ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំងឺរាតត្បាតកូវីដនៅឥណ្ឌាធ្វើឲ្យ​យន្តការCovaxខ្វះខាតជាបន្ទាន់​ វ៉ាក់សាំងកូវីដ​ជិត​២០០​លានដូស

សំឡេង ០៩:១១
បុគ្គលិក​ធ្វើការ​នៅរោងចក្រ​ផលិត​វ៉ាក់សាំងបង្ការកូវីដ របស់​វិទ្យាស្ថាន ឥណ្ឌាSerum Institute of India។ ដោយសារ​តែ​វិបត្តិកូវីដ​នៅឥណ្ឌា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ឥណ្ឌាបាន​ពន្យាពេល ការនាំចេញវ៉ាក់សាំងតាំង​ពីខែ មីនា ២០២១  ដែលធ្វើ​ឲ្យ​យន្តការកូវ៉ាក់ Covax ខ្វះខាតវ៉ាក់សាំង​ប្រមាណ ១៩០លានដូស សម្រាប់ពីខែ ឧសភា ដល់​ខែ មិថុនា ២០២១​
បុគ្គលិក​ធ្វើការ​នៅរោងចក្រ​ផលិត​វ៉ាក់សាំងបង្ការកូវីដ របស់​វិទ្យាស្ថាន ឥណ្ឌាSerum Institute of India។ ដោយសារ​តែ​វិបត្តិកូវីដ​នៅឥណ្ឌា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ឥណ្ឌាបាន​ពន្យាពេល ការនាំចេញវ៉ាក់សាំងតាំង​ពីខែ មីនា ២០២១ ដែលធ្វើ​ឲ្យ​យន្តការកូវ៉ាក់ Covax ខ្វះខាតវ៉ាក់សាំង​ប្រមាណ ១៩០លានដូស សម្រាប់ពីខែ ឧសភា ដល់​ខែ មិថុនា ២០២១​ AP - Rafiq Maqbool

ខណៈពេលដែល​បណ្តាប្រទេស​អ្នកមាន ដូចជា​នៅអឺរ៉ុប និង​អាមេរិក ចាប់ផ្តើម​បើក​ប្រទេស​ឡើងវិញ ដោយ​មកពី​យុទ្ធនាការ​ចាក់វ៉ាក់សាំង បោះជំហាន​ទៅមុខ អង្គការយូនីសែហ្វ​ដែល​ទទួលបន្ទុក​ចែកចាយ​វ៉ាក់សាំង បង្ការ​កូវីដ​របស់​យន្តការ​​កូវ៉ាក់ Covax របស់​អង្គការ​សុខភាព​ពិភពលោក បានអំពាវនាវ នៅថ្ងៃចន្ទ ទី ១៧ ឧសភា សុំ​ឲ្យ​ក្រុមប្រទេស​អ្នកមាន ប្រទេសមហាអំណាច​ឧស្សាហកម្ម ចែករំលែក វ៉ាក់សាំង ជាង ១៥០លាន ដូស តាមរយៈ​យន្តការកូវ៉ាក់ ដើម្បី​យកទៅ​ជួយប្រទេស​ក្រីក្រ។ តើក្រុមប្រទេស​អ្នកមាន​ស្តាប់លឺ ការអំពាវនាវ ទាមទារ របស់​អង្គការយូនីសែហ្វ​ដែរឬទេ?

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទនេះ អង្គការ​យូនីសែហ្វ ដែល​ជា​អ្នកទទួលបន្ទុកចែកចាយ វ៉ាក់សាំង​បង្ការកូវីដ របស់​យន្តការ កូវ៉ាក់ Covax បាន​អំពាវនាវ​សុំ​ឲ្យ​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G7 និង​ប្រទេស​សមាជិកអឺរ៉ុប ផ្តល់ជំនួយ ជាវ៉ាក់សាំង ប្រមាណ ១៥០លាន តាមរយៈ​យន្តការ​កូវ៉ាក់ Covax សម្រាប់​យកទៅ​ជួយ​ប្រទេស​ក្រីក្រ។

យូនីសែហ្វ​ចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃចន្ទនេះ ដើម្បី អំពាវនាវ​ ចង់បាន​វ៉ាក់សាំង​ពីក្រុម G7 ព្រោះថា នៅ​តែ ប៉ុន្មាន​សប្តាហ៍ខាងមុខ នៅ​ខែ មិថុនា មេដឹកនាំ​របស់​ក្រុមប្រទេស​មហាឧស្សាហកម្ម G7​នឹង​បើកជំនួបកំពូល នៅ​ប្រទេស​អង់គ្លេស។ គេសង្ឃឹមថា នៅក្នុង ជំនួបកំពូល នៅប្រទេស​អង់គ្លេស ក្រុមប្រទេស​G7 ដែល​នាំមុខ ដោយអាមេរិក (អាមេរិកបានសម្រេចជោគជ័យ ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​របស់ខ្លួន) នឹង​អាច​ពិចារណា ចែករំលែក​វ៉ាក់សាំង ជាង​១៥០លានដូស ដែល​យន្តការ​កូវ៉ាក់ ត្រូវការបន្ទាន់ សម្រាប់​ពីពេលនេះ ដល់​ខែ​សីហា​ខាងមុខ។

សម្រាប់ អង្គការ​យូនីសេហ្វ សហភាពអឺរ៉ុប និង​ក្រុមប្រទេស អ្នកមាន ​ដែលជា​សមាជិក​G7 ដូចជា អាមេរិក បារាំង ជប៉ុន អ៊ីតាលី អង់គ្លេស កាណាដា និង​អាល្លឺម៉ង់ អាច​មានលទ្ធភាព ចែករំលែក វ៉ាក់សាំង​របស់ខ្លួន ប្រមាណ ១៥០លានដូស ជាមួយ​ប្រទេស​ក្រីក្រ។ ហើយ​ការចែករំលែក​តែ ២០ភាគរយ​នៃ​ស្តុក​វ៉ាក់សាំង​របស់ក្រុម​ប្រទេស​អ្នកមាន​ទាំងនេះ នឹង​មិនទៅប៉ះពាល់​ដល់ គោលដៅ ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់ពួកគេ​នោះទេ។

សេចក្តីថ្លែងការណ៍​អំពាវនាវ​របស់ អង្គការ​យូនីសែហ្វ​នៅថ្ងៃនេះ គឺ​ផ្តោតសំខាន់ ទៅលើ​​វ៉ាក់សាំង ដែល​គេ​កុម្ម៉ង់ច្រើន​ហួស​នេះឯង។ តាម​វិទ្យាស្ថាន Duke Global Health Innovation ដែល​ដកស្រង់​ព័ត៌មានដោយ​ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស BBC ក្រុមប្រទេស ៥ ដែលបាន​កុម្ម៉ង់វ៉ាក់សាំង ច្រើនជាង​តម្រូវការ​ក្នុងស្រុក។ ឧទាហរណ៍ កាណាដា បាន​កុម្ម៉ង់វ៉ាក់សាំង ៣៣៨លានដូស គឺ​ច្រើនជាង តម្រូវការ​ដល់ទៅ ៥ដង។ អាមេរិក បាន​កុម្ម៉ង់ វ៉ាក់សាំង ១២០០លានដូស គឺ​ច្រើនជាង ២ដង នៃ​តម្រូវការ​ចាក់វ៉ាក់សាំង។ អង់គ្លេស បាន​កុម្ម៉ង់វ៉ាក់សាំង ដល់ទៅ ៤៥៧លានដូស គឺស្មើ នឹង​៣,៦ដង​នៃ​ចំនួនប្រជាជន។ ចំណែក សហភាពអឺរ៉ុប​វិញ បាន​បញ្ជាទិញវ៉ាក់សាំង ១៨០០លាន​ដូស​សម្រាប់​ប្រជាជន មិនដល់ ៧៥០លាននាក់ផង។

តាម យូនីសែហ្វ ក្នុង​រឿងចាក់វ៉ាក់សាំងនេះ គេឃើញ គម្លាតដ៏ធំធេង​រវាង​ប្រទេស​អ្នកមាន និង​អ្នកក្រ។ ឧទាហរណ៍ នៅពេល​ សហភាព អឺរ៉ុប និង​ក្រុមប្រទេស G7 លើកលែង​តែ​ជប៉ុន បាន​ចាក់វ៉ាក់សាំង​ឲ្យប្រជាជន​របស់ខ្លួន បាន​ប្រមាណ ១ភាគ៣ ហើយនិង​គ្រោងចាក់​ឲ្យវ៉ាក់សាំង ដល់​ប្រជាជន ឲ្យបាន ៧០ភាគរយ នៅ​ខែ កក្កដា និង​សីហា​ខាងមុខ នៅ​ប្រទេស​ក្រីក្រ​ឯណោះវិញ មានប្រជាជន មិនដល់ ០,៣%ភាគរយ ផង ដែល​បាន​ទទួល​ចាក់វ៉ាក់សាំង។ គឺ​គម្លាត ខុសឆ្ងាយគ្នាដាច់នេះហើយ ដែលធ្វើ​ឲ្យ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បានអំពាវនាវ​ឲ្យ​ក្រុមប្រទេស​អ្នកមាន ដូចជា អាមេរិក និង​កាណាដា ផ្អាក កុំ​ទាន់​អាល​ចាក់វ៉ាក់សាំង​ដល់​ក្មេង អាយុ ក្រោម ១៨ឆ្នាំ ដោយ​សុំ​បង្វែរ​យកថ្នាំ​បង្ការ​ទាំងនេះ ​ទៅជា ជំនួយ​ សម្រាប់​យក​ទៅ​ចែកចាយដល់​ប្រទេសក្រី​ក្រ ” តាម​រយៈ​យន្តការ​អន្តរជាតិ​ កូវ៉ាក់។

១ភាគ៣នៃ​ប្រជាជនរបស់ប្រទេស​អ្នកមាន​បានទទួល​ចាក់វ៉ាក់សាំងបង្ការកូវីដ​១៩

ក្រុមប្រទេស​អ្នកមាន​ធ្លាប់បាន​ប្រកាស​ថា នឹង​ចែករំលែក​វ៉ាក់សាំង ជាមួយ​ប្រទេស​ក្រីក្រ ប៉ុន្តែ នោះគ្រាន់តែ សំដី សន្យាខ្យល់​តែប៉ុណ្ណោះ។ ក្នុង​ស្ថានភាព ​ជាក់ស្តែង គ្មាន ប្រទេស​អ្នកមាន​ណាមួយ ដែល​បាន​ចែករំលែក​វ៉ាក់សាំង ជាមួយ​ប្រទេស​ក្រីក្រ​តាមរយៈយន្តការ កូវ៉ាក់ Covax នៅឡើយទេ។ ឧទាហរណ៍ អាមេរិក​ធ្លាប់​ប្រកាស​ថា នឹង​ចែករំលែក វ៉ាក់សាំង AstraZeneca ៦០លានដូស ដែល​អាមេរិកស្តុកទុក មិនប្រើ សម្រាប់​ជួយប្រទេស​ដទៃ។ ប៉ុន្តែ រហូតមកដល់ពេលនេះ អាមេរិក នៅមិនទាន់​លម្អិតថា តើ​វ៉ាក់សាំងដែល​អាមេរិក​មិនត្រូវការ​សម្រាប់ប្រជាជន​ខ្លួននោះ នឹងត្រូវ​ផ្តល់​ ចែករំលែក​ នៅពេលណា ជាមួយ ប្រទេស ឬ​យន្តការ​ណានោះទេ។

ចំណែក​ខាង អង់គ្លេស ដែល​បាន​ឈានមុខ នឹងគេដែរ ក្នុង​រឿង​ចាក់វ៉ាក់សាំង ក៏​ធ្លាប់​បាន​សន្យា​ចែករំលែកវ៉ាក់សាំង​ជាមួយ​ប្រទេស​ក្រីក្រ ប៉ុន្តែ មិនបាន​បញ្ជាក់ពេលណានោះទេ។ អង់គ្លេស នៅមិនទាន់​បាន​ចែក​រំលែក​ វ៉ាក់សាំង សូម្បី​មួយដូស​នោះទេ ដោយ​​គិត​សម្រុក​តែ ចាក់​វ៉ាក់សាំង ដល់​ប្រជាជន​របស់ខ្លួន ដើម្បី អាច​បើកប្រទេស បើកសេដ្ឋកិច្ច​ឡើងវិញ។ ត្រូវដឹងថា​ពេលនេះ អង់គ្លេស មាន​ប្រជាជន  ២០លាននាក់ ស្មើនឹង ៤០ភាគរយ​នៃ​ចំនួនមនុស្សធំ នៅអង់គ្លេស ដែល​បាន​ទទួល​ចាក់វ៉ាក់សាំង ទាំងពីរដូស។ គឺភាគរយ ដ៏ច្រើន បន្ទាប់ពី អ៊ីស្រាអែល និង​អាមេរិក។

ក្រៅតែ​ពីអង់គ្លេស និងអាមេរិក ដែលបាន​សន្យា ត្រឹមតែមាត់ ប្រទេស​អឺរ៉ុប​ដទៃទៀត ដូចជា​បារាំង បែលហ្សិក ឬ​សុយអ៊ែត ​បាន​សន្យា ចែករំលែក​វ៉ាក់សាំង AstraZeneca ជាមួយ ប្រទេស​ក្រីក្រ​តាមរយៈយន្តការកូវ៉ាក់ Covax​ដែរ ប៉ុន្តែ នៅ​ខែ មិថុនា​ខាងមុខ។ បារាំង​គ្រោង​នឹងផ្តល់​វ៉ាក់សាំង ៥សែន​ដូស​ទៅ​យន្តការកូវ៉ាក់​នៅខែ មិថុនា គឺ​ដូចគ្នា នឹង​ស៊ុយអែត ដែល​សន្យា​ផ្តល់​១លានដូសដែរ។

ហេតុអ្វី​ យូនីសែហ្វ ត្រូវការ ​វ៉ាក់សាំង បង្ការកូវីដជាង ១៥០លានដូស ពី​ក្រុមប្រទេស G7 នៅពេលនេះ?

អង្គការ​យូនីសែហ្វ ត្រូវការចង់បាន​វ៉ាក់សាំង ច្រើនជាង ១៥០លានដូស គឺ​អាច​ដល់ ១៩០​លានដូស សម្រាប់​ការប៉ះប៉ូវ ការខ្វះខាត ពីពេលនេះ ដល់ ខែ មិថុនា។ បើតាម ការលម្អិត​របស់​អង្គការ​យូនីសែហ្វ ពីពេលនេះ ដល់​ចុងខែ ឧសភា យន្តការ​កូវ៉ាក់ ខ្វះខាត វ៉ាក់សាំង បង្ការកូវីដ ១៤០លានដូស និង ៥០លានដូស​បន្ថែមទៀត សម្រាប់ខែ មិថុនា។

យូនីសែហ្វ អំពាវនាវ​ចង់​ឲ្យ​ក្រុមប្រទេស អ្នកមាន​ចែករំលែក វ៉ាក់សាំង ១៩០លានដូស ជាមួយ​ប្រទេស​ក្រីក្រ ពោល​គឺ​ដើម្បី បំពេញ​ការខ្វះខាត ចំនួន វ៉ាក់សាំង ដែល​បណ្តាល​មក​ពី វិបត្តិកូវីដ​នៅ​ប្រទេស​ឥណ្ឌា។

ពីដំបូងទី យន្តការ​កូវ៉ាក់ Covax​របស់​អង្គការ​សុខភាព​ពិភពលោក និង សម្ព័ន្ធវ៉ាក់សាំង Gavi មានគម្រោង​ចែកចាយ​វ៉ាក់សាំង បង្ការកូវីដ ចំនួន ២ពាន់លាន​ដូស សម្រាប់​ប្រទេស​ក្រីក្រ នៅក្នុង​ឆ្នាំ ២០២១នេះ។ ពាក់កណ្តាល នៃ​២ពាន់លាន​ដូស របស់​យន្តការកូវ៉ាក់ Covax គឺ​បាន​មក​ពី  វិទ្យាស្ថាន​សេរ៉ូម ឥណ្ឌា ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក។ ប៉ុន្តែ ចៃដន្យអាក្រក់ ដោយសារតែ ជំងឺរាតត្បាត​កូវីដ ក្នុងប្រទេស​ឥណ្ឌា និង​ដោយសារ​សមត្ថភាព​ផលិត វ៉ាក់សាំង​មាន​កំណត់ ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​ឥណ្ឌា បាន​សម្រេច​ផ្អាក​ការនាំចេញ​វ៉ាក់សាំង តាំង​ពី​ខែ មីនា ដើម្បី អាច​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក។

ដោយសារ​តែក្រុមហ៊ុន​ឥណ្ឌា ដែល​ជាអ្នកលក់វ៉ាក់សាំង មួយផ្នែកធំ ឲ្យ​យន្តការ​កូវ៉ាក់ ត្រូវផ្អាក លែងនាំចេញ​វ៉ាក់សាំង ដោយ​គ្មានកាលកំណត់​យ៉ាងដូច្នេះ គម្រោងការ​ចែកចាយវ៉ាក់សាំង របស់​យន្តការកូវ៉ាក់ ត្រូវប៉ះពាល់ខ្លាំង និង​ជួប​ការខ្វះខាត​ខ្លាំង មិនអាច​ផ្តល់ជំនួយ​វ៉ាក់សាំង ទៅ​បណ្តាប្រទេសក្រីក្រ ដែលរង់ចាំ ត្រូវការ បន្ទាន់ វ៉ាក់សាំង​សម្រាប់ចាក់ ឲ្យ​ក្រុមគ្រូពេទ្យ និងអ្នក​ដែលមាន​សុខភាព​ទន់ខ្សោយ។

នៅមុនក្រុមហ៊ុន​ឥណ្ឌា​ប្រកាស​ផ្អាក នាំចេញ​វ៉ាក់សាំង ទៅទៀត យន្តការកូវ៉ាក់ Covax​របស់​អង្គការ​សុខភាព​ពិភពលោក ដែលមាន​គោលដៅ ចែកចាយ​វ៉ាក់សាំង ដោយ​សមភាព រវាង​ប្រទេស​អ្នកមាន និងអ្នកក្រ បាន​ជួប​បញ្ហារហូត ដែល​ធ្វើ​ឲ្យគេ​ជឿថា យន្តការ​របស់​អង្គការ​សុខភាពពិភពលោក​មួយនេះ មិនអាច​សម្រេច​គោលដៅ​របស់ខ្លួន​បាននោះទេ។ យន្តការ​កូវ៉ាក់ មាន​គោលដៅ ចែកចាយ វ៉ាក់សាំង ប្រមាណ ២ពាន់លាន​ដូស ទៅប្រទេស​ក្រីក្រ នៅឆ្នាំ ២០២១។ ប៉ុន្តែ គិត​ចាប់តាំង ពី​ខែ កុម្ភៈ រហូតមកដល់ពាក់កណ្តាល​ខែ​៥នេះ យន្តការ កូវ៉ាក់​បាន​ចែកចាយ​វ៉ាក់សាំង​ទៅ​ប្រទេស​ក្រីក្រ បាន​ប្រមាណ​តែ ៦០លាន​ដូសប៉ុណ្ណោះ។ ប្រធាន​អង្គការ​សុខភាពពិភពលោក បាន​និយាយ​រំលឹកដដែល ជា​ដដែលថា ដរាបណា​គ្មានការចែករំលែក វ៉ាក់សាំង ឲ្យស្មើភាព ក្នុង​ពិភពលោក ក្រុម​ប្រទេស​អ្នកមាន​ដែល​បានសម្រេច​ចាក់វ៉ាក់សាំង​ឲ្យប្រជាជន​របស់ខ្លួន​បាន​ច្រើន ក៏កុំទាន់អរ គិតថា រួចខ្លួន ព្រោះថា ​មេរោគ​កូវីដ ដែល​ផ្តុំនៅប្រទេស​ក្រីក្រ ​នៅតែ​សកម្ម អាច​បំប្លែងខ្លួន​ថ្មីរហូត ឆ្លង កាចសាហាវសម្លាប់​មនុស្ស​ច្រើនជាងមុន ដែល​នឹងអាច​ធ្វើ​ឲ្យវ៉ាក់សាំង សព្វថ្ងៃ លែង​មាន​ប្រសិទ្ធិភាព ទប់ទល់ តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI