំមកនេះ ចិនបានវាយ​បកទៅវិញច្រើនណាស់ តាមរយៈការ​តំឡើងពន្ធលើទំនិញអូស្ត្រាលីមួយចំនួន ដូចជាស្រូវសាឡី សាច់គោ និងស្រាទំពាាំងបាយជូរជាដើម។ ពោលគឺ ម្ខាងដាក់ទៅ ម្ខាងទៀតដាក់មកវិញ ចង់ចាញ់ចង់ឈ្នះរៀងៗខ្លួន។

អូស្ត្រាលីបារម្ភខ្លាច​ចិនប្រើកំពង់ផែដែលជួល ធ្វើជាមូលដ្ឋានទ័ពលើដីខ្លួន

កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក Peter Dutton រដ្ឋមន្ត្រីក្រសួង​​ការពារជាតិអូស្ត្រាលី ​បានលើកឡើងថា ថាលោកនឹងស្នើឲ្យរដ្ឋាភិបាល សម្រេចបិទបញ្ចប់កិច្ចសន្យាជួល កំពង់ផែនៅក្រុង Darwin​​ ដែលស្ថិតនៅភាគខាងជើង។ កំពង់ផែនេះ ត្រូវបានជួលឲ្យ​ក្រុមហ៊ុន​ចិនមួយឈ្មោះ Landbridge ប្រើប្រាស់ទាំងស្រុង រយៈពេល៩៩ឆ្នាំ។ ក៏ប៉ុន្តែក្រសួងការពារជាតិ អូស្ត្រាលីបានលើកឡើង គេកំពុងតែសង្ស័យ ហើយបារម្ភថា ចិនប្រើក្រុមហ៊ុននេះជាឈ្នាន់ ដើម្បី​ប្រើ​ប្រាស់កំពង់ផែនេះ ជាមូលដ្ឋានទ័ព​របស់ចិន នៅលើដីអូស្ត្រាលី។ ហើយ​មួយវិញទៀត មូលដ្ឋានទ័ពអាមេរិក ក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីនេះដែរ។

ជាការកត់សំគាល់មួយទៀតដែរ ក្នុងបរិបទភាពតានតឹង សង្គ្រឺតធ្មេញដាក់គ្នា រវាងចិន និងអូស្រ្តាលីនេះ គឺគេបានសង្កេតឃើញថា រដ្ឋាភិបាល លោកស្កុត ម៉ូរីសុន បាន​បង្កើនការចំណាយ​កាន់តែច្រើន ទៅលើវិស័យកងទ័ព។ យោងតាម ការចុះផ្សាយរបស់កាសែត The Australian បានឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី បានចុះកិច្ចសន្យាទិញរថក្រោះ រថពាសដែក និងឧត្ថម្ភាគចក្រប្រយុទ្ធ ចំនួនសរុបទាំងអស់ ១៣២គ្រឿងពីអាេមរិក។ កិច្ចសន្យានេះ មានតម្លៃទឹកប្រាក់ ប្រមាណ​១៦០០លានដុល្លារអាមេរិក។ អូស្រ្តាលី ក៏បានចូលរួមយ៉ាងសកម្មដែរ ជាមួយសហរដ្ឋអាមេរិក ក្នុងការពង្រឹងសម្ព័ន្ធភាព​យុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់ជាមួយ​សកម្មភាព​វាទទីរបស់ចិន។ ដូច្នេះ ភាពតានតឹងទាំងនេះ គឺមានតែកើនខ្លាំងទៅហើយ គឺគ្មានថ្ងៃធូរមកវិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI