ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើអាចមានដំណោះស្រាយការទូតនៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនពេលនេះដែរ ឬទេ?

សំឡេង ០៧:០២
ភ្លើង​ឆេះនៅ​ក្នុង​តំបន់ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីនដោយ​ការ​វាយបក​ពី​អ៊ីស្រាអែល​ទល់​នឹង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន។
ភ្លើង​ឆេះនៅ​ក្នុង​តំបន់ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីនដោយ​ការ​វាយបក​ពី​អ៊ីស្រាអែល​ទល់​នឹង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន។ AFP - SAID KHATIB

សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​បាន​ឆ្លង​ចូល​ថ្ងៃទី៤ នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា។ ប្រឈម​នឹង​ព្រឹត្តិការណ៍​ក្តៅ​គគុក​មួយ​នេះ ក្រុម​ប្រឹក្សាសន្តិសុខ​គ្រោង​បើក​កិច្ចប្រជុំ​ជា​ថ្មី​ដែល​ជា​លើក​ទី៣ នៅ​ថ្ងៃ​សុក្រ ទី១៥ ឧសភា បន្ទាប់​ពី​មិន​អាច​ចេញ​សេចក្តីថ្លែងការ​បាន​នា​កិច្ចប្រជុំ​ចំនួន ២លើក​ចុង​ក្រោយ។ តែ​គម្រោង​ប្រជុំ​លើកទី៣ ជា​ការ​ប្រជុំ​ចំហ​ជា​សាធារណៈ។ សហគមន៍​អន្តរជាតិ ពិសេស​អាមេរិក​បាន​ផ្តើម​យក​ចិត្ត​ទុកដាក់​បន្ថែម​ដោយ​បាន​ប្រកាស​ពី​ការ​បញ្ជូន​អនុរដ្ឋមន្រ្តី​ការបរទេស​លោក​ហាឌី អាម​ទៅ​កាន់​តំបន់​ដើមបូព៌ា​ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​តានតឹង។

ផ្សាយពាណិជ្ជកម្ម

ស្ថានការណ៍​កំពុង​បន្ត​តានតឹង​ខ្លាំង​ដល់​កំពូល​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាសប៉ាឡេស្ទីន។ រូបភាព​ដែល​គេ​កំពុង​បន្ត​​មើល​ឃើញ​នៅ​លើ​អាកាស​រវាង​ដែនដី​អ៊ីស្រាអែល និង​តំបន់​ហ្កាហ្សា​ដែល​ជា​ដែនដី​ប៉ាឡេស្ទីន​គ្រប់គ្រង​ដោយ​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន គឺ​គ្រាប់រ៉ូកែត​របស់​ក្រុម​ហាម៉ាស​បាញ់​ទៅ​លើ​ទឹកដី​អ៊ីស្រាអែល និង​គ្រាប់​មីស៊ីល​របស់​កម្លាំងទ័ព​អាកាស​អ៊ីស្រាអែល​បាញ់​ទៅ​លើ​តំបន់​ហ្កាហ្សា។ ចំណែក​រូបភាព​ថ្មី​មួយ​ទៀត​ដែល​គេ​បាន​ឃើញ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា គឺ​អ៊ីស្រាអែល​បាន​ពង្រាយ​កម្លាំង​ទ័ពជើង​គោក​ជា​ច្រើន​ពាន់​នាក់​នៅ​តាម​ខ្សែ​ព្រំដែន​រវាង​អ៊ីស្រាអែល និង​តំបន់​ហ្កាហ្សា។

អ្នក​នាំ​ពាក្យ​កងទ័ព​អ៊ីស្រាអែល​បាន​ថ្លែង​ថា ទីបញ្ជាការដ្ឋាន​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទី​នោះ ហើយ​មេបញ្ជាការ​កងទ័ព​បាន​ចុះ​ទៅ​ពិនិត្យ​ការ​ពង្រាយ​កងទ័ព​ផ្ទាល់​នៅ​ហ្នឹង​កន្លែង។ បើ​តាម​មើល​ទៅ ការ​ពង្រាយ​ទ័ពជើងគោក​របស់​អ៊ីស្រាអែល​នេះ​មិនមែន​ដើម្បី​កំញើញ​ពួក​ហាម៉ាស​ប៉ាឡេស្ទីន​ទេ តែ​ជា​ការ​ត្រៀម​អន្តរាគមន៍​ផ្លូវគោក​ចូល​តំបន់​ហ្កាហ្សា​ដូច​ដែល​អ៊ីស្រាអែល​បាន​ធ្វើ​សង្រ្គាម​ទល់​នឹង​ពួក​ហាម៉ាស​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០០៩ និង​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១៤។ គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា មាន​គ្រាប់រ៉ូកែត​ជិត ១ ៥០០គ្រាប់​ត្រូវ​បាន​ពួក​ហាម៉ាស​បាញ់​សំដៅ​ទឹកដី​អ៊ីស្រាអែល និង​មាន​គ្រាប់កាំជ្រួច​ប្រមាណ​ជា ៦០០ដើម​ត្រូវ​បាន​អ៊ីស្រាអែល​វាយ​បក​លើ​ដែនដី​ហ្កាហ្សា​វិញ។

តួលេខ​ចុង​ក្រោយ​ផ្តល់​ដោយ​រដ្ឋអំណាច​សុខាភិបាល​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ឲ្យ​ដឹង​ថា មាន​ស្លាប់​យ៉ាង​ជាង​ ៨០នាក់​នៅ​ខាង​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា​ដែល​គ្រប់គ្រង​ដោយ​ចលនា​ហាម៉ាស និង​មាន​ស្លាប់ ៧នាក់​នៅ​ខាង​អ៊ីស្រាអែល។ នេះ​ដោយ​មិន​រាប់បញ្ចូល​ពី​អ្នក​របួស​ជា​ច្រើន​រយនាក់ និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ ពិសេស​នៅ​តំបន់​ហ្កាហ្សា​ដែល​មាន​អាគារ​ជា​ច្រើន​បាន​បាក់រលំ​ដោយ​គ្រាប់មីស៊ីល​អ៊ីស្រាអែល។

អ៊ីស្រាអែល​កំពុង​ប្រឈម​នឹង​សមរភូមិ​ពីរ

ខណៈ​ដែល​អ៊ីស្រាអែល​កំពុង​ប្រឈម​ទល់​នឹង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន អ៊ីស្រាអែល​កំពុង​ឈឺ​ក្បាល​នឹង​អំពើហិង្សា​ផ្ទៃក្នុង​រវាង​ក្រុម​ជនជាតិ​ជ្វីហ្វ​ជ្រុលនិយម និង​ក្រុម​ជនជាតិ​ប៉ាឡេស្ទីន​ដែល​មាន​សញ្ជាតិ​អ៊ីស្រាអែល។

រូបភាព​មួយ​នេះ​ត្រូវ​បាន​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ទទួល​ស្គាល់​ខ្លួន​ឯង​ថា អ៊ីស្រាអែល​កំពុង​ប្រឈម​មុខ​នឹង​សមរភូមិ​ពីរ នៅ​ម្ខាង គឺ​ទប់ទល់​នឹង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន​ពី​ខាង​ក្រៅ និង​នៅ​ម្ខាង​ទៀត គឺ​រំងាប់​អំពើហិង្សា​រវាង​ពួក​ជ្វីហ្វ​ជ្រុលនិយម និង​ពួក​អារ៉ាប់ ពិសេស​ពួក​ប៉ាឡេស្ទីន​ដែល​ទទួល​បាន​សញ្ជាតិ​អ៊ីស្រាអែល។

ទីក្រុង​អ៊ីស្រាអែល​ដែល​កំពុង​គ្របដណ្តប់​ដោយ​អំពើហិង្សា​នេះ​មាន​ដូច​ជា​ទីក្រុង​ឡូដ អាក្រេ និង​ហាយហ្វា។ រហូត​មក​ដល់​ពេល​នេះ ពួក​ជ្វីហ្វ​កណ្តាលនិយម ឬ​ជ្រុលនិយម​បាន​រស់នៅ​ដោយ​សុខស្រួល​ជាមួយ​ពួក​អារ៉ាប់​ដែល​ទទួល​បាន​សញ្ជាតិ​អ៊ីស្រាអែល។ រូបភាព​នៃ​អំពើហិង្សា​រវាង​ពលរដ្ឋ​អ៊ីស្រាអែល​ទាំង​ពីរ​ដែល​កំពុង​ចាក់​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​ព័ត៌មានជាតិ​អ៊ីស្រាអែល និង​អន្តរជាតិ គឺ​ការ​វាយ​លើ​បុរស​ម្នាក់​ដែល​ចេញ​ពី​ក្នុង​ឡាន​រហូត​ដល់​សន្លប់​បាត់​ស្មារតី។ បុរស​រូប​នោះ​ត្រូវ​បាន​ក្រុម​បាតុករ​ជ្វីហ្វ​ជ្រុលនិយម​ចាត់​ទុក​ជា​ពួក​អារ៉ាប់។ បន្ទាប់​មក អំពើ​ហិង្សា​ក៏​បាន​ផ្ទុះ​ជា​បន្ត​បន្ទាប់​នៅ​តាម​ទីក្រុង​ដែល​រួមរស់​ដោយ​ជនជាតិ​ជ្វីហ្វ និង​ពួក​អារ៉ាប់​អ៊ីស្រាអែល។

ប្រឈម​នឹង​ព្រឹត្តិការណ៍​ថ្មី​មួយ​នេះ រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែល​លោក​បេននី ហ្កង់​បាន​បញ្ជា​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា​ពី​ការ​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ទីក្រុង​ទាំង​អស់​នោះ​ដោយ​លោក​យល់​ចាត់​ទុក​ជា​រឿង​បន្ទាន់​ដែល​មិន​អាច​មើល​ស្រាល​បាន​ទេ។ ចំណែក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​បញ្ជាក់​ថា អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង​អ៊ីស្រអែល​ទាំង​នោះ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ឡើយ។ តាម​លោក​នេតាន់យ៉ាហ៊ូ គ្មាន​អ្វី​ដែល​បញ្ជាក់​ពី​ការ​ធ្វើ​បាប​លើ​ពួក​អារ៉ាប់​ដោយ​ពួក​ជ្វីហ្វ​បាន​ទេ ហើយ​ក៏​គ្មាន​អ្វី​ដែល​បញ្ជាក់​ពី​ការ​ធ្វើ​បាប​លើ​ពួក​ជ្វីហ្វ​ដោយ​ពួក​អារ៉ាប់​បាន​ដែរ។ អំពើហិង្សា​ផ្ទៃក្នុង​មួយ​នេះ​ជា​រឿង​ដែល​លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ វា​អាច​ឈាន​ទៅ​ផ្ទុះ​សង្រ្គាមស៊ីល។

អាមេរិក​បាន​បញ្ជូន​អនុរដ្ឋមន្រ្តី​ការបរទេស​ទៅ​កាន់​តំបន់​ដើមបូព៌ា

ខណៈ​នេះ គេ​នៅ​មិន​ទាន់​អាច​និយាយ​ពី​ដំណោះស្រាយ​ការទូត​មួយ​បាន​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ព្រឹត្តិការណ៍​ច្រំដែល​មួយ​នេះ​បាន និង​កំពុង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ​ជា​ពន់ពេក​ដោយ​បាន​លូកដៃ​កាន់​តែ​ខ្លាំង​ដើម្បី​ជួយ​ដោះស្រាយ ពិសេស​ពី​ភាគី​អាមេរិក​ដែល​គេ​ស្គាល់​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិន​លេច​របស់​អ៊ីស្រាអែល។ នៅ​ថ្ងៃ​ពុធ ទី១២ ឧសភា ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​ទូរស័ព្ទ​និយាយ​ជា​មួយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ។ នៅ​ក្នុង​កិច្ចសន្ទនា លោក​បៃដិន​បាន​ប្រាប់​លោក​នេតាន់យ៉ាហ៊ូ​ថា ការ​រង់ចាំ និង​ការ​សង្ឃឹម​របស់​លោក គឺ​ចង់​ឃើញ​ការ​បិទបញ្ចប់​ជម្លោះ​មួយ​នេះ​ឲ្យ​បាន​ឆាប់ តែ​លោក​បៃដិន​ក៏​បាន​បញ្ជាក់​ដែរ​ថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន។

ចំណែក​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​ទូរស័ព្ទ​និយាយ​ជាមួយ​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាម៉ូដ អាបាស់។ នៅ​ក្នុង​កិច្ចសន្ទនា លោក​ប៊្លីនកិន​បាន​ចូលរួម​សម្តែង​ទុក្ខ​ចំពោះ​ការ​បាត់បង់​ជីវិត​ប៉ាឡេស្ទីន និង​គូសបញ្ជាក់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​កាត់បន្ថយ​ភាព​តានតឹង។ គួរ​បញ្ជាក់​ថា ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ត្រូវ​បាន​អាមេរិក​ចាត់​ទុក​ជា​ចលនា​ភេរវនិយម។ ទន្ទឹម​គ្នា​នេះ អាមេរិក​បាន​ប្រកាស​ក្នុង​ថ្ងៃ​ពុធ ទី១២ ឧសភា​ពី​ការ​បញ្ជូន​អនុរដ្ឋមន្រ្តី​ការបរទេស​លោក​ហាឌី អាម​ទៅ​កាន់​តំបន់​ដើមបូព៌ា​ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​តានតឹង។

ក្រៅ​ពី​អាមេរិក ក្រុម​ប្រឹក្សា​សន្តិសុខ​គ្រោង​កោះ​ប្រជុំ​បន្ទាន់​ជា​ថ្មី​នៅ​ថ្ងៃ​សុក្រ ទី១៤ ឧសភា​ដែល​លើក​នេះ​ជា​កិច្ចប្រជុំ​បើក​ចំហ​ជា​សាធារណៈ។ ចំណែក​ប្រទេស​អារ៉ាប់​មួយ​ចំនួន​មាន​អេហ្ស៊ីប និង​កាតា​កំពុង​សកម្ម​ដើម្បី​រៀបចំ​ឲ្យ​មាន​អ្នក​សម្របសម្រួល​មួយ​ឈាន​ទៅ​មាន​បទឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ហាម៉ាស់។ តែ​នៅ​ចំពោះ​មុខ​ពេល​នេះ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​ហាក់​ធ្វើ​មិន​ដឹង មិន​ឮ និង​សន្យា​បំបាក់​កម្លាំង​ចលនា​ហាម៉ាស​ឲ្យ​ដល់​ដី។ ចំណែក​ពួក​ហាម៉ាស​បាន​លើក​ឡើង​ពី​ការ​បន្ត​ប្រឈម​មុខ​ទល់​នឹង​អ៊ីស្រាអែល​ដោយ​គ្មាន​កំណត់​ពេល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI