ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើពហិការរបស់​គ្រូ និង​សិស្ស​ភូមានឹង​អាច​ដាក់​សម្ពាធ លើ​របបសឹក​ភូមា​ដែរឬទេ ?

សំឡេង ០៧:១៣
ក្នុងរូបភា​ពផ្តល់ដោយ​ក្រុម កាឈីន ឈ្មោះ Kachinwaves កាលពីថ្ងៃទី ៥​ឧសភា កុមារ ភូមា​ធ្វើ​បាតុកម្ម​ប្រឆាំង រដ្ឋប្រហារ​យោធាភូមា និង​ធ្វើ​ពហិការមិនចូលសាលា​តាមការប្រកាស របស់​របបសឹក នៅថ្ងៃទី ១ មិថុនា ២០២១​នោះទេ។
ក្នុងរូបភា​ពផ្តល់ដោយ​ក្រុម កាឈីន ឈ្មោះ Kachinwaves កាលពីថ្ងៃទី ៥​ឧសភា កុមារ ភូមា​ធ្វើ​បាតុកម្ម​ប្រឆាំង រដ្ឋប្រហារ​យោធាភូមា និង​ធ្វើ​ពហិការមិនចូលសាលា​តាមការប្រកាស របស់​របបសឹក នៅថ្ងៃទី ១ មិថុនា ២០២១​នោះទេ។ AFP - HANDOUT

១ កុម្ភៈ និង​១​មិថុនា។ គិត​មកដល់​ថ្ងៃអង្គារ​ទី ១​មិថុនា មានរយៈពេល​៤ខែ​គត់ ដែលកងទ័ពភូមា ធ្វើ​រដ្ឋប្រហារ​ទម្លាក់ រដ្ឋាភិបាលស៊ីវិល ឈ្នះឆ្នោត របស់​លោកស្រី អ៊ុងសាន ស៊ូជី។ នៅ៤​ខែមកនេះ របបសឹក​ភូមា នៅតែ​មិនអាច ដោះស្រាយ បញ្ចប់ចលនា​បាតុកម្ម​ប្រឆាំង​នៅទូទាំងប្រទេស។ ក្នុង​រូបភាព​ប្រឆាំង​រដ្ឋប្រហារ​របស់របបសឹក​ភូមា គ្រូបង្រៀន និង​សិស្សានុសិស្ស ភូមា ជាច្រើន​ម៉ឺននាក់ បាន​ធ្វើ​ពហិការ មិន​ចូល​សាលារៀន នៅ​ថ្ងៃ​បើកបវេសនកាល​ឆ្នាំ ថ្មី នៅថ្ងៃទី ១​មិថុនា នេះ ទៅតាម​បទបញ្ជា​របស់​របបសឹក។

ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​ភូមា ថ្ងៃ​ទិវាកុមារអន្តរជាតិ ទី១ មិថុនា ត្រូវ​ជាថ្ងៃ​បើកបវេសនកាល ឆ្នាំ​សិក្សា​ថ្មី ប៉ុន្តែ ទាំងគ្រូបង្រៀន និង​សិស្ស​រាប់ម៉ឺននាក់ បាន​បដិសេធ មិនចូល​សាលា តាម​ការបញ្ជា​របស់​របបសឹក​នោះទេ។

ដោយ​ប្រកាស បើក​សាលារៀន បើកឆ្នាំ​សិក្សា ថ្មី នៅក្រោយ បិទ អស់​ជាង ១ឆ្នាំ ដោយសារ វិបត្តិកូវីដ របបសឹក​ភូមា ចង់​បង្ហាញ ថា អ្វីៗ​បាន​ប្រព្រឹត្ត ​ដំណើរការ​ជាធម្មតា នៅ​៤ខែ​ក្រោយ មានរដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​លោកស្រី អ៊ុងសាន ស៊ូជី។ នៅប្រទេស​ភូមា ឆ្នាំ​សិក្សា​ថ្មី ត្រូវ​ចាប់ផ្តើម នៅ​ថ្ងៃ​ទី ១​មិថុនា នេះ ប៉ុន្តែ សាលារៀន​ជាច្រើន​កន្លែង នៅទូទាំងប្រទេស​ត្រូវ​ប្រឈម​នឹង​ថ្នាក់រៀនគ្មាន​សិស្ស គ្មានគ្រូបង្រៀន ព្រោះថា គ្រូបង្រៀន និង​សិស្ស​រាប់ម៉ឺននាក់ បាន​ប្រកាស​ហើយថា ពួកគេ នឹង​មិន​ចូលសាលារៀន ទៅតាម ការបញ្ជា របស់​របបសឹក នោះទេ។

ចាប់តាំង​ពីមេដឹកនាំ​យោធា​ភូមា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល របស់​លោកស្រី អ៊ុងសាន ស៊ូជី គ្រូបង្រៀន ស្ថិតក្នុង​ចំណោម បុគ្គលិករដ្ឋការ​ភូមា ដំបូងគេ ដែលបាន​ចូលរួម ធ្វើ​បាតុកម្ម ជាមួយ គ្រូពេទ្យ អ្នកធ្វើការ​នៅធនាគារ និង​អ្នកធ្វើការ​នៅ​តាមស្ថានីយ៍រថភ្លើង ភូមា​ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ ហើយនិង​ការបង្រ្កាបហិង្សា​សម្លាប់​មនុស្ស របស់​ពួកយោធាភូមា។

ដោយសារ​តែ កូដកម្ម និងបាន​ចូលរួម​ធ្វើបាតុកម្ម ប្រឆាំង រដ្ឋប្រហារ គ្រូបង្រៀន ជាង ១សែន៥ម៉ឺននាក់ ត្រូវ​របបសឹក​ផ្អាកពីការងារ។ ដូច្នេះ បើទោះបី​របបសឹក​ប្រកាស​បើក​សាលារៀនវិញ ប៉ុន្តែ ថ្នាក់រៀន​ជាច្រើន នៅតែ​គ្មាន​គ្រូបង្រៀន​ដដែល។ ម្យ៉ាងទៀត ទោះ នៅមាន​សល់​គ្រូបង្រៀន ដល់ទៅ ៣សែននាក់ ដែល​មិនទាន់​ត្រូវ​ផ្អាក ពីការងារ ប៉ុន្តែ ថ្នាក់រៀន​ត្រូវ​ប្រឈម​នឹង ការខ្វះសិស្ស​ចូលរៀន ជាពិសេស នៅតាម​ទីក្រុង​ធំៗ ដូចជា​ទីក្រុង រ៉ង់ហ្គូន ម៉ង់ដាឡេជាដើម។ អាច ថា ថ្ងៃ​បើកសាលារៀន​លើកដំបូង នៅ​ភូមា ត្រូវជួប​ឧបសគ្គ ដោយសារ​តែ​ ពហិការ​របស់​សិស្ស និស្សិត​ភូមា ជាច្រើន​ម៉ឺននាក់ ដែល​ស្ថិតនៅ​ជួរមុខគេ ក្នុង​បាតុកម្ម ប្រឆាំង​របបសឹករហូតមក។ តាម​សហព័ន្ធ​គ្រូបង្រៀន និស្សិត ពី ៨០ ទៅ​៩០ភាគរយ ដែល​បាន​ធ្វើ​ពហិការ មិនចូល​សាលា តាមរយៈ ការបដិសេធ មិន​ចុះឈ្មោះចូលរៀន សម្រាប់​ឆ្នាំសិក្សាថ្មី។

ឪពុកម្តាយ​របស់​សិស្ស​ភូមា ផ្ទាល់ ក៏ដើរតួសំខាន់ដែរ។ តាម​កាសែត ភូមា ឈ្មោះ Myanmar Now នៅ​២ថ្ងៃ​មុន​បិទបញ្ចប់​ការចុះឈ្មោះសិស្ស កុមារ​ភូមា ប្រមាណ​៩០%​ដែលមានអាយុ​ត្រូវ​ទៅ​រៀន មិន​បាន​ចុះ​ឈ្មោះ ចូលរៀន នៅ​ឆ្នាំនេះទេ។ តាម​ឪពុកម្តាយភូមា ជាច្រើននិយាយ​ថា  ពួកគេ​មិន​បាន​ចុះឈ្មោះ​ឲ្យកូនចូលរៀន នៅពេលនេះ ព្រោះ​ទី១ ដោយសារ​ខ្លាច​បញ្ហា អសន្តិសុខ និង​ទី២ ពួកគេ​មិនចង់​ឲ្យ​កូន​បាន​ទទួល ការអប់រំ លត់ដំ​តាមបែប​មនោគមវិជ្ជា​របស់​របបសឹក​ភូមានោះទេ។

វិបត្តិកូវីដ និង​ រដ្ឋប្រហារ​យោធា ធ្វើ​ឲ្យ ភូមា​ខាតបង់​ការសិក្សា​របស់​ក្មេង មួយជំនាន់

ដូចនៅប្រទេស​ផ្សេងទៀត​ដែលកំពុង​រងគ្រោះ ដោយសារ​ជំងឺរាតត្បាតកូវីដ សាលារៀន នៅភូមា បានបិទទ្វារ ជាង ១ឆ្នាំ​មកហើយ ដោយសារ​តែ​វិបត្តិកូវីដ។ តាម​អង្គការ​យូនីសេហ្វ យូនីស្កូ និង​អង្គការ Save The Children មានកុមារ និង​យុវជន ភូមា ជាង ១២លាននាក់ ដែល​មិនបាន​ទទួល ការអប់រំ រៀនសូត្រ​ត្រឹមត្រូវ នៅជាង ១ឆ្នាំ​មកនេះ។ ខ្វះ​ការអប់រំ ច្បាស់លាស់ និង​ប្រកប​ដោយ​គុណភាព ជា​កត្តា​គំរាមកំហែង ធ្វើ​ឲ្យ​មនុស្ស​មួយជំនាន់ ខកខាន មិនបាន​ទទួល​ចំនេះដឹង​ត្រឹមត្រូវ។

នៅ​ដើម​ខែ ឧសភា ​រដ្ឋាភិបាល​ឯកភាព​ជាតិ ដែល​បង្កើតឡើង​ដោយ​ ក្រុម​អ្នក​តំណាងរាស្រ្ត​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ឬ​ក្រុមបក្សប្រឆាំង ដែល​ត្រូវ​កងទ័ព​បណ្តេញ​ពី​អំណាច បាន​អះអាងថា គេ​នឹង​ព្យាយាម​បង្កើត​បណ្តាញ​អប់រំ អនឡាញ រៀនពីផ្ទះ សម្រាប់​សិស្ស ទាំងឡាយណា ដែល​ធ្វើ​ពហិការ មិនចូល​សាលារៀន តាមការបញ្ជា​របស់​របបសឹក។ ប៉ុន្តែ រហូតមកដល់​ថ្ងៃនេះ គេ​នៅមិនទាន់ ឃើញ ផែនការ​ស្នើឡើង រដ្ឋាភិបាល​ស្រមោល​ភូមា​នៅឡើយទេ។ ពហិការ មិនចូលត្រលប់ចូល​សាលា របស់​គ្រូបង្រៀន និង​សិស្ស​សាលាភូមា លើកនេះ នឹង​អាច​ទាញ​ទម្លាក់គុណភាព​អប់រំ​នៅភូមា ឲ្យ​ធ្លាក់​ចុះ ធ្ងន់ធ្ងរ មួយកម្រិតទៀត។

បើប្រៀបធៀប​នឹង​ប្រព័ន្ធអប់រំរបស់​ប្រទេស​ផ្សេងទៀត ក្នុង​តំបន់ ប្រព័ន្ធអប់រំ ភូមា ខ្សត់ខ្សោយ​ខ្លាំងណាស់ រួចទៅហើយ ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់ ជិត​ចុងប៉ូចគេ គឺ ៩២ ក្នុង​ចំណោម ប្រទេស សរុប ៩៣។ សូម្បី នៅក្នុង អាណត្តិដឹកនាំ​របស់​រដ្ឋាភិបាល​ស៊ីវិល របស់​លោកស្រី អ៊ុងសាន ស៊ូជី ដែល​ជា​ជើងឯក​ខាងជំរុញ​ការបណ្តុះបណ្តាលចំណេះដឹង​ដល់​ប្រជាជន​ភូមា ក្តី ក៏​វិស័យ​អប់រំ ភូមា​បាន​ទទួល​ការយកចិត្ត​ទុកដាក់តិចណាស់។ តាម​តួលេខ​របស់​ធនាគារ​ពិភពលោក រដ្ឋាភិបាល​ភូមា​បាន​ចំណាយ​ថវិកា តែ ២%​ប៉ុណ្ណោះ នៃ​ផលិតផល​ក្នុងស្រុកសរុប សម្រាប់​វិស័យអប់រំ​ភូមា ដែលនេះ​ជា​អត្រាដ៏​ទាបជាងគេ​បំផុត​នៅក្នុង​ពិភពលោក។

របបសឹក​ចាប់សមាជិកគ្រួសារ ដាក់ឃុំ ដើម្បី ដាក់សម្ពាធ​ឲ្យគ្រូបង្រៀន​ត្រលប់​ចូលសាលាឡើងវិញ

បាតុកម្ម និង​ការបដិសេធ មិន​ត្រលប់​ចូល​ធ្វើការ បានធ្វើឲ្យ​គ្រូបង្រៀន ជាច្រើនម៉ឺននាក់ ត្រូវគេ​ផ្អាក​ពីមុខងារ និង​គ្មាន​បាន​ប្រាក់ខែ ជាច្រើន​ខែ​មកហើយ។ តាម​តួលេខ​ប្រកាស​ដោយ​ក្រសួងអប់រំ របស់​របបសឹក​ភូមា កាលពី​ចុងខែ មេសា ក្នុងចំណោម​សាស្ត្រាចារ្យ សកលវិទ្យាល័យ ជាង ៣៥០០០នាក់ មាន​សាស្ត្រាចារ្យ ជាង​១ម៉ឺននាក់ ត្រូវ​បាន​គេ​ផ្អាក​ពីការងារ​ដោយសារ​តែ ធ្វើកូដកម្ម មិនព្រម​ចូល​បង្រៀន។ ចំណែក នៅតាម​សាលារៀនពី​បឋមសិក្សា រហូត​ដល់​វិទ្យាល័យ មាន​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ ជាង ១សែននាក់ ក្នុង​ចំណោម គ្រូបង្រៀន និង​បុគ្គលិក​អប់រំ សរុប ជាង ៤សែន ៥ម៉ឺននាក់ នៅភូមា ដែល​ត្រូវ​របបសឹក​ផ្អាក​ពីការងារ។

ក្រៅតែ​ពី​ផ្អាកការងារ គំរាម ចាប់ដាក់​គុក ឬ គំរាម​មិន​បើកប្រាក់ខែ​ដល់​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ ដែល​នៅបន្ត​ធ្វើ​កូដកម្ម មិន​ត្រលប់​ចូល ធ្វើការ របបសឹក​នៅប្រើ​វិធីគំរាម​ផ្សេងទៀត ដូចជា​ចាប់សមាជិក​គ្រួសារ ដាក់​ឃុំ ដើម្បី​ដាក់គំនាប ផ្លូវចិត្ត​ឲ្យ​គ្រូបង្រៀន ត្រលប់​ចូល​ធ្វើការ​វិញជាដើម។

មួយវិញទៀត នៅពេល​គ្រូបង្រៀន​មួយចំនួនបង្ខំចិត្ត​ត្រលប់​ទៅ​បង្រៀនវិញ ដោយសារ​ការគំរាម​ដាក់សម្ពាធ​ពីកងទ័ព​ភូមា ពួកគេ​ក៏ ត្រូវព្រួយបារម្ភផងដែរ ពី​បញ្ហា​សន្តិសុខ ព្រោះថា នៅមួយរយៈ​ចុងក្រោយនេះ សាលារៀន​មួយ​ចំនួន បាន​រងការវាយប្រហារ​បំផ្ទុះគ្រាប់បែក ពី​ជន​មិន​ស្គាល់មុខ ដែល​អាច​មាន​បំណង បន្ទុចបង្អាក់ មិន​ឲ្យ​គេ​បើកសាលារៀន​ធម្មតា​ឡើងវិញ។ នៅ​លើ​ទ្វារ​សាលាជាច្រើន គេឃើញ​មាន​សារ​លើកទឹកចិត្ត កុំ​ឲ្យ​ឪពុកម្តាយ នាំកូនមកសាលា ឬ កុំ​ឲ្យ​គ្រូបង្រៀន​ត្រលប់ចូលធ្វើការ​ដើម្បី​បម្រើ​ជា​ទាសករ​របស់​របបសឹកភូមា។ ក្នុង​ចំណោម​សារ​ទាំងនោះ មានផងដែរ សារដែលសរសេរ​ថា គេ​មិន​ចង់​បាន​គ្រូបង្រៀន ដែល​ជាជនក្បត់ជាតិ​នោះទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI