ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ច្បាប់ “ប្រវត្តិសាស្ត្រ” ដើម្បី​ទប់​ទល់​ឥទ្ធិពល​សេដ្ឋកិច្ច​ចិន

សំឡេង ០៦:៤៨
អាមេរិក​អនុម័ត​ច្បាប់​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន
អាមេរិក​អនុម័ត​ច្បាប់​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន © L’intelligence artificielle

ដើម្បីធានា​ថា​សហរដ្ឋ​អាមេរិក គឺ​ជា​ជើងឯក​ពិភពលោក​ នៅ​ថ្ងៃទី ៨​មិថុនា ២០២១ ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័តគម្រោង​​ច្បាប់​ ប្រកប​ដោយ​មហិច្ឆតា ​ទំហំ​ដល់​ទៅ​១៧០​ពាន់​លាន​ដុល្លារ សម្រាប់​​វិនិយោគវិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។ ​ផែនការនេះ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា​ច្បាប់​ ដែល​មាន​លក្ខណៈ​​ “ប្រវត្តិសាស្ត្រ”  សម្រាប់​ទប់​ទល់​នឹង​ឥទ្ធិពល និង​គំរូ​​សេដ្ឋកិច្ចចិន។

ផ្សាយពាណិជ្ជកម្ម

ព្រឹទ្ធ​សភា​បាន​​អនុម័ត​សេចក្តី ព្រាង​ច្បាប់​ ក្នុង​សំឡេង ៦៨​ ទល់​នឹង​៣២​ប្រឆាំង​។ ​គម្រោង​ច្បាប់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​លក្ខណៈ “​ប្រវត្តិសាស្ត្រ” ព្រោះ​​ជា​ផែនការ​វិនិយោគ​ ផ្នែក​ស្រាវជ្រាវនិង​អភិវឌ្ឍន៍ ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ តម្លៃ​ជាង​១៧០​ពាន់​លាន​ដុល្លារ។ ប្រធានាធិបតី​បាន​ផ្តួច​ផ្តើម​​គំនិត​វិនិយោគ​នេះ​ឡើង​ ដើម្បី​​អាចរក្សា​នាម​ជា​មហា​អំណាច -ជា​ជើងឯក​ពិភពលោក​ ពោល​គឺ​​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​របស់​ចិន។

គម្រោង​ច្បាប់​បាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​អាមេរិក​ ផលិត​នៅលើ​ទឹក​ដី​​​អាមេរិកនូវ​គ្រឿងផ្សំ​អេឡិចត្រូនិក ដូច​ជា​សឺមីកុងឌុចទ័រ បន្ទះ​ឆីប (puces informatiques)​​​​ ដើម្បី​កាត់​បន្ថយ​ការ​រំពឹង​លើ​អ្នក​ក្រៅ​។ គ្រឿង​ផ្សំ​​អេឡិចត្រូនិក មាន​ប្រើដោយ​​ចាំបាច់ ​ក្នុង​វិស័យ​ឧស្សាហកម្ម សំខាន់​ៗ​ រាប់​តាំង​ពី​ឧស្សាហកម្ម​យានថយន្ត ទូរគមនាគមន៍ ឬឧស្សាហកម្ម​ឱសថ​ ... ផលិត​ស្ទើរ​ទាំង​ស្រុង​នៅ​តំបន់​អាស៊ី។ ឆ្លើយ​តប​នឹង​តម្រូវការ​​​ពិភពលោកកាន់​តែ​ធំ​ ​​​គ្រឿង​ផ្សំអេឡិចត្រូនិក​ទាំង​អស់​​នេះ​បាន​​​​ក្លាយ​ជា​ចំណុច​យុទ្ធសាស្ត្រ។

ហើយ​ចិន​គ្រប់គ្រង​ ទីផ្សារ​ផលិត​កម្ម​​​ គ្រឿង​​ផ្សំ​អេឡិចត្រូនិក​ដ៏​​ចាំបាច់និង​ជា​យុទ្ធសាស្ត្រ​​នេះបាន​ តាំង​ពី​យូរ​។ ផែនការ​ “ផលិត​២០២៥” ដែល​ចិន​បាន​ចាប់​អនុវត្ត​តាំង​ពី​៥​ឆ្នាំ​មុនមក​ ហាក់​បាន​និង​កំពុងលើក​​ចិនឱ្យ​​នាំ​មុន​គេ​ក្នុង​វិស័យ​បច្ចេកវិទ្យា​អនាគត និង​គំរាមកំហែង​សន្តិសុខអាមេរិក សម្រាប់​ក្រសែ​ភ្នែក​អាមេរិក​​ ​ តាម​រយៈ​ការ​អភិវឌ្ឍន៍​លឿន​ស្លេវ​នៃ​​បច្ចេកវិទ្យា​ទូរគមនាគមន៍ចល័ត 5G។ បច្ចេកវិទ្យា​5G ដែល​លោក​ដូណាល់​ត្រាំ បាន​ចោទ​រួច​ទៅ​ហើយ​ថាជា​ប្រភព​នាំ​ហានិភ័យ​លួច​ការ​សម្ងាត់​ឧស្សាហកម្ម ឬ​​អនាគត​ទៅ​ប៉េកាំង​អាច​នឹង​កាត់​ផ្តាច់​ប្រព័ន្ធ​ទំនាក់ទំនង​ទូរស័ព្ទ​អាមេរិកបានទៀត។  ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាមេរិក​មិនអាច​បង្អង់​បាន​ទៀត​ឡើយ។ ជាមួយ​នឹង​ទង្វើ​វាយប្រហារ​ដែល​អាមេរិក​បានជួបជា​ញឹក​ញយ​មួយ​រយៈ​ចុងក្រោយ​នេះទៀត មិនថា​លោកត្រាំ​ឬ​លោក​បៃដិន ពិត​ជា​មាន​អារម្មណ៍​ចង់ទប់​ទល់​ចិន​ជាង​ពេល​ណាៗ​ទាំង​អស់។

​អាមេរិកជំរុញ​​ផលិតកម្ម​​គ្រឿង​ផ្សំ​អេឡិចត្រូនិក លើ​ទឹកដីអាមេរិក

​ចិន​ជួយ​ឧបត្ថម្ភ​ក្រុមហ៊ុន​គ្រប់បែប​យ៉ាង និងធ្វើ​​វិនិយោគ​ទាំងដុលៗ។ នៅក្នុង​របាយការណ៍​របស់​សភា​អាមេរិក បក្ស​កុម្មុយនិស្ត​ចិន​ ចំណាយ​ប្រាក់​សម្បើម​ណាស់​សម្រាប់​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ គឺ​ប្រមាណ​ជាង​១៥០ពាន់​លាន​ដុល្លារ។

ចំណែក​ផែនការ​អាមេរិក ដែល​ទើប​អនុម័តនេះ​​វិញ ក៏​នឹង​គ្រោង​ជួយ​សម្រួល​ក្រុមហ៊ុន​អាមេរិក​ក្នុង​ស្រុក ផលិតកម្ម​ក្នុង​ស្រុក និង​ទីផ្សារ​ការងារ​ក្នុង​ស្រុក។ ដោយ​ជាក់ស្តែង អាមេរិក​បំរុង​​កញ្ចប់​ថវិកា វិនិយោគ​​រយៈ​ពេល​៥​ឆ្នាំ ​ ចំនួន ៥២ពាន់​លាន​​ដុល្លារ សម្រាប់ជួយជ្រោម​ជ្រែង​និង​លើក​ទឹក​ចិត្ត​ក្រុមហ៊ុនអាមេរិក​​ ឱ្យ​ផលិត​គ្រឿង​បំលាស់ សឺមីកុងឌុចទ័រ ​​ នៅ​លើ​ទឹក​ដី​អាមេរិក។ ១២០​ពាន់​លាន​ដុល្លារ​ សម្រាប់​ឱ្យ​ភ្នាក់ងារ​ National Science  Foundation ដើម្បី​ជំរុញ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ទំនើបៗ​ និង​​គន្លឹះៗ ដូច​ជាបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត និង​បំរុង​កញ្ចប់ថវិកា​​ចំនួន​១,៥ពាន់​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​បច្ចេកវិទ្យាទូរគមនាគមន៍ 5G ដែលសំណុំ​រឿង​កុងកាច​គ្នា​ខ្លាំង​មួយ រវាង​​អាមេរិក​និង​ចិន។

ក្នុង​អត្ថន័យ​ព្រមាន​ចិន​ សម្រាប់​អាមេរិក ​មហាអំណាច​សេដ្ឋកិច្ចនាពេល​អនាគត ​ជា​ប្រទេស​ប្រទេស​មាន​បច្ចេកវិទ្យា​ ​បញ្ញាសប្បនិម្មិត្ត ឬ​ព័ត៌មាន​វិទ្យាកង់ទិក ទំនើប​ខ្លាំង​និង​ជឿន​លឿន​ជាង​គេហើយ មានកំរិត​​​ផលិតកម្ម​ខ្ពស់ទៀត។ ហើយ​តម្លៃ​នៃ​ជាតិ​នោះ​នឹង​ចែងចាំង​លើ​ពិភពលោក។ តើ​នរណា​ចង់​​ឃើញ​តម្លៃ​ប្រជាធិបតេយ្យ ? នរណា​ចង់​បាន​រូបភាព​បែប​ផ្តាច់ការ ?

​លោក​ ចូ បៃដិន ​ដើរ​តាម​គន្លង​របស់​លោក ដូណាល់​ ត្រាំ​

នយោបាយ​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម ចំពោះ​ចិន​ គឺ​ជា​​ប្រធានបទ​តែ​មួយ​គត់​ ដែល​លោក​ប្រធានាធិបតី​​អាមេរិក​​ ចូបៃដិន ប្រកាន់​ជំហរ​ បន្ត​ ពីប្រធានាធិបតី​អាណត្តិ​មុន​ គឺ​​​លោក​ដូណាល់ ត្រាំ។ តាំង​ពីចូល​កាន់​តំណែង​មក​ លោក បៃដិន មិន​បាន​ប៉ះពាល់​ឬ​បញ្ឈប់វិធានការ​អ្វី​មួយ​​ ​ដែល​​លោកត្រាំ​បាន​ធ្វើ​ចំពោះ​ចិន​ទេ។

តម្លៃពន្ធគយដែល​អាមេរិក​បាន​ដំឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ ត្រូវ​បាន​រក្សា​ទុក​ដដែល​។ ​ឈ្មោះ​ក្រុមហ៊ុន​ចិនជាប់​ក្នុង​បញ្ជី​ខ្មៅ មាន​កាន់​តែ​វែង ដោយ​កាលពី​សប្តាហ៍​មុន លោក​បៃដិន បាន​ថែម​ទាំង​ធ្វើ​វិសោធនកម្ម​ក្រិត្យប្រធានាធិបតី​ត្រាំ បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​ចិន​បន្ថែម។ ហើយ​ពេល​នេះ លោកប្រធានាធិបតី បៃដិន បាន​ជំរុញ​ឱ្យចេញ​ផែនការ​វិនិយោគ​បច្ចេកវិទ្យា​​តតាំង​នឹង​ចិន​ទៀត។

គ្រាន់​តែ​បាន​ឃើញ​គម្រោង​ច្បាប់​អាមេរិក​ភ្លាម ចិន​មិន​បង្អង់​នឹង​បញ្ចេញ​ប្រតិកម្ម​ឡើយ។ គណៈកម្មការ​កិច្ចការ​បរទេស​នៃ​សភា​ប្រជាជន​ បាន​បរិហារ​ គម្រោង​ច្បាប់​អាមេរិក​ថា​ ជាផែនការ​បែប​អត្តទត្ថបុគ្គល និង​មាន​មោទនភាព​ជ្រុល​។ សម្រាប់​ប៉េកាំង​ អាមេរិក​គិត​ជ្រុលហួសហេតុ​ តែ​ខ្លួន​ ថា​ចិន​ជា​តំណាង​ការ​គំរាមកំហែង។

ប៉ុន្តែទំនាក់ទំនង​​ទៅ​ថ្ងៃ​ខាង​មុខ​យ៉ាង​ណា គឺ​ពេល​វេលា​ជា​សម្រេច។ កាលពី​សម័យ​លោក​ដូណាល់ ត្រាំ ដោយហេតុ​សង្គ្រាម​ពាណិជ្ជកម្ម​ ទំនាក់ទំនង​ការ​ទូត​ចិន-អាមេរិក​បាន​ឡើង​តាន​តឹង​ខ្លាំង​ តែទំនាក់​ទំនង​​សេដ្ឋកិច្ច​នៅ​តែ​ពឹង​ពាក់​គ្នា​យ៉ាង​ខ្លាំង គ្រាន់​តែ​ចុះ​ថយ​បន្តិច​ និង​ដោយ​ហេតុ​វិបត្តិ​កូវីដ​១៩​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI