ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាមផ្ទុះឡើង​ជាថ្មី​ រវាង​អ៊ីស្រាអែល និង​ក្រុម​​ហាម៉ាស​ប៉ាឡេស្ទីន

សំឡេង ០៧:១៧
អណ្តាតភ្លើង និងផ្សែងខ្មៅ នៅតំបន់ហ្កាហ្សា ក្រោយរងគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល ព្រឹកថ្ងៃពុធ ទី១២ឧសភា ២០២១
អណ្តាតភ្លើង និងផ្សែងខ្មៅ នៅតំបន់ហ្កាហ្សា ក្រោយរងគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល ព្រឹកថ្ងៃពុធ ទី១២ឧសភា ២០២១ MOHAMMED ABED AFP

ប៉ុន្មានថ្ងៃចុងក្រោយ​នេះ ការបាញ់ផ្លោងគ្រាប់រ៉ូកែត និងមីស៊ីល រវាង​កងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បាន​កក្រើកឡើងយ៉ាងខ្លាំងបំផុត។ នៅយប់ថ្ងៃពុធឈានចូលថ្ងៃអង្គារ ក្រុមហាម៉ាស បានបាញ់ផ្លោងគ្រាប់រ៉ូកែត យ៉ាងហោច២០០គ្រាប់ ចំណែក​កងទ័ពអ៊ីស្រាអែល បានទំលាក់គ្រាប់បែក កំទេចអាគារជាច្រើនកន្លែងនៅតំបន់ហ្កាហ្សា។ ប្រឈមនឹងការផ្ទុះសង្រ្គាមហិង្សានេះ គេសង្កេតឃើញថា រដ្ឋាភិបាលអាមេរិក របស់​លោកចូ បៃដិន ហាក់ពុំមាន​ប្រតិកម្មអ្វីធំដុំទាល់តែសោះ ខណៈដែលក្រុម​​ប្រទេសអឺរ៉ុបឯណោះ ក៏បានត្រឹមតែអំពាវនាវពីចំងាយ ឲ្យ​បញ្ឈប់ការវាយប្រហារ។

ផ្សាយពាណិជ្ជកម្ម

រ៉ូកែតនិងមីស៊ីល១០០០គ្រាប់

ស្ថានការណ៍កាន់តែចលាចល និងហិង្សាខ្លាំងណាស់ នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ។ ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បាន​បាញ់គ្រាប់រ៉ូកែត យ៉ាងហោចជាង​២០០​គ្រាប់ ដោយ​ក្នុងនោះ ជាង១០០គ្រាប់បានបាញ់សំដៅទៅ​ទីក្រុងតែលអាវីវ ដែលជាទីក្រុងធំទី២​របស់​អ៊ីស្រាអែល ហើយ​ប្រមាណ​១០០គ្រាប់ទៀត បានសំដៅទៅ​ក្រុង Beersheva ស្ថិតនៅភាគខាងត្បូង​អ៊ីស្រាអែល។ ចំណែក​ក្រុមកម្លាំងប៉ាឡេស្ទីនមួយទៀត ឈ្មោះ ក្រុមជីហាដអ៊ីស្លាម ក៏បាន​ប្រកាសថា នៅវេលាម៉ោង៥ទៀបភ្លឺ គេបានបាញ់គ្រាប់មីស៊ីល ចំនួន​១០០គ្រាប់ ចេញពីតំបន់ហ្កាហ្សា ទៅលើទឹកដីអ៊ីស្រាអែលដែរ។

កងទ័ព​អ៊ីស្រាអែល បានបាញ់មីស៊ីល និងទំលាក់គ្រាប់បែកឆ្លើយតប​វិញ​យ៉ាង​ដំណំ នៅយប់ថ្ងៃអង្គារ ដោយ​បានកំទេច​អាគារមួយចំនួន។ កងទ័ពអ៊ីស្រាអែល អះអាងថា កម្មវត្ថុគេ គឺកំទេចទីតាំង ដែល​​ក្រុម​​ហាម៉ាស​ប៉ាឡេស្ទីនលាក់ខ្លួន ឬជាទីតាំងប្រតិបត្តិការរបស់ក្រុមនេះ។ យ៉ាងណាមិញ អ៊ីស្រាអែល​បានកំទេច​អាគារមួយកន្លែង ដែលគេអះអាងថា ជាកន្លែងលាក់ខ្លួន របស់ មេក្លោងក្រុមហាម៉ាស ឈ្មោះ Hassan Kaogi និង Waël Issa។ ក្រុមហាម៉ាសអះអាងថា អាគារ​ស្នងការ​នគរបាល​មួយកន្លែង ត្រូវបានកំទេចដោយ​គ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។

គិតចាប់ពីថ្ងៃចន្ទមក គឺមានគ្រាប់មីស៊ីល និងរ៉ូកែត ប្រមាណ​​១០០០គ្រាប់ ដែល​ត្រូវបានបាញ់ចេញ​ពី​តំបន់​​ហ្កាហ្សា។ កងទ័ព​អ៊ីស្រាអែល បាន​អះអាង​ថា ប្រព័ន្ធខែលមីស៊ីលរបស់គេ បានស្ទាក់កំទេចបានជាង​៨០០គ្រាប់។ គិតត្រឹមពេលនេះ ខាងតំបន់ហ្កាហ្សា មានស្លាប់៣៥នាក់ ដែលក្នុងនោះ ១២នាក់ជាកុមារ ចំណែក ខាងអ៊ីស្រាអែល មានមនុស្សស្លាប់​៥នាក់។ លោកស្រីរដ្ឋអាជ្ញាអមតុលាការព្រហ្មទណ្ឌអន្តរជាតិ បានលើកឡើងថា លោកស្រីកំពុងតាមដានស្ថានការណ៍នេះ និងកត់ត្រាទុក ព្រោះថា​វាអាចជាឧក្រិដ្ឋកម្មសង្រ្គាម បង្កឡើងដោយ​កងទ័ព​អ៊ីស្រាអែល។

រីឯ​នៅក្នុងទឹកដីអ៊ីស្រាអែលវិញ ប្រជាជនអារ៉ាប់ បានធ្វើបាតុកម្មហិង្សា​ជាច្រើនកន្លែង ដុតរថយន្ត វាយបំផ្លាញ​សម្បតិ្ត​សាធារណៈ បង្កឲ្យមានការប៉ះទង្គិចគ្នា ជាមួយសមត្ថកិច្ច​អ៊ីស្រាអែល របួសច្រើនរយនាក់ណាស់។

« សង្គ្រាមទ្រង់ទ្រាយធំ »

នៅថ្ងៃពុធនេះ​ លោក Tor Wennesland តំណាងអង្គការ​សហប្រជាជាតិ​ ប្រចាំតំបន់ដើមបូព៌ា បានថ្លែងការបារម្ភថា ក្រុមហាម៉ាសប៉ាឡេស្ទីន និង អ៊ីស្រាអែល កំពុងតែឈានទៅផ្ទុះសង្គ្រាមទ្រង់ទ្រាយ​ធំ យ៉ាងចំហរតែម្តង។ តាមការគ្រោងទុក នៅថ្ងៃពុធនេះ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នឹងបើកការប្រជុំបន្ទាន់មួយទៀត ដើម្បីជជែកគ្នាពីបញ្ហានេះ។

យោងតាមប្រភព​ ពី​មន្ត្រីការទូតខ្លះនៅអង្គការ​សហប្រជាជាតិ បានអះអាងថា គេកំពុងតែ​ពឹង មន្ត្រីការទូត​របស់ ប្រទេស​កាតា និង ប្រទេស​អាហ្ស៊ីប ឲ្យ​ចូលទៅនិយាយជាមួយ​ភាគីទាំង២ ដើម្បីឈាន​ទៅបញ្ចុះបញ្ចូល ឲ្យទំលាក់អាវុធ។ កាតា និងអេហ្ស៊ីប គឺសុទ្ធតែជាប្រទេសអារ៉ាប់ ដែលមានទំនាក់ទំនងទាំងសងខាង ជាមួយ​អ៊ីស្រាអែលផង និងជាមួយ​ក្រុមហាម៉ាសប៉ាឡេស្ទីនផង។

តែដោយឡែក លោក Jonathan Conricus អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីស្រាអែល បាន​ឆ្លើយប្រាប់អ្នកកាសែតតា លោកមិនជឿថា មេបញ្ជាការកងទ័ពអ៊ីស្រាអែល បានដឹងអំពីការចរចាការទូតទាំងនេះទេ ហើយថាបើមាន​មែន​ ក៏គេមិនចាប់អារម្មណ៍ដែរ។ សម្តីនេះ ហាក់មានន័យថា កងទ័ពអ៊ីស្រាអែល មិនចង់ចរចាអ្វីទាំងអស់នៅពេលនេះ គឺមានតែប្រើកម្លាំងឆ្លើយតបវិញ ប្រសិន​បើក្រុមហា​ម៉ាសប៉ាឡេស្ទីន នៅតែ​បន្តបាញ់គ្រាប់រ៉ូកែតមកអ៊ីស្រាអែលទៀត។

លោក Clément Beaune រដ្ឋលេខាធិការ​បារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុប បាន​លើកឡើងថា នៅក្នុងវិបត្តិនេះ គឺសហរដ្ឋអាមេរិក​ត្រូវតែចូលរួមដោះស្រាយ​ ឲ្យ​បានសកម្មបំផុត។​ លោកថាអឺរ៉ុបក៏ត្រូវតែមានវត្តមាន​ដែរ តែសហរដ្ឋអាមេរិក ត្រូវតែចេញមុខ រកវិធី នាំភាគទាំង២ ឲ្យចរចាគ្នាទំលាក់អាវុធ ហើយរៀបចំផែនការកសាងសន្តិភាព ជារៀងដរាប។

សហរដ្ឋអាមេរិកស្ងាត់មាត់

រហូតមកទល់ពេលនេះ​ រដ្ឋបាលរបស់ចូ បៃដិន ហាក់ដូចជានៅសំងំស្ងៀម មិនបញ្ហាញឆន្ទៈចង់ឈឺឆ្អាល ក្នុងរឿងនេះទេ។ បើតាមសង្កេតជាទូទៅ គឺរដ្ឋាភិបាល លោកចូ បៃដិន មិនមានផែនការអ្វី ក្នុងសំណុំរឿងកសាងសន្តិភាពរវាងអ៊ីស្រាអែល ប៉ាឡេស្ទីននេះទេ។ អាចថា គេមិនទាន់មាន​ក៏ថាបានដែរ។ អ្នកវិភាគមួយចំនួន លើកឡើងថា រដ្ឋបាល​លោកចូ បៃដិន មិនផ្តល់អាទិភាពធំ ដល់សំណុំរឿង​ អ៊ីស្រាអែល ប៉ាឡេស្ទីននេះទេ។

លោកស្រី Phyllis Bennis អ្នកវិភាគនៅវិទ្យាស្ថាន Institute for Policy Studies បានលើកឡើងថា រដ្ឋាភិបាលលោកចូ បៃដិន មិនចង់ធ្វើឲ្យ​អ៊ីស្រាអែលទើសចិត្ត មួយសំណុំរឿងទៀតនោះទេ សម្រាប់ពេលនេះ ព្រោះថាអាមេរិកបានធ្វើ​ឲ្យ​អ៊ីស្រាអ៊ែល ទាស់ចិត្តរួចមួយហើយ គឺទាក់ទិននឹង​ការ​ដែល​អាមេរិក​ ​វិលត្រលប់ទៅចូលរួម ក្នុងកិច្ចព្រមព្រៀងនុយក្លែអ៊ែរអ៊ីរ៉ង់វិញ។

លោក Aaron David Miller អតីតតំណាងសហរដ្ឋអាេមរិក ក្នុងការចរចាវិបត្តិដើមបូព៌ា បានលើកឡើងថា ក្នុងគំនិតលោកចូ បៃដិន គឺសម្រាប់ពេលនេះ ទោះប្រឹងលូកដៃ ក៏មិនអាចជួយ​អ្វីបានច្រើន​ជាងនេះដែរ ហើយ​វាគ្មានប្រយោជន៍អ្វីសម្រាប់សហរដ្ឋអាមេរិកផង គឺមាន​តែបន្ថែមបញ្ហា​ផ្ទៃក្នុង ឲ្យ​គេរិះគន់លោក ថាកាន់ជើងខាងនេះ ជាងខាងនោះ។ អ្នកវិភាគរូបនេះបន្ថែមថា និយាយជារួម គឺ​រដ្ឋបាលលោកចូ បៃដិន ពុំសម្លឹងឃើញក្តីសង្ឃឹម ថានឹងចូលរួមជួយដោះស្រាយទៅ​ បានជោគជ័យ​នោះ​ទេ ព្រោះថា​មេដឹកនាំទាំងសងខាង ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល គឺគ្មាននរណាម្នាក់ហ៊ានសម្រេចចិត្ត​ទេ។ សម្រាប់ពេលនេះ រដ្ឋាភិបាលអាមេរិក គឺមានតែអូសទូកបណ្តោយទឹកសិន រងចាំទំរាំ​ស្ថានការណ៍ នឹង​ស្ងប់ស្ងាត់​វិញ​ដោយ​ខ្លួនឯង។

តែយ៉ាងណា យើងថារដ្ឋបាលលោកចូ បៃដិន មិនបាន​ធ្វើអ្វីសោះ ក៏វាមិនត្រូវទាំងស្រុងដែរ។ មួយរយៈចុងក្រោយនេះ លោកអង់តូនី ប្លីងកិន រដ្ឋមន្ត្រី​ការបរទេសអាមេរិក និង លោក ជែក ស៊ូលីវ៉ាន់ ទីប្រឹក្សាសន្តិសុខជាតិអាេមរិក បាន​ទាក់ទងទៅខាងក្រុមប្រទេសអារ៉ាប់មួយចំនួន ដូចជាហ្សកដានី អេហ្ស៊ីប និងកាតាជាដើម ដើម្បីវែកផ្លូវរកច្រកចូល ឈានទៅបើកការចរចា។ លោកអង់តូនី ប្លីងកិន អះអាងថារដ្ឋបាល​លោកចូបៃដិន មានជំហរគាំទ្រ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ឯករាជ្យពេញសិទ្ធិ តែសម្រាប់ពេលនេះ គឺវាមិនទាន់អាចទៅរួចទេ ដោយ​សារតែភាគីទាំង២ អ៊ីស្រាអែល​ ប៉ាឡេស្ទីន មិនអាច​មើលមុខគ្នាបាននៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI