ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

G7៖ លោកចូ បៃដិន ​នាំសហរដ្ឋ​អាមេរិក ឲ្យ​ត្រលប់​​មក​សកម្ម ជាមួយ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​​វិញ

សំឡេង ០៨:០៣
មេដឹកនាំទាំង​៧ និងថ្នាក់ដឹកនាំសហភាពអឺរ៉ុប ថតរូបជុំគ្នា នៅ Carbis Bay ​ជាទីបើកទំនួបកំពូលG7។ ថ្ងៃទី ១១ មិថុនា ២០២១
មេដឹកនាំទាំង​៧ និងថ្នាក់ដឹកនាំសហភាពអឺរ៉ុប ថតរូបជុំគ្នា នៅ Carbis Bay ​ជាទីបើកទំនួបកំពូលG7។ ថ្ងៃទី ១១ មិថុនា ២០២១ © Patrick Semansky/Pool via REUTERS

ថ្នាក់ដឹកនាំក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 កំពុងតែបើកជំនួប​កំពូល​ ដោយផ្ទាល់ជាលើកទីមួយ​ នៅភាគខាងត្បូង​ប្រទេសអង់គ្លេស បន្ទាប់ពីបានខកខានប្រមាណ​ជិត​២ឆ្នាំមកនេះ ដោយ​សារតែ​បញ្ហា​កូវីដ​១៩។ ប្រមាណ​ជិត​២ឆ្នាំមកនេះ ពិភពលោកទាំងមូល ត្រូវបានអន្រួន​ដោយវិបត្តិ ទាំងសុខភាពអាយុជីវិត និងសេដ្ឋកិច្ច បង្កឡើងដោយ​ជំងឺឆ្លងកូវីដ​១៩នេះ។ កិច្ចប្រជុំ G7 នៅលើកនេះ ក៏ជាការបើកសម្ភោធ នូវអាណត្តិថ្មី របស់​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ដែលលោក​បាននាំសហរដ្ឋអាមេរិក​ ឲ្យត្រលប់មកចូលរួមសហការយ៉ាងសកម្ម ជាមួយ​ប្រទេសសម្ព័ន្ធមិត្តឡើងវិញ មិនដូចកាលពីជំនាន់​លោកដូណាល់ ត្រាំ។

ផ្សាយពាណិជ្ជកម្ម

ខានជួបគ្នា​២ឆ្នាំ ដោយសារកូវីដ​១៩

នៅក្នុងទឹកមុខ របស់ថ្នាក់ដឹកនាំប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ មានភាពសប្បាយ​រីករាយណាស់ ដែលបានជួបប្រជុំគ្នាដោយ​ផ្ទាល់ បន្ទាប់ពីបានឆ្លងកាត់វិបត្តិកូវីដ​ប្រមាណ​ជិត​២ឆ្នាំមកនេះ។ ជាងនេះទៀត វា​ទំព័រ​សករាជ្យថ្មី ជាមួយនឹង​​រដ្ឋាភិបាល​ថ្មីរបស់អាមេរិក ដែលដឹកនាំដោយ​ លោក ចូ បៃដិន។ ប្រមាណ​៤ឆ្នាំ​ចុងក្រោយនេះ ជាមួយ​នឹងអាណត្តិ​លោកដូណាល់ ត្រាំ កិច្ចប្រជុំG7 បានជួប​បញ្ហា​រអាក់រអួលខ្លាំងណាស់​ ដោយសារ​តែ​គោលជំហរ​រឹងទទឹង មិន​ចុះ​សម្រុង​គេឯង របស់​លោកដូណាល់ ត្រាំ។

កាលពី​ល្ងាចថ្ងៃសុក្រ ទី​១១មិថុនា​ ថ្នាក់ដឹកនាំ​ប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ រួម​មានលោក​ប្រធានធិបតីអាមេរិក ចូ បៃដិន លោកប្រធាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង លោកស្រីអធិការបតីអាល្លឺម៉ង់ អង់ហ្គេឡាមែរកិល លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នាយករដ្ឋមន្ត្រីអ៊ីតាលី នាយករដ្ឋមន្តី្រកាណាដា លោក​នាយករដ្ឋមន្ត្រីជប៉ុន រួមទាំងលោកស្រីប្រធានគណកម្មការអឺរ៉ុប និងលោក​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុបផង បានទៅដល់ទីក្រុង Carbis Bay ទីក្រុង​មាត់សមុទ្រ ភាគនិរតីប្រទេសអង់គ្លេស ដើម្បីបើកកិច្ចប្រជុំនេះ។ ថ្នាក់ដឹកនាំ​ទាំងអស់​​បានថតរូបអនុស្សាវរិយ៍ ជាមួយ​នឹង​មហាក្សត្រីអេលីហ្សាប៊ែតទី២ផងដែរ ក្នុង​បរិយាកាស​យ៉ាងរីករាយ។

មេដឹកនាំប្រទេសអ្នកមានទាំងនេះ គេរីករាយ ក៏ដោយសារតែបញ្ហា​កូវីដ១៩​​នៅតាមប្រទេសគេ បាន​ធូរស្បើយ​ច្រើន ព្រោះគេ​បានចាក់វ៉ាក់សាំង ទៅឲ្យ​​ប្រជាជនគេបានច្រើនណាស់ លើកលែងតែ​ជប៉ុនមួយ ដែល​យឺតជាងគេ។ យ៉ាងណាក៏ដោយ កិច្ច​ប្រជុំដែល​ត្រូវបើកនៅថ្ងៃទី​១២មិថុនា​ គឺគេនឹងមានរឿងជជែកគ្នាច្រើនណាស់ ដែលមិនប្រាកដថាសុទ្ធតែ​ជារឿង​សប្បាយ​រីករាយ​ទាំងអស់នោះទេ។

ទាញបទពិសោធន៍ពីវិបត្តិកូវីដ​១៩

កន្លងមកនេះ មានការលើកឡើង បែបស្តីបន្ទោសច្រើនណាស់ ថាប្រទេសអ្នកមានទាំងនេះ​ បាន​ ប្រមូលទិញវ៉ាក់សាំង​សឹងទាំងអស់ ហើយ​​ប្រទេស​ខ្លះទៀត ថែមទាំង​បាន​ហាមឃាត់ ការ​នាំចេញ​វ៉ាក់សាំង​​ប្រឆាំង​កូវីដ​​១៩​ផង ដើម្បី​ទុក​ចាក់តែ​ក្នុងស្រុក។ ជាក់ស្តែង​គឺ​សហរដ្ឋ​អាមេរិកតែម្តង។ តែឥឡូវ ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង៧នេះ បានរួមគ្នា​សន្យាថា នឹង​រកវិធី​ជួ​យ​​ប្រទេសក្រីក្រ ក្នុង​យុទ្ធនាការប្រយុទ្ធប្រឆាំង នឹង​កូវីដ​១៩​នេះ។ អាចថា គេជួយ​ខ្លួនគេបានក្រែលហើយ បានគេងាក​មក​ជួយ​អ្នកផ្សេង។

យោងតាមប្រភពពីមន្ត្រី​រដ្ឋាភិបាលអង់គ្លេស គឺអង់គ្លេស​នឹងស្នើអត្ថបទជាប្រវត្តិសាស្ត្រមួយ ឈ្មោះថា សេចក្តីប្រកាស​ក្រុង Carbis Bay ដែលនឹងមានខ្លឹមសារ ឲ្យ​ប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅ​ទូទាំងពិភពលោក។ អត្ថបទនេះ កើតចេញ​ពីការទាញ​យកបទពិសោធន៍ នៃវិបត្តិកូវីដ​​ប្រមាណ​​២ឆ្នាំ​មកនេះ។ គេនឹង​រួមគ្នា​សន្យា ចាត់វិធានការ ធ្វើយ៉ាងណា ​បំព្រួញ​ពេល​វេលា ក្នុងការ​ផលិត​វ៉ាក់សាំង ព្យាយាម​ស្វែងរក​ថ្នាំព្យាបាល​ឲ្យ​បាន​រហ័ស ពង្រឹង​ការ​​តាមដាន​សុខភាព​​សាធារណៈឲ្យ​​ខ្ជាប់ខ្ជួន ព្រមទាំង​ធ្វើកំណែទម្រង់​ អង្គការ​សុខភាព​ពិភពលោក ដើម្បីឲ្យ​អង្គការ​នេះ ដើរ​តួនាទី​ឲ្យ​​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព ក្នុងការ​ការពារ​​​សុខភាពរបស់​​ប្រជាជន​ទូទាំង​ពិភពលោក។ ទាក់ទិននឹង​វ៉ាក់សាំងវិញ គឺក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង៧នេះ នឹង​សន្យារួម​គ្នា ធ្វើ​វិភាគទាន​វ៉ាក់សាំង ចំនួន​​១ពាន់លានដូស ដោយ​ក្នុងនោះ ​អាមេរិក​ផ្តល់ចំនួន ៥០០លាន​ដូស និងអង់គ្លេស​ប្រមាណ​​១០០​លានដូស។

តែយ៉ាងណា វិធានការ​ជួយ​ជាវ៉ាក់សាំង ដល់​ប្រទេស​ក្រីក្រនេះ ត្រូវបាន​​អ្នកខ្លះ​ចាត់ទុកថា​មិន​គ្រប់គ្រាន់ទេ។ ដូចយើងបានដឹងហើយ មានប្រទេសខ្លះ ដូចជាឥណ្ឌា អាហ្វ្រិកខាងត្បូង បានទាមទារ ថាត្រូវតែព្យួរសិទ្ធិកម្មសិទ្ធិបញ្ញា លើ​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ មួយរយៈសិន ដើម្បី​ឲ្យ​គ្រប់​ប្រទេស អាច​ផលិត​វ៉ាក់សាំងបាន។ លោក​ប្រធាន​អង្គការសុខភាព​​ពិភពលោក បានអំពាវនាវ ឲ្យ​បង្កើនសង្វាក់ផលិតកម្ម ផលិតវ៉ាក់សាំងបង្ការកូវីដ១៩ ព្រោះថា វ៉ាក់សាំងនេះ គឺជាសម្បតិ្តរួមរបស់ពិភពលោក។ ដូចគ្នាដែរ លោកស្រីប្រធាន​ទីភ្នាក់ងារ​ឱសថអឺរ៉ុប បាន​លើកឡើងថា ប្រជាជន​ទូទាំង​ពិភពលោក ត្រូវតែទទួលបានការចាក់វ៉ាក់សាំង។

ក៏ប៉ុន្តែ​ ទាក់ទិននឹងបញ្ហា ព្យួរសិទ្ធិកម្មសិទ្ធិបញ្ញាលើវ៉ាក់សាំងនេះ ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង​៧ មិនទាន់ស្របគ្នាទេ។ បារាំង និងអាមេរិក យល់ព្រម តែអាល្លឺម៉ង់ មិនយល់ព្រមទេ។ អ្នកជំនាញក្នុងវិស័យ​ផលិតឱសថមួយចំនួនធំ ក៏មិនគាំទ្រដែរ ព្រោះវាមានគ្រោះថ្នាក់ មានផលអវិជ្ជមានច្រើនជាងផលចំណេញ​។ មួយវិញទៀត ព្យួរកម្មសិទ្ធិបញ្ញាថ្ងៃនេះ មិនមែនស្អែក គ្រប់គ្នាសុទ្ធតែ​អាចផលិតវ៉ាក់សាំងបាននោះទេ។

បង្កើតគម្រោង​វិនិយោគ ប្រជែងជាមួយ​គម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ចិន

នៅថ្ងៃពុធ សប្តាហ៍ក្រោយនេះ លោក ចូ បៃដិន និងជួប​ជាមួយ​លោក ពូទីន ប្រធានាធិបតីរុស្ស៊ី​​ដោយ​ផ្ទាល់តែម្តង។ ដូច្នេះ ក្នុងឱកាសវេទិកាកំពូល G7 នៅពេលនេះ គឺប្រាកដណាស់ ដែលោក ចូ បៃដិន នឹងនិយាយជាមួយ​ដៃគូ​សម្ព័ន្ធ​មិត្តទាំងអស់ អំពី​​ការរួមគ្នា ប្រកាស​គោលជំហរ ឲ្យរឹងមាំ ទាក់ទិននឹង​សកម្មភាព​​មួយចំនួន​របស់រដ្ឋាភិបាល​លោកពូទីន រាប់ទាំង​​បញ្ហាសិទ្ធិមនុស្ស និងបញ្ហាសន្តិសុខ​នៅតំបន់​អឺរ៉ុបខាងកើត​ជាដើម។

ដោយឡែកទាក់ទិននឹងបញ្ហាចិនវិញ បើតាមប្រភព​ពី​សមាជិករដ្ឋាភិបាល​អាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ គឺលោកចូ បៃដិន នឹងស្នើទៅក្រុមប្រទេស G7 ឲ្យ​ចូលរួមក្នុងគម្រោងមហាសាលមួយ ដើម្បីប្រជែងជាមួយគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ចិន។ គម្រោងរបស់អាមេរិកនេះ គឺជាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមប្រទេស​ដែលមានប្រាក់ចំណូលទាប និងមធ្យម ពីនេះដល់ឆ្នាំ ២០៣៥ ដោយត្រូវការប្រាក់វិនិយោគប្រមាណ ៤ម៉ឺន ពាន់​លានដុល្លារ។ សម្រាប់ពេលនេះ មិនទាន់មានព័ត៌មានលំអិតច្រើនទេ ទាក់ទិននឹងគម្រោងនេះ។

បើតាមប្រភព​ពីមន្ត្រីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះនេះ គឺអាមេរិក នឹងលើកឡើងក្នុងអង្គប្រជុំ អំពី​ចំណុចអវិជ្ជមានជាច្រើន នៃគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន តួយ៉ាងដូចជា បញ្ហាខ្វះតម្លាភាព ការលេងខ្សែលើ កេងបានប្រយោជន៍​ទៅតែ​ខាងចិន រីឯប្រជាជនម្ចាស់ស្រុកមិន​ទទួលផល ការមិនគោរពក្រិត្យកម្របរិស្ថាន និងធនធានធម្មជាតិ និងជាពិសេសនោះ គឺការមិនខ្វល់ពីបញ្ហាគោរពសិទ្ធិមនុស្សតែម្តង ពីសំណាក់ចិន​។ ដូច្នេះហើយ សហរដ្ឋអាមេរិក ដឹកនាំដោយ​លោកចូ បៃដិន នឹងដឹក​នាំប្រទេសលោកខាងលិចទាំងអស់​ ក្នុងគម្រោងមួយទៀត ដែលឆ្លើយតប ទៅនឹងក្រិត្យក្រមសិទ្ធិមនុស្ស ការគោរពបរិស្ថាន និងតម្លាភាព ពោលគឺជាតម្លៃមនសិកា និងរបៀបធ្វើជំនួញរបស់ប្រទេសសេរី។

ហើយទាក់ទិននឹងបញ្ហាសិទ្ធិមនុស្សនេះដែរ លោកចូ បៃដិន នឹងលើកឡើង អំពីករណី​ ជិះជាន់កម្លាំងពលកម្ម ការបង្ខំឲ្យធ្វើការងារដោយ​បង្ខំ ពីសំណាក់អាជ្ញាធរចិន ធ្វើទៅលើប្រជាជន​​អ៊ុយហ្គួរ​ នៅតំបន់ស៊ីនជាំង។ លោក ចូ បៃដិន​ ចង់ឲ្យ​វេទិកា G7 ប្រកាសជំហរថ្កោលទោសចិន ឲ្យចំៗច្បាស់ៗ នៅក្នុង​សេចក្តីប្រកាសរួមចុងក្រោយ អំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅខេត្តស៊ីនជាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI