ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក ឈ្លប​ស៊ើបការណ៍​លើ​ថ្នាក់​ដឹកនាំ​​​ប្រទេស​​​អឺរ៉ុប

សំឡេង ០៧:២៧
រូបភាពឯកសារ ខែមីនា ឆ្នាំ​២០១៣៖ លោកស្រីអង់ហ្កេឡា មែរកិល លើកទូរស័ព្ទបង្ហាញ បន្ទាប់ពីមានដំណឹង ថាទូរស័ព្ទលោកស្រី ត្រូវបានក្រុមចារកិច្ចអាមេរិក លបស្តាប់។
រូបភាពឯកសារ ខែមីនា ឆ្នាំ​២០១៣៖ លោកស្រីអង់ហ្កេឡា មែរកិល លើកទូរស័ព្ទបង្ហាញ បន្ទាប់ពីមានដំណឹង ថាទូរស័ព្ទលោកស្រី ត្រូវបានក្រុមចារកិច្ចអាមេរិក លបស្តាប់។ AP - Julian Stratenschulte

ទីភ្នាក់ងារសន្តិសុខអាមេរិក NSA បានប្រើប្រាស់ទីភ្នាក់ងារចារកិច្ច របស់ប្រទេស​ដាណឺម៉ាក ដើម្បីឈ្លប​យក​ការណ៍ ស្តាប់ទូរស័ព្ទ និងប្រមូលទិន្នន័យ របស់ថ្នាក់ដឹកនាំនៃប្រទេសអឺរ៉ុប ដែលក្នុងនោះ មានជាអាទិ លោកស្រី អង់ហ្គេឡា មែរគិល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់។ នេះបើយោង​តាមការផ្សាយ របស់បណ្តាញទូរទស្សន៍ជាតិដាណឺម៉ាក កាលពីយប់ថ្ងៃអាទិត្យទី​៣០ឧសភា​ ដោយផ្អែកលើ របាយការណ៍ផ្ទៃក្នុងមួយ របស់ទីភ្នាក់ងារចារកិច្ចដាណឺម៉ាក កាលពីឆ្នាំ​២០១៥។

ផ្សាយពាណិជ្ជកម្ម

ដំណឹងបានលេចឮព្រោងព្រាត កាលពីយប់ថ្ងៃអាទិត្យទី ៣០ឧសភា បន្ទាប់ពី​ទូរទស្សន៍រដ្ឋដាណឺម៉ង់ (DR) បានផ្សព្វផ្សាយដំណឹងនេះ ដោយសហការជាមួយបណ្តាញទូរទស្សន៍ស៊ុយអែត SVT ទូរទស្សន៍ន័រវែស NRK ទូរទស្សន៍អាល្លឺម៉ង់ NDR និង WDR បណ្តាញសារព័ត៌មានអាល្លឺម៉ង់ Suddeutsche Zeitung និងកាសែតបារាំង Le Monde។

បណ្តាញ​ព័ត៌មាន​ទាំង​នេះ អះអាងថា​ ទីភ្នាក់ងារសន្តិសុខអាមេរិក NSA បានឈ្លបស៊ើបការណ៍​ទៅលើថ្នាក់​ដឹកនាំ​​​ប្រទេស​​អឺរ៉ុប​មួយ​ចំនួន ក្នុងរវាងពីឆ្នាំ ២០១២ ដល់ ២០១៤។ ក្នុងចំណោមថ្នាក់​ដឹកនាំ មន្ត្រីធំៗ​ ដែល​គេ​ស៊ើប​ឈ្លប​យកការណ៍ គឺមានជាអាទិ លោកស្រី​អង់ហ្គេឡា មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់កាល​ក្នុង​អំឡុង​ពេលនោះ និង​លោក Peer Steinbruck ប្រធាន​គណបក្សប្រឆាំងអាល្លឺម៉ង់។ ក្រៅពីនេះ នៅមាន​ថ្នាក់ដឹកនាំនយោបាយ ប្រទេស​​ន័រវែស ប្រទេសស៊ុយអែត និងបារាំងផងដែរ។

ទីភ្នាក់ងារសន្តិសុខអាមេរិក បានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ របស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់ដាណឺម៉ាក ដើម្បី​សម្រេចកិច្ចការនេះ ដោយសារ​ទីភ្នាក់ងារ​សន្តិសុខអាមេរិក មានកិច្ចសន្យាសហប្រតិបត្តិការ ជាមួយ​ក្រុមចារកិច្ចដាណឺម៉ាក។​ ទីភ្នាក់ងារចារកិច្ចដាណឺម៉ាក ជាអ្នកគ្រប់គ្រងចរាចរណ៍​ទិន្នន័យ និងការ​ទំនាក់ទំនង​ទូរគមនាគមន៍ទាំងអស់​ ដោយ​​ប្រើ​ខ្សែកាប​ក្រោមសមុទ្រ។ គឺតាមរយៈខ្សែកាបនេះហើយ ដែលទី​ភ្នាក់ងារ​សន្តិសុខ​អាមេរិក អាចចូលទៅលបស្តាប់ការសន្ទនាទូរស័ព្ទ ឬក៏​ យកអ៊ីម៉ែល របស់នរណាម្នាក់ដែលគេចង់បាន​​ ដោយគ្រាន់តែវាយពាក្យ​ជ្រើសរើស។

ដាណឺម៉ាក ចូលរួមដោយមិនដឹងខ្លួន

យោងតាមដំណឹងផ្សព្វផ្សាយ គឺគ្មានអ្វីបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការសំងាត់របស់ដាណឺម៉ាក​ បានដឹងអំពីសកម្មភាព​របស់អាមេរិក តាំងតែពីដំបូងទេ។ តែយ៉ាងណា ដាណឺម៉ាក បានចូលរួមដោយ​ប្រយោល ដោយ​បានបើកផ្លូវ ឲ្យ​ទីភ្នាក់ងារNSA របស់អាមេរិក ឈ្លបយក​ការណ៍តាមរយៈខ្សែកាប​ក្រោមសមុទ្រ​របស់ខ្លួន។

បើតាមខ្លឹមសារនៃដំណឹង ដែលបែកធ្លាយ​នេះ គឺប្រទេសដាណឺម៉ាក អាចមិនដឹងខ្លួនពិត​មែន​ ថាអាមេរិក​​ធ្វើបែបនេះ។ ទូរទស្សន៍​DR បានអះអាងថា ព័ត៌មាននេះ គឺគេផ្អែកលើ របាយការណ៍​ផ្ទៃក្នុងមួយ របស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់ដាណឺម៉ាក់ (FE) ឈ្មោះរបាយការណ៍ « Operation Dunhammer »។ ទីភ្នាក់ងារ​ស៊ើបការណ៍សំងាត់ដាណឺម៉ាក បានចាប់ផ្តើមធ្វើការអង្កេតផ្ទៃក្នុង ដោយ​ស្ងាត់ៗ រវាង​ឆ្នាំ២០១៣ បន្ទាប់ពីលោក Edward Snowden បានទំលាយ​ឯកសារសំងាត់មួយ​ចំនួនបញ្ជាក់ថា ទីភ្នាក់ងារសន្តិសុខអាមេរិក NSA បានធ្វើសកម្មភាពមិនល្អ ឈ្លប​យក​ការណ៍​​ពីប្រទេសសម្ព័ន្ធមិត្ត។​

ដោយសង្ស័យ ព្រោះថាខ្លួនមានកិច្ចសន្យាសហការជាមួយទីភ្នាក់ងារ NSA​ របស់អាមេរិកដែរនោះ​ ទើប​ទីភ្នាក់ងារ​​ស៊ើបការណ៍​សំងាត់​របស់​ដាណឺម៉ាក បាន​សម្រេច​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង​​នេះ​។ ហើយជាលទ្ធផល គឺអ្នកជំនាញដាណឺម៉ាក បានសន្និដ្ឋាននៅខែឧសភា​ឆ្នាំ​​២០១៥ ថាទីភ្នាក់ងារ NSA របស់អាមេរិក ពិតជាបាន​ឈ្លបយកការណ៍​ ស្តាប់ការសន្ទនា និងប្រមូលទិន្នន័យ ដោយ​ប្រើហេដ្ឋារចនា​សម្ព័ន្ធ​ដាណឺម៉ាក​ពិតមែន។

ទូទស្សន៍ DR បានអះអាងថា ព័ត៌មានទាំងនេះ គឺគេមានប្រភពច្បាស់ការណ៍ ដោយផ្អែកលើ ប្រភព​ចំនួន​​៩ផ្សេងគ្នា ដែលសុទ្ធតែជាអ្នក បានអាន​ឯកសារ​របាយការណ៍​សំងាត់ របស់ទីភ្នាក់ងារស៊ើបការណ៍​ដាណឺម៉ាក។ ហើយដំណឹង​នេះ​ ក៏សុទ្ធតែបាន​ទទួលការអះអាងថាពិតមែន ពីសំណាក់ ប្រភព​ឯករាជ្យ​មួយចំនួន​ទៀតដែរ។ យ៉ាងណាមិញ កាលពីខែ​វិច្ឆិកា ឆ្នាំ២០២០ ទូរទស្សន៍ដាណឺម៉ាកនេះ ក៏ធ្លាប់បានផ្សយ​ដំណឹង ថា​សហរដ្ឋអាមេរិក បានប្រើខ្សែកាបរបស់ដាណឺម៉ាក ដើម្បីឈ្លបយកការណ៍ លើឧស្សាហកម្ម​អាវុធ របស់ដាណឺម៉ាក និងរបស់អឺរ៉ុបផងដែរ។

សម្ព័ន្ធមិត្ត ឈ្លបស៊ើបការណ៍គ្នាឯង

សម្រាប់បារាំងដែលមានមន្ត្រីជាន់ខ្ពស់ខ្លះ ជាប់ឈ្មោះត្រូវអាមេរិកស៊ើបយកការណ៍ដែរនោះ កាសែត Le Monde បានព្យាយាមទាក់ទងទៅវិមានប្រធានាធិបតីបារាំង តែគេមិនបានឆ្លើយអ្វីទាំងអស់។ ដោយឡែក លោក Clément Beaune រដ្ឋលេខាធិការបារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុប បានលើកឡើងតាមវិទ្យុ ថារដ្ឋាភិបាលបារាំង កំពុងរងចាំការស៊ើបអង្កេត ឲ្យ​បានស៊ីជំរៅ ដើម្បីបង្ហាញភាពប្រត្យក្ស ថាតើរឿងនេះ​ពិតកម្រិតណា។ លោកថា បើពិតមែន នោះបារាំង និងចាត់វិធានការការទូត ដើម្បីតវ៉ានឹងសហរដ្ឋអាមេរិក។

ដូចគ្នាដែរ រហូតមកទល់ពេលនេះ ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់ដាណឺម៉ាក ដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះដោយផ្ទាល់នោះ ក៏ទាន់មានប្រតិកម្មណាមួយដែរ។ លោកស្រី Trine Bramsen រដ្ឋមន្ត្រីក្រសួងារការពារជាតិដាណឺម៉ាក បាន​បដិសេធមិនឆ្លើយអ្វីទេ ជុំវិញបញ្ហានេះ តែលោកស្រីបានបញ្ជាក់ថា ក្នុងនាមជាប្រទេសសម្ព័ន្ធមិត្តនឹងគ្នា ការដែលអាមេរិកឈ្លបយកការណ៍បែបនេះ គឺជារឿងមួយមិនអាចទទួលយកបានទេ។ ចំណែកលោក រដ្ឋមន្ត្រីក្រសួងការពារជាតិ​ន័រវែសវិញ បានអះអាងថា ន័រវែស កំពុងពិនិត្យ​លើសំណុំរឿងដោយយកចិត្តទុកដាក់បំផុត។ សម្រាប់ភាគី រដ្ឋាភិបាលអាល្លឺម៉ង់ គឺ​មិនទាន់បានមានប្រតិកម្មអ្វីទេ នៅ​ពេលនេះ។

មិនមែនលើកទី១

ដោយឡែក លោកPeer Steinbrück អ្នកនយោបាយ​បក្សប្រឆាំងអាល្លឺម៉ង់ ដែលត្រូវគេឈ្លប​យក​ការណ៍ដែរនោះ បានលើកឡើងថា នេះជាករណីជ្រុលហួសហេតុពេកណាស់ បើទោះបីធាតុពិត លោក​មិនសូវជាភ្ញាក់ផ្អើលណាស់ណាក៏ដោយ ថាអាេមរិកធ្វើសកម្មភាពបែបនេះ។

ជាការពិត គេមិនសូវភ្ញាក់ផ្អើល ព្រោះថានេះមិនមែនជាលើកទី១ទេ ដែល​មានដំណឹងបែកធ្លាយ​ ថាទីភ្នាក់ងារសន្តិសុខអាមេរិក ឈ្លបយកការណ៍លើថ្នាក់ដឹកនាំប្រទេសនៅអឺរ៉ុប។ ជាក់ស្តែង នៅឆ្នាំ​២០១៣ យោងតាមឯកសារទំលាយ​ដោយ​លោក Edward Snowden គឺបានបង្ហាញឲ្យដឹងថា អាមេរិក​បានប្រើស្ថានទូតរបស់ខ្លួន ប្រចាំនៅក្រុងប៊ែរឡាំង ឲ្យឈ្លបស្តាប់ទូរស័ព្ទ របស់​លោកស្រីអង់ហ្គេឡា មែរកិល រួចទៅហើយ។ ហើយនៅឆ្នាំ​២០១៥ បណ្តាញព័ត៌មានអាល្លឺម៉ង់ ក៏បានចុះផ្សាយ​ដែរ ថាលោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ត្រូវអាមេរិកលបស្តាប់ទូរស័ព្ទដែរ។

កាលជំនាន់នោះ បន្ទាប់ពីមានការតវ៉ាពី ភាគីអាល្លឺម៉ង់ រដ្ឋបាលលោកអូបាម៉ា បានសន្យាថានឹងឈប់ ឈ្លបយកការណ៍ពីថ្នាក់ដឹកនាំអាល្លឺម៉ង់។ ក៏ប៉ុន្តែ យើងមិនដឹងថាអាមេរិក​ បានឈប់មែនឬក៏អត់ទេ។ ដំណឹងចុងក្រោយដែលទើបតែបែកធ្លាយនេះ គឺគេបានវាយលេខសំងាត់ រវាងតែ​ពីឆ្នាំ​ ២០១២ ដល់២០១៤ ប៉ុណ្ណោះ ហើយទីភ្នាក់ងារស៊ើបការសំងាត់របស់ដាណឺម៉ាក នៅតែបន្តធ្វើការជាមួយ​ទីភ្នាក់ងារ NSA របស់អាេមរិកដដែលទេ រហូតដល់បច្ចុប្បន្ននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI