ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មិនអាច​គ្រប់គ្រង​ការ​វិល​ត្រលប់​នៃ​កាំជ្រួចបាន មក​ពី​សមត្ថភាពអវកាស​ចិន​នៅ​មាន​កំរិត ?

សំឡេង ០៦:៥០
ពលរដ្ឋ​ចិននាំ​គ្នា​មើល​ការ​បង្ហោះ​កាំជ្រួច​ Longue-Marche 5B នៅ​ Wenchang ប្រទេស​ចិន​ថ្ងៃទី ២៩មេសា ២០២១
ពលរដ្ឋ​ចិននាំ​គ្នា​មើល​ការ​បង្ហោះ​កាំជ្រួច​ Longue-Marche 5B នៅ​ Wenchang ប្រទេស​ចិន​ថ្ងៃទី ២៩មេសា ២០២១ VIA REUTERS - CHINA DAILY

នៅទីបំផុត​បំណែក​កាំជ្រួច​ចិនបាន​ធ្លាក់​ក្នុង​មហា​សមុទ្ទឥណ្ឌា​ ក្បែរ​កោះ​ម៉ាឌីវ នៅថ្ងៃអាទិត្យ​ទី ៩ ឧសភា ​វេលា​ម៉ោង​ ២ និង​២៤​នាទី ម៉ោង​សកល។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ទីភ្នាក់ងារ​អវកាស​ចិន​។ ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​អ្នក​ជំនាញ​អវកាសរង់ចាំតាមដាន​ ​ចោទ​សួរ​និង​ចង់​ដឹង​ថា​តើ​ កាំជ្រួចទម្ងន់ដល់​​១៨​តោនរបស់​ចិន នឹង​ធ្លាក់​នៅ​ទី​ណា​ឱ្យ​ប្រាកដនោះ។ ចិន​ខ្លួន​ឯង​ក៏​មិន​ដឹង​ដែរ​ ថាកាំជ្រួច​ត្រូវ​ត្រលប់​មក​ផែនដី​វិញ​ នៅពេលណា និង​ត្រូវ​​ធ្លាក់​នៅ​ត្រង់​ណា។

ផ្សាយពាណិជ្ជកម្ម

បាញ់​បង្ហោះនាំ​មូឌុល​ស្នូល​ទៅ​ក្នុង​អវកាស កាលពី​ថ្ងៃទី ២៩​មេសា២០២០ ដើម្បី​សាងសង់អនាគត​​ស្ថានីយ៍អវកាសជាតិ​ចិន ​កាំជ្រួចដ៏​មាន​មហិទ្ធិរិទ្ធ​បំផុត​របស់​ចិន ​Longue Marche 5B ​ជាន់​ទីមួយ​​ ​ត្រូវ​ត្រលប់​មក​ផែនដីវិញ។ តែចិន​មិន​បាន​ផ្សព្វផ្សាយ​ឬ​ជូន​ដំណឹង​អ្វី ​​ទាក់ទង​នឹង​ទីកន្លែង​ ពេលវេលា និងស្ថានភាពនៃ​​កាំជ្រួច​​ តើ​បែក​ល្អិត​ប៉ុណ្ណាពេលណាធ្លាក់​ដល់​ដី។ ​គ្មាន​​ការព្យាករ​ គ្មានការត្រៀមនិង​តម្លាភាព​អ្វី​ទាំង​អស់។ ទាល់​តែឃើញ​​បំណែក​ធ្លាក់​ដល់ដី​ ទើប​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ។

ធ្លាក់​តាម​ដំណើរ​ធម្មជាតិ​ទៅ​ក្នុង​ទឹក

តាំង​ពី​ពីរ​បី​ថ្ងៃ​កន្លង​មក​នេះ មានការ​បំប៉ោង​ព័ត៌មាន​គ្រប់​បែប​យ៉ាង​ ទាក់ទងនឹង​ការ​វិល​ត្រលប់​មកផែនដី​វិញ​នៃ​កាំជ្រួចចិន ដែល​មាន​ទម្ងន់អាច​ដល់​ទៅ ១៨​តោន។ អ្នកជំនាញ​អវកាស​រុស្ស៊ី​គិត​ថា​កាំជ្រួច​អាចនឹង​ធ្លាក់​ដល់​ផែនដី​នៅ​ថ្ងៃ​សៅរ៍​ វេលា​ម៉ោង ២៣កន្លះ​ ម៉ោង​សកល​នៅ​ម្តុំ ភាគ​ខាង​ត្បូងប្រទស​​ឥណ្ឌូណេស៊ី​។ អាមេរិក​ថា​ ធ្លាក់​នៅ ចន្លោះ​ពី​ម៉ោង​ ២និង​១៥នាទីម៉ោង​សកលនា​ថ្ងៃអាទិត្យ នៅ​ម្តុំ​ឧបទ្វីប​អារ៉ាប។ អ្នកជំនាញ​អឺរ៉ុប​ថាធ្លាក់​នៅ​ចន្លោះ​ខ្សែស្រប​ខាង​ជើង និង​ខាង​ត្បូង ទី ៤១ ត្រង់​តំបន់​ដែលពុំ​មាន​មនុស្ស​រស់​នៅ។

ពាក្យ​ចចាមអារាម​បានជំរុញ​ឱ្យ​អាជ្ញាធរ​ចិន​បាន​បញ្ចេញ​ប្រតិកម្ម យ៉ាង​ខ្លី​ថា តាមធម្មតា ពេល​ត្រលប់​មក​វិញ​ចូល​ដល់​ក្នុង​ដែន​បរិយាកាស​ផែន​ដី​ កាំជ្រួច នឹង​ត្រូវ​ឆេះ ក្លាយ​ជា​កម្ទេច​ ហើយបើ​នៅ​សល់​បំណែក​ខ្លះ​ ក៏​វា​នឹង​ត្រូវ​ធ្លាក់​ក្នុង​ទឹក ដែល​តំណាង​ឱ្យ​ដល់​៧០%​នៃ​ផ្ទៃ​ភពផែនដី។ ដូច្នេះ​​ហានិភ័យ​បង្ក​គ្រោះ​ថ្នាក់​ដល់​ភពផែនដី ដល់​មនុស្ស មាន​តិច​តួច​ស្តួច​ស្តើង​ណាស់។ ​

ធ្វេសប្រហែសឬ​សមត្ថភាពមានកំរិត ​?​

គ្រោះ​ថ្នាក់​មាន​តិច​មែន​ តែមិនមែន​គ្មាន​គ្រោះថ្នាក់​សោះនោះឡើយ។ សម្រាប់​អ្នក​ជំនាញ​អវកាស​អាមេរិក ដ៏​ដូច​ជា​អឺរ៉ុប គេ​មិន​ព្រួយ​បារម្ភ​ខ្លាំង​អំពីការ​វិល​ត្រលប់​នេះ​ទេ ប៉ុន្តែ​​ចិនហាក់​​ធ្វេស​ប្រហែស ឬ​ចូល​ចិត្ត​​ប្រថុយ​ប្រថាន មិន​ខ្វល់​ពី​គ្រោះថ្នាក់ណាស់។ ​

តាមការពិត​ ចិន​មិន​អាចគ្រប់គ្រង​ការ​វិល​ត្រលប់​នៃកាំជ្រួច​របស់​ខ្លួន មិនមែន​ដោយ​ហេតុ​មាន​ម៉ាស៊ីនខូច ឬ​មាន​បញ្ហា​បច្ចេកទេស ឬ បញ្ហាអ្វី​ដែល​មិន​អាច​ពន្យល់បានទេ គឺ​មក​ពី​ចេតនា​របស់​ចិនតែម្តង។ ពេលសាង​សង់កាំជ្រួច​បង្ហោះរ៉ុកកែត​ទៅ​អវកាស​នោះ ចិន មិនបានដាក់​កម្មវិធី​សម្រាប់បញ្ជា​​ការវិល​ត្រលប់​ទេ គឺ​ទុក​ឱ្យ​កាំជ្រួចត្រលប់​មក​វិញ​តាម​ដំណើរ​ធម្មជាតិ។ ដំណើរ​ធម្មជាតិ​នោះ គឺ​គ្រប់​ឧបករណ៍​ យាន​ទាំង​ឡាយ​នៅ​ពេល​ត្រលប់​ជ្រែក​ចូល​ក្នុង​​ដែន​បរិយាកាសនៃ​​ភព​ផែនដីវិញ វា​នឹង​បង្កបង្កើត​​ឱ្យ​មានកម្លាំង​ទំនាញ កម្លាំង​កកិត និង​កំដៅ​ខ្លាំងមហិមា  ឆាប​ឆេះកម្ទេច​យាន​នោះ ឱ្យ​ខ្ទេច​ខ្ទី​ ស្ទើរម៉ត់​ផង់​​ទាំង​អស់ ឬ​ទៅ​​​ជា​បំណែក​ កម្ទេច​តូចៗ។ ហើយ​អ្នក​ជំនាញ​ចិន​រំពឹង​លើ​បាតុភូត​នេះ ទើ​ប​មិន​កំណត់​កម្មវិធី​វិល​ត្រលប់។​

ប៉ុន្តែ​ជាមួយ​យានកាំជ្រួច​ដែល​មាន​ម៉ាសមាឌ​ប្រមាណពី ១០ទៅ ១៨​តោន កម្លាំង​កកិត​មិន​អាច​កម្ទេច​បំផ្លាញ​កាំជ្រួច Longue-Marche អស់​ទេ។ ជាពិសេស​ទៅ​ទៀត បើតាម​​​អ្នកជំនាញ​បារាំង​ ​កាំជ្រួចចិន​នេះ​ទំនង ផលិតឡើង​ដោយ​សម្ភារៈ​មាន​ធាតុ​មិនឆេះ​ មិន​អាច​បំបែកអស់​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មាន​នៅ​​សល់​ដុំ​បំណែក​ធំៗ​ធ្លាក់​មកដី​ ដែល​ចិនគួរ​ត្រៀមលក្ខណៈ​វិល​ត្រលប់ជាមុន។ ​ ម្យ៉ាង​វិញ​ទៀត បំណែកលោហៈ​ ទោះ​តូច​ល្អិតផង់​​យ៉ាង​ណា​ក្តី បើ​មាន​ចំនួន​ដល់​ទៅ​រាប់​តោន​ ធ្លាក់​ស្រោច​លើ​ផែនដី វា​មិន​ដែល​ល្អ​ទេ​។ កម្ទេច​យាន​ធ្លាក់​មកក្នុង​ល្បឿន​២០០គីឡូម៉ែត្រក្នុង​ម៉ោង​ ​លើ​ផ្ទះ​ប្រជាជន មិន​បង្ក​គ្រោះថា្នក់ធ្ងន់ធ្ងរ​អ្វី​ដូច​ ​អាចម៍​ផ្កាយធ្លាក់ក្នុង​ល្បឿន ៣៦០០០គ.ម./ម៉ោង​មែន តែ​បើ​ធ្លាក់​ចំលើ​មនុស្ស​ច្បាស់​ជា​ស្លាប់ហើយ។​ អ៊ីចឹង​ហើយ​បាន​​ អ្នក​ជំនាញ​អាមេរិក​ផ្នែក​សំរាម​អវកាស​ ជំរុញ​ឱ្យ​ចិន​គិត​គូរមើល​បច្ចេកវិទ្យានិង​បេសកកម្ម​​Longue-Marcheរបស់ចិន​ឡើង​វិញ។

តើ​ធ្លាប់​មាន​ទេ​ករណីមិនអាច​គ្រប់គ្រង​​កាំជ្រួច​ធ្លាក់​ពី​អវកាស​មក​វិញ​ ពីមុនមក​ ?

ថ្មីៗ​ជាងគេ គឺចិន​នេះ​ឯងដដែល។ កាលពី​ឆ្នាំ​២០២០ ពេល​វិលត្រលប់​មកផែនដី​វិញ បំណែក​កាំជ្រួច Longue-Marche ​ មួយ​ផ្សេងទៀត បាន​​​ធ្លាក់​ចំ​លើ​ភូមិ​មួយ​ក្នុង​ប្រទេសកូដឌីវ័រ បង្ក​ឱ្យ​មានការ​ខូច​ខាត​ជា​សម្ភារៈ​យ៉ាង​ខ្លាំង តែ​គ្មានអ្នក​រងរបួស​និង​ស្លាប់​ទេ។

បើ​គិត​ចាប់តាំងពី​ឆ្នាំ ១៩៥៧ ឆ្នាំ​ដែល​ពិភពលោក​បង្ហោះ​កាំជ្រួច​ទៅ​អវកាសជាលើក​ដំបូង​បំផុត ដោយ​សូវៀត​​មក រ៉ុកកែត​ ​កាំជ្រួច​បង្ហោះ​ យាន ឧបករណ៍​ ​ ​រាប់​តោន​ ត្រូវ​បាន​បញ្ជូន​ទៅ​អវកាស។ ហើយ​បើ​តាម​តួលេខផ្តល់ដោយ​ភ្នាក់ងារ Nasa កាលពី​ខែ​មករា ២០២០ មាន​​វត្ថុ​ប្រមាណ ២០០០០ ស្ថិត​នៅក្នុងគន្លង​ផែនដី។ ខ្លះ​ជា​បំណែក​ធំៗ ទំហំ​លើស​១០ស.ម. ដែលអាច​ជាបង្ក​គ្រោះថ្នាក់​ និង​កំពុង​ស្ថិត​ក្រោមការ​តាមដាន​ត្រួត​ពិនិត្យ​តាម​រ៉ាដា តេឡេស្កុប​ពី​ផែនដី ទៅ។

ក្នុង​រយៈ​ពេល​៦០​ឆ្នាំ​នៃ​ប្រវត្តិ​​អវកាស​នេះ មាន​បំណែក​ធំៗ​នៃ​វត្ថុ​ផលិត​ឡើង​ដោយ​មនុស្ស ​វិល​ត្រលប់​ចូល​ផែនដីវិញ ក្នុង​​ចំនួន ៦០០០​ករណី តែ​មានតែ​មួយ​ដុំគត់​បាន​ធ្លាក់​មកប៉ះ​ត្រូវ​ចំ​មនុស្ស ហើយ​មិន​ទាំង​ធ្វើ​ឱ្យ​អ្នកនោះ​រង​របួស​ផង។ នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​អ្នក​ជំនាញ​អវកាសអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI