ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទីភ្នាក់ងារអឺរ៉ូប៉ូល៖មានមនុស្សជាង ៨០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ

សំឡេង ០៥:៤៦
នាយករងទីភ្នាក់ងារអឺរ៉ូប៉ូលលោក Jean-Philippe Lecouffe
នាយករងទីភ្នាក់ងារអឺរ៉ូប៉ូលលោក Jean-Philippe Lecouffe AFP - JERRY LAMPEN

ទីភ្នាក់ងារ​អឺរ៉ូប៉ូល (Europol) បាន​ប្រកាស​នៅ​ក្នុង​ថ្ងៃ​អង្គារ ទី៨ មិថុនា​ថា ប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​នឹង​បណ្តាញ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​មនុស្ស​ជាង ៨០០នាក់ ចូល​ឆែកឆេរ​លើ​ទីតាំង​ចំនួន​ជាង ៧០០កន្លែង និង​រឹបអូស​បាន​គ្រឿងញៀន​ជាង ៨តោន។ ប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​នឹង​បណ្តាញ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មួយ​នេះ​បាន​ចូលរួម​ពី​ជាង ១០ប្រទេស ក្នុង​នោះ​ក៏​មាន​ប្រទេស​អូស្រា្តលី​មួយ​ដែរ។ តាម​ប៉ូលិស​អូស្រា្តលី មាន​មនុស្ស​ជាង ២០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់ រួម​ទាំង​ការ​បិទ​ទីតាំង​ផលិត​គ្រឿងញៀន និង​ការ​រឹបអូស​បាន​នូវ​គ្រឿងសព្វាវុធ និង​លុយកាក់។ គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​នឹង​បណ្តាញ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មួយ​នេះ​ត្រូវ​បាន​រៀបចំ​តាំង​ពី ៣ឆ្នាំ​កន្លង​មក។

ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​នឹង​បណ្តាញ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជា​ប្រតិបត្តិការ​មួយ​ដែល​ត្រូវ​បាន​ក្រុម​ប៉ូលិស​នៅ​ក្នុង​ប្រទេស​ពាក់ព័ន្ធ​រួម​សហការ​គ្នា​យ៉ាង​សម្ងាត់ និង​លាក់​យ៉ាង​ជិត​ជា​ទីបំផុត។ កម្មវត្ថុ​នៃ​ប្រតិបត្តិការ​អន្តរជាតិ​មួយ​នេះ​ដើម្បី​ប្រឆាំង​នឹង​បណ្តាញ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​រៀបចំ​ដោយ​ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ម៉ាហ្វ៊ីយ៉ា​ទាក់ទង​នឹង​ការ​ជួញដូរ​គ្រឿងញៀន ការ​លាងលុយកខ្វក់ គម្រោង​ចាប់​ជំរិត​មនុស្ស ឬ​មួយ​ក៏​គម្រោង​ឃាតកម្ម។ ប្រតិបត្តិការ​អន្តរជាតិ​ផ្តួចផ្តើម​ដោយ FBI ដែល​មាន​ការ​ចូល​រួម​ពី ១៦ប្រទេស និង​ប៉ូលិស​ចំនួន ៩ ០០០នាក់​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ជា​ភាសា​បារាំង​ថា « Bouclier de Troie »។ ដើម្បី​អាច​តាម​ឃ្លាំ​មើល​លើ​សកម្មភាព និង​ការ​ឆ្លើយឆ្លង​រវាង​ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ម៉ាហ្វ៊ីយ៉ា​ជា​លក្ខណៈ​អន្តរជាតិ​បាន FBI បាន​បង្កើត​ឡើង​នូវ​ទូរស័ព្ទពិសេស​មួយ​ដោយ​ដាក់​បញ្ចូល​នូវ​កម្មវិធី​មួយ​ឈ្មោះ « ANOM »។

ជា​សរុប មាន​ទូរស័ព្ទពិសេស​នេះ​ចំនួន ១១ ៨០០គ្រឿង​ត្រូវ​បាន​ចែកចាយ​នៅ​គ្រប់​ទ្វីប​ទាំង​អស់ ហើយ​ប្រទេស​ដែល​ទទួល​បាន​ច្រើន​ជាង​គេ​មាន​អូស្រា្តលី អេស្ប៉ាញ អាល្លឺម៉ង់ និង​ហូឡង់។ នាយករង FBI លោក Calvin Shivers បាន​ពន្យល់​ប្រាប់​អ្នក​កាសែត​នៅ​ទីស្នាក់ការ​របស់​ទីភ្នាក់ងារ​អឺរ៉ូប៉ូល​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​នា​ព្រឹក​ថ្ងៃ​អង្គារ ទី៨ មិថុនា​ថា មាន​ទូរស័ព្ទ​ប្រភេទ​នេះ​ជាង ៣០០គ្រឿង​ត្រូវ​បាន​ចែកចាយ​ទៅ​ឲ្យ​ក្រុម​អង្គការ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ជាង ១០០ប្រទេស។ ដើម្បី​អាច​​ឲ្យ​ទូរស័ព្ទពិសេស​នេះ​ធ្លាក់​ដល់​ដៃ​ក្រុម​ម៉ាហ្វ៊ីយ៉ា និង​ក្រុម​ឧក្រិដ្ឋជន​បាន ប៉ូលិស​បាន​សហការ​ជាមួយ​ក្រុម​មនុស្ស​ដែល​ស្គាល់​បណ្តាញ​របស់​ពួក​ម៉ាហ្វ៊ីយ៉ា ឬ​ពួក​ឧក្រិដ្ឋជន​ច្បាស់​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​ពួក​គេ​ទិញ​ទូរស័ព្ទពិសេស​នេះ​ប្រើ​ដោយ​មិន​ដឹង​ជា​ទូរស័ព្ទ​ដែល​បង្កើត​ឡើង​ដោយ FBI។

បន្ទាប់​មក ប៉ូលិស​ខ្លួន​ឯង​ក៏​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​ម៉ាហ្វ៊ីយ៉ា ឬ​ឧក្រិដ្ឋជន និង​ប្រើ​ទូរស័ព្ទពិសេស​នេះ​ដូច​គ្នា។ ពី​ម៉ាហ្វ៊ីយ៉ា ឬ​ពី​ឧក្រិដ្ឋជន​ម្នាក់​ទៅ​ម៉ាហ្វ៊ីយ៉ា ឬ​ឧក្រិដ្ឋជន​ម្នាក់​ទៀត ការ​ចែកចាយ​ទូរស័ព្ទពិសេស​នេះ​មាន​កាន់​តែ​ច្រើន​ឡើងៗ។ លក្ខណៈ​ពិសេស​របស់​ទូរស័ព្ទ​ពិសេស​នេះ គឺ​មិន​អាច​ហៅ​ចេញ ចូល​បាន មិន​អាច​មើល​មែល​បាន និង​ក៏​គ្មាន​បំពាក់ប្រព័ន្ធ GPS ដែរ ពោល​អាច​ប្រើ​ត្រឹម​បញ្ជូន​សារ​ទៅ​វិញ​ទៅ​មក​តែ​ក្នុង​រង្វង់​អ្នក​ដែល​មាន​ទូរស័ព្ទ​ពិសេស​នេះ​ដូច​គ្នា។ ក្នុង​រយៈពេល ៣ឆ្នាំ មាន​សារ​ប្រមាណ​ជា ២០លាន​សារ​ត្រូវ​បាន​ឆ្លើយឆ្លង​ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ប៉ូលិស និង​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ដឹង បាន​ស្គាល់ និង​បាន​ទប់ស្កាត់​ទាន់​ពេល ពិសេស​បាន​កៀងគរ និង​ប្រមូល​ពួក​ម៉ាហ្វ៊ីយ៉ា និង​ពួក​ឧក្រិដ្ឋជន​ឲ្យ​ចូល​ក្នុង​ស៊ង​តែ​មួយ​ដើម្បី​ក្របួច ក សរុប។

ចាប់​ខ្លួន​មនុស្ស​ជាង ៨០០នាក់ ចូលឆែកឆេរ​ជាង ៧០០កន្លែង និង​រឹបអូស​គ្រឿងញៀន​ជាង ៨តោន

តាម​ការ​ប្រកាស​របស់​នាយករង​ទីភ្នាក់ងារ​អឺរ៉ូប៉ូល​លោក Jean-Philippe Lecouffe នា​ព្រឹក​ថ្ងៃ​អង្គារ ទី៨ មិថុនា​ក្នុង​ទីក្រុង​ឡាអេ មាន​មនុស្ស​ជាង ៨០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​អន្តរាគមន៍​របស់​កម្លាំង​ប៉ូលិស​នា​សប្តាហ៍​កន្លង​ទៅ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​តាំង​ពី​នូវែលសេឡង់​ទៅ​អូស្រា្តលី​ដោយ​ឆ្លង​កាត់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន និង​សហរដ្ឋអាមេរិក។ ក្រៅ​ពី​ការ​ចាប់​មនុស្ស​ជាង ៨០០នាក់ លោក Jean-Philippe Lecouffe ក៏​បាន​បញ្ជាក់​ពី​ការ​រឹបអូស​គ្រឿងញៀន​ជាង ៨តោន និង​មាន​ការ​ចូល​ឆែកឆេរ​នៅ​ទីតាំង​ជាង ៧០០កន្លែង។ ចំណែក​នាយករង FBI លោក Calvin Shivers បាន​បញ្ជាក់​ថា ក្រៅ​ពី​ចាប់​ខ្លួន និង​រឹបអូស​បាន​គ្រឿងញៀន រួម​ទាំង​គ្រឿងសព្វាវុធ ប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​នឹង​បណ្តាញ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មួយ​នេះ​បាន​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​ជាង ១០០នាក់។

អ្វី​ដែល​នាយករង FBI ចង់​បញ្ជាក់​នៅ​ត្រង់​ចំណុច​នេះ​គឺ​ថា ប្រតិបត្តិការ​អន្តរជាតិ​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​កម្លាំង​ប៉ូលិស​កំចាត់​បាន​ទាន់​ពេល​នូវ​គម្រោង​ឧក្រិដ្ឋកម្ម គម្រោង​ឃាតកម្ម ឬ​មួយ​ក៏​គម្រោង​ចាប់​ជំរិត​មនុស្ស​ដែល​រៀបចំ​ដោយ​ក្រុម​ម៉ាហ្វ៊ីយ៉ា ឬ​ក្រុម​ឧក្រិដ្ឋជន។ នៅ​អូស្រា្តលី មាន​មនុស្ស​ចំនួន ២២៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​នឹង​បទចោទ​ប្រកាន់​សរុប​ជាង ៥០០ករណី បិទ​ទីតាំង​ផលិត​គ្រឿងញៀន​ចំនួន ៦កន្លែង រឹបអូស​បាន​អាវុធ​មួយ​ចំនួន និង​រឹបអូស​បាន​លុយ​ចំនួន ២៩លានអឺរ៉ូ។ នៅ​នូវែលសេឡង់ មាន​មនុស្ស​ចំនួន ៣៥នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ក្នុង​បទ​ជួញ​ដូរ​គ្រឿងញៀន និង​ការ​លាងលុយកខ្វក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI