ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រៅពីហ្កាហ្សា សង្រ្គាម​ប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និង​ប៉ាឡេស្ទីន ចាប់​រាលដាល​ផ្ទុះ​ដូចលាជ

សំឡេង ០៩:៥៤
ផ្ទះសម្បែងនៅតំបន់ហ្កាហ្សា គ្រប់គ្រង​ដោយ​ក្រុមហាម៉ាសប៉ាឡេស្ទីន រងការវាយប្រហារ​ផ្លូវអាកាស​ពីខាងកងទ័ពអ៊ីស្រាអែល នៅថ្ងៃទី ១៤​ឧសភា ២០២១
ផ្ទះសម្បែងនៅតំបន់ហ្កាហ្សា គ្រប់គ្រង​ដោយ​ក្រុមហាម៉ាសប៉ាឡេស្ទីន រងការវាយប្រហារ​ផ្លូវអាកាស​ពីខាងកងទ័ពអ៊ីស្រាអែល នៅថ្ងៃទី ១៤​ឧសភា ២០២១ AFP - MAHMUD HAMS

សង្រ្គាម​វាយប្រហារ​គ្នា ដ៏ក្តៅ​គគុក ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន បាន​ឈាន ចូល​ដល់ថ្ងៃទី ៦ ដោយ​ភាគី​ទាំងពីរ គ្មានបង្ហាញ​ចេតនា​ចង់​ឈប់​ត្រឹមហ្នឹង​នោះទេ។ ដោយ​វាយប្រហារ​យ៉ាងចាស់ដៃ ដែល​បាន​ សម្លាប់​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ប្រមាណ ១៣២នាក់ នៅ​តំបន់ហ្កាហ្សា គិត​ចាប់តាំង​ពីថ្ងៃចន្ទ ដើម​សប្តាហ៍នេះ អ៊ីស្រាអែល​កំពុង​រង​វាយបក​ពី​គ្រប់ សមរភូមិ មិនថា នៅក្នុង និង​ក្រៅប្រទេស។ នៅក្នុង​ទំនាក់ទំនង​ការបរទេស ឯណោះវិញ អ៊ីស្រាអែល កំពុង​រងការរិះគន់ និងការគាំទ្រ ពី​ប្រទេស​សម្ព័ន្ធមិត្ត។

ផ្សាយពាណិជ្ជកម្ម

ទោះបី មានការអំពាវនាវ​ពីសហគមន៍​អន្តរជាតិ ភាគី ជម្លោះទាំងពីរ គឺ​កងទ័ព​អ៊ីស្រាអែល និង​ក្រុមហាម៉ាស ប៉ាឡេស្ទីន នៅព្រម ឈប់ វាយប្រហារ​គ្នានោះទេ។ នៅយប់​ថ្ងៃសុក្រ ឈាន​ចូល​ដល់​ថ្ងៃ​សៅរ៍នេះ កងទ័ពអាកាស​អ៊ីស្រាអែល នៅតែ បន្ត​វាយប្រហារ​ទៅ​លើ​ទឹកដី​ហ្កាហ្សា ចំណែក ក្រុមហាម៉ាស ប៉ាឡេស្ទីន នៅតែ​បន្ត​បាញ់រ៉ុកកែត ចូលទឹកដី​អ៊ីស្រាអែល។

នៅថ្ងៃ​សុក្រ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក​បិនចាមីន នេតាន់យ៉ាហ៊ូ បាន​ព្រមាន​រួចហើយថា កងទ័ព​អ៊ីស្រាអែល នឹង​បន្ត​វាយប្រហារ​សងសឹក ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែលនៅបន្ត​បាញ់​រ៉ុកកែត ផ្លោង​ចូលទឹកដី​អ៊ីស្រាអែល។ នៅ​មួយថ្ងៃ​មុន​ទស្សនកិច្ច របស់​ប្រេសិត​អាមេរិក សម្រាប់​កិច្ចការ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល នៅ​ទឹកដី​ស៊ីហ្សកដានី និងប្រទេស​អ៊ីស្រាអែល ​ ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជាក់ដែរថា អ៊ីស្រាអែល​នៅមិនទាន់​ឈប់ វាយប្រហារ​ទៅលើ​ទឹកដី​ហ្កាហ្សា ប៉ាឡេស្ទីន នោះទេ។ នៅថ្ងៃ​សៅរ៍​ទី ១៥ ឧសភាប្រេសិត​អាមេរិក លោក Hady Amr ត្រូវ​ជួប ថ្នាក់ដឹកនាំ​អ៊ីស្រាអែល នៅ​ហ្សេរុយសាឡឹម​ខាងកើត និង​ត្រូវ​ជួប​មេដឹកនាំ​ប៉ាឡេស្ទីន នៅ ស៊ីហ្សកដានី ដើម្បី ជំរុញ​ឲ្យភាគីទាំងពីរ ឈប់ប្រយុទ្ធ និង​បង្កើត “ភាពស្ងប់ស្ងាត់​ជាដរាបរៀងទៅ”។ នេះបើតាម​Jalina Porter អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក។

គិត​ចាប់តាំង​ពី​មាន​ការបាញ់ ផ្លោងដាក់គ្នា រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅថ្ងៃ​ចន្ទ ដើម​សប្តាហ៍នេះ ក្រុមជួយ​ជួយសង្រ្គោះ ប៉ាឡេស្ទីន​បាន​រាប់ឃើញ​មាន​មនុស្ស​ស្លាប់ យ៉ាងតិច ១៣០នាក់ និង​មនុស្ស​របួស ជាង ៩០០នាក់ នៅ​ក្នុង​ទឹកដី​ហ្កាហ្សា​ប៉ាឡេស្ទីន។ ជនរងគ្រោះ​ប៉ាឡេស្ទីន​ដែល​ស្លាប់​ក្នុងការវាយប្រហារ របស់​អ៊ីស្រាអែល ភាគច្រើន​ជាស្រ្តី និង​កុមារ។ ជាក់ស្តែង ការវាយប្រហារ​របស់​អ៊ីស្រាអែល ទៅលើ​ទឹកដី​ហ្កាហ្សា នៅ​យប់​ថ្ងៃ​សុក្រ​ ឈាន ចូល​ដល់​ថ្ងៃ សៅរ៍នេះ បាន​សម្លាប់ មួយគ្រួសារ​ប៉ាឡេស្ទីន មាន​សមាជិក១០នាក់ ដែលនៅក្នុង​នោះ មាន ៨នាក់​ជា​កុមារ។

នៅ​ខាង​ភាគី​អ៊ីស្រាអែលឯណោះវិញ កងទ័ព​អ៊ីស្រាអែល បាននិយាយ​ថា ចាប់តាំង​ពីថ្ងៃ ចន្ទ មាន​រ៉ុកកែត ជាង ២គ្រាប់ បាន​បាញ់​ចេញ​ពីទឹកដី​ហ្កាហ្សា សំដៅ ទឹកដី​អ៊ីស្រាអែល ដែល​បាន​សម្លាប់​ប្រជាជន​អ៊ីស្រាអែល ៩នាក់ និង​របួស ជាង ៥៦០នាក់។

អ៊ីស្រាអែល មាន​ជនរងគ្រោះ​តិច បើប្រៀបធៀប​នឹង​ប៉ាឡេស្ទីន ព្រោះថា អ៊ីស្រាអែល មាន​ប្រព័ន្ធ​ខែលមីស៊ីល ដែលមាន​សមត្ថភាព​ចាប់បាញ់ស្ទាក់ គ្រាប់រ៉ុកកែត ដែល​ក្រុមហាម៉ាស បាឡេស្ទីន បាញ់​ចេញ​ពីទឹកដី​ហ្កាហ្សា។ ចំណែក ហ្កាហ្សា វិញ ដែលគ្មានប្រព័ន្ធ​ការពារ ដែនអាកាស​អ្វីសោះនោះ គឺត្រូវ​រង​ខ្ទេចខ្ទាំ ស្លាប់ជីវិត​មនុស្ស ច្រើនបំផុត ដោយសារ ការវាយប្រហារ យ៉ាងសន្ធឹក​ពីខាង​កងទ័ព​អ៊ីស្រាអែល។ តាម​កងទ័ព​អ៊ីស្រាអែល គេ​បាន​បាញ់សំដៅ ទីតាំង ​របស់​ក្រុមហាម៉ាស ប៉ាឡេស្ទីន ប្រមាណ ៨០០​កន្លែង ដែល នៅក្នុងនោះ​មានតែ បណ្តាញ​រូងក្រោមដី និង​ទីតាំង បញ្ជាការដ្ឋាន​របស់​ក្រុមហាម៉ាស ក្នុងទឹកដី​ហ្កាហ្សា។

អ៊ីស្រាអែល រង​ការវាយប្រហារ​ពី​គ្រប់ច្រក

ការវាយប្រហារ យ៉ាងចាស់ដៃ​របស់កងទ័ពអ៊ីស្រាអែល ទៅលើ​តំបន់ហ្កាហ្សា នៅប៉ុន្មានថ្ងៃ នេះ បាន​ទៅដុតកំហឹង របស់​ប្រជាជន​ប៉ាឡេស្ទីន និង​អ្នកគាំទ្រ បុព្វហេតុ របស់​ប្រជាជន​ប៉ាឡេស្ទីន ទាំងនៅ​ក្នុង និងក្រៅ ទឹកដី ដែល​អ៊ីស្រាអែល កាន់កាប់។

គេ​អាច​និយាយ​បានថា ក្រៅតែ​ពីកំពុងជាប់ដៃ ប្រយុទ្ធ វាយប្រហារ​ទៅលើ​ក្រុមហាម៉ាស ប៉ាឡេស្ទីន នៅ​ទឹកដី​ហ្កាហ្សា​ប៉ាឡេស្ទីន អ៊ីស្រាអែល ត្រូវ​ប្រឈម​នឹង​កុបកម្ម​ហិង្សា ដ៏ពុះកញ្រ្ជោល របស់​ប្រជាជន​ប៉ាឡេស្ទីន នៅក្នុង​ទឹកដី ស៊ីហ្សកដានី និង ហ្សេរុយសាឡឹម ខាងកើត ដែល​អ៊ីស្រាអែល​កំពុង​កាន់កាប់ មួយទៀត។ នៅ​ហ្សេរុយសាឡឹម ខាងកើត ជាទី​ដែល​កើតមាន ការប៉ះទង្គិច ដ៏ហិង្សា រវាង​អ្នកកាន់សាសនា​អ៊ីស្លាម និង​ទាហាន​អ៊ីស្រាអែល កាលពី​ប៉ុន្មាន​ថ្ងៃមុននោះ កងកម្លាំង​អ៊ីស្រាអែល ត្រូវ​ជាប់ដៃ រវល់ ទប់ទល់នឹង​ក្រុមបាតុករ​អ៊ីស្រាអែល ដែល មួយក្រុម​កាន់សាសនា​អ៊ីស្លាម ហើយនិង​មួយក្រុមទៀត ជា​ក្រុមស្តាំនិយមជ្រុល ​កាន់សាសនា​ជ្វីហ្វ។ ថ្វីត្បិតថា ពីរ​ក្រុមនេះ ជា​ជនជាតិ​អ៊ីស្រាអែល​តែមួយ ប៉ុន្តែ ពួកគេ​មិនត្រូវគ្នា​នោះទេ ព្រោះ ប្រជាជន​អ៊ីស្រាអែល កាន់សាសនា​អ៊ីស្លាម ភាគច្រើន ជា​ប្រជាជន​ប៉ាឡេស្ទីន រស់នៅក្នុង​ទឹកដី ហ្សេរុយសាឡឹម ខាងកើត ដែល​អ៊ីស្រាអែល​បាន​រំលោភឈ្លានពាន យកមកកាន់កាប់ ដោយ​ខុសច្បាប់​អន្តរជាតិ តាំង​ពី​សង្រ្គាម អ៊ីស្រាអែល នៅ​ឆ្នាំ ១៩៦៧។

ក្រៅពី​កុបកម្ម​នៅហ្សេរុយសាឡឹមខាងកើត ទាហាន​អ៊ីស្រាអែល​ត្រូវ​ឈឺក្បាល ទប់ទល់​នឹង​កុបកម្ម​ហិង្សា​មួយទៀត នៅ​ទឹកដី ស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល ​ឈ្លានពាន យកមកកាន់កាប់​សម្រាប់​បង្កើត​តំបន់​អាណានិគមកិច្ច។ នៅ​ស៊ីហ្សកដានីនេះ ការបាញ់បង្រ្កាប​របស់​ទាហាន​អ៊ីស្រាអែល ទៅលើ​កុបករ​ប៉ាឡេស្ទីន ដែល​មានតែ​ដុំថ្ម​ក្នុងដៃ បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន ១១នាក់។

ក្រៅពី​រងការវាយប្រហារ​ពីរ៉ុកកែត បាញ់​ចេញ តំបន់​ហ្កាហ្សា ប្រឈម​នឹង​កុបកម្ម​ក្នុងទឹកដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល កំពុង​គ្រប់គ្រង កាន់កាប់ អ៊ីស្រាអែល​ត្រូវ​ប្រឈម​ផងដែរ នឹង​បាតុកម្ម ហិង្សា​គប់ដុំថ្ម របស់​បាតុករ លីបង់ ដែលគាំទ្រ ប្រជាជន​ប៉ាឡេស្ទីន នៅ​ក្បែរ ព្រំប្រទល់ អ៊ីស្រាអែល លីបង់។ នៅថ្ងៃ​សៅរ៍នេះ កងទ័ព​អ៊ីស្រាអែល​បានបញ្ជាក់ផងដែរថា មានការបាញ់​ប្រហារ​រ៉ុកកែត ពីខាង​ទឹកដី​ស៊ីរី ចូល ខ្ពង់រាប Golan ដែល​ស្ថិតនៅ​ជាប់ព្រំដែន ស៊ីរី អ៊ីស្រាអែល។

ប្រទេស​អារ៉ាប់​ដែល​បាន​ចងសម្ព័ន្ធភាព​ធម្មតា​ឡើងវិញ ជាមួយ​អ៊ីស្រាអែល កាលពី​ឆ្នាំមុន បាន​ចេញមុខ​រិះគន់​អំពើហិង្សា​របស់អ៊ីស្រាអែល

នៅ​រាល់​មានការរំលោភបំពាន អំពើហិង្សា​របស់អ៊ីស្រាអែល ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន ប្រទេស​អារ៉ាប់ តែងតែ​ចេញមុខ​ថ្កោលទោស អ៊ីស្រាអែល។ ប៉ុន្តែ នៅក្រោយ ប្រទេស​អារ៉ាប់​មួយចំនួន ដូចជា អេមីរ៉ាត អារ៉ាប់រួម ប៉ារែន ម៉ារ៉ុក និង ស៊ូដង់ បាន​ងាក​ទៅ​ចងសម្ព័ន្ធមេត្រី ចុះកិច្ចព្រមព្រៀង បង្កើត​ទំនាក់ទំនង ធម្មតា​ឡើងវិញ ជាមួយ រដ្ឋ​ជ្វីហ្វ អ៊ីស្រាអែល គេ​ធ្លាប់​សង្ស័យថា ប្រទេស​អារ៉ាប់​ទាំងនោះ លែងការពារ​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន​ទៀតហើយ។

ស្ថានភាពពិតជាក់ស្តែង លើកនេះ បាន​ធ្វើ​ឲ្យ​គេ​យល់ច្បាស់ថា ប្រទេស​អារ៉ាប់ ​កាន់សាសនា​អ៊ីស្លាម ដែល​សំដែង សាមគ្គីភាព រហូតមក​ជាមួយ​ប្រជាជន​ប៉ាឡេស្ទីន នៅ​តែ​មិនអាច បោះបង់ចោល​ប្រជាជន​ប៉ាឡេស្ទីននោះទេ នោះបើទោះបី​ជា​ពួកគេ​បាន​ចុះកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីជាមួយ អ៊ីស្រាអែល។ ការវាយប្រហារ​ហិង្សា របស់អ៊ីស្រាអែល​ ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន លើកនេះ បានធ្វើ​ឲ្យរដ្ឋអារ៉ាប់ ដែលបាន​ត្រលប់ទៅ​ចង សម្ព័ន្ធភាព​ជាមួយ​អ៊ីស្រាអែល ទើសទ័ល​ចិត្ត​មែនទែន។ រដ្ឋាភិបាល​របស់​ប្រទេស​ទាំងនោះ ដូចជា​បារ៉ែន​ជាដើម ដែល​កំពុង​ប្រឈម​នឹង​បាតុកម្ម ប្រឆាំង អ៊ីស្រាអែល ត្រូវតែ​បង្ខំចិត្ត ចេញមុខ​រិះគន់ ជំហរ​អ៊ីស្រាអែល ដើម្បី ជៀសវាង កុំ​ការរិះគន់​តវ៉ា​ក្នុងស្រុក។

នៅម៉ារ៉ុក និង​នៅ​ស៊ូដង់ ជាទី​ដែល​សង្គមស៊ីវិល និង​ប្រជាជន​ភាគច្រើន គាំទ្រ ប្រជាជន ប៉ាឡេស្ទីន គេ​បានទាមទារ​ឲ្យ​រដ្ឋាភិបាល ដកខ្លួន ឃ្លាតឆ្ងាយ​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល ដែល​ម៉ារ៉ុក និង​ស៊ូដង់​ទើប​ចុះកិច្ចព្រមព្រៀង បង្កើតទំនាក់ទំនង​ធម្មតាឡើងវិញ កាលពី​ឆ្នាំ២០២០។

សង្រ្គាមអ៊ីស្រាអែល និង​ប៉ាឡេស្ទីន ជា​តេស្ត​សាកល្បង ពី​ភាពរឹងមាំ នៃ​កិច្ច​ព្រមព្រៀង Abraham ដែល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ បាន​ជំរុញ បង្កើតឡើង សម្រាប់​ស្តារ​ទំនាក់​ទំនង​ល្អ​ឡើងវិញ រវាង​រដ្ឋ​អ៊ីស្រាអែល និង​ប្រទេស​អារ៉ាប់​ចំនួន ៤​រហូតមក។ គេជឿដែរថា អំពើហិង្សា​របស់​អ៊ីស្រាអែល ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន​លើកនេះ នឹង​រឹតតែ​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត ដែល​ជា​ប្រទេស​អារ៉ាប់ ធំជាងគេ នៅតំបន់ និង​ធ្លាប់គាំទ្រ បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន នឹង​រឹតតែ ដកខ្លួន ឃ្លាតឆ្ងាយ មិនអាច​ទៅចុះ​កិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រី​ជាមួយ អ៊ីស្រាអែលបាន​នោះទេ។

អូទ្រីស និង​ស្លូវេនី ចេញមុខគាំទ្រ បុព្វហេតុ​របស់អ៊ីស្រាអែល

ដោយសារ​តែ កងទ័ព​អ៊ីស្រាអែល​ប្រើកម្លាំងហួស​ប្រមាណ វាយប្រហារ​ទៅលើ​តំបន់ហ្កាហ្សា រហូត​សម្លាប់ជីវិត​ប្រជាជន​ស៊ីវិល និង​បំផ្លាញ​ផ្ទះសម្បែង យ៉ាងធ្ងន់ធ្ងរ គេ​ឧស្សាហ៍​ឃើញ មាន បាតុកម្មតវ៉ា  សំដៅ ការពារ​បុព្វហេតុ​ប្រជាជន​ប៉ាឡេស្ទីន រងគ្រោះធ្ងន់ធ្ងរ នៅក្នុង​ការវាយប្រហារ របស់អ៊ីស្រាអែល។ គេ​កម្រ​នឹង​ឃើញ​មានអ្នកចេញមុខ​ការពារ អ៊ីស្រាអែល​ខ្លាំងណាស់។ ប៉ុន្តែ ទោះយ៉ាងនេះ ក្តី​មិនមែនមានន័យ​ថា គ្មានអ្នកការពារ​អ៊ីស្រាអែល​សោះទេ។

នៅថ្ងៃ​សុក្រ​ទី ១៤ ឧសភា មាន​ប្រទេស​អឺរ៉ុប​ពីរ ដែល​ហ៊ានចេញ មុខ ការពារ​ជំហរវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា។ នោះ គឺ​អូទ្រីស និង​ប្រទេស ស្លូវ៉េនី។ នៅថ្ងៃ​សុក្រ នាយករដ្ឋមន្រ្តី អូទ្រីស មកពីក្រុម​អភិរក្ស​និយម បាន​បញ្ជា​ឲ្យ​គេ​ដាក់ ទង់ជាតិ អ៊ីស្រាអែល នៅលើ​វិមាន​រដ្ឋាភិបាល​អូទ្រីស ដើម្បី​សំដែង សាមគ្គីភាព​ជាមួយ អ៊ីស្រាអែល ដែល​ពេលនេះ កំពុង​រងការវាយប្រហារ​រ៉ុកកែត របស់​ក្រុមភេរវនិយម​ហាម៉ាស ប៉ាឡេស្ទីន។

នៅក្នុង​សេចក្តីថ្លែងការណ៍ ផ្សព្វផ្សាយ​នៅថ្ងៃ​ម្សិលមិញ ​នាយករដ្ឋមន្រ្តីអូទ្រីស បាននិយាយថា លោក​ថ្កោលទោស ការវាយប្រហារ​រ៉ុកកែត ដែល​បាញ់ចេញ​ពីទឹកដី​ហ្កាហ្សា និង​ថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារខ្លួន នៅចំពោះមុខ​ការវាយប្រហារ​របស់​ក្រុមហាម៉ាស ប៉ាឡេស្ទីនលើកនេះ។ រដ្ឋាភិបាល​ស្លូវេនី​ឯណោះវិញ ដែល​មកពីក្រុមអភិរក្ស​និយមដែរ បាន​ដាក់ទង់ជាតិ​អ៊ីស្រាអែល លើ​វិមាន​រដ្ឋាភិបាល ដូចអូទ្រីស​ដែរ ដើម្បី​សំដែង​សាមគ្គីភាពជាមួយ​អ៊ីស្រាអែល។

ជំហរគាំទ្រ របស់​រដ្ឋាភិបាល​អឺរ៉ុប​ពីរនេះ បានទាក់ទាញ ប្រតិកម្ម​រិះគន់​ពី​រដ្ឋាភិបាល​តួកគី ដែល​បាន​ចេញមុខ តាំងពីដើមទី រិះគន់ ចំណាត់ការហិង្សា​របស់​អ៊ីស្រាអែល ​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន។ សម្រាប់ អ្នកនាំពាក្យ​របស់​ប្រធានាធិបតីតួកគី បង្ហូតទង់ជាតិ​អ៊ីស្រាអែល នៅលើ​វិមាន​រដ្ឋាភិបាល គឺ​គ្មាន​សីលធម៌ និង​គ្មាន​លក្ខណៈមនុស្សធម៌នោះទេ។ ដរាប​ណា មានរដ្ឋាភិបាល ដែល​ចេញ មុខ​គាំទ្រ​អំពើហិង្សា របស់​អ៊ីស្រាអែល  រដ្ឋាភិបាល អ៊ីស្រាអែល នឹង​គ្មាន​ថ្ងៃ​ឈប់ រំលោភបំពាន ទៅលើ​ប្រជាជន​ប៉ាឡេស្ទីននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI