ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុប​យល់ព្រម​ពិចារណា ជជែក​អំពី​ការ​បើកចំហរ​សិទ្ធិ​កម្មសិទ្ធិ​បញ្ញា លើ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩

សំឡេង ០៨:១៥
លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប និងលោក ​  Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ពេលចាប់ផ្តើមបើកជំនួប​កំពូល​អឺរ៉ុប នៅទីក្រុងប៉រតូ ប្រទេសព័រទុយហ្កាល់ ថ្ងៃទី ៧ ឧសភា ២០២១
លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប និងលោក ​ Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ពេលចាប់ផ្តើមបើកជំនួប​កំពូល​អឺរ៉ុប នៅទីក្រុងប៉រតូ ប្រទេសព័រទុយហ្កាល់ ថ្ងៃទី ៧ ឧសភា ២០២១ AP - Estela Silva

ការជជែកដេញដោលយោបល់គ្នា កាន់តែផុសផុលឡើង ទាក់ទិននឹងគំនិតចង់​បើកចំហរ សិទ្ធិកម្មសិទ្ធិ​បញ្ញា​ លើវ៉ាក់សាំងប្រឆាំងកូវីដ១៩។ ប្រទេសមួយ​ចំនួន​មានឥណ្ឌា និងអាហ្វ្រិកខាងត្បូងជាដើម បានទាមទារជាច្រើនខែមកហើយ ថាត្រូវតែព្យួរសិទ្ធិកម្មសិទ្ធិបញ្ញានេះ ដើម្បីបើកសិទ្ធិឲ្យ​គ្រប់សហគ្រាសផលិតឱសថ អាចផលិតវ៉ាក់សាំងបាន ហើយធ្វើបែបនេះគឺដើម្បីជួយប្រទេសក្រីក្រ ឲ្យ​អាចមានវ៉ាក់សាំងចាក់ជូន​ប្រជាជន។ កាលពីថ្ងៃពុធកន្លងទៅ លោកចូ បៃដិន បានប្រកាសថា រដ្ឋាភិបាលលោកគាំទ្រគំនិតបើកចំហរសិទ្ធិកម្មសិទ្ធិបញ្ញានេះ ដើម្បីជួយ​ឲ្យ​ប្រទេសក្រីក្រអាចផលិតវ៉ាក់សាំងបាន​ក្នុងតម្លៃថោក។ ហើយ​នៅថ្ងៃនេះ សហភាពអឺរ៉ុបបាន​លើកឡើងថា គេយល់ព្រម​យកគំនិតនេះ មកពិចារណា។

ផ្សាយពាណិជ្ជកម្ម

អឺរ៉ុបប្តូរជំហរ សុខចិត្តពិចារណា តែមិនប្រាកដថាយល់ព្រម

កាលពីមួយរយៈមុន នៅពេលដែលចាប់ផ្តើមមានការស្នើគំនិត ចង់សុំឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកព្យួរសិទ្ធិកម្មសិទ្ធិបញ្ញា លើវ៉ាក់សាំងប្រឆាំងកូវីដ​១៩ គឺសហភាពអឺរ៉ុប ធ្លាប់បានបង្ហាញគោលជំហរថា មិនគាំទ្រទេ ព្រោះវាមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។

តែពេលនេះ សហភាពអឺរ៉ុប ហាក់បាន​បន្ទន់គោលជំហរបន្តិចមកវិញ ដោយ​សុខចិត្តយកគំនិតនេះ មកពិចារណា ពិគ្រោះគ្នា រវាងថ្នាក់ដឹកនាំប្រទេសសមាជិកទាំងអស់។ នេះបើផ្អែកតាមការអះអាង របស់លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប នៅថ្ងៃសុក្រទី​៧ឧសភានេះ។ លោកស្រីបញ្ជាក់ថា ចំណុចនេះ គឺអឺរ៉ុបនឹងជជែកគ្នា នៅក្នុងជំនួបកំពូលរវាងប្រទេសសមាជិកទាំង​២៧ នៅទីក្រុងប៉រតូ ប្រទេសព័រទុយហ្កាល់ នៅល្ងាចថ្ងៃសុក្រទី​៧ឧសភា​នេះតែម្តង។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍​ លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង ក៏បាន​ប្រកាសគោលជំហរដែរ ថាលោកមិនជំទាស់ នឹងគំនិតនេះទេ ព្រោះក្នុង​គោលជំហររបស់បារាំង គឺបារាំងចង់​ឲ្យ​គ្រប់គ្នាទទួលស្គាល់ថា វ៉ាក់សាំងប្រឆាំងកូវីដ​១៩ គឺជាទ្រព្យរួមរបស់ពិភពលោក មិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់មន្ទីរពិសោធន៍ស្រាវជ្រាវ ណាមួយទេ។ តែដោយឡែក រដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ គេមិនគាំទ្រគំនិតបើកចំហរសិទ្ធិកម្មសិទិ្ធបញ្ញានេះទេ។ ដូច្នេះ បើតាមមើលទៅ គឺអឺរ៉ុបអាចពិភាក្សាគ្នាមែន តែប្រហែលជាមិនអាច​សម្រេច​យល់ព្រមទទួលគំនិតនេះ ជាឯកច្ឆ័ន្ទបានទេ។

គំនិតល្អ ចង់ជួយប្រទេសក្រីក្រ

គំនិតចង់សុំ ឲ្យ​អង្គការ​ពាណិជ្ជកម្មពិភពលោក បើកចំហរសិទ្ធិកម្មសិទិ្ធបញ្ញា លើវ៉ាក់សាំងប្រឆាំងកូវីដ​១៩​នេះ គឺត្រូវបាន​ស្នើឡើងដំបូងគេ ដោយប្រទេសឥណ្ឌា និង​ អាហ្វ្រិកខាងត្បូង។ ក្រុមអ្នកដែលគាំទ្រគំនិតនេះ គឺគេលើកឡើងថា សហគ្រាសផលិតឱសថធំៗ ដូចជា Pfizer Moderna AstraZeneca Johnson & Johnson ជាដើម​ កំពុងតែ​កើបប្រាក់ចំណេញ យ៉ាងងាយស្រួល ខណៈដែលកូវីដ១៩ កំពុង​សម្លាប់មនុស្ស​ជាច្រើនលាននាក់។

ប្រទេសក្រីក្រ គ្មានប្រាក់ទិញវ៉ាក់សាំង ហើយ​ក៏គ្មានលទ្ធភាពផលិតដោយខ្លួនឯងទៀត ព្រោះថារូបមន្តផលិត ត្រូវបាន​ការពារដោយសិទ្ធិកម្មសិទ្ធិបញ្ញា។ ហេតុដូច្នេះ គឺ​ត្រូវតែព្យួរកម្មសិទ្ធិបញ្ញានេះ ដើម្បី​បើក​ឲ្យ​គ្រប់គ្នាអាចមានសិទ្ធិផលិត ឲ្យ​មានវ៉ាក់សាំងច្រើន ចែកចាយក្នុងតម្លៃថោក ទើបអាចប្រយុទ្ធនឹងកូវីដ​១៩បាន។

គុណវិបត្តិមួយចំនួន​នៃការ​បើកចំហរ​កម្មសិទ្ធិបញ្ញា

មាន​ចំណុចជាច្រើនណាស់ ដែលអ្នកជំនាញ​បានទាញពញ្ញាក់ ឲ្យ​យើងពិចារណា ទាក់ទិននឹងផលអវិជ្ជមាន​ ​នៃការបើកសិទ្ធិកម្មសិទ្ធិបញ្ញានេះ។ ទីមួយ និងសំខាន់បំផុតនោះ គឺវាទាក់ទងនឹងគុណភាព ភាពគួរឲ្យ​ទុកចិត្ត​ថា​គ្មានគ្រោះថ្នាក់ របស់វ៉ាក់សាំងដែលគេផលិតនោះ។ វ៉ាក់សាំងប្រឆាំង​កូវីដ​​១៩ មិនមែនគ្រប់គ្នា ចេះតែអាចផលិតបាននោះទេ ទោះ​មានរូបមន្តក៏ដោយ។ ជា​ពិសេស វ៉ាក់សាំងប្រភេទARN messager របស់មន្ទីរពិសោធន៍ Pfizer/BioNTech និង Moderna​។ វាតោងតែមាន​សមត្ថភាពបច្ចេកទេសខ្ពស់ណាស់ ទើបអាចផលិតបាន។

លោក Stéphane Bancel អគ្គនាយកមន្ទីរពិសោធន៍ Moderna បានលើកឡើងថា ទំរាំអាចមានម៉ាស៊ីន មានអ្នកបច្ចេកទេស មានសមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ផលិត​វ៉ាក់សាំងប្រភេទ ARN messager គឺ​មិនមែនធ្វើមួយខែ២ខែបានទេ គឺច្រើនឆ្នាំណាស់។ ដូច្នេះ គឺវានឹងមិនទៅពន្លឿនការ​ផលិត​វ៉ាក់សាំង ឲ្យ​បាន​ច្រើន ក្នុងរយៈពេលបន្ទាន់នេះទេ។

ចំណុចមួយទៀត គួរលើកឡើងដែរ សួរថាហេតុអី ឥណ្ឌា និង អាហ្វ្រិកខាងត្បូង ចង់ឲ្យ​គេ​បើកចំហរកម្មសិទ្ធិបញ្ញា? ព្រោះថាតាមពិតប្រទេស២នេះ ដឹងថាបើបើកចំហរទៅ សហគ្រាសឱសថខ្លួន នឹងអាចមានសិទ្ធិផលិតលក់យកលុយដូចគេដែរ។ ឥណ្ឌា និងអាហ្វ្រិកខាងត្បូង សំបូរ​សហគ្រាស​ផលិត​ឱសថណាស់ តែមិនមែនសុទ្ធតែមានសមត្ថភាព​ គួរឲ្យទុកចិត្តទាំងអស់នោះទេ។

បច្ចុប្បន្ននេះ មន្ទីរពិសោធន៍ ដែលជាម្ចាស់កម្មសិទ្ធិបញ្ញា បានចុះកិច្ចព្រមព្រៀងជាមួយ​សហគ្រាសផលិត​ឱសថផ្សេងៗ ចំនួន​២៧៥រួចទៅហើយ ដើម្បីពង្រីកសង្វាក់ផលិតកម្ម​ ដែលសុទ្ធតែ​​ជាដៃគូដែល​គេទុកចិត្តថាមានសមត្ថភាព។ បញ្ហាចោទដែលអាចធ្វើឲ្យ​មានការយឺតយ៉ាវ ក្នុងការផលិត គឺបញ្ហាខ្វះវត្ថុធាតុដើម ខ្វះសារធាតុផ្សំ ហើយជួនកាលគឺបញ្ហាសំណាញ់គយពន្ធដា ដែលប្រទេសមួយចំនួនបានដាក់រារាំងទៅវិញទេ។

ប្រការអាក្រក់មួយទៀត គឺការបើកសិទ្ធិកម្មបញ្ញាលើវ៉ាក់សាំងប្រឆាំងកូវីដដ១៩ គឺវានឹងនាំអាទិ៍ ទៅថ្ងៃក្រោយ ឲ្យគ្រប់គ្នាចេះតែទាមទារបើកចំហរសិទ្ធិនេះ នៅពេលមានករណីពិសេសម្តងៗ។ លោក Farasat Bokhari អ្នកសេដ្ឋកិច្ចជំនាញ​ផ្នែក​សុខាភិបាល បានលើកឡើងថា ទៅថ្ងៃមុខ មន្ទីរពិសោធន៍ធំៗ លែងមានទឹកចិត្តអ្វី ខំប្រឹងស្រាវជ្រាវទៀតហើយ ប្រសិនបើមាន​បញ្ហាជំងឺឆ្លងសកលថ្មីណាមួយផ្សេងទៀត។

លោកចូ បៃដិន ចង់យកបញ្ហានេះជាឧបករណ៍ឃោសនា​ការទូត

មានអ្នកវិភាគ គេលើកឡើងថាលោកចូ បៃដិន កំពុងយកបញ្ហាកម្មសិទ្ធិបញ្ញានេះ ជាឧបករណ៍នយោបាយ​ការទូត ដើម្បីឃោសនាយកមុខ។ អាមេរិក ឃើញចិន ប្រឹងប្រែង​ដើរចែកវ៉ាក់សាំង តាមប្រទេសអាហ្វ្រិក។ ដូច្នេះ អាមេរិកចង់ធ្វើឲ្យឡូយជាងចិន គឺគាំទ្រការបើកចំហរ សិទ្ធិកម្មសិទ្ធិបញ្ញា ដើម្បី​បើកផ្លូវ​​ឲ្យ​គ្រប់គ្នា​ អាចផលិតវ៉ាក់សាំងតែម្តង។

តែធាតុពិត បើយើងវិភាគឲ្យស៊ីជំរៅ ដូចដែលលោកម៉ាក្រុង បានមានប្រសាសន៍ កាលពីថ្ងៃ​ព្រហស្បតិ៍​ គឺថាគំនិតបើកចំហរសិទ្ធិកម្មសិទ្ធិបញ្ញានេះ វាល្អមែនហើយ តែតោងយើងពិចារណា រៀបចំផែនការ ឲ្យជាក់ច្បាស់ ក្នុងការផ្ទេរសមត្ថភាពបច្ចេកទេស ទៅឲ្យ​សហគ្រាសដែលចង់យកវាទៅផលិត។ ដូច្នេះមានន័យថា ត្រូវមានការការងារធ្វើថែមមួយទៀតហើយ ទាក់ទិននឹងការបណ្តុះបណ្តាល សមត្ថភាពបច្ចេកទេស។

លោកម៉ាក្រុង ក៏ដូចជា លោកស្រីប្រធានគណកម្មការអឺរ៉ុប បានលើកឡើងថា អ្វីដែលបន្ទាន់ និងចាំបាច់ត្រូវធ្វើនាពេលនេះ គឺជំរុញការផលិត និងនាំចេញ​ តែដោយគោរពស្តង់ដារគុណភាព ព្រោះវាជារឿងស្លាប់រស់របស់មនុស្ស។ លោកស្រី Ursula von der Leyen បានលើកឡើង បែបបញ្ចើចបញ្ចើរទៅសហរដ្ឋអាមេរិកថា អាមេរិកប្រកាសថា គាំទ្រគំនិត​បើកចំហរកម្មសិទ្ធិបញ្ញា ចង់ជួយ​ប្រទេសក្រីក្រឲ្យ​មានវ៉ាក់សាំងនេះ តែសួរថា កន្លងមករដ្ឋាភិបាលអាមេរិក បានជួយ​អ្វីខ្លះទេ ?

តាមពិត រដ្ឋាភិបាលអាមេរិក បានបិទហាមឃាត់ មិនឲ្យ​គេនាំចេញវ៉ាក់សាំងដែលផលិតលើទឹកដីអាមេរិកទេ​។ សូម្បីតែមួយដូស ក៏មិនអាចនាំចេញបាន​ផង គឺអាមេរិក សំងំផលិត ហើយចាក់ឲ្យ​តែប្រជាជានខ្លួនទេ ប៉ុន្មានខែមកនេះ។ អង់គ្លេសក៏ដូចគ្នាដែរ គឺរដ្ឋាភិបាលលោកចនសុន បានហាមការនាំចេញវ៉ាក់សាំងដែលផលិតនៅអង់គ្លេស។

ផ្ទុយទៅវិញ វ៉ាក់សាំងដែលផលិតនៅលើដីអឺរ៉ុប គឺអឺរ៉ុបបានបើក​ ឲ្យ​នាំចេញច្រើនណាស់ ទៅកាន់ប្រទេសជាង​៩០ប្រទេស។ អឺរ៉ុបនាំចេញ វ៉ាក់សាំងកូវីដ១៩ ប្រមាណ​ជាង២០០លានដូសរួចហើយ ដែលប្រហាក់ប្រហែលនឹងចំនួនដូស ដែលអឺរ៉ុបចែកចាយចាក់ក្នុងស្រុកដែរ។ លោកស្រីប្រធានគណកម្មការអឺេរ៉ុប បានលើកឡើងថា អឺរ៉ុប​សុខចិត្តរកពាក្យរិះគន់ក្នុងស្រុក ថាមិនសំបូរវ៉ាក់សាំង តែអឺរ៉ុបមិនបិទ មិនហាមឃាត់ មិនឲ្យគេ​នាំចេញវ៉ាក់សាំងទៅប្រទេសផ្សេងទេ។ ដូច្នេះអ្វីដែលបន្ទាន់ត្រូវធ្វើនាពេលនេះ គឺប្រទេសខ្លះគួរតែឈប់ហាមឃាត់ការនាំចេញវ៉ាក់សាំងទៅ ប្រសិនបើមានចិត្តចង់ជួយ​ប្រទេសក្រីក្រពិតមែននោះ!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI