ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាពអឺរ៉ុប និងប្រទេសឥណ្ឌាពង្រឹងភាពជាដៃគូដើម្បីទប់ទល់នឹងចិន?

សំឡេង ០៧:៥២
សហភាពអឺរ៉ុប និងប្រទេសឥណ្ឌាពង្រឹងភាពជាដៃគូដើម្បីទប់ទល់នឹងចិន?
សហភាពអឺរ៉ុប និងប្រទេសឥណ្ឌាពង្រឹងភាពជាដៃគូដើម្បីទប់ទល់នឹងចិន? © AFP PHOTO / Indian Press Information Bureau (PIB)

នៅ​ថ្ងៃ​សៅរ៍ ទី៨ ឧសភា សហភាព​អឺរ៉ុប និង​ប្រទេស​ឥណ្ឌា​បើក​ជំនួបកំពូល​ដែល​រៀបចំ​ក្នុង​ទីក្រុង​ព័រតូ ប្រទេស​ព័រទុយហ្កាល់។ ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អឺរ៉ុប​ទាំង ២៧រូប​មាន​វត្តមាន​ផ្ទាល់​នៅ​ក្នុង​ប្រទេស​ព័រទុយហ្កាល់។ ចំណែក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​ដែល​គ្រោង​ទៅ​ចូលរួម​ផ្ទាល់​ដែរ​បាន​លុប​ចោល​វិញ​ដោយសារ​តែ​ប្រទេស​កំពុង​រងគ្រោះ​ខ្លាំង​ដោយ​ជំងឺ​កូវីដ១៩។ ចំនួន​អ្នក​ស្លាប់ និង​ចំនួន​អ្នក​ឆ្លង​នៅ​ឥណ្ឌា​កំពុង​មាន​អត្រា​ខ្ពស់​ខ្លាំង។ ក្នុង​រយៈ​ពេល ២៤ម៉ោង​ចុង​ក្រោយ មាន​ស្លាប់​ជាង ៤ ០០០នាក់ និង​អ្នក​ឆ្លង​ជាង ៤០ម៉ឺននាក់។

ផ្សាយពាណិជ្ជកម្ម

មាន​ប្រធានរឿង​ពីរ​សំខាន់​ដែល​សហភាពអឺរ៉ុប និង​ប្រទេស​ឥណ្ឌា​លើក​យក​ទៅ​ជជែក គឺ​ចរចា​គ្នា​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ដោះដូរ​សេរី និង​បង្កើន​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​សុខភាព។ វិស័យ​សុខភាព​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​រឿង​សំខាន់ ព្រោះ​ទី១ ចំ​ពេល​ដែល​ឥណ្ឌា​កំពុង​ផុងខ្លួន​យ៉ាង​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​កូវីដ១៩ និង​ទី២ ខណៈ​ដែល​ពិភពលោក​ក៏​កំពុង​បន្ត​ប្រឈម​នឹង​ករណី​ឆ្លង​កូវីដ១៩ កូវីដ១៩ បំប្លែង​ខ្លួន រួម​ទាំង​កំពុង​ប្រឈម​នឹង​វិសមភាព​ក្នុង​ការ​ទទួល​វ៉ាក់សាំង។ ការ​ចរចា​ស្តីពី​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​រវាង​សហភាពអឺរ៉ុប និង​ឥណ្ឌា​ត្រូវ​បាន​ព្យួរ​តាំង​ពី​ឆ្នាំ ២០១៣។

មន្រ្តី​អឺរ៉ុប​ម្នាក់​បាន​បញ្ជាក់​ថា ការ​ចរចា​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​ដដែល​មួយ​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ដើម និង​មាន​គោលដៅ​បើក​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំង​អស់​រវាង​សហភាព​អឺរ៉ុប និង​ឥណ្ឌា។ តែ​មន្រ្តី​អឺរ៉ុប​រូប​នេះ​ដដែល​បាន​ទទួល​ស្គាល់​ថា ការ​ចរចា​នេះ​មិនមែន​ជា​រឿង​ងាយស្រួល និង​ក៏​មិន​ងាយ​នឹង​ទទួល​បាន​ការ​ព្រមព្រៀង​គ្នា​ឆាប់ៗ​ដែរ មាន​ន័យ​ថា គ្មាន​អ្វី​ដែល​ធានា​ពី​ការ​អនុម័ត​លើ​កិច្ចព្រមព្រៀង​នៅ​ក្នុង​ជំនួបកំពូល​លើក​នេះ​ទេ នោះ​បើ​ទោះ​បី​ជា​សហភាពអឺរ៉ុប​ចៀសវាង​មិន​និយាយ​ពី​រឿង​សិទ្ធិមនុស្ស​នៅ​ឥណ្ឌា​ក៏​ដោយ។ ចូរ​កុំ​ភ្លេច​ថា ឥណ្ឌា​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី៣ របស់​សហភាព​អឺរ៉ុប។

ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​សុខភាព​វិញ សហភាព​អឺរ៉ុប និង​ឥណ្ឌា​នឹង​ប្រកាន់​យក​នូវ​ជំហរ​ស្តីពី​ភាព​ចាំ​បាច់​ដើម្បី​ផ្តល់​ចម្លើយ​ជា​លក្ខណៈ​សកល​ចំពោះ​ជំងឺ​ឆ្លង​នា​ពេល​អនាគត។ នៅ​ត្រង់​ចំណុច​នេះ ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​លោក Charles Michel ចង់​ស្នើ​ឡើង​នូវ​សន្ធិសញ្ញាអន្តរជាតិ​មួយ។ សហភាព​អឺរ៉ុប​យល់​ឃើញ​ថា គេ​ត្រូវ​បង្កើន​សមត្ថភាព​លើ​ផលិតកម្ម​វ៉ាក់សាំង​ជា​លក្ខណៈ​សកល និង​ធានា​ពី​ការ​ទទួល​បាន​នូវ​រូបមន្ត​វ៉ាក់សាំង​ដើម្បី​ចែក​ចាយ​ឲ្យ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ផ្សេង​ទៀត​អាច​យក​ទៅ​ផលិត​បាន។

អ្វី​ដែល​គេ​ចង់​និយាយ​ត្រង់​ចំណុច​នេះ គឺ​ការ​ព្យួរ​សិទ្ធិ​លើ​កម្មសិទ្ធិបញ្ញា​សម្រាប់​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ ប្រធានបទ​មួយ​នេះ​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​លើក​ឡើង និង​ដែល​សហភាព​អឺរ៉ុប​កំពុង​ពិចារណា។ ចំណែក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​ក៏​ប្រហែល​មិន​ជំទាស់​នឹង​សំណើ​នេះ​ទេ។

ឥណ្ឌា​ត្រូវ​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​ទប់​ចិន?

គេ​បាន​សង្កេត​ឃើញ​ថា ក្រៅ​ពី​ជា​រូបភាព​នៃ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិ​ទ្វេភាគី​អឺរ៉ុប ឥណ្ឌា រូបភាព​មួយ​ទៀត​នៃ​ជំនួបកំពូល​អឺរ៉ុប ឥណ្ឌា​ពេល​នេះ​គឺ​ការ​រួមកម្លាំង​គ្នា​ដើម្បី​ទប់​នឹង​ឥទ្ធិពល​របស់​ចិន។ កំណើន​ឥទ្ធិពល​របស់​ចិន​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​បាន​បង្ខំ​ឲ្យ​ឥណ្ឌា​ពង្រឹង​ដៃគូ​ជាមួយ​អ្នក​ផ្សេង​ក្រៅ​ពី​ចង្កោម​នៃ​ក្រុម​ប្រទេស​ស្ថិត​ក្នុង​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​មាន ៤ប្រទេស គឺ​អាមេរិក ជប៉ុន អូស្រា្តលី និង​ឥណ្ឌា។ ចំណែក​នៅ​ម្ខាង​ទៀត សហភាព​អឺរ៉ុប​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា ការ​ដែល​ខ្លួន​បាន​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​ឥណ្ឌា​ដែល​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចង្កោម​ក្រុម​ប្រទេស​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​នឹង​អនុញ្ញាត​ឲ្យ​អឺរ៉ុប​លូកដៃ​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​តំបន់។

ម្យ៉ាង​ទៀត ការ​ដែល​សហភាព​អឺរ៉ុប និង​ឥណ្ឌា​ផ្តើម​ចរចា​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​រវាង​គ្នា​ធ្វើ​ឡើង ខណៈ​ដែល​កិច្ចព្រមព្រៀង​ស្តីពី​វិនិយោគ​រវាង​សហភាព​អឺរ៉ុប និង​ចិន​អនុម័ត​នា​ដំណាច់​ឆ្នាំ ២០២០ ត្រូវ​បាន​ព្យួរ ក្រោយ​ពី​មាន​ភាព​តានតឹង​ក្នុង​រឿង​សិទ្ធិមនុស្ស​នៅ​ចិន។ ដូច្នេះ​សម្រាប់​ឥណ្ឌា នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​ដែល​ខ្លួន​ត្រូវ​ពន្លឿន និង​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​អឺរ៉ុប​ក្នុង​នាម​ជា​ដៃគូ​សេដ្ឋកិច្ច​ទី៣។ សហភាព​អឺរ៉ុប​ក៏​បាន​យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដោយ​ប្រមុខ​ការទូត​អឺរ៉ុប​លោក Josep Borrell បាន​ពន្យល់​ថា គឺ​ដោយសារ​តែ​ចិន និង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ដែល​ឥណ្ឌា​បាន​ជ្រើស​យក​ផ្លូវ​វិនិយោគ​បន្ថែម​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​សហភាព​អឺរ៉ុប។

ដើម្បី​បង្ហាញ​ពី​ការ​បោះដៃ​ទៅ​រក​ឥណ្ឌា និង​ចំ​ពេល​ដែល​ឥណ្ឌា​កំពុង​ត្រដាបត្រដួស​ដោយ​ជំងឺ​កូវីដ១៩ សហភាព​អឺរ៉ុប​បាន​បញ្ជូន​ឲ្យ​ឥណ្ឌា​ជា​បន្ទាន់​នូវ​ជំនួយ​វេជ្ជសាស្រ្ត​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា ១០០លានអឺរ៉ូ។

ចិន​ជួយ​ឥណ្ឌា តែ​ភាព​ជា​គូប្រជែង និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​បន្ត​មាន

ជំនួយ​សម្រាប់​ឥណ្ឌា​ក៏​មាន​ពី​ចិន​ដែរ ទោះ​បី​ជា​គេ​ដឹង​ថា ប្រទេស​មហាយក្ស​អាស៊ី​ទាំង​នេះ​កំពុង​ប្រជែង និង​ប្រឈម​មុខ​ដាក់​គ្នា​ក៏​ដោយ។ ចិន​ដែល​បាន​គ្រប់គ្រង​ជំងឺ​កូវីដ១៩ ណែន​ក្នុង​ដៃ​ពេល​នេះ​បាន​យល់​ឃើញ​ថា គេ​មិន​អាច​ឈរ​ក្រពាត់ដៃ​មើល និង​ពេបជ្រាយ​លើ​ស្ថានការណ៍​ដែល​ឥណ្ឌា​កំពុង​ឆ្លង​កាត់​ពេល​នេះ​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី គ្មាន​អ្វី​ដែល​រារាំង​ចិន​មិន​ឲ្យ​ឆ្លៀត​ឆក់​ឱកាស​នៃ​វិបត្តិ​កូវីដ១៩ នៅ​ឥណ្ឌា​ពេល​នេះ​ដើម្បី​អួតអាង​ពី​ឧត្តមភាព និង​គំរូ​អភិវឌ្ឍ​របស់​ចិន​បាន​ឡើយ។ តែ​ចិន​យល់​ថា​នៅ​ចំពោះ​មុខ គឺ​ជា​ពេល​វេលា​ដែល​ត្រូវ​សម្តែង​សាមគ្គីភាព និង​ទុក​ចោល​មួយ​អន្លើ​នូវ​ភាព​ចម្រូងចម្រាស​គ្នា។

អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​ថ្ងៃ​ទី៣០ មេសា​កន្លង​ទៅ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​បញ្ជូន​សារ​ចូលរួម​រំលែក​ទុក្ខ​ទៅ​កាន់​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី។ សារ​របស់​លោក​ស៊ី​ចំពោះ​លោក​ម៉ូឌី​បាន​បញ្ជាក់​ច្បាស់ៗ​ថា ចិន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ឥណ្ឌា និង​ផ្តល់​ជំនួយ​ឲ្យ​ឥណ្ឌា។ តាម​មន្រ្តី​គយ​ចិន ចិន​បាន​បញ្ជូន​ឲ្យ​ឥណ្ឌា​នូវ​ឧបករណ៍​ជំនួយ​ដង្ហើម​ជាង ៥ ០០០សម្រាប់ ម៉ាស៊ីន​អុកស៊ីសែន​ចំនួន ២១ ៥៦៩គ្រឿង ម៉ាស​ជាង ២១លាន​ម៉ាស និង​សម្ភារៈ​បរិក្ខារពេទ្យ​ជិត ៤តោន។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ឥណ្ឌា​បាន​បង្ហោះ​សារ​ជា​ច្រើន​លើ​បណ្តាញ​សង្គម​ដោយ​លើក​ឡើង​ពី​ការ​សាមគ្គីភាព​របស់​ចិន​ចំពោះ​ឥណ្ឌា​ដោយ​លោក​ឯកអគ្គរដ្ឋទូត​ចាត់​ទុក​ជា​អ្នក​ជិតខាង និង​ជា​ដៃគូ​របស់​ចិន។ តែ​ឥណ្ឌា​មិន​បាន​បញ្ជាក់ ហើយ​ក៏​មិន​បាន​ច្រាន​ចោល​ព័ត៌មាន​ស្តីពី​ជំនួយ​របស់​ចិន​នេះ​ទេ។

អ្វី​ដែល​គេ​បាន​មើល​ឃើញ ជំនួយ​របស់​ចិន​ចំពោះ​ឥណ្ឌា​ហាក់​មិន​បាន​ជួយ​សម្រួល​នៅ​ក្នុង​ទំនាក់ទំនង​តានតឹង​រវាង​គ្នា​ទេ។ ជាក់ស្តែង​ក្នុង​ថ្ងៃទី៤ ឧសភា រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​អនុញ្ញាត​ឲ្យ​សាកល្បង​ប្រព័ន្ធ ៥G ក្នុង​នោះ គេ​គ្មាន​ឃើញ​ឈ្មោះ​ក្រុមហ៊ុន​ចិន​ណា​មួយ​ទេទេ។ បន្ទាប់​មក​ថ្ងៃទី៤ ឧសភា​ដដែរ ចិន​មិន​ភ្លេច​លើក​ឡើង​ពី​ដំណើរ​ទៅ​កាន់​តំបន់​ជម្លោះ​ភ្នំហេមពាន្ត​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ឥណ្ឌា។ សរុប​មក​វិញ ចិន និង​ឥណ្ឌា​នៅ​ជា​គូប្រជែង ទោះ​ស្ថិត​ក្នុង​ការលៈទេសៈ​ណា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI