ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​មូន ចៃអ៊ីន​ដាក់ក្តីសង្ឃឹម​លើឆ្នាំចុងក្រោយ​នៃអាណត្តិ ដើម្បី​ស្វែងរកសន្តិភាព​ជាមួយកូរ៉េខាងជើង

សំឡេង ០៨:៤០
លោកមូន ចៃអ៊ីន​នៅក្នុង​ជំនួបជាលើកទី១ ជាមួយ​មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅ​ភូមិ Panmunjom ក្នុងតំបន់គ្មានកងទ័ព ជាប់ព្រំដែន កូរ៉េទាំងពីរ នៅថ្ងៃទី ២៧​មេសា ២០១៨
លោកមូន ចៃអ៊ីន​នៅក្នុង​ជំនួបជាលើកទី១ ជាមួយ​មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅ​ភូមិ Panmunjom ក្នុងតំបន់គ្មានកងទ័ព ជាប់ព្រំដែន កូរ៉េទាំងពីរ នៅថ្ងៃទី ២៧​មេសា ២០១៨ AP

នៅ​ឆ្នាំចុងក្រោយនៃ​អាណត្តិ​៥ឆ្នាំ​របស់ខ្លួន លោកប្រធានាធិបតី​កូរ៉េខាងត្បូង ​មូន ចៃអ៊ីន​បាន​ប្រកាស​ថា លោក​នឹងប្រឹងប្រែង​អស់​ពីសមត្ថភាព​ យកពេលវេលាចុងក្រោយ នៃ​អាណត្តិដឹកនាំ​របស់លោក ដើម្បី​ស្វះស្វែងរក​សន្តិភាព​យូរអង្វែង​ជាមួយ​កូរ៉េខាងជើង។ នៅ​មិន​ដល់ ២សប្តាហ៍​ទៀតនោះទេ ប្រធានាធិបតី កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីន​នឹង​ធ្វើដំណើរ​ទស្សនកិច្ច​ទៅជួប​លោក​ចូ បៃដិន នៅ​ទីក្រុង​វ៉ាស៊ីនតោន។ ជំនួបទ្វេភាគី រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងត្បូង នឹង​ផ្តោត​ទៅលើ​សំណុំរឿង​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត ដើម្បី សំគាល់​រយៈពេល​៤ឆ្នាំ នៃ​អាណត្តិដឹកនាំ​របស់លោក​ក្នុង​នាមជាប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីន​បាន​អះអាងថា លោក​នឹង​ប្រើរយៈពេល ១ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​ដឹកនាំ របស់​លោក (ដែល​មាន​៥ឆ្នាំ ) សម្រាប់​ជា​ឱកាស ដើម្បី ប្រែក្លាយ​សន្តិភាពនៅ​ឧបទ្វីបកូរ៉េ ដែល មិនពេញលក្ខណៈ ឲ្យទៅជា សន្តិភាព ពេញទី មិនអាច​ត្រលប់ក្រោយបាន។

ក​មូន ចៃអ៊ីន ដែល​ជាកូនជនភៀសខ្លួន មកពីកូរ៉េខាងជើង ជាអ្នកមានឆន្ទៈ​មោះមុត ក្នុង​ការស្វែងរក​សន្តិភាព រវាង​កូរ៉េទាំងពីរ។ ចាប់តាំង​ពី​ឈ្នះឆ្នោត ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅឆ្នាំ ២០១៧ លោក មូន ចៃអ៊ីន​បាន​ប្តេជ្ញាចិត្ត តាំង​ពីថ្ងៃ​ដំបូង ដោយ យក ការផ្សះផ្សារ​សន្តិភាព​ជាមួយ​កូរ៉េខាងជើង ធ្វើ​ជាបុព្វហេតុ​ធំបំផុត សម្រាប់​អាណត្តិប្រធានាធិបតី​របស់លោក។

លោក មូន ចៃអ៊ីន ដែល​បាន​ជ្រើសរើស​យក​គំរូនយោបាយ ពន្លឺព្រះអាទិត្យ​របស់​អតីតប្រធានាធិបតី កូរ៉េខាងត្បូង គីម ដេជុង បាន​ផ្តល់​អាទិភាព លើ​ការជួបចរចា ប៉ុន្តែ មិនមែន​ការគំរាម និយាយ​សំឡុតឲ្យ​ម្ខាងៗ បាក់ស្បាតនោះទេ។ គោលនយោបាយ​នេះ​បានធ្វើ​ឲ្យ​លោក​មូន ចៃអ៊ីន សម្រេច​បាន ជំនួបកំពូលដ៏កម្រ រវាង​ បងប្អូនកូរ៉េទាំង ២ ដល់​ទៅ ៣ដង ក្នុងរយៈពេល តែ​មួយ​ឆ្នាំ ២០១៨។

លោក​មូន ចៃអ៊ីន​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង ទី ២ បន្ទាប់​ពី លោក គីម ដេជុង ដែលអាច​បើកជំនួបកំពូល​ជាមួយ ថ្នាក់ដឹកនាំកំពូល​របស់​កូរ៉េខាងជើង។ នៅ​ខែ មេសា ឆ្នាំ ២០១៨ លោក​មូន ចៃអ៊ីន​បាន​បើកជំនួប​កំពូល ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន។ ភាគី​ទាំងពីរ បាន​ចេញ​សេចក្តីថ្លែងការណ៍រួម ដែលនៅក្នុងនោះ ភាគី​ទាំងពីរ បាន​សន្យា នាំឧបកូរ៉េ​ឲ្យស្គាល់​សុខសន្តិភាព និង លែង​មានអាវុធ​នុយក្លេអ៊ែរ។

គឺ​លទ្ធផល​ជា​វិជ្ជមាន​នៃ​ជំនួបកំពូល​រវាង​មេដឹកនាំ​កូរ៉េទាំងពីរ ដែល​ឈាន​ទៅ​លើកចិត្ត ឲ្យមាន​ការបើក​ជំនួបកំពូលជា​ប្រវត្តិសាស្រ្ត​រវាង​មេដឹកនាំ​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង។ អ្នកជំនាញ​ជាច្រើន​វាយតម្លៃថា ជំនួបកំពូល​រវាង​លោកដូណាល់ ត្រាំ ជាមួយ លោកគីម ជុងអ៊ុន​ នៅ​សិង្ហបុរី ឆ្នាំ ២០១៨ និង​នៅ​វៀតណាម នៅ​ឆ្នាំ ២០១៩នឹង​មិន​អាចកើតឡើង​បានទេ បើសិន​គ្មាន លោក​ប្រធានាធិបតី​មូន ចៃអ៊ីន ចូលរួម​ដើរតួយ៉ាងសកម្ម ក្នុងនាមជា​អន្តរការី​ទេនោះ។

នៅក្នុង​អាណត្តិរបស់ខ្លួន លោក​មូន ចៃអ៊ីន គឺ​បាន​បោះដៃ​ទៅ​រក​កូរ៉េខាងជើង រហូត។ ទោះ កូរ៉េខាងជើង ខឹង​ខ្លាំង​នឹង​អាមេរិក នៅក្រោយ បរាជ័យ នៃជំនួបកំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក ប៉ុន្តែ លោក​មូន ចៃអ៊ីន នៅតែ ព្យាយាម បញ្ចុះបញ្ចូល ឲ្យ​កូរ៉េខាងជើង ត្រលប់មក​ចូល​តុ​ចរចា ដើម្បី បង្កើត​ឲ្យ​បាន​កិច្ចព្រមព្រៀង​សន្តិភាព និង​ប្រែក្លាយ ឧបទ្វីបកូរ៉េ​ឲ្យ​ទៅ​ជា​តំបន់​ដែល គ្មាន​អាវុធ​នុយក្លេអ៊ែរ។ ដើម្បី​កុំ​ឲ្យ​កូរ៉េខាងជើង​អាក់អន់ចិត្ត លែង​ត្រលប់​មក​ចរចា អ្វីសោះនោះ សេអ៊ូល មិនបានចេញមុខ ​រិះគន់ ថ្កោលទោស​ខ្លាំងៗទេ នៅពេល កូរ៉េខាងជើង ចាប់បាញ់​សាកល្បង មីស៊ីល នៅ​ប៉ុន្មាន​ខែ​មុននេះ។ អាចថា នៅ​៤ឆ្នាំមកនេះ លោក​មូន ចៃអ៊ីន​បាន​ដើរនយោបាយ​ត្រជាក់ច្រើន ដើម្បី បញ្ចុះបញ្ចូល​កូរ៉េខាងជើង។ គេ​អាច​ថា ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ បាន​ថមថយចុះ បន្តិច ក៏ដោយសារ​តែ​នយោបាយត្រជាក់ ចង់ផ្សះផ្សារ សន្តិភាព របស់​លោក​មូន​ចៃអ៊ីននេះដែរ។

ដើម្បី​ថ្នមចិត្ត​កូរ៉េខាងជើង រដ្ឋាភិបាល​របស់​លោក មូន ចៃអ៊ីន បង្កើតច្បាប់ ចាប់ដាក់ពន្ធនាគារ​ អ្នកដែល​បង្ហោះប៉េងប៉ោង ដើម្បី​បាចសាច​ខិតប័ណ្ណ ទៅក្នុង​ទឹកដី​កូរ៉េខាងជើង

នៅក្នុង​សេចក្តីថ្លែងការណ៍ រួម​របស់​មេដឹកនាំកូរ៉េខាងជើង និង​ប្រធានាធិបតីកូរ៉េខាងត្បូង កាលពី ខែ មេសា ឆ្នាំ ២០១៨ គេ​មាន​និយាយ​ពី​ការបញ្ឈប់ សកម្មភាព ញុះញង់ ដែល​នាំ​ឲ្យ​កើតមាន​ភាពតានតឹង​រវាង​ភាគី​ទាំងពីរ។ ការបង្ហោះ បញ្ជូន ប៉េងប៉ោង​ ដែល​នាំយក​ខិតប័ណ្ណ ទៅ​បាចសាច​ក្នុង​ទឹកដី​កូរ៉េខាងជើង ជារឿង​ដែល​របបកុម្មុយនិស្ត​ព្យុងយ៉ាង តែង​ថ្កោលទោស និង​បាន​ទាមទារ​ឲ្យ​កូរ៉េខាងត្បូង​បញ្ឈប់​ជា​បន្ទាន់។

រដ្ឋាភិបាល​កូរ៉េខាងត្បូង​មុនៗ មិនសូវ​ធ្វើដឹង ធ្វើឮ​ការទាមទារ​របស់​ព្យុងយ៉ាងនោះទេ បើទោះបី​ជាមាន​ការគំរាមកំហែង ខ្លាំងៗ​ពីកូរ៉េខាងជើងក្តី។ នៅក្នុង​អាណត្តិ​របស់​លោក​មូន ចៃអ៊ីន អាជ្ញាធរ នៅបន្ត​បិទភ្នែក ​បណ្តោយ​ឲ្យ​សកម្មជន គាំទ្រ កូរ៉េខាងជើង ដែល​មួយចំនួន​ជា​អ្នក​លួចរត់​ចេញ​ផ្ទាល់​ពី​ទឹកដី​កូរ៉េខាងជើង បង្ហោះ ប៉េងប៉ោង ដើម្បី​បាចសាច​ខិតបណ្ណ ដែលនិយាយ​រិះគន់ អាជ្ញាធរ​កូរ៉េខាងជើង។

ខឹង នឹង​សកម្មជនកូរ៉េខាងត្បូង បញ្ជូន ប៉េងប៉ោង ទៅហោះ បាចសាច​ខិតបណ្ណ​ទៅក្នុង​ទឹកដី​កូរ៉េខាងជើង ក្រុងព្យុងយ៉ាង បាន​សម្រេច​ផ្តាច់ទំនាក់ទំនង ជាមួយ​កូរ៉េខាងត្បូង។ អគារ ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ដែលស្ថិតនៅ​តំបន់ ឧស្សាកម្ម កៃសុង ក្នុង​ទឹកដីកូរ៉េខាងជើង ជាប់ព្រំដែន​ក៏ ត្រូវ​អាជ្ញាធរ​កូរ៉េខាងជើង ដាក់គ្រាប់បំផ្ទុះបំផ្លាញចោល កាលពី​ខែ មិថុនា​ឆ្នាំ​២០២០ ពោលគឺ ២ឆ្នាំ​ក្រោយជំនួបទ្វេភាគីរវាង​មេដឹកនាំ​កូរ៉េទាំងពីរ។

ទំនង​ដើម្បី ចង់​ស្តារ កុំឲ្យ​ប្រទេស​ទាំងពីរ កាន់តែ​តានតឹង អាក្រក់​ខ្លាំងជាងនេះ រដ្ឋាភិបាល កូរ៉េខាងត្បូង​ទើប​សម្រេច បង្កើតច្បាប់​ថ្មី មួយ កាលពី​ខែ​ធ្នូឆ្នាំមុន​ដែរ ដើម្បី ដាក់​ទោស​រាល់អ្នកដែល​ល្មើស បញ្ជូន​ខិតប័ណ្ណ​ទៅបាចសាច ក្នុង​ទឹកដីកូរ៉េខាងជើង។ ទៅតាម​ច្បាប់​ថ្មីនេះ អ្នកដែល​ល្មើស​បង្ហោះ ប៉េងប៉ោង ដឹកជញ្ជូន​ខិតប័ណ្ណ ទៅបាចសាច​ក្នុង​ទឹកដី​កូរ៉េខាងជើង នឹង​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ ៣ឆ្នាំ ហើយនិង ត្រូវ​បង់ប្រាក់ពិន័យ​ជាង ២ម៉ឺនអឺរ៉ូ។

ច្បាប់នេះ បាន​បង្ក​ឲ្យមានការតវ៉ា ខ្លាំង ពីក្នុង​ស្រុក ជាពិសេស ពីខាង​ក្រុមគណបក្ស​ប្រឆាំង ក្រុមអភិរក្ស​និយម ដែល​បាន​ចាត់ទុក រដ្ឋបាល​របស់លោក​មូន ចៃអ៊ីនថា ដើរតាម​ខ្សែបន្ទាត់ នយោបាយ របស់​ប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើង។ អ្នកនាំពាក្យ​របស់អង្គការ​សហប្រជាជាតិ សម្រាប់​កិច្ចការសិទ្ធិមនុស្ស​ក៏បាន​រិះគន់​ច្បាប់កូរ៉េខាងត្បូង​នេះដែរ។ ប៉ុន្តែ រដ្ឋាភិបាល​កូរ៉េខាងត្បូង​វិញ បាននិយាយ​ការពារ​ខ្លួនថា ដោយ​អនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​ការបង្ហោះ បាចសាច ខិតប័ណ្ណ ទៅក្នុង ទឹកដីកូរ៉េខាងជើង រដ្ឋាភិបាល​កំពុង​គិតដល់សុវត្ថិភាព​របស់​ប្រជាជន​កូរ៉េខាងត្បូង ដែលរស់នៅតាម​ព្រំដែន ដែល​អាច​រងការវាយប្រហារ សងសឹក​គ្រប់ពេលវេលា​ពី​កូរ៉េខាងជើង ដែលប្រឆាំង​ដាច់ខាត ការបាចសាច​ខិតប័ណ្ណ រិះគន់ មេដឹកនាំ​កូរ៉េខាងជើងនោះ។

តើ​លោកមូន ចៃអ៊ីន​អាច​សម្រេច នយោបាយ ផ្សះផ្សារ​សន្តិភាព ជាមួយ កូរ៉េខាងជើង បានដែរឬទេ?

គេ​ដឹងហើយថា ការចរចា​ឈាន​ទៅ​បង្កើន​សន្តិភាព ឬ​ការឈាន​ទៅ​រុះរើ​កម្មវិធី​ផលិត​អាវុធនុយក្លេអ៊ែរ របស់​កូរ៉េខាងជើង មិន​អាស្រ័យទៅលើ​កូរ៉េខាងត្បូង ឬ​ទៅលើ​ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចៃអ៊ីននោះទេ ប៉ុន្តែ វា​អាស្រ័យទៅលើ​ភាគីជម្លោះ អាមេរិក និង​កូរ៉េខាងជើង ដែលមាន​ចិន​នៅគាំទ្រ​ពីក្រោយ។

រហូតមក លោក​មូន ចៃអ៊ីន បាន​ប្រឹងប្រែង រហូត​ត្រួសត្រាយ​ឲ្យ​កើតមាន​ជំនួបកំពូលប្រវត្តិសាស្រ្ត អាមេរិក និង​កូរ៉េខាងជើង។ ជំនួបកំពូល​ដែលធ្លាប់​ផ្តល់​ក្តីសង្ឃឹម បាន​បរាជ័យ​ធ្លាក់ទឹកទៅវិញ ដោយសារ​តែ​នយោបាយ​មិនទៀងទាត់ និង​ការទាមទារ​ច្រើនខ្លាំងពេក​ពីខាងប្រធានាធិបតី លោក​ដូណាល់​ត្រាំ។ កូរ៉េខាងជើង ចង់​បាន​ខ្លាំង​បំផុត ឲ្យ​អាមេរិក និង​សហគមន៍អន្តរជាតិ​ដកចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច ប៉ុន្តែ អាមេរិក​របស់​លោកដូណាល់ ត្រាំ ធ្លាប់បានទាមទារ ថា កូរ៉េខាងជើង ត្រូវ​បោះបង់​ចោល កម្មវិធី​ផលិត​អាវុធនុយក្លេអ៊ែរ ទាំងស្រុងសិន ទើប​បានអាមេរិក​ដកចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ដោយសារ​តែ​និយាយ​មិនត្រូវគ្នា កូរ៉េខាងជើង បាន​ឆេះដុំ ដកខ្លួន លែង​គោរព តាម​ការសន្យា ធ្វើឡើង​នៅក្នុង​ជំនួបកំពូលអាមេរិកកូរ៉េខាងជើង​តទៅទៀត។

យ៉ាងណាក៏ដោយ លោក​មូន ចៃអ៊ីន ​មិន​អស់សង្ឃឹម​នោះទេ។ ទោះលោក នៅសល់​ពេល ដឹកនាំ កូរ៉េខាងត្បូង​តែ​១ឆ្នាំ​ទៀតមែន ប៉ុន្តែ លោក​មាន​សង្ឃឹមច្រើន ថា នឹង​អាច​អូសទាញ​កូរ៉េខាងជើង ឲ្យ​ត្រលប់ចូល​តុចរចា ជាមួយ​អាមេរិក​សាជាថ្មី ព្រោះថា អាមេរិក​សព្វថ្ងៃ ដែល​ដឹកនាំ​លោក​ចូ បៃដិន បាន​បង្ហាញ​ជំហរ​ ចង់​ដោះស្រាយ​វិបត្តិនុយក្លេអ៊ែរ​កូរ៉េខាងជើង តាម​ការចរចាផ្លូវទូត។ លោក​មូន ចៃអ៊ីន​ដឹង​ថា ដោយសារ​តែ បញ្ហា​សេដ្ឋកិច្ច​ក្នុងប្រទេស ហើយនិង​ជម្លោះប្រជែង​ជាមួយ ចិន រដ្ឋបាល​លោក​ចូ បៃដិន​មិនសូវផ្តល់​អាទិភាព​ទៅលើ​បញ្ហា កូរ៉េខាងជើង ប៉ុន្មានទេ។ ប៉ុន្តែ លោក​មូន ចៃអ៊ីន​បាន​សន្យា នៅថ្ងៃចន្ទទី ១០ ឧសភា​នេះហើយថា លោក​នឹង​ព្យាយាម ប្រើជំនួបកំពូល​ជាមួយ​លោកចូ បៃដិន នៅថ្ងៃទី ២១​ឧសភា ខាងមុខ ដើម្បី ជំរុញ​ឲ្យ​រដ្ឋបាលលោក​ចូ បៃដិន ចាប់ផ្តើម​ការចរចា​ការទូត​ឡើងវិញ ជាមួយ​កូរ៉េខាងជើង។ សម្រាប់​លោក មូន​ចៃអ៊ីន នយោបាយ​ការទូត​របស់លោកចូ បៃដិន​នឹង​ជួយ​ទៅ ដោះស្រាយ វិបត្តិនុយក្លេអ៊ែរ​កូរ៉េខាងជើង។ គេ​ជឿថា ទោះកូរ៉េខាងជើង បង្ហាញ អរិភាព មិន​ជឿទុកចិត្ត​លើ​នយោបាយចរចា​ផ្លូវទូត​របស់អាមេរិក ប៉ុន្តែ គេ​ដឹងថា កូរ៉េខាងជើង ដែល​មិនចូលចិត្តទេ ពាក្យគំរាម ​ទណ្ឌកម្ម សេដ្ឋកិច្ច មក​ដាក់សម្ពាធ នោះ ប្រាកដ​ជា​អាច​ទន់ចិត្ត នៅថ្ងៃ​ណាមួយ ដោយមកពី​មានអន្តរការី ចំរើននិយម ដូចជា​មូន ចៃអ៊ីន មេដឹកនាំ​កូរ៉េខាងត្បូង សព្វថ្ងៃ។

គេកំពុង​បារម្ភ​ថា បើសិន កូរ៉េខាងត្បូង ផ្លាស់ប្តូរ ថ្នាក់ដឹកនាំ នៅក្នុងការបោះឆ្នោត នៅ​ឆ្នាំក្រោយ ដោយ​មាន​គណបក្ស​អភិរក្ស​និយម មក​ដឹកនាំប្រទេស សាជាថ្មី នោះ កូរ៉េខាងត្បូង ប្រហែល​ជានឹង​​លែង​អាច​ដើរតួជា​អន្តរការី ប៉ុន្តែ ជា​អ្នកចាំតែរិះគន់ និង​ញុះញង់​ឲ្យ​អាមេរិក ដំឡើង​សំឡេង ដាក់សម្ពាធលើ កូរ៉េខាងជើង​សាជាថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI