ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

« ការស្តារប្រព័ន្ធអេកូឡូស៊ី » ជាប្រធានបទនៃទិវាបរិស្ថានពិភពលោកឆ្នាំ ២០២១

សំឡេង ០៦:១៥
Le 5 juin, est célébrée la Journée mondiale de l'environnement.
Le 5 juin, est célébrée la Journée mondiale de l'environnement. DR

ថ្ងៃទី៥ មិថុនា​ជា​ទិវាបរិស្ថានពិភពលោក។ ប្រទេស​ប៉ាគីស្ថាន​ជា​អ្នក​រៀបចំ​ទិវាបរិស្ថានពិភពលោក​ក្នុង​ឆ្នាំ ២០២១ ក្រោម​ប្រធានបទ « ការ​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី » និង​ផ្តោត​សំខាន់​លើ​ការ​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​មនុស្ស និង​ធម្មជាតិ។ ដោយឡែក ទិវា​បរិស្ថានពិភពលោក​ឆ្នាំ ២០២១ នេះ​ក៏​ជា​ការ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ទសវត្សរ៍​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​ចន្លោះ​ឆ្នាំ ២០២១ និង ២០៣០ ដែរ។ គួរ​រម្លឹក​ថា ទិវា​បរិស្ថាន​ពិភពលោក​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៥ មិថុនា​នៅ​រៀង​រាល់​ឆ្នាំ​ជា​ថ្ងៃ​ដ៏​សំខាន់​របស់​អង្គការសហប្រជាជាតិ​សម្រាប់​លើក​កម្ពស់​ការ​យល់​ដឹង និង​ការ​បញ្ចេញ​សកម្មភាព​ដើម្បី​បរិស្ថាន​ក្នុង​លោក។

ផ្សាយពាណិជ្ជកម្ម

 

ជម្រើស​យក​ថ្ងៃទី៥ មិថុនា​ជា​ទិវា​បរិស្ថាន​ពិភពលោក​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​ជា​ជម្រើស​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​សន្និសីទ​អន្តរជាតិ​ស្តីពី​បរិស្ថាន ឬ​ហៅ​សន្និសីទ​ក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត​ដែល​បាន​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី១៦ មិថុនា ឆ្នាំ ១៩៧២។ ១៩៧២ គឺ​ជា​ឆ្នាំ​របត់​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​គោលនយោបាយ​បរិស្ថាន​អន្តរជាតិ។ ប្រទេស​សមាជិក​ទាំង​អស់​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​សន្និសីទ​រយៈពេល ១០ថ្ងៃ​ក្នុង​ឆ្នាំ ១៩៧២។ មាន​លទ្ធផល​សំខាន់​ចំនួន ៣ ដែល​សន្និសីទ​ស្តីពី​បរិស្ថាន​កាល​ពី​ជិត ៥០ឆ្នាំ​មុន​នេះ​បាន​អនុម័ត ៖ ទី១ សេចក្តីថ្លែងការណ៍​ដែល​មាន ២៦គោលការណ៍ ទី២ ផែនការ​សកម្ម​មួយ​ដែល​មាន ១០៩ អនុសាសន៍ និង ទី៣ ការ​បង្កើត​ឡើង​នូវ​កម្មវិធី​សហប្រជាជាតិ​ដើម្បី​បរិស្ថាន។

បន្ទាប់​មក​នៅ​ថ្ងៃទី១៥ ធ្នូ ពោល​ប៉ុន្មាន​ខែ​ក្រោយ​សន្និសីទ​ស្តីពី​បរិស្ថាន​ពី​ថ្ងៃទី៥ ដល់ ១៦ មិថុនា ឆ្នាំ ១៩៧២ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក៏​បាន​អនុម័ត​លើ​សេចក្តីសម្រេច​មួយ​ដោយ​ជ្រើស​យក​ថ្ងៃទី៥ មិថុនា​ជា​ទិវាបរិស្ថាន​ពិភពលោក​មក​ដល់​សព្វថ្ងៃ។ តាម​រយៈ​ទិវា​បរិស្ថាន​ពិភពលោក​ថ្ងៃទី៥ មិថុនា អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​នានា​អនុវត្ត​នូវ​សកម្មភាព​ដែល​មាន​ចរិតលក្ខណៈ​សកល​ដោយ​អះអាង​ជា​ថ្មី​នូវ​ចំណាប់អារម្មណ៍​ដែល​ពួក​គេ​ភ្ជាប់​ទៅ​នឹង​ការ​ការពារ និង​លើក​តម្កើង​បរិស្ថាន ពិសេស​ជួយ​បង្កើន​ការ​យល់​ដឹង​អំពី​បញ្ហា​បរិស្ថាន។ ប្រធានបទ​នៃ​ទិវាបរិស្ថានពិភពលោក​មិន​ដូច​គ្នា​ទេ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ប្រធានបទ​សម្រាប់​ឆ្នាំ ២០២១ នេះ គឺ « ការ​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី »។

តើ​គេ​ចង់​និយាយ​ពី​អ្វី​នៅ​ក្នុង​រឿង​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី?

ការ​ស្តារ​ប្រព័ន្ធអេកូឡូស៊ី​ដែល​អង្គការ​សហប្រជាជាតិ​ចង់​និយាយ គឺ​ការ​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធអេកូឡូស៊ី​ដែល​បាន​ខូចខាត ឬ​ត្រូវ​បាន​បំផ្លាញ រួម​ទាំង​ការ​អភិរក្ស​លើ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មិន​ខូចខាត ឬ​មិន​បំផ្លាញ។ ប្រព័ន្ធ​អេកូឡូស៊ី​ដែល​នៅ​ល្អ រួម​ផ្សំ​នឹង​ជីវចម្រុះ​សម្បូរបែប​ផ្តល់​ឲ្យ​មនុស្ស​លោក​នូវ​អត្ថប្រយោជន៍​កាន់​តែ​ច្រើន។ អង្គការ​សហប្រជាជាតិ​យល់​ឃើញ​ថា ការ​ត្រឡប់​ទៅ​រក​ប្រព័ន្ធអេកូឡូស៊ី​ដូច​ស្ថានភាព​ដើម​មិន​អាច​ទៅ​រួច ឬ​មួយ​ក៏​មិនមែន​ជា​ការ​ចង់​បាន​ទេ។ តម្រូវ​ការ​ដី​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ត​មាន​នៅ​ក្នុង​តំបន់​ដែល​ធ្លាប់​មាន​ព្រៃឈើ​ពី​មុន។ តែ​ការ​អភិវឌ្ឍន៍​ត្រូវ​គិតគូរ និង​ត្រូវ​សម្របខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ។

នៅ​ក្នុង​កម្មវិធី​ទសវត្សរ៍​របស់​អង្គការសហប្រជាជាតិដើម្បី​ស្តារប្រព័ន្ធអេកូឡូស៊ីចន្លោះ​ឆ្នាំ២០២១ និង ២០៣០ មាន​ប្រព័ន្ធ​អេកូឡូស៊ី​លើ​ដី និង​ក្នុង​ទឹក​ខូចខាត​ចំនួន ៣៥០លានហិចតា​រដែល​ត្រូវ​ស្តារ​ឡើង​វិញ។ គម្រោង​មួយ​នេះ​អាច​ផ្តល់​ចេញ​នូវ​សេវាកម្ម​អេកូឡូស៊ី​ដែល​ប៉ាន់​ស្មាន​ជា​ទឹកប្រាក់​មាន​ចំនួន ៩ ០០០ ០០០លានដុល្លារ។ ដោយឡែក គម្រោង​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​អាច​ចូលរួម​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស​ពី ១៣ ០០០ ទៅ ២៦ ០០០តោន។ អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​ថា ការ​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សម្បើម តែ​ផលចំណេញ​ដែល​ទទួល​បាន​ត្រឡប់​វិញ គឺ​មាន ១០ដង​ច្រើន​ជាង​ការ​ចំណាយ។

ប្រព័ន្ធ​អេកូឡូស៊ី​ល្អ​នាំ​ឲ្យ​ផែនដី និង​មនុស្ស​មាន​សុខភាព​ល្អ

គេ​អាច​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​តាម​គ្រប់​ប្រភេទ មិន​ថា​ព្រៃឈើ ដីកសិកម្ម ភូមិ-ស្រុក តំបន់​សើម ឬ​មួយ​ក៏​សមុទ្រ។ សម្រាប់​អង្គការ​សហប្រជាជាតិ ការ​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី គឺ​បង្ការ បញ្ឈប់ និង​ស្តារ​ជា​ថ្មី​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ខូចខាត និង​បាត់បង់​នៅ​ក្នុង​លោក។ ការ​ចូលរួម​ដាំ​កូនឈើ ការ​ឈប់​កាប់​បំផ្លាញ​ព្រៃឈើ ការ​ឈប់​ចោល​សំរាមពាសវាល ពាសកាល​នៅ​ក្នុង​បឹងបួរ ស្ទឹង ទន្លេ សមុទ្រ ការ​គិតគូរ​ទីកន្លែង​បៃតង​នៅ​កន្លែង​រស់នៅ ឬ​មួយ​ការ​មិនប្រើ​ជីគីមី​ក្នុង​ការ​ធ្វើ​ស្រែ ចំការ​សុទ្ធសឹង​ជា​ការ​រួម​ចំណែក​ដើម្បី​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី។ អង្គការ​សហប្រជាជាតិ​បាន​អះអាង​ថា អស់​រយៈពេល​ជា​យូរ​ដែល​មនុស្សលោក​បាន​ធ្វើ​អាជីវកម្ម និង​បាន​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​លើ​ផែនដី។ នៅ​រាល់ ៣វិនាទី​ម្តង​នា​រយៈពេល​សតវត្ស​រ៍ចុង​ក្រោយ មាន​ព្រៃឈើ​ក្នុង​ទំហំ​ប៉ុន​តារាង​បាល់ទាត់​ត្រូវ​បាន​កាប់​បំផ្លាញ និង​មាន​ការ​បាត់បង់​តំបន់​សើម​ចំនួន​ពាក់កណ្តាល។

គ្រប់​គ្នា​ទាំង​អស់ រួម​មាន រដ្ឋាភិបាល ស្ថាប័នជាតិ អន្តរជាតិ អង្គការ​ក្រៅរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន សហគមន៍ ពិសេស​គឺ​មនុស្ស​លោក​ម្នាក់ៗ​អាច​ចូលរួម ឬ​ត្រូវ​ចូលរួម​នៅ​ក្នុង​ការ​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី។ ចូរ​កុំ​ភ្លេច​ថា ទាំង​អស់​គ្នា​កំពុង​រស់​នៅ​លើ​ផែនដី​តែ​មួយ​ដូច​គ្នា ហើយ​បញ្ហា​បរិស្ថាន​ជា​បញ្ហា​រួម​ទាំង​អស់​គ្នា។ ការ​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​តាម​គ្រប់​រូបភាព និង​តាម​គ្រប់​ទំហំ​នឹង​ជួយ​ការពារ និង​គាំទ្រ​ជីវិត​រស់នៅ​របស់​មនុស្ស និង​ធម្មជាតិ។ នៅ​ពេល​ណា​ដែល​ពិភពលោក​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ល្អ ផែនដី និង​មនុស្សលោក​ក៏​មាន​សុខភាព​ល្អ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI