ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖បារាំងផ្តើមបើកប្រទេសនៅក្នុងដំណាក់ការទី២ ចាប់ពីថ្ងៃពុធ ទី១៩ ឧសភា

សំឡេង ០៧:៤១
ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​បារាំង​លោក​កាស្តិច​អង្គុយ​ពិសារ​កាហ្វេ​នៅ​មុខ​ហាងកាហ្វេ​ក្នុង​ថ្ងៃ​បើក​ប្រទេស​ដំណាក់ការ​ទី២ ថ្ងៃទី១៩ ឧសភា ២០២១។
ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​បារាំង​លោក​កាស្តិច​អង្គុយ​ពិសារ​កាហ្វេ​នៅ​មុខ​ហាងកាហ្វេ​ក្នុង​ថ្ងៃ​បើក​ប្រទេស​ដំណាក់ការ​ទី២ ថ្ងៃទី១៩ ឧសភា ២០២១។ AFP - GEOFFROY VAN DER HASSELT

នៅ​ក្នុង​ប្រទេស​បារាំង ការ​បើក​ប្រទេស​សម្រាប់​ដំណាក់ការ​ទី២ បាន​ចាប់​ផ្តើម​នា​ថ្ងៃ​ពុធ ទី១៩ ឧសភា។ គួរ​រម្លឹក​ថា ការ​ចាប់​ផ្តើម​បើក​ប្រទេស​ជា​ដំណាក់ការ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​លោក​ម៉ាក្រុង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ មេសា​ដោយ​បាន​ចែក​ចេញ​ជា ៤ដំណាក់ការ។ អ្វី​ជា​ការ​កត់សម្គាល់ ការ​បើក​ប្រទេស​នៅ​ក្នុង​ដំណាក់ការ​ទី២ នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ករណី​ឆ្លង​កូវីដ១៩ ថ្មី​កំពុង​បន្ត​ធ្លាក់​ចុះ និង​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ពន្លឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ឲ្យ​ពលរដ្ឋ​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ពលរដ្ឋ​បារាំង​បាន​រក​ឃើញ​ថ្មី​សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ការ​បើក​ប្រទេស​នា​ដំណាក់ការ​ទី២ ក្នុង​ថ្ងៃទី១៩ ឧសភា គឺ​សេរីភាព​នៃ​ការ​រស់នៅ ដើរហើរ នោះ​បើ​ទោះ​បី​ជា​សេរីភាព​មួយ​នេះ​នៅ​មិន​ទាន់​ពេញលេញ​ក៏​ដោយ។ គួរ​រម្លឹក​ថា តាំង​ពី​ថ្ងៃ​ផ្ទុះ​ជំងឺ​កូវីដ១៩ ជាង ១ឆ្នាំ​កន្លង​មក បារាំង​បាន​បិទ បើក​ប្រទេស​ចំនួន ៣ដង។ តែ​វិធានការ​បើក​ប្រទេស​លើក​នេះ​ត្រូវ​បាន​ប្រធានាធិបតី​លោក​ម៉ាក្រុង​ធ្វើ​ឡើង​សន្សឹមៗ​ដោយ​ចែក​ចេញ​ជា ៤ដំណាក់ការ​ដែល​បាន​ចាប់​ផ្តើម​លើក​ទី១ ក្នុង​ថ្ងៃទី៣ ឧសភា លើកទី២ ក្នុង​ថ្ងៃទី១៩ ឧសភា​នេះ និង​លើកទី៣ និង​លើកទី៤ នៅ​ថ្ងៃទី៩ និង​ថ្ងៃទី៣០ មិថុនា​ខាង​មុខ។ ចាប់​ពី​ថ្ងៃ​ពុធ ទី១៩ ឧសភា​នេះ​ទៅ បំរាម​គោចរ​ត្រូវ​រំកិល​បន្ថែម ២ម៉ោង​ទៀត​ដោយ​ចាប់​ផ្តើម​ពី​ម៉ោង ៩យប់​ដល់​ម៉ោង ៦ភ្លឺ។

រោងកុន រោងល្ខោន សារៈមន្ទីរ បណ្ណាល័យ កាស៊ីណូ សួនសត្វ​នៅ​កណ្តាល​វាល និង​កន្លែង​រៀបចំ​ពិធី​កំសាន្ត​នៅ​កណ្តាល​វាល​អាច​បើក​ទ្វារ​ទទួល​ភ្ញៀវ​ជា​ថ្មី​ចាប់​ពី​ថ្ងៃ​ទី១៩ ឧសភា​នេះ​ទៅ។ តែ​នៅ​មិន​ទាន់​អាច​ទទួល​ភ្ញៀវ​បាន១០០% នៅ​ឡើយ​ទេ។ ឧទាហរណ៍ រោងកុន រោងល្ខោន​អាច​ទទួល​បាន​ត្រឹម ៣៥% កាស៊ីណូ​ក៏​អាច​ទទួល​បាន​ត្រឹម​តែ ៣៥% ឬ​មួយ​ក៏ ៥០% សម្រាប់​សួនសត្វ​នៅ​កណ្តាល​វាល និង​សម្រាប់​ពិធី​កំសាន្ត​នៅ​កណ្តាល​វាល។ ចំណែក​នៅ​បណ្ណាគារ​ត្រូវ​ទុក​កៅអី​មួយ​ឲ្យ​នៅ​ទំនេរ​សម្រាប់​កៅអី​ពីរ។ បន្ទាប់​មក ហាងលក់ទំនិញ​មិន​ចាំ​បាច់​ដែល​បាន​បិទ​ទ្វារ​តាំង​ពី​ដំណាច់​ខែ​មីនា​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ទ្វារ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី១៩ ឧសភា​នេះ​ទៅ។

តែ​អ្នក​ដែល​ហាក់​បាន​ធូរទ្រូង​ខ្លាំង​ជាង​គេ គឺ​ម្ចាស់​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ដែល​បាន​បិទទ្វារ​តាំង​ពី​ជាង ៦ខែ​មក​ហើយ។ នៅ​ក្នុង​ការ​បើក​ប្រទេស​ដំណាក់ការ​ទី២ ចាប់​ពី​ថ្ងៃទី១៩ ឧសភា​នេះ ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​អាច​បើក​ទ្វារ​ទទួល​ភ្ញៀវ​បាន​តែ​នៅ​ខាង​ក្រៅ ហើយ​តុ​មួយ​អាច​ដាក់​ភ្ញៀវ​បាន​ច្រើន​បំផុត​ត្រឹម ៦នាក់។ ការ​ទទួល​ភ្ញៀវ​នៅ​ខាង​ក្នុង​ត្រូវ​រង់ចាំ​នៅ​ដល់​ថ្ងៃទី៩ មិថុនា។ ដើម្បី​ចូលរួម​សាទរ​ពី​ការ​មាន​សេរីភាព​ឡើង​វិញ​តាម​រយៈ​ការ​បើក​ប្រទេស​ក្នុង​ដំណាក់ការ​ទី២ ពេល​នេះ ប្រធានាធិបតី​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​លោក​កាស្ទិច​បាន​អង្គុយ​ពិសារ​កាហ្វេ​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ប៉ារីស​ក្បែរ​វិមាន​ប្រធានាធិបតី​អេលីហ្សេ។

ស្ថានភាព​កូវីដ១៩ ធូរស្រាល និង​ការ​ចាក់​វ៉ាក់សាំង​កំពុង​មាន​សន្ទុះ

មាន​លក្ខខណ្ឌ​សំខាន់​ចំនួន​ពីរ​ដែល​អាច​ជា​ការ​ភ្ជាប់​ទៅ​នឹង​ការ​បើក​ប្រទេស​នៅ​ក្នុង​ដំណាក់ការ​ទី២ ក្នុង​ថ្ងៃទី១៩ ឧសភា គឺ​ការ​វិវឌ្ឍន៍​នៃ​ជំងឺ​កូវីដ១៩ និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ឲ្យ​ពលរដ្ឋ។ នៅ​ពេល​ដែល​គេ​និយាយ​ពី​ការ​វិឌ្ឍន៍​នៃ​ជំងឺ​កូវីដ១៩ គេ​ផ្តោត​លើ​ចរាចរណ៍​របស់​វីរុស ចំនួន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ ចំនួន​អ្នក​ជំងឺ​កូវីដ១៩ ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ប្រចាំ​ថ្ងៃ និង​ចំនួន​អ្នក​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​ការ​ជំនួយ​ដង្ហើម​ប្រចាំ​ថ្ងៃ។ នៅ​បារាំង​សព្វថ្ងៃ​នេះ ការ​ធ្វើ​ចរាចរណ៍​របស់​វីរុស​កូវីដ១៩ បាន​ធ្លាក់​ចុះ​តាំង​ពី ៤សប្តាហ៍​ជាប់​គ្នា​មែន តែ​មេរោគ​សកល​មួយ​នេះ​នៅ​មិន​ទាន់​បាត់​ទាំង​ស្រុង​ទេ។ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃៗ​ពេល​នេះ បារាំង​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ប្រមាណ​ជា ១៤ ០០០នាក់។

គិត​ត្រឹម​ថ្ងៃ​អង្គារ ទី១៨ ឧសភា មាន​អ្នក​ជំងឺ​កូវីដ១៩ ជាង ២២ ០០០នាក់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ នេះ​ជា​ចំនួន​តិច​បំផុត​គិត​តាំង​ពី​ដំណាច់ខែ​តុលា ឆ្នាំ ២០២០។ ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ១៩ ទាំង​ជាង ២២ ០០០នាក់ មាន ៤ ០១៥នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​សេវា​ជំនួយ​ដង្ហើម​ក្នុង​ថ្ងៃ​អង្គារ ទី១៨ ឧសភា ពោល​តិច​ជាង​ថ្ងៃ​ចន្ទ ទី១៧ ឧសភា​ដែល​មាន​ជិត ៤ ២០០នាក់។ ចំណែក​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ក៏​កំពុង​បន្ត​ធ្លាក់​ចុះ​ដែរ។ នេះ​ជា​កត្តា​ទី១ ដែល​បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ផ្តើម​បើក​ប្រទេស​បន្ថែម​ទៀត​នៅ​ពេល​នេះ។ ចំណែក​កត្តា​ទី២ គឺ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែល​កំពុង​បន្ត​មាន​សន្ទុះ​ខ្លាំង។

គិត​ត្រឹម​យប់​ថ្ងៃ​អង្គារ ទី១៨ ឧសភា មាន​ពលរដ្ឋ​ចំនួន ២១លាននាក់​បាន​ចាក់​ដូសទី១ ឬ​ស្មើ​នឹង ៣១,៥% នៃ​ចំនួន​ពលរដ្ឋ​សរុប ក្នុង​នោះ មាន ៩លាន១សែន​នាក់​បាន​ចាក់​ទាំង​ពីរ​ដូស​រួច​ហើយ ឬ​ស្មើ​នឹង ១៣,៦% នៃ​ចំនួន​ពលរដ្ឋ​សរុប។ កម្មវត្ថុ​របស់​រដ្ឋាភិបាលគឺ​ចាក់​ឲ្យ​បាន ៣០លាននាក់​សម្រាប់​ដូស​ទី១ នៅ​ពាក់​កណ្តាល​ខែ​មិថុនា​ខាង​មុខ។ គួរ​បញ្ជាក់​ថា ក្នុង​ចំនួន​វ៉ាក់សាំង ៤ដូស​ដែល​បារាំង​បាន​ប្រើ មាន ៣ដូស​ជា​វ៉ាក់សាំង Pfizer ហើយ​ពី​ពេល​នេះ​ទៅ​ដំណាច់​ខែ​មិថុនា​ខាង​មុខ បារាំង​នឹង​ទទួល​វ៉ាក់សាំង Pfizer ជាង ២៣លានដូស​ថែម​ទៀត។

ការ​បិទ​ប្រទេស​ជា​ថ្មី​អាស្រ័យ​លើ​ការ​ចូលរួម និង​ការ​ទទួល​ខុសត្រូវ​របស់​ពលរដ្ឋគ្រប់រូប

សម័យ​កូវីដ១៩ អ្វីៗ​លែង​ប្រាកដប្រជា​ដូច​មុន​ទៀត​ឡើយ ហើយ​អ្វី​ដែល​រឹត​តែ​ច្បាស់​ទៀត​នោះ សេរីភាព​ដូច​មុន​ពេល​ផ្ទុះ​កូវីដ១៩ ហាក់​នៅ​ឆ្ងាយ​នៅ​ឡើយ។ ថ្ងៃ​នេះ​បើក ស្រាប់​តែ​នៅ ២ សប្តាហ៍ ឬ ៣សប្តាហ៍​ទៀត​បែរ​ជា​ត្រូវ​បិទ​ឡើង​វិញ​ក៏​មិន​ដឹង​ដែរ។ មែនទែន​ទៅ រឿង​បិទ បើក​ប្រទេស​ដោយសារ​ជំងឺ​កូវីដ១៩ មិនមែន​ជា​ករណី​ពិសេស​របស់​បារាំង​ទេ។ គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក​មិន​ថា​មាន ឬ​ក្រ​សុទ្ធ​តែ​បាន​អនុវត្ត​នូវ​វិធានការ​ដូច​គ្នា​នេះ។ តែ​គេ​បាន​សង្កេត​ឃើញ​ថា ប្រទេស​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ច្រើន​ជាង​គេ​កំពុង​ស្គាល់​ភាព​ធូរស្រាល​ច្រើន និង​បាន​បើក​ប្រទេស​កាន់​តែ​ទូលំទូលាយ​សឹង​ដូច​មុន​ពេល​ផ្ទុះ​កូវីដ១៩។ ចំណែក​ប្រទេស​ដែល​នៅ​ចាក់​វ៉ាក់សាំង​បាន​តិច​កំពុង​បន្ត​អូសជើង​ជាមួយ​កូវីដ១៩ និង​កំពុង​បន្ត​បិទ បើក​ប្រទេស។

សម្រាប់​បារាំង បើ​អ្វីៗ​នឹង​មាន​ដំណើរ​ការ​ដូច​ដែល​បាន​គ្រោង​ទុក ការ​បើក​ប្រទេស​ក្នុង​ដំណាក់ការ​ទី៣ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី៩ មិថុនា ហើយ​ក៏​បើក​ប្រទេស​ទាំង​ស្រុង​នឹង​ចាប់​ផ្តើម​នៅ​ដំណាច់​ខែ​មិថុនា។ តែ​ប្រធានាធិបតី​លោក​ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ចូលរួម​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​វិធានការ​ការពារ​ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ។ លោក​ម៉ាក្រុង​បាន​ព្រមាន​រួច​ហើយ​ថា ការ​បិទ​ប្រទេស​ឡើង​វិញ ឬ​អត់​នា​ពេល​ខាង​មុខ​អាស្រ័យ​លើ​ការ​ចូលរួម និង​ការ​ទទួល​ខុស​ត្រូវ​របស់​ពលរដ្ឋ​ម្នាក់ៗ។ អ្វី​ដែល​លោក​ម៉ាក្រុង​ចង់​និយាយ បើ​ស្ថានភាព​កូវីដ១៩ បែរ​ជា​ត្រឡប់​ធ្លាក់​ដុនដាប​ជា​ថ្មី​នា​ពេល​ខាង​មុខ លោក​មិន​ញញើត​នឹង​ផ្តើម​រឹតបន្តឹង​វិធានការ​ជា​ថ្មី​ឡើង​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI