ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនក្លាយជារឿងអាទិភាពដែលប្រធានាធិបតីអាមេរិកលោកចូ បៃដិនមិនបានរង់ចាំ?

សំឡេង ០៧:១៧
ប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិន (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូ ថ្ងៃទី២៥ ឧសភា ២០២១
ប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិន (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូ ថ្ងៃទី២៥ ឧសភា ២០២១ AP - Alex Brandon

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា​នៅ​ថ្ងៃ​អង្គារ ទី២៥ ឧសភា។ តាម​ក្រសួង​ការបរទេស​អាមេរិក មាន​ប្រទេស និង​ដែនដី​ចំនួន ៤ ដែល​លោក​ប៊្លីនកិន​ទៅ​ទស្សនកិច្ច គឺ​អ៊ីស្រាអែល ដែនដី​ប៉ាឡេស្ទីន អេហ្ស៊ីប និង​ប្រទេស​ហ្សដានី។ វត្តមាន​របស់​ប្រមុខ​ការទូត​អាមេរិក​នៅ​តំបន់​ដើមបូព៌ា​ពេល​នេះ​ធ្វើ​ឡើង ក្រោយ​ពី​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន​បាន​ផ្ទុះ​សង្រ្គាម​នឹង​គ្នា​មួយ​ប្រ៉ាវ​រយៈ​ពេល ១១ថ្ងៃ​ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី២១ ឧសភា។ ថ្ងៃទី២១ ឧសភា​ជា​ថ្ងៃ​ដែល​ភាគី​ជម្លោះ​ទាំង​ពីរ​បាន​ទទួល​យក​នូវ​បទឈប់​បាញ់​មួយ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល លោក​ប៊្លីនកិន​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ ហើយ​នៅ​ដែនដី​ប៉ាឡេស្ទីន លោក​ប៊្លីនកិន​ជួប​សន្ទនា​ជាមួយ​ប្រធាន​រដ្ឋអំណាច​លោក​ម៉ាម៉ូដ អាបាស់​មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប និង​ប្រទេស​ហ្សកដានី។ គ្មាន​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ដែល​អាមេរិក​បាន​ចាត់​ទុក​ជា​អង្គការ​ភេរវនិយម​ទេ។ កម្មវត្ថុ​សំខាន់​ជាង​គេ​របស់​លោក​ប៊្លីនកិន​នៅ​ចំពោះ​មុខ គឺ​ពង្រឹង​បទឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃទី២១ ឧសភា និង​ចង់​ឃើញ​បទឈប់បាញ់​មួយ​នេះ​មាន​រយៈពេល​យូរ។

គួរ​រម្លឹក​ថា គេ​ត្រូវ​រង់ចាំ​ការ​ផ្ទុះ​សង្រ្គាម​រវាង​កងទ័ព​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​រយៈពេល ១១ថ្ងៃ​ទើប​គេ​អាច​រក​បាន​បទឈប់បាញ់​មួយ​នេះ​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​អេហ្ស៊ីប​ដែល​គេ​ស្គាល់​ជា​តួអង្គ​អាជ្ញាកណ្តាល​ប្រពៃណី​នៃ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តែ​អ្វី​ជា​ការ​កត់សម្គាល់ បទឈប់​បាញ់​ដែល​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​បាន​ទទួល​យក​នៅ​ជា​បទឈប់បាញ់​ផុយស្រួយ​នៅ​ឡើយ។ ផុយស្រួយ ព្រោះ​វា​មិន​បាន​បង្កប់​ដោយ​លក្ខខណ្ឌ​អ្វី​ទាំង​អស់ មាន​ន័យ​ថា សង្រ្គាម​អាច​នឹង​ផ្ទុះ​ជា​ថ្មី​នៅ​គ្រប់​ពេល​ទាំង​អស់​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស។ បើ​សរុប​ទៅ​មក​ដល់​ពេល​នេះ អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន​បាន​ផ្ទុះ​សង្រ្គាម​នឹង​គ្នា​ចំនួន ៤ដង។

ក្រៅ​ពី​ចង់​ពង្រឹង​បទឈប់​បាញ់ និង​ចង់​ឃើញ​បទឈប់បាញ់​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាសប៉ាឡេស្ទីន​មាន​រយៈពេល​យូរ លោក​ប៊្លីនកិន​ក៏​និយាយ​ពី​ការ​ផ្តល់​ជំនួយ និង​ផែនការ​កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ។

កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ​ដោយ​មិន​ផ្តល់​ឱកាស​ឲ្យ​ចលនា​ហាម៉ាស

គម្រោង​ជំនួយ និង​ផែនការ​របស់​អាមេរិក​សម្រាប់​តំបន់​ហ្កាហ្សា​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បញ្ជាក់​នា​សប្តាហ៍​កន្លង​ទៅ​ដោយ​លើក​ឡើង​ពី​ការ​រួម​សហការ​ជា​មួយ​អង្គការ​សហប្រជាជាតិ​តាម​រយៈ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ប្រចាំ​តំបន់​ហ្កាហ្សា។ លោក​បៃដិន​មិន​បាន​លំអិត​ពី​ជំនួយ​ទេ តែ​បាន​លើក​ឡើង​ពី​ជំនួយ​ដ៏​សំខាន់​ដើម្បី​កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ​ដោយ​ធ្វើ​យ៉ាង​ណា​មិន​ផ្តល់​ឱកាស​ឲ្យ​ពួក​ហាម៉ាស​ដែល​កំពុង​គ្រប់គ្រង​តំបន់​ហ្កាហ្សា​អាច​ប្រើ​ជំនួយ​អន្តរជាតិ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​សព្វាវុធ​របស់​ខ្លួន។

ដូច​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា មាន​អាគារ ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​នៅ​តំបន់​ហ្កាហ្សា​បាន​រង​ការ​កម្ទេច​ដោយ​គ្រាប់មីស៊ីល និង​គ្រាប់បែក​អ៊ីស្រាអែល​នៅ​ក្នុង​សង្គ្រាម​រយៈពេល ១១ថ្ងៃ​ទល់​នឹង​ពួកហាម៉ាស។ នេះ​ដោយ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ពី​ភាព​លំបាកលំបិន និង​ការ​បាត់បង់​គ្មាន​សល់​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ក្នុង​សង្រ្គាម​នោះ​ទេ។

នៅ​ថ្ងៃ​ចន្ទ ទី២៤ ឧសភា ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប​លោក​អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី។ នៅ​ក្នុង​កិច្ចសន្ទនា លោក​បៃដិន​បាន​និយាយ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ដើម្បី​កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ និង​ជំនួយ​មនុស្សធម៌​បន្ទាន់​សម្រាប់​តំបន់​ហ្កាហ្សា។

ខណៈ​ដែល​ប្រមុខ​ការទូត​អាមេរិក​លោក​ប៊្លីនកិន​កំពុង​មាន​វត្តមាន​នៅ​អ៊ីស្រាអែល និង​នៅ​ដែនដី​ប៉ាឡេស្ទីន អ៊ីស្រាអែល​បាន​ប្រកាស​នា​យប់​ថ្ងៃ​ចន្ទ ទី២៤ ឧសភា​ពី​ការ​បើក​ឡើង​វិញ​នូវ​ច្រក Kerem Shalom ប្រចាំ​ថ្ងៃ​សម្រាប់​ដឹក​ជំនួយ​មនុស្សធម៌​ទៅ​កាន់​តំបន់​ហ្កាហ្សា។ គួរ​រម្លឹក​ថា អ៊ីស្រាអែល​បាន​បិទខ្ទប់​ផ្លូវគោក និង​ផ្លូវសមុទ្រ​លើ​តំបន់​ហ្កាហ្សា​តាំង​ពី​ជិត ១៥ឆ្នាំ​កន្លង​មក។

ដំណោះស្រាយ​រដ្ឋ​ពីរ​ជា​ដំណោះស្រាយ​តែ​មួយ​គត់​សម្រាប់​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន

ថ្មីៗ​នេះ​នា​ឱកាស​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​នៅ​សេតវិមាន លោក​បៃដិន​បាន​បញ្ជាក់​ច្បាស់ៗ​ថា ដំណោះស្រាយ​រដ្ឋ​ពីរ​ជា​ដំណោះស្រាយ​តែ​មួយ​គត់​សម្រាប់​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន។ តែ​សំណួរ​ដែល​ចោទ​ឡើង​គឺ​ថា តើ​លោក​បៃដិន​អាច​រក​ដោះស្រាយ​មួយ​នេះ​បាន​ឬ​ទេ​នៅ​ក្នុង​អាណត្តិ​របស់​លោក?។ នេះ​ជា​សំណួរ​មួយ​ដែល​ប្រហែល​ជា​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ផ្តល់​ចម្លើយ​ជាក់​ច្បាស់​បាន​ឡើយ ព្រោះ​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​ជា​ជម្លោះ​រ៉ាំរ៉ៃ អូសបន្លាយ​អស់​ជា​ច្រើន​ទសវត្ស​កន្លង​មក។

គ្រប់​ប្រធានាធិបតី​អាមេរិក​ទាំង​អស់ មិន​ថា​លោក​ប៊ីល គ្លីនតុន លោក George W.Bush លោក​បារ៉ាក់ អូបាម៉ា ឬ​មួយ​ក៏​លោក​ដូណាល់ ត្រាំ​សុទ្ធ​តែ​បាន​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ គ្រាន់​តែ​ថា ម្នាក់ៗ​មាន​វិធីសាស្រ្ត យុទ្ធសាស្រ្ត និង​ឲ្យ​អាទិភាព​ខុសៗ​គ្នា​តែ​ប៉ុណ្ណោះ។ ជាក់ស្តែង លោក​ត្រាំ​បាន​ផ្តោត​សំខាន់​លើ​ការ​ជួយ​កសាង​សេដ្ឋកិច្ច​ឲ្យ​ប៉ាឡេស្ទីន ខណៈ​ដែល​លោក​អូបាម៉ា​បាន​ឲ្យ​អាទិភាព​លើ​ការ​បង្កើត​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា។ ឥឡូវ​នេះ រឿង​បង្កើត​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ត្រឡប់​ជា​ថ្មី​នៅ​ក្នុង​រដ្ឋបាល​អាមេរិក​របស់​លោក​ចូ បៃដិន។

មែនទែន​ទៅ ដំណោះស្រាយ​រដ្ឋ​ពីរ​សម្រាប់​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​ជា​ដំណោះស្រាយ​ដែល​សហគមន៍​អន្តរជាតិ ពិសេស​ក្រុម​ប្រទេស​អារ៉ាប់ និង​ប៉ាឡេស្ទីន​ខ្លួន​ឯង​បាន​ទាមទារ​យ៉ាង​ទទូច​តាំង​ពី​យូរ​មក​ហើយ។ នេះ​ជា​បុព្វហេតុ​ចម្បង​តែ​មួយ​គត់​របស់​ប៉ាឡេស្ទីន។ ដរាប​ណា​បុព្វហេតុ​មួយ​នេះ​នៅ​មិន​ទាន់​បាន​រក​ឃើញ​ទេ គ្មាន​ថ្ងៃ​ដែល​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​អាច​បិទ​បញ្ចប់​បាន​ឡើយ។ ក្រោយ​សង្រ្គាម​ថ្មីៗ​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ដោះស្រាយ​ជម្រៅ​នៃ​បញ្ហា។ ជម្រៅ​នៃ​បញ្ហា​ដែល​អង្គការ​សហប្រជាជាតិ​ចង់​និយាយ គឺ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​មួយ​ស្របច្បាប់​រស់​ក្បែរ​អ៊ីស្រាអែល។

ឃើញ​ថា​ចង់ ឬ​មិន​ចង់ នេះ​ជា​វិញ្ញាសារ​ដ៏​លំបាក​ដែល​រដ្ឋបាល​អាមេរិក​របស់​លោក​បៃដិន​ត្រូវ​ប្រឈម និង​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់។ ចូរ​កុំ​ភ្លេច​ថា ពេល​វេលា​កាន់​តែ​អូសបន្លាយ ភាព​សុំាញាំ និង​ស្មុគស្មាញ​នៃ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ក៏​កាន់​តែ​មាន​ច្រើន​ឡើងៗ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI