ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្នក​វិទ្យាសាស្ត្រ​ទាមទារ​ឱ្យកំណត់​​​ស្តង់ដារសុវត្ថិភាព​ខ្យល់ក្នុង​ទី​បិទ​ជិតដើម្បី​ប្រឆាំង​នឹង​កូវីដ

សំឡេង ០៦:៤២
​ថ្នាក់រៀន​មួយ​ក្រុង​ប៊ន​ប្រទេសអាល្លឺម៉ង់ បើក​បង្អួច​ឱ្យ​ខ្យល់​ចេញ​ចូល​ដើម្បីកាត់បន្ថយ​ការចម្លងកូវីដ​១៩
​ថ្នាក់រៀន​មួយ​ក្រុង​ប៊ន​ប្រទេសអាល្លឺម៉ង់ បើក​បង្អួច​ឱ្យ​ខ្យល់​ចេញ​ចូល​ដើម្បីកាត់បន្ថយ​ការចម្លងកូវីដ​១៩ REUTERS/Wolfgang Rattay

អ្នក​វិទ្យាសាស្ត្រ​ជិត​៤០​នៅ​លើ​ពិភពលោក បាន​ចេញ​សេចក្តី​អំពាវនាវ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៣​ឧសភា ទាមទារ​ដាក់​ឱ្យ​មាន​​បទដ្ឋាន​សុវត្ថិភាព​ប្រព័ន្ធ​ខ្យល់​ក្នុង​អគារ។ ប្រព័ន្ធ​ខ្យល់​ក្នុងអគារមាន​ស្តង់ដារ​ខ្ពស់ ទើបអនាគត​ទៅ​ពិភពលោក​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​តាម​ផ្លូវ​ដង្ហើម​ ដូច​យ៉ាង​កូវីដ​១៩ ដែល​វីរុស​អាច​តោង​ចម្លង​តាម​ខ្យល់។ តើ​ប្រព័ន្ធ​ខ្យល់​មាន​តួនាទី​យ៉ាង​ណា​ក្នុង​ការ​ចម្លង​កូវីដ​១៩ ? តើ​អ្នកវិទ្យាសាស្ត្រ​ស្នើ​ឱ្យ​​មាន​បទដ្ឋាន​សុវត្ថិភាព​ខ្យល់​ យ៉ាង​ដូចម្តេច ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​តាម​ផ្លូវ​ដង្ហើម?

ផ្សាយពាណិជ្ជកម្ម

បើ​តាម​ក្រុមអ្នក​វិទ្យាសាស្ត្រ​ពិភពលោក​ទាំងជិត​​៤០​រូប​ ​ជា​ច្រើន​ទសវត្សរ៍ កន្លង​មកនេះ ស្ថាបត្យករ​ វិស្វករ សាង​សង់​អគារ ផ្ទះសម្បែង​ ឬ​សំណង់ផ្សេងៗ ដោយ​ផ្តុំ​ការ​គិត​គូរ​ខ្លាំង​ ធ្វើ​យ៉ាងណា​ឱ្យ​សំណង់​​មាន​​ផាសុកភាព​ ផ្នែក​កម្តៅ​សីតុណ្ហភាព​ គ្មាន​សំណើមគ្មានក្លិន​ ឬ​មិន​សូវ​ស្រូប​ថាមពលខ្លាំង ឬ​កុំ​ឱ្យ​មាន​បញ្ហា​ផ្សេងៗ​ទៀត ប៉ុន្តែ មិន​ដែល​បាន​គិត​ខ្វល់​ខ្វាយ​រឿង​ការពារ​មិន​ឱ្យ​មានការ​ចម្លង​មេរោគទេ។

ចំណែក​អង្គការ​សុខភាពពិភពលោកវិញ ក៏​ធ្លាប់​មាន​ចេញ​អនុសាសន៍ឱ្យ​លើកកម្ពស់​​គុណភាព​ខ្យល់​បរិយាកាស​ក្នុង​អគារ ក្នុង​ទី​បិទ​ដែរ តែ​សំដៅ​​លើ​ខ្យល់​ពុល មាន​សារធាតុ​គីមី និង​គ្មាន​សោះ​អនុសាសន៍​សម្រាប់​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ខ្យល់​ពុល​ មាន​បាក់តេរី និង​វីរុស ដែលអាច​ចូល​ទៅដល់​​ប្រព័ន្ធ​ផ្លូវដង្ហើម តាមការ​​ស្រូប​ដកដង្ហើម​​ចេញ​ចូល​ជា​រៀង​រាល់​ថ្ងៃ។

ខ្យល់មិន​ស្អាត​​មាន​មេរោគ ​ ពិបាក​ស្គាល់និង​កំណត់​ប្រភព តែ​អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព ព្រោះ​ការ​ដក​ដង្ហើម​ស្រូប​ខ្យល់មាន​ធាតុល្អិតឆ្មារៗ​ខ្លាំង​មើលមិនឃើញ​នឹងភ្នែក​ទទេ និងមាន​មេរោគ​/​វីរុស គឺជា​​វិធី​ចម្លង នៃ​​ជំងឺ​ផ្លូវ​​ដង្ហើម ជាច្រើន។

សព្វថ្ងៃនេះ ​វិធាន​ស្តី​ពី​គុណភាពខ្យល់​បរិយាកាស​ខាង​ក្នុងមាន​តែ​មួយ​គត់​ គឺ​សំណង់​នីមួយៗ​ត្រូវ​គិតគូរ​ដល់​ការ​​ប្តូរ​ផ្លាស់​ខ្យល់​ឱ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​កុំ​ឱ្យ​បរិមាណ​ឧស្ម័ន​កាបូនិក​CO2 បញ្ចេញ​ដោយ​មនុស្ស​នៅ​ក្នុង​ទីបិទ​នោះ ឡើង​ខ្ពស់​ពេក នាំ​ឱ្យ​ពុល។​

​បទដ្ឋាន​សុវត្ថិភាព​ខ្យល់បរិយាកាសក្នុង

សម្រាប់​ក្រុមអ្នក​វិទ្យាសាស្ត្រ មក​ដល់​សតវត្សរ៍​ទី ២១​​ទៅហើយ ពិភពលោក​គួរ​តែ​មានបទដ្ឋាន​សុវត្ថភាពខ្យល់​បរិយាកាស​ខាង​ក្នុងស្អាត ដូច​មាន​ទឹក​ស្អាត​ប្រើប្រាស់​ ហូរ​ចេញ​ពី​រ៉ូប៊ីណេរ។ ថ្វី​បើ​រដ្ឋាភិបាល​ប្រទេសនីមួយៗ​ អាច​គ្រប់គ្រង​និង​មាន​បទ​ដ្ឋាន​សុវត្ថិភាព​ចំណី​អាហារ និង​ទឹក​ តាមរយៈ​ការធ្វើ​តេស្ត វិភាគ​ ​ត្រួត​ពិនិត្យ និង​​ច្បាប់​ស្តី​អំពី​ទឹក​ស្អុយ តែ​គ្មាន​ទេ​ ច្បាប់​ការ​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​បរិយាកាស​ កំរិត​ភ្នាក់ងារ​ចម្លង​តាម​ខ្យល់។

​ក្នុង​ស្ថានភាពជាក់ស្តែង គ្មានអ្វី​គួរ​ឱ្យ​លំបាក​ហួសហេតុ​ធ្វើ​មិន​កើត​ទេ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ថា គេ​អាច​ចម្រោះ​បន្សុទ្ធ​ខ្យល់​ ដោយ​បញ្ចូល​ប្រដាប់​ច្រោះ​ ក្នុង​ប្រព័ន្ធ​ម៉ាស៊ីន​កម្តៅ ម៉ាស៊ីន​បង្វិល​ខ្យល់​ កង្ហារ និង​ម៉ាស៊ីន​ត្រជាក់ ឬ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​តាម​ផ្ទះ។ គេ​អាចសម្លាប់​មេរោគ​ក្នុងខ្យល់ ដោយ​ដាក់​ប្រព័ន្ធ​កាំរស្មី​អុលត្រាវីយូឡេ ​ក៏​បាន។

បើ​តាម​ក្រុម​អ្នក​វិទ្យាសាស្រ្ត គួរ​មាន​បណ្ណ​បញ្ជាក់​អំពី​ការសម្អាត​ខ្យល់ ដើម្បី​លើក​ទឹក​ចិត្ត​ និង​ផ្តល់​ព័ត៌មាន​ស្តី​អំពី​គុណភាព​ខ្យល់​បរិយាកាស​ ដើម្បី​ដាស់​ស្មារតី​មនុស្ស​គ្រប់​គ្នា។ ចំណែក​បទ​ដ្ឋាន​សុវត្ថិភាពខ្យល់​ ត្រូវ​ប្រែប្រួល​ទៅ​តាម​ទីកន្លែង​ និង​ខុស​គ្នា​ពី​កន្លែង​មួយ​ទៅ កន្លែង​មួយ​ និង​ទៅ​តាម​សន្ធឹក​នៃ​ការ​ប្រើប្រាស់​ទីកន្លែងនោះ ថា​មានមនុស្ស​ច្រើន​​ឬ​តិច​ប៉ុណ្ណា និង​ដើម្បី​សកម្មភាព​អ្វី។

រៀប​ចំ​ឱ្យ​មាន​បទ​ដ្ឋាន​សុវត្ថិភាព​ខ្យល់បរិយាកាស បាន​ន័យ​ថាត្រូវ​​ចំណាយថវិកាបន្ថែម ប៉ុន្តែ​មិន​មែន​ជា​ចំនួន​ច្រើន​ទេ បើ​ប្រៀប​ទៅ​នឹងផលវិបាកបង្ក​ឡើង​​ជំងឺឆ្លង ឬ​ជំងឺ​​រាតត្បាត។ ​សំណង់​ថ្មីៗ​មាន​បន្ថែម​ស្តង់​ដារសុវត្ថិភាព​ខ្យល់​បរិយាកាស​សម្លាប់​មេរោគ ត្រូវ​​ចំណាយ​បន្ថែម​តែ​១%​ប៉ុណ្ណោះ ពី​លើ​តម្លៃ​សំណង់​ដើម។ នេះ​​បើ​តាមអ្នក​វិទ្យាសាស្ត្រ​​ដដែល។

ប្រព័ន្ធបង្វិល​​ខ្យល់​កាត់​បន្ថយ​​ការ​ចម្លង​កូវីដ​១៩ ?

រហូត​មក​ទល់​ថ្ងៃ​នេះ គេ​នៅ​មិន​ទាន់​មាន​ភស្តុតាង​ជាក់ស្តែង​ថា​ កូវីដ​អាច​ចម្លង​តាម​ខ្យល់​ ដោយ​សារ​មេរោគ​តោង​ហើរ​ ទៅ​ឆ្ងាយ​ ជាច្រើន​ម៉ែត្រ និង​ជា​ច្រើន​ម៉ោង​ ដូច​មេរោគ​បង្ក​ជំងឺ​កញ្ចិល ឬ​របេង​ ​នៅ​ឡើយ​ទេ។ ប៉ុន្តែសេចក្តីអំពាវនាវ​របស់ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​ចេញ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ម្សិលមិញ​នេះ បាន​​មក​ពង្រឹង​​សម្មតិកម្ម​ ដែល​ថា​មេរោគ Sras -CoV2 ភ្នាក់ងារ​បង្ក​ជំងឺ​កូវីដ​១៩ តោង​នៅក្នុង​ខ្យល់។

មេរោគ​នៃ​ជំងឺ​កូវីដ​ អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ​ ការជួប​​នៅ​​ជិត​គ្នា​តិច​ជាង​​២ម៉ែត្រ រយៈ​ពេលយូរ​​លើស​ពី​១៥​នាទី ដោយ​សារ​ចំហាយ​ទឹក​មាត់​ដង្ហើម​​ខ្ទាត​ត្រូវ ឬ​សល់​តោង​នៅ​ក្នុង​ខ្យល់​។ ហើយ​បើ​នៅក្នុង​ទី​បិទ​ជិត កន្លែង​តូច​ចង្អៀត ថប់​ខ្លាំង មាន​មនុស្ស​ច្រើន មាន​ប្រព័ន្ធ​បង្វិល​ខ្យល់​​មិន​សូវ​ល្អ នោះ​ការរក្សា​គម្លាត​​ពីរ​ម៉ែត្រ​ពី​គ្នា​មិន​គ្រប់​គ្រាន់ទេ។ មេរោគ​អាច​ចម្លងបាន​ឆ្ងាយជាង រាប់​ម៉ែត្រ។

ហេតុ​ដូច្នេះហើយ​បាន​ជា​សម្រាប់​អ្នកវិទ្យាសាស្ត្រ ការមាន​​ការ​គិត​គូរ​មើល​ប្រព័ន្ធ​បង្វិល​ខ្យល់​ក្នុង​ទី​កន្លែង​បិទ ថប់ ឬអគារ ត្រូវ​តែក្លាយ​ទៅ​ជា​វិធានការ​ការពារការ​ចម្លង​កូវីដ ដូច​ការ​ការពារ​ដោយ​លាង​ដៃ រក្សា​គម្លាត  ពាក់ម៉ាស និងការកាត់​បន្ថយ​ការ​ជួប​ជុំ និង​ការ​សម្អាត សម្លាប់​មេរោគ បរិស្ថាន​ជុំវិញ​ខ្លួន​។

បើ​មិន​ទាន់​អាច​គោរព​តាម​បទដ្ឋាន​ដែល​អ្នក​វិទ្យាសាស្ត្រ​លើក​ឡើង គឺ​ស្តី​ពី​ការ​ចម្រោះសម្អាត​ខ្យល់ គេ​ក៏​អាច​ប្រើ​​យន្តការ​បង្វិលប្តូរ​ផ្លាស់​ខ្យល់​ យ៉ាង​សាមញ្ញដែល​អាច​ត្រឹម​មាន​ម៉ាស៊ីនស្រូប​ខ្យល់​ចាស់​ចេញ​បញ្ចូលខ្យល់​ថ្មី​ចូល ឬ​ការបើកទ្វារ​បើកបង្អួច ប្តូរ​ផ្លាស់​ខ្យល់ ក្នុង​​​ផ្ទះ ឬ​​ក្នុង​បន្ទប់ ក្នុង​ការិយាល័យ​ធ្វើ​ការ ឱ្យ​បាន​១០​ទៅ​១៥​នាទី និង​យ៉ាង​ហោច​ពីរបីដងក្នុង​មួយ​ថ្ងៃ។ ប្រព័ន្ធ​​​ចម្រោះ​សម្លាប់​មេរោគក្នុង ឬ​ប្រព័ន្ធ​​បង្វិល​ខ្យល់​ ដោយ​ដាក់​ទិស​បាន​ត្រឹមត្រូវ​អាច​កាត់​បន្ថយ​ការចម្លង​មេរោគក្នុង​បរិយាកាស​បិទ​ជិត ដោយ​វា​អាច​ធាក់​ខ្យល់​ពុល​មាន​មេរោគ​ចេញ​ទៅ​ក្រៅ ឬ​ធ្វើ​ឱ្យ​​កំហាប់​មេរោគ​ចុះ​ថយ​ជាង​មុន។ ចំណែក​ម៉ាស៊ីន​ចម្រោះ​ឬបង្វិល​ខ្យល់​​តាមផ្ទះ ថ្វី​បើ​ពុំមាន​ប្រសិទ្ធភាព​ដូច​ការ​អះអាង​របស់​អ្នក​ផលិត​ មែន​ តែក៏​អាច​ជួយធ្វើ​ឱ្យ​ខ្យល់​បរិយាកាស​ខាង​ក្នុង​បាន​ប្រសើរ​បន្តិច​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI