ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គណបក្សអ៊ីស្រាអែលចំនួន៨មកពី​គ្រប់និន្នាការរួមគ្នាបិទបញ្ចប់​សករាជ​របស់​លោកនាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ

សំឡេង ០៨:៤៦
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក​បិនចាមីន នេតាន់យ៉ាហ៊ូ  (កណ្តាល) និង​ភរិយា គឺ​លោកស្រី សារ៉ា  (ទី២ ពីខាងស្តាំ) នៅក្នុងពិធីជប់លៀង​មួយ​នៅ​ឆ្នាំ ២០១៥
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក​បិនចាមីន នេតាន់យ៉ាហ៊ូ (កណ្តាល) និង​ភរិយា គឺ​លោកស្រី សារ៉ា (ទី២ ពីខាងស្តាំ) នៅក្នុងពិធីជប់លៀង​មួយ​នៅ​ឆ្នាំ ២០១៥ REUTERS - Amir Cohen

នៅតែ ៣៥នាទី មុន​ចប់​ឱសានវាទ​របស់​ប្រធានាធិបតី ដែល​ត្រូវ​ផុតកំណត់ នៅ​ម៉ោង ១២​អាធ្រាត្រ​ ថ្ងៃពុធ ទី ២ មិថុនា គណបក្ស​ប្រឆាំង គណបក្សស្តាំនិយមជ្រុល និង​គណបក្ស​ឆ្វេងនិយម​អ៊ីស្រាអែល សរុបចំនួន ៨ គណបក្ស បានចុះកិច្ចព្រមព្រៀង យ៉ាងប្រផិតប្រផើយ​បំផុត ដើម្បី​បង្កើតរដ្ឋាភិបាល​ចម្រុះ ដែល​គេ​ហៅថា រដ្ឋាភិបាល​នៃការផ្លាស់ប្តូរ។ ជា​រដ្ឋាភិបាល​ឯកភាពជាតិ​ថ្មី ដែល​គ្មាន​លោក​បិនចាមីន នេតាន់យ៉ាហ៊ូ ជា​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ​តទៅទៀត។ លោក​បិនចាមីន នេតាន់យ៉ាហ៊ូ បាន​ប្រឹង ក្រាញ កាន់អំណាច ​ដឹកនាំ អ៊ីស្រាអែល អស់ ១៥ឆ្នាំមកហើយ។ ដូច្នេះ តើ​រដ្ឋាភិបាល អ៊ីស្រាអែល នឹង​អាច​គ្មាន​លោក​នេតាន់យ៉ាហ៊ូ ជា​នាយករដ្ឋមន្រ្តី​​​​បាន​យ៉ាងម៉េច?

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ចរចា យ៉ាងស្វិតស្វាញ តាំង​ពី​ថ្ងៃ​ចន្ទ មេដឹកនាំ​របស់​គណបក្ស​ប្រឆាំងអ៊ី​ស្រាអែល លោក  លោក​យ៉ាអៀរ ឡាពីដ នៅទីបំផុត បាន​ស្វែងរក​ការគាំទ្រ ចូល​រួម​ពី​គណបក្ស​ចំនួន ៧ទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដែល​គេ​ហៅ​ថា រដ្ឋាភិបាល នៃការផ្លាស់ប្តូរ ដែល​គ្មាន​លោក​នាយករដ្ឋមន្រ្តី បិនចាមីន នេតាន់យ៉ាហ៊ូ។

នៅពេល​និយាយ​ពី​អ៊ីស្រាអែល គេស្គាល់​តែ​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល លោក​បិនចាមីន នេតាន់យ៉ាហ៊ូ ដែល​បាន​កា្រញអំណាច ដឹកនាំ​រដ្ឋាភិបាល អ៊ីស្រាអែល អស់​១៥ឆ្នាំ​មកហើយ។ ប៉ុន្តែ ជាផ្លូវការ លោក​បិនចាមីន នេតាន់យ៉ាហ៊ូ គ្មានមុខ នៅក្នុង​រដ្ឋាភិបាល​ឯកភាពជាតិ​ថ្មី​របស់អ៊ីស្រាអែលនោះទេ។

នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​ប្រធានាធិបតី អ៊ីស្រាអែល កាលពី​យប់ថ្ងៃ​ពុធម្សិលមិញ ពោល​គឺ​នៅសល់​ប្រមាណ តែ ៣៥នាទី មុន​ផុតកាលកំណត់ ដើម្បី​បង្កើត​រដ្ឋាភិបាល ប្រមុខបក្ស​ប្រឆាំង លោក យ៉ាអៀរ ឡាពីដ បាន​ជូន​ដំណឹង​ទៅ​ប្រធានាធិបតី ថា លោក​បាន​ប្រមែប្រមូល សំឡេង​គ្រប់គ្រាន់ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ដែល​គេហៅថា រដ្ឋាភិបាល​នៃ​ការផ្លាស់ប្តូរ។ ជារដ្ឋាភិបាល នៃ​ការផ្លាស់ប្តូរ វា​នឹង​ទៅបិទបញ្ចប់​សករាជ​ដឹកនាំ របស់​លោក​បិនចាមីន នេតាន់យ៉ាហ៊ូ ដែល​រចនា​បាន​និយាយ​ខាងដើម គឺ​បាន​ក្រាញ​អំណាច ដឹកនាំ អ៊ីស្រាអែល អស់ រយៈពេល ១៥ឆ្នាំមកហើយ។

ទម្រាំ ប្រមូល​បាន​សំឡេង​ភាគច្រើន (៦១​សំឡេង) ដើម្បី​អាច​បង្កើត រដ្ឋាភិបាល​ចម្រុះ គណបក្ស ប្រឆាំង របស់លោក យ៉ាអៀរ ឡាពីដ បានអូសទាញ​គណបក្ស​ពី​គ្រប់​និន្នាការ។ ជាក់ស្តែង ដើម្បី យកឈ្នះ គណបក្ស Likud របស់​លោកនាយករដ្ឋមន្រ្តី នេតាន់យ៉ាហ៊ូ តែមួយ ដែលមាន​សំឡេង អាសនៈ ៣០ នៅ​សភា មាន​គណបក្ស​ដល់​ទៅ ៨ ដែល​បាន​ចាប់ដៃ​រួមកម្លាំង​គ្នា ដើម្បី អាច​មាន​សំឡេង ភាគច្រើន ៦១ នៅ​រដ្ឋសភា ដើម្បី បង្កើត​រដ្ឋាភិបាល។ នៅក្នុង​ចំណោម​គណបក្ស​តូចៗ​ទាំង ៨ ដែល​បាន​រួមគ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ កាលពី​យប់ថ្ងៃ​ពុធម្សិលមិញ មាន ពីរគណបក្ស ជា​គណបក្ស​ឆ្វេងនិយម គណបក្ស​កណ្តាល​និយមពីរ គណបក្ស​ស្តាំនិយម ៣ និង​គណបក្ស អារ៉ាប់អ៊ីស្រាអែល​មួយ។ មាន​គណបក្ស​ពី​គ្រប់និន្នាការ មិនថា ស្តាំនិយមជ្រុល ឆ្វេងនិយម និង​កណ្តាលនិយម មក​ចូលរួម បង្កើត​រដ្ឋាភិបាល​អ៊ីស្រាអែល។ នេះ​ជា​រឿង​ដែល​មិនធ្លាប់កើត​មានទេ នៅ​អ៊ីស្រាអែល ហើយ​គេ​ក៏មិននឹកស្មាន​ថា នឹង​អាច​កើតមាន​ទៅ​រួចដែរ។ ជាក់ស្តែង នៅក្នុង​ប្រវត្តិនយោបាយ អ៊ីស្រាអែល​នៅ ជាង ២ទសវត្សរ៍​ចុងក្រោយនេះ នេះ​ជាលើក​ទី១ ដែល​គេ​ឃើញ គណបក្ស​អារ៉ាប់ អ៊ីស្រាអែល ប្រកាស​ចូលរួម​ក្នុង​រដ្ឋាភិបាល​អ៊ីស្រាអែល។

រដ្ឋាភិបាល​អ៊ីស្រាអែល​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី ២រូប បន្តបន្ទាប់គ្នា

នៅក្នុង​សេចក្តីថ្លែងការណ៍ របស់​លោក យ៉ាអៀរ ឡាពីដ ប្រធានគណបក្ស​កណ្តាល​និយម Yesh Atid ដែល​ត្រូវ​បាន​ប្រធានាធិបតី​អ៊ីស្រាអែល ដាក់បន្ទុក​ឲ្យ​បង្កើត​រដ្ឋាភិបាលថ្មី ទៅតាម​ការបែងចែក​អំណាច រវាង គណបក្ស​នយោបាយ រដ្ឋាភិបាល​ថ្មី នឹង​ដឹកនាំដោយ​នាយករដ្ឋមន្រ្តី​២រូប។ លោកNaftali Bennett ប្រធាន​គណបក្ស​ស្តាំនិយមជ្រុល ឈ្មោះ Yamina ដែល​បាន​ទទួល​សំឡេងអសនៈ​ចំនួន ៧​នៅ​រដ្ឋសភា នឹង​ត្រូវជ្រើសរើស​ជា​នាយករដ្ឋមន្រ្តី ជំនួស លោក​បិនចាមីន នេតាន់យ៉ាហូ​រហូត​ដល់​ខែ សីហា ឆ្នាំ ២០២៣។ ចំណែក រូប​លោក យ៉ាអៀរ ឡាពីដ ដែល​បាន​ឈ្នះ​ឆ្នោត​លំដាប់ទី២ ដោយ​ទទួល​បាន ១៧អសនៈ នឹង​ចូល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បន្ត​ពី លោក​Bennett នៅ ឆ្នាំ ២០២៣ រហូត​ដល់ចប់អាណត្តិតែម្តង។

ប្រធានាធិបតី​អ៊ីស្រាអែល លោក រីវលីន នៅយប់​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ប្រតិកម្ម​អបអរ គណបក្សប្រឆាំង ដែលបានជោគជ័យ បង្កើត​រដ្ឋាភិបាល ឯកភាពជាតិ​ថ្មី។ លោក​រីវលីនបាន​និយាយ​ថា លោក​នឹង​កោះប្រជុំ​សភា ឲ្យបាន​ឆាប់បំផុត នៅសប្តាហ៍ក្រោយ ដើម្បី បោះឆ្នោត​គាំទ្រ​រដ្ឋាភិបាល​ចម្រុះ​ថ្មីមួយនេះ។

ប៉ុន្តែ តាម​កាសែត ក្នុង​ស្រុក​អ៊ីស្រាអែលមួយចំនួន លោក​ប្រធានាធិបតី រីវលីន ដែល​មក​ពី​គណបក្ស​Likud ដូច លោកនាយករដ្ឋមន្រ្តី បិនចាមីន នេតាន់យ៉ាហ៊ូ ដែរនោះ ទំនង​ជាចង់ ព្យាយាម អូសបន្លាយពេលវេលា ក្នុង​ក្តីសង្ឃឹមថា ទាំង​លោក​នេតាន់យ៉ាហ៊ូ និង​មេធាវី​របស់​លោក អាច បំផុសបំផុល បំបែក បំបាក់ សមាជិក របស់​គណបក្ស​ទាំង ៨ ឲ្យ​បែកបាក់ លែង​ចុះ​សម្រុងគ្នា ទាំងនៅមុន ​ពេល​សភា​បោះឆ្នោត​អនុម័ត។

Naftali Bennett មនុស្សជំនិត ​ដែលដោះដៃចោល លោក​បិនចាមីន នេតាន់យ៉ាហ៊ូ ដើម្បី បានតំណែង​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ?

គ្រប់គ្នា ប្រាកដជាឆ្ងល់ថា លោក Naftali Bennett មកពី​គណបក្ស​ស្តាំនិយមជ្រុល​អ៊ីស្រាអែល ឈ្មោះ Yamina បាន​សំឡេង​អសនៈ តិចជាង​គណបក្សដៃគូ​ផ្សេងទៀត ប៉ុន្តែ ហេតុអ្វី បាន​ជា​គេយល់ព្រម ឲ្យ​លោក​ធ្វើ​ជានាយករដ្ឋមន្រ្តី អ៊ីស្រាអែល​ទៅវិញ។

ការពិតទៅ បើសិន គ្មាន​ការចូលរួម របស់គណបក្ស​ស្តាំនិយមជ្រុល​Yamina របស់​លោក​ Naftali Bennett ទេ លោក​យ៉ាអៀរ ឡាពីដ ប្រធានបក្ស​ប្រឆាំង គ្មាន​ឱកាស បានទទួល​សំឡេង​គ្រប់គ្រាន់​ដើម្បី បង្កើត​រដ្ឋាភិបាល​ចម្រុះនោះដែរ។

ដំបូងឡើយ គេ​មិនរំពឹងថា លោក​ Naftali Bennettនឹង​អាច​​មក​ ចូលរួម​ក្នុង​រដ្ឋាភិបាល ដែលមានគោលដៅ សំខាន់ គឺ​បណ្តេញ​លោក បិនចាមីន នេតាន់យ៉ាហ៊ូ ចេញពីអំណាច នោះដែរ ព្រោះថា លោក​ Naftali Bennett ធ្លាប់​ជា​មនុស្សដៃស្តាំ និង​ជារដ្ឋមន្រ្តី ជំនិត​របស់​លោក​នាយករដ្ឋមន្រ្តី បិនចាមីន នេតាន់យ៉ាហ៊ូ រហូត​ដល់​ឆ្នាំ ២០២០។

ដើម្បី អូសទាញ មនុស្សជំនិត ដូចជា​លោក​ Naftali Bennett​ឲ្យ​មកចូលរួម​រដ្ឋាភិបាលចម្រុះ​ថ្មីដែលគ្មាន​លោក​បិនចាមីន នេតាន់យ៉ាហ៊ូ ក្រុមគណបក្ស​ដៃគូ​ផ្សេងទៀត មានតែសុខចិត្ត ធ្វើ​សម្បទាន ទុក​ឲ្យ​លោក​ Naftali Bennett ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី នោះបើទោះជា ​គណបក្ស​របស់​លោក Naftali Bennett បាន​ទទួល​អសនៈ​តិច ជាងគណបក្ស​ដទៃទៀតក្តី។

បើសិន សភា បោះឆ្នោត គាំទ្រ សមាសភាពរបស់​រដ្ឋាភិបាលថ្មី មែន នោះ លោក​ Naftali Bennett អាយុ ៤៩ ដែលជា​មហាសេដ្ឋី ម្ចាស់ ក្រុមហ៊ុនព័ត៌មានវិទ្យា តម្លៃជាង ១៤៥លានដុល្លារ នឹង​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លើកដំបូងគេ ដែល មាន​ពាក់​ជាប្រចាំ មួក គីប៉ា ដែល​តំណាង​អ្នកកាន់សាសនា​ជ្វីហ្វជាប់លាប់បំផុត។ ជាអ្នកនយោបាយ ដែល​​គាំទ្រ​សំណង់អាណានិគមកិច្ច អ៊ីស្រាអែល​ក្នុង​ទឹកដី​ប៉ាឡេស្ទីន លោក Naftali Bennett ត្រូវ​បាន​គេមើលឃើញថា ជាអ្នកនយោបាយ​ស្តាំ​និយមជ្រុល អ៊ីស្រាអែល ដែល​ប្រឆាំង នឹង​ការបង្កើត​រដ្ឋប៉ាឡេស្ទីន។ សម្រាប់​លោក​ Naftali Bennett អ៊ីស្រាអែល​មិនបាន​រំលោភទឹកដី​ប៉ាឡេស្ទីន ព្រោះថា គ្មាន​រដ្ឋប៉ាឡេស្ទីននោះទេ។ លោក​ Naftali Bennett ធ្លាប់​បង្ហាញ​ជំហរ​តឹង​ជាមួយ អ៊ីរ៉ង់ដែលលោក​គំរាមថា នឹង​ក្លាយ​ជា​វៀតណាមទី ២ បើសិន អ៊ីរ៉ង់ បញ្ជូនទ័ព ទៅ​ឈរជើង​នៅស៊ីរី។ បើសិន លោក​Bennett ដឹកនាំ​អ៊ីស្រាអែល នោះ វិបត្តិ ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន និង​ជាមួយ​អ៊ីរ៉ង់ នឹង​នៅតែ​ក្តៅងំ រហូត មិនងាយ​នឹង​បាត់នោះទេ។

តើ​រដ្ឋាភិបាលថ្មី នឹង​អាច​ធ្វើការ​ទៅមុខ​បាន​ដែរឬទេ បើ​សមាជិក​រដ្ឋាភិបាលសុទ្ធតែ​មានប្រភព និង​ជំហរផ្ទុយគ្នា​យ៉ាងដូច្នេះ?

បើមើល​សមាសភាព គណបក្ស​នយោបាយ​ដែលបាន​សម្រេច ចូលរួម​ចាប់ដៃគ្នា​បង្កើតរដ្ឋាភិបាល​ចម្រុះ គេឃើញថា គណបក្ស​នីមួយៗ មាន​ជំហរ ផ្ទុយគ្នា សឹងតែ ១៨០ដឺក្រ មួយស្តាំជ្រុលនិយមខ្លាំង និង​ម្ខាងទៀត ឆ្វេងនិយម​ខ្លាំង។

នេះជាចំនុចខ្សោយ របស់​រដ្ឋាភិបាល​ឯកភាពជាតិ ​ដែល​ធ្វើ​ឲ្យ​គេ​ជឿថា វា​នឹង​មិនអាច​មាន​អាយុ​វែងនោះទេ។ គ្រប់គណបក្ស​ដៃគូ ទាំង ៨​បាន​រួបរួមគ្នា ព្រោះ​គេ​មានទិសដៅ​តែមួយគត់​ដែលដូចគ្នា គឺ​កម្ចាយ​លោក​បិនចាមីន នេតាន់យ៉ាហ៊ូ កុំ​ឲ្យនៅកាន់តំណែង​ជានាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​តទៅទៀត។ ប៉ុន្តែ គេ​មិនត្រូវ​ភ្លេច​រឿង​សំខាន់​នោះទេ។ នោះ គឺគ្រប់គណបក្ស​ទាំង ៨​ ដែល​សម្រេចរួមគ្នា បង្កើតរដ្ឋាភិបាល ដែលគ្មាន​លោក នេតាន់យ៉ាហ៊ូ ​សុទ្ធតែ​មាន​ប្រវត្តិ និង​ការទាមទារ​ខុសគ្នា ខ្លាំង​ដូចមេឃ និង​ដី។

ជាក់ស្តែង គ្រាន់តែ​ក្នុងសំណុំរឿង ជម្លោះ ជាមួយ​ប៉ាឡេស្ទីន មានគណបក្ស​កណ្តាល​និយម ដូចជា​គណបក្ស​របស់​ លោក ឡាពីដ ​ជាដើម បាន​ប្រកាស​គាំទ្រ ការបង្កើត​រដ្ឋ​ប៉ាឡេស្ទីន។ ចំណែក​គណបក្ស​ឆ្វេងនិយម វិញ គាំទ្រ ការបង្កើត​រដ្ឋប៉ាឡេស្ទីន និងចង់​ឲ្យមានការដោះដូរ​ទឹកដី ជាមួយ ប៉ាឡេស្ទីន ជាថ្នូរ​នឹង​សំណង់អាណានិគមកិច្ច​អ៊ីស្រាអែល។ ជំហរ​នេះ គឺផ្ទុយស្រឡះតែម្តង នឹង​ជំហរ របស់​គណបក្ស​ស្តាំងនិយមជ្រុល ដូចជា​របស់​លោក​ Bennett អនាគត​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល។

នៅពេល​នេះ អ៊ីស្រាអែល អាច​រកឃើញ​អនាគត​រដ្ឋាភិបាល​ចម្រុះថ្មី បន្ទាប់​ពី​វិបត្តិនយោបាយ​ជាប់គាំង អស់​២ឆ្នាំមកហើយ។ ប៉ុន្តែ ដោយសារ​តែ រដ្ឋាភិបាលចម្រុះ មាន​បញ្ចូល​ដោយ​គណបក្ស​គ្រប់និន្នាការ មាន​នយោបាយ​ផ្ទុយគ្នា​ខ្លាំងពេកនោះ គេ​មិនប្រាកដ​ថា រដ្ឋាភិបាល​ថ្មី នឹង​អាច​មាន​អាយុ​វែង​នោះទេ។ នៅពេលនោះ សភា​អាចរំលាយ ហើយ​អ៊ីស្រាអែល​ត្រូវ​បោះឆ្នោត សាជាថ្មី ជាលើកទី ៥ ដែលនឹងធ្វើឲ្យ​អ៊ីស្រាអែល នៅតែ​ជាប់ក្នុង​វិបត្តិនយោបាយ មិនងាយដកខ្លួនរួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI