ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក-កូរ៉េខាងជើង៖អ្វីទៅជាយុទ្ធសាស្រ្តរបស់លោកចូ បៃដិននៅចំពោះមុខលោកគីម ជុងអ៊ុន?

សំឡេង ០៦:៥១
ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (រូបឆ្វេង) និង​ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ចៃអ៊ីននៅសេតវិមាននាថ្ងៃសុក្រ ទី២១ ឧសភា ឆ្នាំ ២០២១។
ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (រូបឆ្វេង) និង​ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ចៃអ៊ីននៅសេតវិមាននាថ្ងៃសុក្រ ទី២១ ឧសភា ឆ្នាំ ២០២១។ AP - Alex Brandon

នៅ​អាមេរិក ប្រធានាធិបតី​លោក​ចូ បៃដិន​បាន​ទទួល​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​នៅ​សេតវិមាន​នា​ថ្ងៃ​សុក្រ ទី២១ ឧសភា។ លោក​មូន ចៃអ៊ីន​ជា​មេដឹកនាំ​បរទេស​ទី២ ដែល​លោក​បៃដិន​បាន​ទទួល​ជួប​ផ្ទាល់​នៅ​សេតវិមាន បន្ទាប់​ពី​នាយករដ្ឋមន្រ្តី​ជប៉ុន។ សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​ប្រធានបទ​សំខាន់​នៅ​ក្នុង​ជំនួប​រវាង​លោក​បៃដិន និង​លោក​ចៃអ៊ីន។ អ្វី​ដែល​អាមេរិក និង​កូរ៉េខាងត្បូង​ចង់​បាន គឺ​ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែរ និង​មាន​សន្តិភាព​យូរអង្វែង។ លោក​បៃដិន​ក៏​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ដើម្បី​ជួប​មេដឹក​នាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន តែ​ជា​ជំនួប​មាន​មាន​លក្ខខណ្ឌ។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ជិត​កន្លះ​ឆ្នាំ លោក​ចូ បៃដិន​ហាក់​នៅ​មិន​ទាន់​បាន​និយាយ​អ្វី​ច្រើន​លើ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដ៏​រសើប​មួយ​នេះ។ តែ​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​នា​ថ្ងៃ​សុក្រ ទី២១ ឧសភា​នៅ​សេតវិមាន លោក​បៃដិន​បាន​បញ្ជាក់​ច្បាស់ៗ​ថា លោក​នឹង​មិន​ដើរ​តាម​ផ្លូវ​នយោបាយ​ដែល​ត្រួសត្រាយ​ដោយ​ប្រធានាធិបតី​អាមេរិក​មុនៗ​ទេ ពិសេស​លោក​ដូណាល់ ត្រាំ និង​លោក​បារ៉ាក់ អូបាម៉ា។ នៅ​ត្រង់​ចំណុច​នេះ លោក​បៃដិន​បាន​ឆ្លៀត​វាយប្រហារ រិះគន់​លើ​នយោបាយ​របស់​លោក​ត្រាំ​ដែល​បាន​ជួប​មេដឹក​នាំ​កូរ៉េខាងត្បូង​លោក​គីម ជុងអ៊ុន​ចំនួន ៣ដង គឺ​នៅ​សិង្ហបុរី នៅ​វៀតណាម និង​នៅ​តំបន់​គ្មាន​កងទ័ព​ជាប់​ព្រំដែន​ខណ្ឌ​ចែក​ទឹកដី​កូរ៉េ​ទាំង​ពីរ។

នៅ​ក្នុង​សន្និសីទកាសែត​រួម​ជា​មួយ​លោក​ចៃអ៊ីន លោក​បៃដិន​បាន​សង្កត់​ធ្ងន់​លើ​ពីរ​ចំណុច ទី១ លោក​នឹង​មិន​ផ្តល់​ឲ្យ​លោក​គីម ជុងអ៊ុន​នូវ​អ្វី​ដែល​លោក​គីម​ស្វែង​រក​ទេ មាន​ថា ការ​ទទួល​ស្គាល់​លើ​ភាព​ស្របច្បាប់​របស់​កូរ៉េខាងជើង​លើ​ឆាក​អន្តរជាតិ និង​ទី២ លោក​បៃដិន​នឹង​មិន​បណ្តោយ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា លោក​គីម​ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​ដែល​តាម​ពិត​ទៅ គឺ​មិនមែន​ដូច្នេះ​ឯណា។ ទោះ​ជា​យ៉ាង​នេះ​ក្តីលោក​បៃដិន​ក៏​បាន​បញ្ជាក់​ពី​ការ​ត្រៀម​មាន​ជំនួប​ទល់​មុខ​គ្នា​ជាមួយ​លោក​គីម ជុងអ៊ុន ប្រសិន​បើ​លោក​គីម​យល់​ព្រម​ជជែក​ពី​បញ្ហា​នុយក្លេអ៊ែរ​ពិត​ប្រាកដ​មែន។

ឃើញ​ថា​នៅ​ទីបំផុត យុទ្ធសាស្រ្ត​របស់​លោក​បៃដិន​ចំពោះ​សំណុំរឿង​កូរ៉េខាងជើង​ហាក់​បន្ត​ទូលំទូលាយ​ច្រើន​ដោយ​បាន​ត្រឹម​អំពាវនាវ​ឲ្យ​កាត់បន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​ចង់​ឃើញ​ឧបទ្វីប​មួយ​នេះ​គ្មាន​នុយក្លេអ៊ែរ និង​មាន​សន្តិភាព​យូរ​អង្វែង។

តើ​ជា​កំហុស​របស់​លោក​មូន ចៃអ៊ីន?

គេ​មិន​អាច​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​លោក​មូន ចៃអ៊ីន ប្រសិន​បើ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន។ នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​កាន់​អំណាច​របស់​លោក លោក​ចៃអ៊ីន​បាន​ចាត់​ទុក​ជា​រឿង​បន្ទាន់​បំផុត​ដែល​លោក​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ដោយ​មិន​បោះបង់​ចោល​ទេ។ ចូរ​កុំ​ភ្លេច​ថា លោក​ចៃអ៊ីន​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​បាន​ប្តេជ្ញា​ចិត្ត​តាំង​ពី​ថ្ងៃ​ឡើង​កាន់​អំណាច​ដោយ​ប្រើ​ធម៌ត្រជាក់​ជាមួយ​មេដឹក​នាំ​កូរ៉េខាងជើង​លោក​គីម ជុនអ៊ុន។ លោក​មូន ចៃអ៊ីន​បាន​ជ្រើស​យក​ផ្លូវ​ចរចា និង​ការ​ផ្សះផ្សារ​ជា​ជាង​ផ្លូវ​ប្រឈម និង​ការ​គំរាម សំឡុត​ប្រើ​កម្លាំងបាយ។

នយោបាយ​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​លោក​មូន ចៃអ៊ីន​មាន​ជំនួបកំពូល​ជាមួយ​លោក​គីម ជុងអ៊ុន​ដល់​ទៅ ៣ដង​ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ ២០១៨។ លើស​ពី​នេះ លោក​មូន ចៃអ៊ីន​ជា​អ្នក​រៀបចំ​ឲ្យ​មាន​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​គីម ជុងអ៊ុន និង​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដល់​ទៅ ៣ដង។ នៅ​ក្នុង​សុន្ទរកថា​ក្នុង​ឆ្នាំ​ទី៤ នៃ​ការ​កាន់​អំណាច​របស់​លោក​ថ្លែង​កាល​ពី​ថ្ងៃទី៩ ឧសភា លោក​មូន ចៃអ៊ីន​បាន​ចាត់​ទុក​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក​ជា​ឱកាស​ចុង​ក្រោយ​នៃ​ការ​ប្តូរ​ពី​សន្តិភាព​ពាក់កណ្តាល​ទៅ​ជា​សន្តិភាព​ពេញ​លេញ​យូរអង្វែង​នៅ​លើ​ឧបទ្វីប​កូរ៉េ។

ក្តីសង្ឃឹម​នេះ​ត្រូវ​បាន​លោក​ចៃអ៊ីន​លើក​យក​ទៅ​និយាយ​ជាមួយ​លោក​បៃដិន​ដោយ​លោក​សង្ឃឹម​ថា លោក​បៃដិន​នឹង​ចូលរួម​ជួយ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​កាន់​តែ​ច្រើន​ថែម​ទៀត​នា​ពេល​ខាង​មុខ។

កូរ៉េខាងជើង និង​អាមេរិក​បន្ត​មិន​ទុក​ចិត្ត​គ្នា

សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​សំណុំរឿង​ដ៏​ស្មុគស្មាញ អូសបន្លាយ​ដែល​អាស្រ័យ​លើ​កត្តា​ច្រើន ពិសេស​គឺ​ជំហរ​របស់​អាមេរិក។ លោក​មូន ចៃអ៊ីន​បាន​ដឹង​ច្បាស់​ណាស់​ថា បើ​ទោះ​បី​ជា​នយោបាយ​ជ្រើស​យក​ផ្លូវ​ចរចា និង​ការ​ផ្សះផ្សារ​របស់​លោក​ចំពោះ​មេដឹក​នាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ហុច​លទ្ធផល​វិជ្ជមាន​ក៏​ដោយ​ក៏​វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​អាច​ឈាន​ទៅ​មាន​សន្តិភាព​យូរអង្វែង និង​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​បាន​ដែរ។ គេ​បាន​សង្កេត​ឃើញ​ថា សូម្បី​នៅ​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក៏​មាន​ការ​ផ្ទុះ​សង្រ្គាម​ពាក្យ​សម្តី​រវាង​លោក​ត្រាំ និង​លោក​គីម ជុងអ៊ុន​ដែរ នោះ​បើ​ទោះ​បី​ជា​ឥស្សរជន​ទាំង​ពីរ​បាន​ជួប​គ្នា​ផ្ទាល់​ដល់ ទៅ ៣ដង​ក៏​ដោយ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុង​ព្យុងយ៉ាង​ថែម​ទាំង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីលបាលីស្ទិក​ប្រកប​ដោយ​ជោគជ័យ។ គួរ​បញ្ជាក់​ថា​សម្រាប់​ក្រុង​ព្យុងយ៉ាង នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ជា​អាយុជីវិតជាតិ​ដែល​មិន​អាច​បោះបង់​ចោល​ងាយៗ​ដោយ​គ្មាន​លក្ខខណ្ឌ​ទេ។ លក្ខខណ្ឌ​នោះ គឺ​ការ​លើក​ទណ្ឌកម្ម​អន្តរជាតិ​ចេញ​វិញ​ដោយ​មាន​ការ​ធានា​ពី​អាមេរិក។ តែ​មក​ទល់​ពេល​នេះ ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​នៅ​បន្ត​មិន​ទុក​ចិត្ត​គ្នា និង​បន្ត​មើល​បណ្តាំ​គ្នា​ទៅ​វិញ ទៅ​មក។ នៅ​ម្ខាង ក្រុង​ព្យុងយ៉ាង​ទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ដក​ទណ្ឌកម្ម​មុន​ទើប​ខ្លួន​រំសាយ​នុយក្លេអ៊ែរ។ នៅ​ម្ខាង​ទៀត ក្រុង​វ៉ាស៊ីនតោន​ទាមទារ​ឲ្យ​ក្រុង​ព្យុងយ៉ាង​រំសាយ​នុយក្លេអ៊ែរ​មុន​ទើប​ខ្លួន​ដក​ទណ្ឌកម្ម។ ដរាប​ណា​ភាព​មិន​ទុកចិត្ត​គ្នា​នេះ​នៅ​បន្ត ប្រហែល​គ្មាន​ថ្ងៃ​បិទបញ្ចប់​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នា​ពេល​ឆាប់ៗ​ខាង​មុខ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI