ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បេឡារុសកៀងឲ្យយន្តហោះ Ryanair ចុះចត ដើម្បីចាប់ខ្លួនអ្នកកាសែតប្រឆាំង

សំឡេង ០៨:៥១
យន្តហោះ របស់ក្រុមហ៊ុន​Ryanair ដែល​បានដឹក​អ្នកកាសែត​ប្រឆាំងបេឡារុស ត្រូវ​បាន​យន្តហោះចម្បាំង​បេឡារុស អម​បង្ខំ​ឲ្យ​ចុះចត​នៅ​ទីក្រុង​Minks កាលពី​ថ្ងៃ​អាទិត្យ​ទី ១៣ ឧសភា ២០២១
យន្តហោះ របស់ក្រុមហ៊ុន​Ryanair ដែល​បានដឹក​អ្នកកាសែត​ប្រឆាំងបេឡារុស ត្រូវ​បាន​យន្តហោះចម្បាំង​បេឡារុស អម​បង្ខំ​ឲ្យ​ចុះចត​នៅ​ទីក្រុង​Minks កាលពី​ថ្ងៃ​អាទិត្យ​ទី ១៣ ឧសភា ២០២១ AP - Mindaugas Kulbis

ប្រធានាធិបតី​បេឡារុស​បាន​រងការរិះគន់​ពី​ក្រុមប្រទេស​លោកខាងលិច នៅក្នុង​រឿង ពង្វាងផ្លូវយន្តហោះ និង​ចាប់​បង្ខំឲ្យចុះចត ជា​បន្ទាន់ ដើម្បី​ចាប់ខ្លួន​អ្នកកាសែត​ប្រឆាំង កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ នៅពេល​អាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បេឡារុស​ដោះលែង​ជា​បន្ទាន់​អ្នកកាសែត​ប្រឆាំង បេឡារុស ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​ជួបប្រជុំគ្នា នៅថ្ងៃ ចន្ទនេះ ដើម្បី​សម្រេចដាក់​ទណ្ឌកម្ម​ថ្មីបន្ថែម​ទៅលើ​រដ្ឋាភិបាល​បេឡារុស។ តើ​អ្នកកាសែត ប្រឆាំង បេឡារុស ជាអ្នកណា និង​បានធ្វើអ្វីខ្លះ រហូត​ធ្វើឲ្យ​ប្រធានាធិបតី បេឡារុស ព្រួយបារម្ភ និង​ប្រើវិធីសាស្រ្ត​ចាប់ខ្លួន ដ៏កម្រោល បែបនេះ?

ផ្សាយពាណិជ្ជកម្ម

យន្តហោះ ដឹកអ្នកដំណើរ​មួយគ្រឿង ដែល​ដឹក​អ្នកកាសែត​ប្រឆាំង​បេឡារុស ត្រូវ​បាន​គេ​ចាប់បង្ខំ​ឲ្យ​ចុះចតជា​បន្ទាន់ នៅទីក្រុង​Minks ប្រទេស​បេឡារុស កាលពី​ថ្ងៃ អាទិត្យម្សិលមិញ ក្រោមហេតុផល​ថា មាន​គ្រឿងផ្ទុះ ក្នុង​យន្តហោះ។

រឿងបង្វែរ យន្តហោះ ដើម្បី​ចាប់ខ្លួន​អ្នកកាសែត​ប្រឆាំង បេឡារុស កាលពីថ្ងៃ​អាទិត្យ ម្សិលមិញ គឺ​មិនខុសពីរឿងកុន ហូលីវូដនោះទេ។ នៅពេល​ថ្ងៃត្រង់ ម៉ោង នៅអឺរ៉ុប យន្តហោះ​របស់​ក្រុមហ៊ុន​Ryanair ដែល​ដឹកអ្នកដំណើរ ប្រមាណ ១៧០នាក់ ដែលក្នុងនោះ មាន​អ្នកកាសែត​ប្រឆាំង​បេឡារុស ផងដែរ បាន​ចាកចេញ ពីទីក្រុង​អាថែន​របស់ប្រទេស​ក្រិក សំដៅ ទីក្រុង វីលនីញូស Vilnius របស់​ប្រទេស​លីទុយអានី។ ប៉ុន្តែ នៅក្នុង​ពេល​ហោះ​កាត់​ដែនអាកាស​របស់​ប្រទេស​បេឡារុស ស្រាប់តែ អ្នកបើកយន្តហោះ បាន​ទទួល​ដំណឹង​ថា មានគ្រឿងផ្ទុះ ក្នុង​យន្តហោះ ដែលតម្រូវ​ឲ្យ​យន្តហោះ ចុះចត​ជាបន្ទាន់ នៅ​ទីក្រុង​ដែល​ជិតបំផុត។

តាម​ប្លុកព័ត៌មាន​របស់​ក្រុមប្រឆាំង បេឡារុស អ្នកដែល​ជូនដំណឹងថា មាន​គ្រាប់ផ្ទុះ ក្នុង​យន្តហោះ គឺ ជា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ បេឡារុស ដែលមាន​វត្តមាន នៅលើ​យន្តហោះ Ryanair នោះដែរ។ ប្រព័ន្ធផ្សព្វផ្សាយ​របស់​លីទុយអានី បាន​សរសេរ​ថា យន្តហោះ​របស់​ក្រុមហ៊ុន​ Ryanair ត្រូវ​បង្ខំ​ឲ្យ​ចុះចត ដោយសារ​តែ​ជម្លោះ រវាង​បុគ្គលិក យន្តហោះ និង​ភ្នាក់ងារស៊ើបការណ៍សម្ងាត់​បេឡារុស ក្នុងរឿង ថា មាន​គ្រាប់ផ្ទុះ​ក្នុង​យន្តហោះ។

នៅទីបំផុត ក្រោយ ពីមានការប្រកែក ប្រតាយប្រតប់ គ្នា ក្នុង​យន្តហោះ គេ​ក៏ឃើញ យន្តហោះ​ចម្បាំង​របស់​បេឡារុស មក​ហោះអម បង្វែរ យន្តហោះ Ryanair សំដៅ រដ្ឋធានី Minks របស់​ប្រទេស​បេឡារុស ដែល តាមពិត កំពុង ហោះជិត​ចូលដល់ ​ទីក្រុង Vilnius របស់​ប្រទេស ​លីទុយនី ដែល​ជា​គោលដៅ ចុះចត របស់​យន្តហោះ​ទៅហើយនោះ។

នៅពេល​យន្តហោះ របស់​ក្រុមហ៊ុន​ Ryanair​ចុះចត នៅ​ទីក្រុង​Minks រាល់អ្នកដំណើរ ត្រូវ គេ​ជម្លៀសចេញ​ពីយន្តហោះ និង​ត្រូវ​ឆ្លងកាត់ ច្រកត្រួតពិនិត្យ សន្តិសុខ នៅព្រលាន​យន្តហោះ។ នៅប៉ុន្មានម៉ោងក្រោយមក អាជ្ញាធរ​បេឡារុស បានអនុញ្ញាត​ឲ្យ​អ្នកដំណើរ ទាំងអស់​ត្រលប់ចូល​យន្តហោះ ប៉ុន្តែ លើកលែង​តែ អ្នកកាសែត​ប្រឆាំង បេឡារុស លោក Roman Protassevitch ដែល​ត្រូវ​ប៉ូលិស បេឡារុស កាក់ចាប់ខ្លួន យកទៅបាត់។

តើ​អ្នកកាសែត​ប្រឆាំង ដែល​ត្រូវ​ប៉ូលិស បេឡារុស ចាប់ខ្លួន បានធ្វើ​អ្វីខ្លះ រហូត ​ធ្វើ​ឲ្យ​ប្រធានាធិបតី បេឡារុស ត្រូវ បារម្ភ​ខ្លាច និង​បញ្ជាឲ្យគេ​ចាប់ខ្លួន ទាំង​កម្រោល នៅពេលនេះ?

អ្នកកាសែត​ប្រឆាំង​បេឡារុស លោក​Roman Protassevitch ដែល​រដ្ឋាភិបាល​បេឡារុស ស្ទាក់​ចាប់ខ្លួន ពីក្នុង​យន្តហោះ កាលពី​ថ្ងៃ​ម្សិលមិញ មានអាយុ ត្រឹម ២៦ឆ្នាំ​ប៉ុណ្ណោះ។ លោក​ជាអតីត និពន្ធនាយក​របស់​កាសែត​ប្រឆាំង ​បេឡារុស ឈ្មោះ Nexta ដែល​បាន​ដើរតួនាទី​សំខាន់ ក្នុង​បាតុកម្ម​ប្រឆាំង​លទ្ធផលឆ្នោត ប្រធានាធិបតី បេឡារុស កាលពី​ឆ្នាំ ២០២០ កន្លងទៅ។

គួររំលឹកថា នៅ​ឆ្នាំមុន បេឡារុស ដែលមាន​ប្រជាជនមិន​ដល់ ១០លាននាក់ ផង បាន​ជួបប្រទះ បាតុកម្ម​ភ្លូកទឹក ភ្លូកដី របស់​ប្រជាជន ដើម្បី​ប្រឆាំង​ប្រធានាធិបតី បេឡារុស លោក Alexandre Loukachenko ដែល​បាន​ដឹកនាំ​បេឡារុស តាំង​ពី​ឆ្នាំ ១៩៩៤ និង​ដែល​បាន​ទាមទារ​ថា ខ្លួន​ជា​អ្នកឈ្នះឆ្នោតសាជាថ្មី កាលពី​ឆ្នាំ ២០២០។

សកម្ម ក្នុង​បាតុកម្ម ប្រឆាំង និង​រិះគន់​អំពើពុករលួយ​របស់​ប្រធានាធិបតី បេឡារុស តាំង​ពី​ឆ្នាំ ២០១០ លោក Roman Protassevitch ធ្លាប់​ត្រូវ​គេ​បណ្តេញ​ចេញ​ពីសាលាកាសែត និង​ត្រូវ​អាជ្ញាធរ​បេឡារុស ចាប់ដាក់ពន្ធនាគារ ជាញឹកញយ ក្នុងបទចោទប្រកាន់ ញុះញង់​ឲ្យមាន​កុបកម្ម​ហិង្សា។

ដោយសារ​តែ​រងគំនាបខ្លាំង ពី​អាជ្ញាធរ​បេឡារុស អ្នកកាសែត​ប្រឆាំង​រូបនេះ និង​ឪពុកម្តាយ បាន​ទៅ​ជ្រកកោន នៅ​ប្រទេស​ប៉ូឡូញ តាំង​ពីដើម​ខែ មករា ​ឆ្នាំ ២០២០។ ប៉ុន្តែ តាំង​ពី​ទឹកដី ប៉ូឡូញ អ្នកកាសែត Roman Protassevitch បាន​បង្កើត​ប្លុក នៅលើ​បណ្តាញ​Telegram ដើម្បី​ចែកចាយ​ព័ត៌មាន​ស្តីពី​បាតុកម្ម​បង្រ្កាប ហិង្សា និង​ការធ្វើទារុណកម្ម របស់​ប៉ូលិស​បេឡារុស ទៅលើ​សកម្មជន​ប្រឆាំង នៅក្នុង​ទឹកដី​បេឡារុស ។ ប្លុករបស់លោក​មានអ្នកតាមដាន ដល់ទៅ​ជាង ១លាននាក់។

នៅ​ខែ វិច្ឆិកា​កន្លងទៅ លោក​ Roman Protassevitch និង​អតីត​ស្ថាបនិក ប្លុក​Nexta ដែលមាន​ទីតាំង​នៅ​ប្រទេស​ប៉ូឡូញ ត្រូវ​បាន​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់ បេឡារុស ចាត់ចូល​ក្នុង​បញ្ជី ឈ្មោះ បុគ្គល ដែល​ចូលរួមធ្វើ​សកម្មភាព ភេរវនិយម។ នៅ​ថ្ងៃ​អាទិត្យ ម្សិលមិញ លោក Roman Protassevitch​បានធ្វើដំណើរ​ចាកចេញ ពី​ទីក្រុង​អាថែន ប្រទេស​ក្រិក សំដៅ ប្រទេស លីទុយអានី ដែល​បាន​ផ្តល់​សិទ្ធិជ្រកកោន​នយោបាយ ឲ្យរូបលោក។

តើលោកប្រធានាធិបតី លូកាឈិនកូ បាន​ទទួលផលចំណេញ​ពីការចាប់ខ្លួន អ្នកកាសែត​ប្រឆាំង​បេឡារុស?

តាម​មន្រ្តីព័ត៌មាន​បេឡារុស គឺ​លោក ប្រធានាធិបតី Alexandre Loukachendo​ផ្ទាល់ ដែលជា​អ្នកបញ្ជា ឲ្យ​គេ​បញ្ជូន យន្តហោះ​ចម្បាំង ទៅហោះអម បង្ខំ ឲ្យ​យន្តហោះ ដឹកអ្នកកាសែត​ប្រឆាំង ចុះចត នៅទីក្រុង​Minks កាលពីថ្ងៃ​ម្សិលមិញ។ អ្នកដំណើរ​ដែលមាន​វត្តមាន​នៅក្នុង​យន្តហោះ ជាមួយ អ្នកកាសែត ប្រឆាំង បេឡារុស បាន​រៀបរាប់ថា ដំបូងឡើយ នៅពេល​ឃើញ​យន្តហោះ​បត់បែរក្បាល​សំដៅ​ទីក្រុង​Minks លោក  Roman Protassevitch​ភ័យតក់ស្លុត​ខ្លាំងមែនទែន ប៉ុន្តែ ក្រោយ​ពីដឹងថា លោក​គ្មានជម្រើសអ្វីផ្សេង លោក​ក៏ត្រលប់ស្ងៀមស្ងាត់​មកវិញ និង​និយាយ​ថា យន្តហោះ​ត្រូវបង្ខំ​ឲ្យចុះចត ដោយសារ​តែ​រូបលោក។ លោក Roman Protassevitch នៅបាននិយាយទៀតថា នៅ​បេឡារុស លោក​នឹង​ត្រូវ​ប្រឈម​នឹង ទោសប្រហារជីវិត។ មេដឹកនាំ​បក្ស​ប្រឆាំង បេឡារុស ដែលពេលនេះ កំពុង បានសិទ្ធិជ្រកកោន​នយោបាយ​នៅប្រទេស​លីទុយអានី ក៏បាន​បញ្ជាក់ ដូចគ្នា នេះដែរថា លោក Roman Protassevitch​ពិតជា​អាច​ប្រឈម​នឹង​ការកាត់ទោស​ប្រហារ​ជីវិត ដែលនៅតែ​មាន​អនុវត្ត​នៅឡើយ នៅប្រទេសបេឡារុស។

ដោយ​ហ៊ាន ទៅ​បង្វែរ យន្តហោះ ដើម្បី ចូល​ចាប់​អ្នកកាសែត​ប្រឆាំង បេឡារុស លើកនេះ លោកប្រធានាធិបតី Loukachenko ចង់​បញ្ជូន​សញ្ញា​ទៅកាន់ក្រុម​អ្នកប្រឆាំង​នឹង​លោក​ថា ទោះពួកគេ នៅទីណា ក៏លោក​អាច​ចាប់ខ្លួន​បានដែរ។ ប៉ុន្តែ តាមអ្នកវិភាគ មួយចំនួន រឿងនេះ អាច​ជាហេតុផល​មួយទៀត ដែល​ធ្វើ​ឲ្យ​ប្រជាជន ស្អប់កាន់តែ ខ្លាំង អំណាចផ្តាច់ការ​របស់​លោក​ប្រធានាធិបតី លូកាឈិនកូ ហើយ ទៅដុតកំហឹង ពួកគេ ឲ្យ​ធ្វើ​បាតុកម្មកាន់តែ​ខ្លាំង ប្រឆាំង នឹង​របប​បេឡារុស៕

សហភាព​អឺរ៉ុប និង​អាមេរិក គំរាម ដាក់​ទណ្ឌកម្ម លើ​បេឡារុស

ប្រទេស​លីទុយអានី ដែល​បានផ្តល់​សិទ្ធិជ្រកកោន​នយោបាយ ដល់​សកម្មប្រឆាំង បេឡារុស ជា​ច្រើន​នាក់ ដែល​នៅក្នុងនោះ​មាន​ផង​ដែរ មេបក្ស​ប្រឆាំង​បេឡារុស បាន​ទាមទារ ឲ្យ សហភាព​អឺរ៉ុប និង​អង្គការ​អូតង់​ផ្ទាល់ ចាត់វិធានការ​បន្ទាន់ ដើម្បី ថ្កោលទោស ទង្វើ​មិនអាច​ទទួល​យកបាន​របស់​រដ្ឋាភិបាល​បេឡារុស។

នៅក្រោយ រឿង​ចាប់បង្ខំ​ឲ្យយន្តហោះ Ryanair ចុះចត ដើម្បី ចាប់ខ្លួន​អ្នកកាសែត​ប្រឆាំង បេឡារុស​លើកនេះ ប្រទេស​លីទុយអានី ដែល​សមាជិក​មួយដែរ របស់​សហភាព​អឺរ៉ុប បាន​អំពាវនាវ​នៅថ្ងៃ​ចន្ទនេះ កុំ​ឲ្យ​យន្តហោះ​របស់​ក្រុមហ៊ុន​អឺរ៉ុប ដទៃទៀត ហោះឆ្លងកាត់​ដែនអាកាស បេឡារុស​តទៅទៀត។

លោកប្រមុខការបរទេស អាមេរិក អង់តូនី ប្លីងកិន​បានទាមទារ​ឲ្យ​របបបេឡារុស ដោះលែង​អ្នកកាសែត លោក Roman Protassevitch​ជាបន្ទាន់ និង​ថា ចំណាត់ការ​របស់​អាជ្ញាធរ​បេឡារុស បាន​បង្កគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នកដំណើរ ដែលនៅក្នុងនោះ មានផងដែរ ជនជាតិ​អាមេរិកាំង។

នៅក្រោយ សំឡេង​ថ្កោលទោស​របស់ រដ្ឋមន្រ្តីការបរទេស អឺរ៉ុប និង​អាមេរិក មេដឹកនាំ របស់​ប្រទេស​សមាជិកអឺរ៉ុប ទាំង ២៧​ត្រូវ​ប្រជុំ​បន្ទាន់ នៅថ្ងៃ ចន្ទ នេះ ដើម្បី ពិភាក្សា ថា គេ​ត្រូវ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៅលើ​បេឡារុស​ដែរឬទេ។ ចំណែក​អង្គការ​អូតង់ ព្រមានថា នឹង​បើកការស៊ើបអង្កេត តើ បេឡារុស បាន​រំលោភច្បាប់​អន្តរជាតិ ស្តីពីការហោះហើរ​ដែរឬទេ។

គួររំលឹកថា ដោយសារ​តែ​រឿង​បង្រ្កាប ហិង្សា និង​ចាប់ខ្លួន សកម្មជន​បក្ស​ប្រឆាំង រដ្ឋាភិបាល​បេឡារុស បាន​ធ្លាប់​រង​ការដាក់ទណ្ឌកម្ម រួចហើយ ពីសហភាព​អឺរ៉ុប និង​អាមេរិក។ ដោយ​ដាក់ទណ្ឌកម្ម​ទៅលើ​បេឡារុស ប្រទេស​លោកខាងលិច ចង់បញ្ជូន​សារ បញ្ជាក់​ជំហរ​ប្រឆាំង​ដាច់ខាត​របស់​ខ្លួន ទៅកាន់រដ្ឋាភិបាល​រុស្ស៊ី​ទៅវិញ ទេ ព្រោះគេ​ដឹងហើយថា ប្រធានាធិបតី បេឡារុស លោក Loukachenko មិនអាច​ហ៊ាន​ធ្វើ​រឿង​អស់ហ្នឹង​បានទេ បើសិន​មិនបាន​ទទួលភ្លើងខៀវ​ពី​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន ដែល​ជា​សម្ព័ន្ធមិត្ត គាំទ្ររបប​បេឡារុស​រហូតមកនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI