ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖លោកចូ បៃដិនបំពេញទស្សនកិច្ចនៅអឺរ៉ុបដោយចាប់ផ្តើមមុនគេនៅក្នុងប្រទេសអង់គ្លេស

សំឡេង ០៨:៣១
ប្រធានាធិបតី​អាមេរិកលោកចូ បៃដិនបំពេញទស្សនកិច្ចនៅអឺរ៉ុបដោយចាប់ផ្តើមមុនគេនៅក្នុងប្រទេសអង់គ្លេស ថ្ងៃទី៩ មិថុនា ២០២១។
ប្រធានាធិបតី​អាមេរិកលោកចូ បៃដិនបំពេញទស្សនកិច្ចនៅអឺរ៉ុបដោយចាប់ផ្តើមមុនគេនៅក្នុងប្រទេសអង់គ្លេស ថ្ងៃទី៩ មិថុនា ២០២១។ AP - Joe Giddens

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​រយៈពេល ៨ថ្ងៃ​នៅ​លើ​ទឹកដី​អឺរ៉ុប។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកទី១ របស់​លោក​បៃដិន​នៅ​បរទេស តាំង​ពី​លោក​បាន​ឡើង​កាន់​តំណែង​ក្នុង​ខែ​មករា ឆ្នាំ ២០២១។ អង់គ្លេស​ដែល​លោក​បៃដិន​បាន​ទៅ​ដល់​នា​យប់​ថ្ងៃ​ពុធ ទី៩ មិថុនា​ជា​ប្រទេស​ដែល​លោក​បំពេញ​ទស្សនកិច្ច​មុន​គេ។ « America in back » នេះ​ជា​ឃ្លា​ដែល​លោក​បៃដិន​ធ្លាប់​បាន​ថ្លែង​ច្រើន​ដង និង​បាន​ថ្លែង​ជា​ថ្មី​នា​ពេល​ដែល​លោក​ចុះ​ពី​យន្តហោះ Air Force One នៅ​មូលដ្ឋាន​យោធា​អាកាស​មួយ​ស្ថិត​ប៉ែក​ខាង​កើត​ប្រទេស​អង់គ្លេស។

ផ្សាយពាណិជ្ជកម្ម

កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​រយៈពេល ៨ថ្ងៃ​របស់​លោក​ចូ បៃដិន​ផ្តើម​ចេញ​ពី​ប្រទេស​អង់គ្លេស​ដែល​លោក​បៃដិន​បាន​ទៅ​ដល់​​យប់​ថ្ងៃ​ពុធ ទី៩ មិថុនា។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១០ មិថុនា លោក​បៃដិន​ចូលជួប​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន និង​ជួប​សំណេះសំណាល​ជាមួយ​កងទ័ពអាកាស​អាមេរិក​នៅ​មូលដ្ឋាន​ទ័ព Mildenhall ស្ថិត​ប៉ែក​ខាង​កើត​អង់គ្លេស​ដែល​ជា​មូលដ្ឋាន​ទ័ពអាមេរិក​ប្រភេទ​នេះ​តែ​មួយ​គត់​នៅ​លើ​ទឹកដី​អឺរ៉ុប។ ជំនួប​រវាង​លោក​បៃដិន និង​លោក​ចនសុន​រៀបចំ​នៅ​មាត់សមុទ្រ Carbis Bay ស្ថិត​ប៉ែក​និរតី។

កម្មវិធី​បន្ទាប់​របស់​លោក​បៃដិន គឺ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ G៧ ពី​ថ្ងៃ​សុក្រ ទី១១ ដល់​ថ្ងៃ​អាទិត្យ ទី១៣ មិថុនា។ ចំណែក​ទីកន្លែង​ជំនួបកំពូល G៧ ក៏​នឹង​រៀបចំ​ធ្វើ​នៅ​នៅ​មាត់សមុទ្រ Carbis Bay។ ដោយឡែក​ក្នុង​ថ្ងៃ​អាទិត្យ ទី១៣ មិថុនា​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល G៧ លោក​បៃដិន​នឹង​ចូល​ជួប​មហាក្សត្រី​អង់គ្លេស Elizabeth ទី២ នៅ​ក្នុង​ទីក្រុង​ឡុងដ៏។ កម្មវិធី​បន្ទាប់​មក​ទៀត​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ​ពី​ថ្ងៃ​ចន្ទ ទី១៤ ដល់​ថ្ងៃ​ពុធ ទី១៦ មិថុនា។

នៅ​២ថ្ងៃ​ដំបូង ពោល​ថ្ងៃទី១៤ និង​ថ្ងៃទី១៥ មិថុនា លោក​បៃដិន​នឹង​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​ណាតូ និង​ជំនួបកំពូល​អាមេរិក សហភាពអឺរ៉ុប។ ចំណែក​កម្មវិធី​ចុង​ក្រោយ​របស់​លោក​បៃដិន​សម្រាប់​ថ្ងៃទី១៦ មិថុនា គឺ​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស។

« America is back »

ជម្រើស​តំបន់​អឺរ៉ុប​សម្រាប់​ដំណើរ​ទស្សនកិច្ច​លើ​ដំបូង​នៅ​បរទេស លោក​បៃដិន​ចង់​ស្តារ និង​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​អឺរ៉ុប។ មួយ​វិញ​ទៀត គោលដៅ​ដូច​គ្នា​នេះ​ក៏​មាន​ជាមួយ​នឹង​អង្គការ​ណាតូ ជាមួយ​បណ្តា​ប្រទេស​សមាជិក​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម G៧ និង​ជាមួយ​សហគមន៍​អន្តរជាតិ​ទាំង​មូល​ក្រោម​ឃ្លា​តែ​មួយ​ដូច​គ្នា​គឺ « America is back » ដែល​អាច​ប្រែ​ថា « អាមេរិក​ត្រឡប់​វិញ​ហើយ »។ ឃ្លា​មួយ​នេះ​ត្រូវ​បាន​លោក​បៃដិន​ថ្លែង​ច្រើន​ដង និង​បាន​ថ្លែង​រឹត​តែ​ខ្លាំង និង​ច្បាស់ៗ​នៅ​ពេល​ដែល​លោក​បាន​ទៅ​ដល់​ទឹកដី​អង់គ្លេស​នា​យប់​ថ្ងៃ​ពុធ ទី៩ មិថុនា។ វត្តមាន​របស់​លោក​បៃដិន​នៅ​​តំបន់​អឺរ៉ុប​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការ​បិទទំព័រ​សករាជ​អាប់អួរ និង​ទំនាក់ទំនង​រកាំរកូស​ខ្លាំង​ដែល​អឺរ៉ុប​មាន​ជា​មួយ​អាមេរិក​នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ។

តាម​រយៈ​វត្តមាន​នៅ​លើ​ទឹកដី​អឺរ៉ុប​ពេល​នេះ លោក​បៃដិន​ចង់​ផ្ញើ​សារ​ត្រង់​ទៅ​កាន់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ថា អាមេរិក និង​អឺរ៉ុប​បាន​ផ្សារភ្ជាប់​គ្នា​ឡើង​វិញ។ តាម​រយៈ​វត្តមាន​នៅ​លើ​ទឹកដី​អឺរ៉ុប​ពេល​នេះ លោក​បៃដិន​ចង់​ទាញ​អាមេរិក​ឲ្យ​ចេញ​ពី​ភាព​ឯកោ និង​ចង់​នាំ​អាមេរិក​ឲ្យ​ចូល​ក្នុង​ឆាក​អន្តរជាតិ​ជា​ថ្មី។ « នៅ​គ្រប់​ជំហាន​នៃ​ដំណើរ​ទស្សនកិច្ច​ពេល​នេះ យើង​នឹង​បញ្ជាក់​ឲ្យ​ច្បាស់ៗ​ថា អាមេរិក​បាន​ត្រឡប់​វិញ ហើយ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​លោក​បាន​ផ្សារភ្ជាប់​គ្នា​ដើម្បី​ប្រឈម​ទល់​នឹង​​បញ្ហា​ប្រឈម​ធំៗ រួម​ទាំង​បញ្ហា​ដែល​សំខាន់​បំផុត​សម្រាប់​អនាគត​របស់​យើង » នេះ​ជា​ការ​ថ្លែង​របស់​លោក​បៃដិន។

អាមេរិក​ផ្តល់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ចំនួន ៥០០លានដូស​ឲ្យ​យន្តការ​កូវ៉ាក់

មាន​សំណុំរឿង​សំខាន់ៗ​ចំនួន ២ ដែល​ពិភពលោក​ត្រូវ​រួម​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង គឺ​បម្រែបម្រួលអាកាសធាតុ និង​ជំងឺ​ឆ្លង​សកល​កូវីដ១៩។ នៅ​ក្នុង​ជំងឺ​កូវីដ១៩ និង​ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​របស់​អាមេរិក​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​សកល​មួយ​នេះ លោក​បៃដិន​ប្រកាស​ពី​ការ​ទិញ​វ៉ាក់សាំង Pfizer ចំនួន ៥០០លានដូស​ដើម្បី​ចែកចាយ​ឲ្យ ៩២ប្រទេស​ដែល​ខ្វះ​វ៉ាក់សាំង និង​គ្មាន​លទ្ធភាព​ទិញ​វ៉ាក់សាំង។ ការ​ចែកចាយ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​យន្តការ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក។ « គឺ​ជា​ការ​បញ្ជា​ទិញ​ដ៏​ច្រើន​សម្បើម និង​ជា​ជំនួយ​វ៉ាក់សាំង​ធ្វើ​ឡើង​ដោយ​ប្រទេស​តែ​មួយ​ដើម្បី​ជួយ​ការពារ​ប្រជាជន​ក្នុង​លោក​ទល់​នឹង​ជំងឺ​កូវីដ១៩ » នេះ​ជា​ការ​គូសបញ្ជាក់​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីតោន។

ចំណែក​សេតវិមាន​បាន​លំអិត​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១០ មិថុនា​ថា ចំនួន​វ៉ាក់សាំង​ទាំង ៥០០លានដូស​ដែល​ផលិត​នៅ​លើ​ទឹកដី​អាមេរិក មាន ២០០លានដូស​នឹង​បញ្ជូន​ទៅ​ឲ្យ​យន្តការ​កូវ៉ាក់​ពី​ខែ​សីហា​ទៅ​ដល់​ដំណាច់​ឆ្នាំ ២០២១ ហើយ ៣០០លានដូស​ទៀត​នឹង​បញ្ជូន​បណ្តើរៗ​រហូត​ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ ២០២២។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​ដដែល​មិន​ភ្លេច​រម្លឹក​ថា ក្រៅ​ពី​គម្រោង​បញ្ជូន​វ៉ាក់សាំង Pfizer  ចំនួន ៥០០លានដូស​ទៅ​ឲ្យ​យន្តការ​កូវ៉ាក់ អាមេរិក​ក៏​បាន​ឲ្យ​លុយ​ចំនួន ២ ០០០លានដុល្លារ​ទៅ​ឲ្យ​កូវ៉ាក់​សម្រាប់​ទិញ​វ៉ាក់សាំង​ចែកចាយ​ឲ្យ​ក្រុម​ប្រទេស​ក្រីក្រ។

ទំនាក់ទំនង​ពិសេស​រវាង​អាមេរិក និង​អង់គ្លេស

លក្ខណៈពិសេស​អ្វី​រវាង​អាមេរិក និង​អង់គ្លេស​ជា​ទំនាក់ទំនងពិសេស​ដែល​បាន​បន្សល់​ទុក​ដោយ​គំរូ​កតិកាសញ្ញា​មួយ​ដែល​គេ​ហៅ « កតិកាសញ្ញា​អាត្លង់ទិក » ចុះ​ហត្ថលេខា​ដោយ​អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក Winston Churchill និង​អតីត​ប្រធានាធិបតី​អាមេរិក​លោក Franklin D.Roosevelt កាល​ពី​ឆ្នាំ ១៩៤១។ អ្វី​ដែល​នាយករដ្ឋមន្រ្តី​អង់គ្លេស​សព្វថ្ងៃ​លោក​បូរីស ចនសុន​សង្ឃឹម​ចង់​បាន​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន គឺ​ធ្វើ​បច្ចុប្បន្នភាព​លើ « កតិកាសញ្ញា​អាត្លង់ទិក » ដដែល​មួយ​នេះ។

ពិត​ណាស់ បរិបទ​ពិភពលោក​សព្វថ្ងៃ​មិន​ដូច​គ្នា​នឹង​ឆ្នាំ ១៩៤១ ទេ តែ​ទីក្រុង​ឡុងដ៏​យល់​ថា តម្លៃ​របស់​វា​នៅ​ដដែល​ដោយ​គ្មាន​ការ​ផ្លាស់ប្តូរ​ទាក់ទង​នឹង​ការ​ការពារ​លទ្ធិប្រជាធិបតេយ្យ សន្តិសុខរួម និង​ពាណិជ្ជកម្ម​អន្តរជាតិ។ អ្វី​ដែល​ត្រូវ​បូក​បញ្ចូល​បន្ថែម​នៅ​ក្នុង « កតិកាសញ្ញា​អាត្លង់ទិក » ដែល​មាន​ស្រាប់ គឺ​បញ្ហា​ប្រឈម​សព្វថ្ងៃ ដូច​ជា​ការ​គំរាមកំហែង​ពី​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត យុទ្ធនាការ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ ការ​ការពារ​ជីវៈចម្រុះ ឬ​មួយ​ក៏​ជួយ​ពិភពលោក​ឲ្យ​បិទបញ្ចប់​ជំងឺ​ឆ្លង​កូវីដ១៩។

ចំណែក​ប្រធានរឿង​ផ្សេង​ទៀត​ដែល​អាមេរិក និង​អង់គ្លេស​អាច​ជជែក​រួម​មាន ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស​អាច​ធ្វើ​ដំណើរ​ទៅ​មក​ឡើង​វិញ​បាន​នៅ​ក្រោយ​វិបត្តិ​កូវីដ១៩ អនាគត​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បច្ចេកទេស ពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ក្រោយ​ពី​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប។ នៅ​ក្នុង​រឿង​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​នេះ អាមេរិក​កំពុង​មិន​សប្បាយ​ចិត្ត​នឹង​អង់គ្លេស​ទាក់ទង​នឹង​ដែនដី​អៀរឡង់ខាងជើង​ដែល​អង់គ្លេស​កំពុង​ប្រទាញប្រទង់​គ្នា​ជា​មួយ​សហភាពអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI