ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អន្តោប្រវេសន៍ ៖ លោកស្រី ខាម៉ាឡា ហារីស ពាំ “ក្តីសង្ឃឹម” ទៅឱ្យម៉ិចស៊ិក និងក្វាតេម៉ាឡា

លោកស្រី​អនុប្រធានាធិបតី​អាមេរិក Kamala Harris បំពេញ​ទស្សនកិច្ច​នៅបរទេសលើក​ទីមួយ
លោកស្រី​អនុប្រធានាធិបតី​អាមេរិក Kamala Harris បំពេញ​ទស្សនកិច្ច​នៅបរទេសលើក​ទីមួយ REUTERS - EVELYN HOCKSTEIN

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​​ជា​លើក​ទីមួយ​ ក្នុង​នាម​​អនុប្រធានាធិបតី​អាមេរិក លោកស្រី ខាម៉ាឡា ហារីស ត្រូវ​អញ្ជើញ​ទៅ​ដល់ប្រទេស​ក្វាតេម៉ាឡា នៅ​ថ្ងៃ​អាទិត្យ​ទី ៦​មិថុនា​នេះ​។ បន្ទាប់​មក​ លោកស្រី​នឹង​បន្ត​ដំណើរ​ទៅ​​ប្រទេស​ម៉ិចស៊ិកទៀត។ ទទួល​បន្ទុក​ដោះស្រាយ​សំណុំ​រឿង​អន្តោប្រវេសន៍​ដ៏​រសើប លោកស្រី​ ចង់​ពាំនាំ​នូវ​​​ ក្តី​សង្ឃឹម​ ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ ដែលនាំ​គ្នា​ភៀស​ខ្លួន​ទាំង​ហ្វូងៗ ​ប្រថុយ​ជីវិតនឹង​គ្រោះ​ថ្នាក់​​​ឱ្យបាន​​ទៅ​ដល់​ទឹក​ដី​អាមេរិក​។

ផ្សាយពាណិជ្ជកម្ម

លោកស្រី​ ហារីស ត្រូវ​ទៅ​ដល់​ប្រទេសក្វាតេម៉ាឡា នៅ​ថ្ងៃ​អាទិត្យនេះ ហើយ​ត្រូវ​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​ក្វាតេម៉ាឡា នៅ​ថ្ងៃ​ចន្ទ​ និង​នៅ​ថ្ងៃអង្គារ​ លោកស្រី​ត្រូវ​ជួប​​ប្រធានាធិបតី​ម៉ិចស៊ិក នៅប្រទេសម៉ិចស៊ិក ជិត​គ្នា​នោះ។ លោកស្រី​ក៏ត្រូវ​ជួប​ជាមួយ​តំណាង​សង្គមស៊ីវិល​ មេដឹកនាំ​សហជីព និង​និយោជក​ទៀត។

ជម្រើស​ធ្វើ​ដំណើរ​​ទៅ​កាន់​ប្រទេស​ទាំង​ពីរ​ សម្រាប់​ទស្សនកិច្ច​ជា​លើក​ដំបូងនៅ​បរទេស មិនមែន​​ជា​ការចៃដន្យទេ។ ទស្សនកិច្ច​នេះ​ធ្វើឡើង​តែ​មួយ​សប្តាហ៍ប៉ុណ្ណោះ បន្ទាប់​ពី​​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​​អាមេរិក ​នៅ​តំបន់​អាមេរិកឡាទីន។ កាលពី​ថ្ងៃអង្គារ លោកប្រមុខការទូត​អាមេរិក បាន​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេសនៃ​ក្រុមប្រទេស​នៅ​តំបន់អាមេរិក​កណ្តាល​​រួច​មក​ហើយ(កូស្ការីកា ប្រេស៊ីល ក្វាតេម៉ាឡា ហុងឌូរ៉ាស នីការ៉ាហ្កាយ ប៉ាណាម៉ា សាធារណរដ្ឋ​ដូមីនីក និងសាល់វ៉ាឌ័រ )​ ដើម្បី​ជជែក​អំពី​សំណុំ​រឿងលំហូរ​​អន្តោប្រវេសន៍​ខុស​ច្បាប់។ លោកស្រី​អនុប្រធានាធិបតី ​ជា​អ្នក​កាន់​ក្តាប់​សំណុំ​រឿង​អន្តោប្រវេសន៍​នេះ។ តាំង​ពី​ខែ​មីនា​២០២១​មក លោក​ប្រធានាធិបតី ចូ បៃដិន បាន​ប្រគល់​​បន្ទុកគ្រប់​គ្រង និង​ចាត់​ចែងសំណុំ​រឿង​ដ៏ស្មុគស្មាញ​​នេះ​ឱ្យ​លោកស្រីកាន់។

មាន​ទម្លាប់​ មិនសូវ​ចេញ​មុខចេញមាត់ជា​ទូទៅ​​ ​តាំង​ពី​ចូល​កាន់​តំណែង​មក លោកស្រី​ក៏​​មិន​សូវ​លើក​ឡើង​អំពី​បញ្ហា​អន្តោប្រវេសន៍​ដោយ​ចំហដែរនិង​ទើប​​ចាប់​ផ្តើមបញ្ចេញ​សកម្មភាព​និង​​ជំហរនៅ​ថ្ងៃ​នេះ។

ទៅ​ជួយ​ផ្ទះ

ក្នុង​ពេល​ចេញដំណើរ ទៅ​កាន់​ប្រទេស​ក្វាតេម៉ាឡា ​លោកស្រី ហារីស បាន​អះអាង​ថា​លោកស្រីនឹង​ពាំនាំទៅ​ជាមួយ​​នូវ​ក្តី​សង្ឃឹម​ដល់​ពលរដ្ឋ​ក្នុង​​តំបន់​ ដែល​ចេះ​តែ​​នាំ​គ្នាប្រថុយ​ជីវិ​ត​​រត់ចេញ​ពីប្រទេស​​ទៅ​ធ្វើ​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក។ ​​ក្តី​សង្ឃឹម​នោះ​គឺ​ ថា​ពេល​នេះសហរដ្ឋ​អាមេរិក​បាន​មក​ជួយ​ពួក​គេ​ដល់​ផ្ទះ​។ ជំនួយ​​កំពុង​តែមក​ដល់​ ហើយ​ប្រសិន​បើ​ពួក​គេ​រស់​នៅ​ក្នុង​ប្រទេស​កំណើត​នោះ​អ្វីៗ​នឹង​​បាន​ប្រសើរ​ឡើង។

​អាមេរិក​​ចាប់​ផ្តើម​ចូលមកជួយ​ស្វែងរក​​ដំណោះស្រាយដល់ប្រភព។​ ដើម្បី​ឆ្កឹះ​គាស់ឫសដែល​ជា​ដើម​ហេតុ​នាំឱ្យ​កើត​មាន​លំហូរ​អន្តោប្រវេសន៍​ លោកស្រី​មាន​ផែនការ​​រៀប​ចំ​យុទ្ធ​សាស្ត្រ​រួម​មួយ ដោយ​នឹង​ទៅ​ជជែកពិភាក្សា​ ដោយចំៗ​និង​ដោយ​ស្មោះត្រង់​ ជាមួយ​មេដឹកនាំ​ប្រទេស​ក្វាតេម៉ាឡា និង​ម៉ិចស៊ិក អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ អំពើ​ឧក្រិដ្ឋ​ និង​អំពើ​ហិង្សា ​លើ​ពលរដ្ឋ​ទន់​ខ្សោយ។

ជា​ថ្នូរ​មកវិញ ក្វាតេម៉ាឡា ម៉ិចស៊ិក ឬ​ហុងឌូរ៉ាស សាល់វ៉ាឌ័រ ដែល​សុទ្ធ​ជា​បេក្ខជន​​អន្តោប្រវេសន៍​ខុស​ច្បាប់​រត់​ទៅ​អាមេរិក​ នឹង​បាន​ទទួល​នូវ​កិច្ចព្រមព្រៀង ដើម្បី​បង្កើន​​វិនិយោគ​ ​បង្កើន​ផាសុកភាព​សង្គម និង​លុប​បំបាត់​ភាព​ក្រីក្រ​។ នៅ​ពេល​ប្រទេសមានសមភាព ​ភាព​សុខដុម និង​សន្តិសុខ​ ការ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅអាមេិក​លែង​ជា​ភាព​ចាំបាច់​ទៀតហើយ។

សូម​បញ្ជាក់​ កាលពី​ខែ​មេសា បី​ខែ​ក្រោយ​ការ​ឡើង​កាន់​តំណែង​របស់​លោកចូបៃដិននិង​លោកស្រី​ហារីស នៅ​សេតវិមាន ចំនួនអន្តោប្រវេសន៍ខុសច្បាប់ ចាប់​បាន​នៅ​ព្រំដែនម៉ិចស៊ិក-​អាមេរិក បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ មិន​ធ្លាប់​មាន​គិត​​ចាប់​តាំង​ពី​១៥​ឆ្នាំ​មក។ ហើយ​៨២%​មក​ពី​ម៉ិចស៊ិក និង​ ក្វាតេម៉ាឡា ហុងឌូរ៉ាសនិងសាល់វ៉ាឌ័រ។​

ក្រៅ​អំពី​សំណុំរឿង​អន្តោប្រវេសន៍​ និង​ដើម្បី​បញ្ជាក់​អំពីការគិត​គូរ​​របស់​អាមេរិក នា​ឱកាស​ទស្សនកិច្ច​នេះ លោកស្រី​ហារីស នឹង​បញ្ជាក់​បន្ថែម​អំពី​ការ​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ជា​ច្រើន​លាន​ដូស។ ដំណាក់កាលទី​មួយ អាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង​ចំនួន​៦​លាន​ដូស​ ទៅ​ឱ្យ​តំបន់​អាមេរិក​កណ្តាល តាម​រយៈ​យន្តការ​កូវ៉ាក់ Covax និង​៦​លាន​ដូស​ទៀត នឹង​ចែក​ចាយ​ជូន​ផ្ទាល់​តាម​រយៈ​ប្រទេស​ដៃ​គូ ដូច​ជា​ម៉ិចស៊ិក​ កាណាដា ឬអេហ្ស៊ីប។

សំណុំ​យុទ្ធសាស្ត្រ​សម្រាប់​លោកស្រី ហារីស

នេះ​ជា​បេសកកម្ម​ដ៏​លំបាក​ខ្លាំង​ណាស់​​សម្រាប់​លោកស្រី​អនុប្រធានាធិបតី តែវា​អាច​ផ្តល់​​ផលចំណេញ​នយោបាយ​ច្រើនដែរ។ ព្រោះ​សូមកុំ​ភ្លេច​ថា​លោកចូ បៃដិន កាលនៅ​ជា​អនុប្រធានាធិបតី ​មានសមត្ថភាព​ខ្ពស់​ខ្លាំង​ណាស់​ខាង​ទំនាក់ទំនង​អន្តរជាតិ។ ដូច្នេះ​ផ្តល់​បេសកកម្ម​សំខាន់ៗ​ឱ្យ​មានន័យ​ថា​លោកបៃដិន​កំពុង​បំពាក់បំប៉ន​លោកស្រី​ហារីស​ហើយ។ លោកស្រី ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ដែលជាយុទ្ធសាស្ត្រ​ក្នុង​​ក្រសែ​ភ្នែក​អាមេរិក ​ជា​ការសំខាន់​ណាស់​​ដែល​ត្រូវ​ត្រលប់​មកវិញ​ជាមួយ​លទ្ធផល​។ ទោះមិន​ឃើញ​​លទ្ធផល​ជាក់ស្តែង​ភ្លាម​​​​មែន តែ​ការ​បាន​ទៅ​ជជែក​ជាមួយ​ប្រធានាធិបតី ​ម៉ិចស៊ិក និង​ក្វាតេម៉ាឡា ក៏​អាច​ចាត់​ទុក​ជា​ប្រយោជន៍​មួយដែរ ព្រោះ​ប្រធានាធិបតី​ទាំង​អស់​នេះ​នៅ​កាន់​តំណែង​ច្រើន​ឆ្នាំ​ទៀត និង​​​ត្រូវ​បន្ត​ធ្វើការ​​រួម​គ្នាច្រើន​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI