ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន៖ហេតុអ្វីបានជាកំណើនពលរដ្ឋក្នុងរយៈពេល ១០ឆ្នាំចុងក្រោយបានធ្លាក់ចុះ?

សំឡេង ០៦:៥៥
កំណើនចំនួនពលរដ្ឋចិនក្នុងរយៈពេល ១០ឆ្នាំ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០២០​បាន​ធ្លាក់​ចុះ។
កំណើនចំនួនពលរដ្ឋចិនក្នុងរយៈពេល ១០ឆ្នាំ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០២០​បាន​ធ្លាក់​ចុះ។ AP - Ng Han Guan

នៅ​ក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​បាន​ប្រកាស​នា​ថ្ងៃ​អង្គារ ទី១១ ឧសភា​នូវ​លទ្ធផល​ជំរឿន​ពលរដ្ឋ​កាល​ពី​ឆ្នាំ ២០២០ សម្រាប់​រយៈពេល ១០ឆ្នាំ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០២០។ លទ្ធផល​បាន​បង្ហាញ​ថា កំណើន​ចំនួន​ពលរដ្ឋ​ក្នុង​រយៈពេល ១០ឆ្នាំ​មាន​តែ ៥,៣៨%។ នេះ​ជា​កំណើន​ទាប​ខ្លាំង​ដែល​ចិន​មិន​ធា្លប់​ស្គាល់​គិត​តាំង​ពី​ឆ្នាំ ១៩៦០។ ជា​សរុប​គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ ចិន​មាន​ចំនួន​ពលរដ្ឋ ១ ៤១១លាននាក់។ គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០១៦ ចិន​បាន​បិទបញ្ចប់​នយោបាយ​កូនទោ​ដោយ​អនុញ្ញាត​ឲ្យ​គ្រួសារ​ចិន​អាច​យក​កូន​ទី២ បាន​ដោយ​គ្មាន​លក្ខខណ្ឌ។ តែ​នយោបាយ​មួយ​នេះ​នៅ​មិន​ទាន់​អាច​ជំរុញ​ឲ្យ​ពលរដ្ឋ​ចិន​បង្កើត​កូន​បន្ថែម​នៅ​ឡើយ​ទេ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លទ្ធផល​ជំរឿន​ពលរដ្ឋ រដ្ឋាភិបាល​ចិន​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​កំណើន​ចំនួន​ពលរដ្ឋ​ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០២០ ទេ។ តែ​គេ​អាច​សំអាង​លើ​ហេតុផល​មួយ​ចំនួន រួម​មាន ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​រៀបការ កំណើន​នៃ​ការ​ចំណាយ​លើ​ការ​បង់​ថ្លៃ​លំនៅដ្ឋាន និង​ការ​សិក្សារៀនសូត្រ​របស់​កូន​ដែល​កាន់​តែ​ឡើង​ថ្លៃ ឬ​មួយ​ក៏​ការ​ពន្យារ​ពេល​យក​កូន​របស់​ស្រ្តី​ដោយ​ពួក​គេ​ចង់​បន្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​ជីវិត​ការងារ។ នៅ​មាន​ហេតុផល​មួយ​ទៀត​ដែល​គេ​មិន​អាច​ទាត់​ចោល​បាន គឺ​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩ នៅ​ចុង​ឆ្នាំ ២០១៩ ដើម​ឆ្នាំ ២០២០។

អ្នក​នាំ​ពាក្យ​ការិយាល័យ​ស្ថិតិជាតិ​ចិន​បាន​ទទួល​ស្គាល់​ថា កូវីដ១៩ បាន​បង្កើន​ភាព​មិន​ប្រាកដប្រជា​នៃ​ជីវិត​ប្រចាំ​ថ្ងៃ និង​ក្តីបារម្ភ​នៃ​កំណើត​ទារក​ថ្មី។ គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០១៩ ចំនួន​កំណើត​ទារក​ថ្មី​មាន ១៤លាន ៦សែន ៥ម៉ឺននាក់ តែ​នៅ​ក្នុង​ឆ្នាំ ២០២០ កំណើត​ទារក​មាន​ចំនួន​តែ ១២លាននាក់​ប៉ុណ្ណោះ ពោល​ធ្លាក់​ចុះ​ជាង ២លាននាក់។ អត្រា​កំណើត​ទារក​ថ្មី​ក្នុង​ឆ្នាំ ២០២០ ឬ ឆ្នាំ ២០១៩ ជា​អត្រា​មួយ​ទាប​ខ្លាំង​ដែល​ចិន​មិន​ធ្លាប់​ស្គាល់​ទេ​គិត​ចាប់​តាំង​ពី​ថ្ងៃ​កំណើត​គណបក្សកុម្មុយនិស្ត​ក្នុង​ឆ្នាំ ១៩៤៩។ តាម​ពិត អត្រា​កំណើត​ទារក​ថ្មី​បាន​ធ្លាក់​ចុះ​ជា​លំដាប់​តាំង​ពី​ឆ្នាំ ២០១៧ ពោល​ក្រោយ​ពី​រដ្ឋាភិបាល​បាន​បិទបញ្ចប់​នយោបាយ​កូនទោ​ដោយ​អនុញ្ញាត​ឲ្យ​គ្រួសារ​ចិន​អាច​យក​កូន​ទី២ បាន​ដោយ​គ្មាន​លក្ខខណ្ឌ។

ហេតុ​អ្វី​បាន​ជា​គ្រួសារ​ចិន​ភាគ​ច្រើន​មិន​ចង់​បាន​កូនទី២?

មិនមែន​មក​ពី​គ្រួសារ​ចិន​មិន​ចង់​បាន​កូនទី២ ទេ តែ​អាច​ថា​មក​ពី​គ្រួសារ​ខ្លះ​មាន​ទម្លាប់​ជាមួយ​នឹង​នយោបាយ​កូនទោល​អស់​ជា​ច្រើន​ទសវត្ស ហើយ​គ្រួសារ​ខ្លះ​ទៀត​គិត​ថា ពួក​គេ​គ្មាន​មធ្យោបាយ​ចិញ្ចឹម​កូន​ទី២ ឲ្យ​បាន​ដូច​កូនទី១ ពិសេស​ការ​អប់រំ​ឲ្យ​បាន​ខ្ពង់ខ្ពស់​ដោយ​បញ្ជូន​ទៅ​ឲ្យ​រៀនសូត្រ​នៅ​សាលា​អន្តរជាតិ​ល្បីៗ​ដែល​ត្រូវ​ចំណាយ​លុយ​ច្រើន។ បន្ទាប់​ពី​ការ​ចំណាយ​រឿង​រៀនសូត្រ​ក៏​នៅ​មាន​ការ​ចំណាយ​ផ្សេងៗ​ទៀត ពិសេស​លើ​បញ្ហា​សុខភាព។ មួយ​វិញ​ទៀត រឿង​យក​កូនទី២ ឬ​មិន​យក​ក៏​អាស្រ័យ​លើ​រូបស្រ្តី​ជា​ភរិយា​ផង​ដែរ។

ស្រ្តី​ចិន​ក្នុង​សម័យ​ឥឡូវ​មិនមែន​ដូច​ស្រ្តី​ចិន​សម័យ​មុន​ដែល​​ម្ង៉ៃៗ​វិល​នៅ​ជុំវិញ​តែ​ចង្រ្កាន​ទេ។ ស្រ្តី​ចិន​សម័យ​ថ្មី​ចេញ​ទៅ​ធ្វើ​ការងារ​ដូច​បុរស និង​មាន​សិទ្ធិ​ស្មើ​បុរស​ដែល​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ការងារ​ផ្ទះ ដូច​ជា​ធ្វើ​ម្ហូប និង​មើល​កូន។ ស្រ្តី​ចិន​ភាគច្រើន​សម័យ​ឥឡូវ​បាន​បញ្ជាក់​ច្បាស់ៗ​ថា បើ​ធ្វើ​ការ​នៅ​តែ​ផ្ទះ ទោះ​បី​ជា​យក​កូន​មួយ ឬ​ពីរ​មិន​សូវ​ជា​ចំណោត​ប៉ុន្មាន​ទេ។ តែ​បើ​ចេញ​ទៅ​ធ្វើ​ការ​រក​លុយ​ផង និង​រ៉ាប់រង​ការងារ​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ទៀត​នោះ យក​កូន​មួយ​អាច​ទៅ​រួច តែ​បើ​យក​ថែម​មួយ​ទៀត ប្រហែល​ជា​ពិបាក​បន្តិច ឬ​ទៅ​មិន​រួច​តែ​ម្តង។

ឥណ្ឌា​ដណ្តើម​កន្លែង​ចិន​នា​ពេល​ខាង​មុខ?

ការ​ធ្លាក់​ចុះ​ចំនួន​ពលរដ្ឋ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ចំនួន​កំណើត​ទារក​ថ្មី គឺ​មាន​ន័យ​ស្មើ​នឹង​ការ​ធ្លាក់​ចុះ​ចំនួន​ពលរដ្ឋ​សកម្ម​ដែល​ពេញ​កម្លាំងពលកម្ម និង​ការ​កើន​ឡើង​ចំនួន​មនុស្ស​ចាស់​ចូល​និវត្តន៍។ យោង​តាម​លទ្ធផល​ជំរឿន ចិន​មាន​មនុស្ស​ចាស់​វ័យ​ពី ៦០ឆ្នាំ​ឡើង​ទៅ​ជាង ២៦៤លាននាក់​ក្នុង​ឆ្នាំ ២០២០។ ចាប់​ពី​ពេល​នេះ​ត​ទៅ ពលរដ្ឋ​ប្រភេទ​នេះ​តំណាង​ឲ្យ ១៨,៧% នៃ​ចំនួន​ពលរដ្ឋ​ចិន​សរុប ពោល​មាន​ការ​កើន​ឡើង​ចំនួន ៥,៤៤% បើ​ធៀប​នឹង​ជំរឿន​ពលរដ្ឋ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០១០។ ទន្ទឹម​នឹង​កំណើន​មនុស្ស​ចាស់​វ័យ​ពី ៦០ឆ្នាំ​ឡើង​ទៅ ចំនួន​ពលរដ្ឋ​សកម្ម​ក្នុង​អាយុ​ចន្លោះ ១៥ឆ្នាំ និង ៥៩ឆ្នាំ​ដែល​តំណាង​ឲ្យ​តែ ៦៣,៣៥% នៃ​ចំនួន​ពលរដ្ឋ​សរុប​បាន​ធ្លាក់​ចុះ​ចំនួន ៦,៧៩%។

កំណើន​ចំនួន​មនុស្ស​ចាស់​ចូល​និវត្តន៍ និង​ការ​ធ្លាក់​ចុះ​ចំនួន​មនុស្ស​សកម្ម​នាំ​ឲ្យ​ធ្លាក់​ចុះ​កម្លាំង​ពលកម្ម។ ប្រឈម​នឹង​ចរន្ត​មួយ​នេះ សភា​ចិន​បាន​អនុម័ត​ក្នុង​ខែ​មីនា ឆ្នាំ ២០២១ លើ​សេចក្តីព្រាងច្បាប់​មួយ​ស្តីពី​ការ​ដំឡើង​អាយុ​ចូល​និវត្តន៍​នៅ ៥ឆ្នាំ​ខាង​មុខ។ ដោយឡែក ការិយាល័យ​ស្ថិតិជាតិ​ចិន​បាន​ទទួល​ស្គាល់​ថា​ពី​វិសមភាព​ប្រជាសាស្រ្ត​សម្រាប់​រយៈពេល​វែង​ដោយ​មូលហេតុ​សំខាន់​ចំនួន​ពីរ ទី១ កំណើន​ចំនួន​មនុស្ស​ចាស់ និង​ទី២ កំណើន​ចំនួន​ពលរដ្ឋ​ចំណាកស្រុក​ពី​ទីជនបទ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០២០ មាន​ចំនួន​ពលរដ្ឋ​ចំណាកស្រុក​ជិត ៣៧៦លាននាក់ ពោល​មាន​ការ​កើន​ឡើង​ជិត ៧០% ក្នុង​រយៈពេល ១០ឆ្នាំ។

គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ ចិន​មាន​ពលរដ្ឋ​សរុប​ចំនួន ១ ៤១១លាននាក់​ទល់ ១ ៣៤០លាននាក់​នៅ​ដំណាច់​ឆ្នាំ ២០១០ មាន​ន័យ​ថា​ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​មាន​កំណើន​ពលរដ្ឋ​តែ​ចំនួន ៧២លាននាក់​ប៉ុណ្ណោះ។ រដ្ឋាភិបាល​បាន​ព្យាករ​ថា កំណើន​ចំនួន​ពលរដ្ឋ​នឹង​ឡើង​ដល់​ចំណុច​កំពូល​នៅ​ឆ្នាំ ២០២៧ តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ពិត​ប្រាកដ​ទេ។ បន្ទាប់​មក ចំនួន​ពលរដ្ឋ​ចិន​នឹង​ផ្តើម​ធ្លាក់​ចុះ​នៅ​ត្រឹម ១ ៣២០លាននាក់​នា​ឆ្នាំ ២០៥០។ ដោយឡែក ឥណ្ឌា​ដែល​មាន​ចំនួន​ពលរដ្ឋ​ច្រើន​លំដាប់​ទី២ បន្ទាប់​ពី​ចិន​នឹង​អាច​វ៉ា​ចិន​នា​ពេល​ខាង​មុខ។ តាម​តួលេខ​របស់​អង្គការ​សហប្រជាជាតិ ឥណ្ឌា​មាន​ពលរដ្ឋ​សរុប​ចំនួន ១ ៣៨០លាននាក់​ក្នុង​ឆ្នាំ ២០២០។ តែ​បើ​តាម​របាយការណ៍​ផ្សព្វផ្សាយ​ដោយ​ក្រុង​ញូដែលី​ក្នុង​ឆ្នាំ ២០២០ ឥណ្ឌា​បាន​ស្គាល់​កំណើន​ចំនួន​ពលរដ្ឋ​ជា​មធ្យម ១% ក្នុង​មួយ​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI