ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមប្រទេសមហា​ឧស្សាហកម្មG7​ ស្រាក់​កម្លាំងគ្នា​ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​ចិន

សំឡេង ០៧:៤២
ប្រធានាធិបតីអាមេរិក លោកចូ បៃដិន និង​នាយករដ្ឋមន្រ្តីអង់គ្លេស នៅ​ក្នុងជំនួបកំពូលក្រុមប្រទេស​អ្នកមាន G7 នៅ​ ទីក្រុង​ឆ្នេរសមុទ្រ Cornwallប្រទេស​អង់គ្លេស​នៅថ្ងៃទី ១២​មិថុនា ២០២១
ប្រធានាធិបតីអាមេរិក លោកចូ បៃដិន និង​នាយករដ្ឋមន្រ្តីអង់គ្លេស នៅ​ក្នុងជំនួបកំពូលក្រុមប្រទេស​អ្នកមាន G7 នៅ​ ទីក្រុង​ឆ្នេរសមុទ្រ Cornwallប្រទេស​អង់គ្លេស​នៅថ្ងៃទី ១២​មិថុនា ២០២១ REUTERS - POOL

ជំនួបកំពូល​នៃ​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G7​បាន​ឈាន​ដល់ថ្ងៃ​បិទបញ្ចប់ នៅថ្ងៃ​អាទិត្យ​ទី ១៣​មិថុនា ២០២១។ ជំនួបកំពូល របស់​ក្រុមប្រទេស​G7 នៅប្រទេស​អង់គ្លេស ដែលមានការចូលរួមសំខាន់ពី​​ប្រធានាធិបតី​អាមេរិក​ថ្មី គឺ​លោក​ចូ បៃដិន ត្រូវ​បាន​កត់សំគាល់ ដោយការរួបរួម​មតិ គ្នា ជាធ្លុង របស់​ក្រុមប្រទេស​អ្នកមាន នៅគ្រប់សំណុំរឿង តាំងការប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាត បញ្ហាអាកាសធាតុ និង​ចុងក្រោយ គឺ​ការបង្កើតគម្រោងថ្មី សម្រាប់​ប្រជែង​គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ របស់ចិន។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួបកំពូល កាលពីថ្ងៃ​សៅរ៍​ទី ១២​មិថុនា ក្រុមប្រទេស មហាឧស្សាហកម្ម​ទាំង៧ នៅទីបំផុតទៅ បាន​យល់ព្រមព្រៀងគ្នា គាំទ្រ​ឲ្យ​បង្កើត​គម្រោង​វិនិយោគ​មហាសាល​មួយ ដើម្បី​ប្រជែង​ជាមួយ​គម្រោង​សេដ្ឋកិច្ច​របស់​ចិន ​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។

ទៅតាម​គំនិតផ្តួចផ្តើម​របស់​ប្រធានាធិបតី​អាមេរិក គម្រោងវិនិយោគ​ថ្មី ដើម្បីប្រជែង​នឹង​គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់ចិន មាន​ឈ្មោះ ថា Build Back Better World (B3W) ដែល​ប្រែសម្រួល​ជា​ភាសា​ខ្មែរថា “កសាងឡើងវិញ ពិភពលោក​ឲ្យ​ល្អ​ជាងមុន”។ ឈ្មោះ​នេះ​យក​លំនាំតាម​ពាក្យ​ឃោសនា​បោះឆ្នោត​របស់​លោក​ចូ បៃដិន​កន្លងមក។

គម្រោងការ​របស់​អាមេរិក ដែល​គាំទ្រ​ដោយ​បណ្តា​ប្រទេស​មហាអំណាច​ឧស្សាហកម្ម ផ្តោតសំខាន់​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​ប្រទេស​ដែលមាន​ប្រាក់ចំណូលទាប និងមធ្យម ពីនេះដល់ឆ្នាំ ២០៣៥ ដោយ​ត្រូវការ​ប្រាក់វិនិយោគ​ប្រមាណ ៤០ ទ្រីលាន​ដុល្លារ។

នៅថ្ងៃ​សៅរ៍ ក្រុមប្រទេស​G7 មិន​បាន​លម្អិត​ថា តើ​ពួកគេ នឹង​ត្រូវ​ចូលរួម​ថវិកា ម្នាក់ៗ ប៉ុន្មាន​នោះទេ។ គេ​គ្រាន់តែ​ដឹងថា ក្រុមប្រទេស​ G7 និង​ប្រទេស​សម្ព័ន្ធមិត្ត ដូចជា អូស្ត្រាលី ឥណ្ឌា កូរ៉េខាងត្បូង និង​អាហ្វ្រិកខាងត្បូង​ដែល​បាន​ចូលរួម​នៅក្នុង​ជំនួបកំពូល នៅថ្ងៃ​សៅរ៍ បាន​សម្រេចរួមគ្នាថា នឹង​ជំរុញលើកទឹកចិត្ត​ឲ្យ​មានការវិនិយោគច្រើន ពី​ក្រុមហ៊ុន​ឯកជន ទៅតាម​មុខព្រួញ​មួយចំនួន ដូចជា អាកាសធាតុ សុខភាព សន្តិសុខ សុខាភិបាល បច្ចេកវិទ្យា។ មានន័យ​ថា ជាជាង ពឹងផ្អែក​ទាំងស្រុង លើ​ថវិការដ្ឋ ក្រុមហ៊ុន​ឯកជន​នឹង​ចូលរួម​សកម្ម ក្នុង​គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មី ស្នើឡើង​ដោយ​អាមេរិកលើកនេះ។

រដ្ឋបាល​លោក​ចូ បៃដិន​បាន​បញ្ជាក់រួចហើយថា ក្រុមហ៊ុន​ឯកជន​អាច​ចូលរួម ចំណែក ក្នុងទំហំទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ នៅ​តាម​បណ្តា​ប្រទេសក្រីក្រ និងប្រាក់ចំណូល​មធ្យម នៅទឹកដី​អាហ្វ្រិក អាស៊ី និង​នៅ​អាមេរិកខាងត្បូង ជា​ទី​ដែល ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន កំពុង​ឆ្លងកាត់​រួចហើយ។

សម្រាប់ រដ្ឋបាល​អាមេរិក គេ​មិនបាន​បង្កើត​គម្រោង​នេះ​ឡើង ក្នុង​ន័យ​ប្រឆាំង​នឹង​ចិន​នោះទេ។ ប៉ុន្តែ រហូតមក ក្រៅតែពី គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ គេ​គ្មាន​គម្រោងណាផ្សេង ដែលមាន​លក្ខណៈ​ប្រជាធិបតេយ្យ ​ផ្តល់​ប្រយោជន៍ ពិតប្រាកដ​ដល់​ប្រទេស​ក្រីក្រ និងប្រទេស​​មាន​ប្រាក់ចំណូល​មធ្យម​នោះទេ។ រដ្ឋបាល​អាមេរិក ចង់​សំដៅ​ដល់ បំណុល​វណ្ឌក ការធ្លាក់ខ្លួន​ក្រោម​ឥទ្ធិពល​របស់​ចិន របស់​បណ្តា​ប្រទេស ដែលមាន​ឆ្លងកាត់គម្រោង​វិនិយោគ​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន។ តាម​អាមេរិក ផ្ទុយពី​គម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់​មួយ​របស់​ចិន គម្រោងវិនិយោគ ថ្មី​របស់​ក្រុមប្រទេស G7 នឹង​មាន​តម្លាភាព ឲ្យតម្លៃ សំខាន់​ទៅលើ​ក្រិត្យក្រម​បរិស្ថាន និង​ការគោរព​សិទ្ធិមនុស្ស ពោល​គឺជា​របៀបធ្វើជំនួញ ដែល​គ្មាន​ការកេងប្រវ័ញ្ច យកប្រយោជន៍ និង ដោយ​គ្មាន​គិត​បញ្ហា​គោរព​សិទ្ធិមនុស្ស ដូច​ប្រទេស​ចិន​នោះទេ។ សម្រាប់​អាមេរិក គេមិនអាច​ធ្វើជំនួញដោយស្មើភាពជាមួយចិននោះទេ ព្រោះថា ចិន​បាន​ប្រើកម្លាំងពលកម្ម ដែលបានមកពីការងារ​ចាប់បង្ខំទៅលើ​ជនជាតិ​អ៊ុយហ្គួរ នៅខេត្ត​ស៊ីនជាំង។​

មួយវិញទៀត ជាមួយ​នឹង​គម្រោង​ថ្មី​របស់​ក្រុមប្រទេស G7 ប្រទេស​នីមួយៗ អាចមាន​ជម្រើសច្រើនជាងមុន ពោលគឺ គេអាច​សម្រេច​ថា តើ​យក​គម្រោង របស់​ចិន ឬ​គម្រោង របស់​ក្រុមប្រទេស G7។

នៅថ្ងៃបិទបញ្ចប់​ជំនួបកំពូល G7 លោក​ចូ បៃដិន​បាន​មានប្រសាសន៍ថា គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ដូចគ្នានឹង​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ​របស់ចិន នឹងផ្តល់​យុត្តិធម៌ ​ផ្តល់ប្រយោជន៍​ដោយ​ស្មើភាគគ្នា មិនដូច ករណី​របស់​ចិន​នោះទេ។

ចិន៖ សម័យកាលដែលក្រុមប្រទេសមួយក្តាប់តូច សម្រេចជោគវាសនា​ពិភពលោក​បានចប់យូរហើយ

ក្រុមប្រទេសមហាអំណាច​ឧស្សាហកម្ម G7​យល់ព្រមព្រៀង រួមគ្នា ដើម្បី​បង្កើត​គម្រោងសាងសង់​ហេរដ្ឋារចនាសម្ព័ន្ធ ថ្មីមួយ ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​ចិន នៅក្នុង​ពិភពលោក។ ប្រតិកម្ម​ទៅនឹងរឿងនេះ អ្នកនាំពាក្យ​របស់​ស្ថានទូតចិន ប្រចាំទីក្រុង​ឡុងដ៍ បាន​និយាយ​ថា សម័យ​ដែល​ក្រុមប្រទេស​មួយក្តាប់តូច សម្រេច​ជោគវាសនា​របស់​ពិភពលោក គឺបិទបញ្ចប់ តាំងពីយូរណាស់មកហើយ។ “ចិនជឿថា ប្រទេស​ក្នុង​ពិភពលោក មិនថា ប្រទេស​ធំ តូច ខ្លាំង ឬ​ខ្សោយ ក្រ ឬ​អ្នកមាន​នោះទេ គឺ​សុទ្ធ​តែស្មើភាពគ្នា ហើយ​ការសម្រេច កិច្ចការពិភពលោក គឺ​ត្រូវ ឆ្លងកាត់​តាមរយៈ​ការពិភាក្សា រវាងគ្រប់ប្រទេស” នេះជា​ប្រសាសន៍​របស់ អ្នកនាំពាក្យ​របស់​ស្ថានទូតចិន នៅប្រទេស​អង់គ្លេស ដែលដកស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters។

គម្រោងការ​របស់​ក្រុមប្រទេស G7 អាច​ប្រជែងឈ្នះ​គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ របស់​ចិនដែរឬទេ?

គម្រោង​ផ្លូវសូត្រថ្មី ឬ​ផ្លូវមួយ ខ្សែក្រវ៉ាត់ មួយ របស់​ចិន ត្រូវ​បាន​លោក​ប្រធានាធិបតី ចិន ស៊ី ជីនពីង ចាប់ផ្តើម​បង្កើតឡើង នៅ​ឆ្នាំ ២០១៣ សម្រាប់សម្រេច​​មហិច្ឆតា​សេដ្ឋកិច្ច​ចិន។ គិតរហូតមកដល់​ពេលនេះ មាន​ប្រទេស​ប្រមាណ ១៣០ ក្នុងពិភពលោក តាំង​ពីអាស៊ី អាហ្វ្រិក អឺរ៉ុប រហូត ដល់​ទឹកដី​អាមេរិកខាងត្បូង បាន​ចុះកិច្ចព្រមព្រៀង​ជាមួយចិន ដើម្បី​អភិវឌ្ឍ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវដែក ស្ពាន ផ្លូវថ្នល់ កំពង់ផែ និង​ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

តាម តួលេខ​របស់​ទីភ្នាក់ងារ​Rifinitiv មាន​គម្រោង ជាង ២៦០០ ដែលតំណាង ឲ្យទឹកប្រាក់វិនិយោគ​របស់​ចិន ប្រមាណ ៣,៧ទ្រីលាន​ដុល្លារ ដែលមាន​ជាប់ក្នុង​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន។

បើនិយាយ​ពីទឹកប្រាក់វិនិយោគ ក្រុមប្រទេស​ G7​ មាន​សមត្ថភាព ​ប្រកួតប្រជែង​​ជាមួយ​ចិន។ រដ្ឋបាល​អាមេរិក​ធ្លាប់​បាន​វាយតម្លៃហើយថា គម្រោងហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដែល​ស្នើឡើង​ដោយ​អាមេរិក នឹង​អាច​មាន​តម្លៃ ប្រមាណ ៤០ទ្រីលាន​ឯណោះ។

បើនិយាយ​ពីទិដ្ឋភាព​ហិរញ្ញវត្ថុ ក្រុមប្រទេស G7​មាន​ធនធាន ហូរហៀ សម្រាប់​ប្រកួតប្រជែង​ជាមួយ​ចិន។ ប៉ុន្តែ បញ្ហា​ចោទ នៅត្រង់​ថា តើ​នឹង​មាន​ប្រទេស​ណាខ្លះ ដែល​ហ៊ាន​ចេញមុខ តតាំង​ខ្លួន ជា​សត្រូវរបស់​ចិន តាមរយៈ ការចូលរួម​ក្នុង​គម្រោង​វិនិយោគ ស្នើឡើង​ដោយ​អាមេរិក ដែល​នឹង​ទៅ​ប្រកួតប្រជែង​នឹង​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​នោះ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​AP ដែល​បាន​ដកស្រង់សំដី​របស់​មន្រ្តីអាមេរិក ក្នុង​ចំណោម​ប្រទេស​ G7 ក៏មាន​ការបែកបាក់​រួចទៅហើយ។ នៅពេល បារាំង អង់គ្លេស និង​កាណាដា ប្រកាស​គាំទ្រ​គម្រោងការ​របស់​អាមេរិកភ្លាម អាល្លឺម៉ង់ ជប៉ុន​និង​អ៊ីតាលី បាន​បង្ហាញ​ការរារែក​ច្រើន ព្រោះតែគេ​ខ្លាច​ថា គម្រោងការ​របស់អាមេរិក នឹង​ទាក់ទាញ កំហឹង​សងសឹក​របស់​ចិន។

អាល្លឺម៉ង់ នៅ​ត្រូវការ​ទីផ្សារ​ចិន សម្រាប់​រថយន្ត​របស់ខ្លួន។ ជប៉ុនវិញ ថ្វីត្បិត​ថា ជា​គូប្រជែង​ជាមួយ​ចិន ប៉ុន្តែ នៅតែ​ត្រូវការ​ចិន សម្រាប់​ការដោះដូរ​សេដ្ឋកិច្ចរបស់ខ្លួន។ ចំណែក​អ៊ីតាលីវិញ រឹត​តែ យ៉ាប់​ទៅទៀត ព្រោះ​ថា អ៊ីតាលី ជា​ប្រទេស​សមាជិកសហភាព អឺរ៉ុប​ដំបូងគេ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង នៅ​ឆ្នាំ ២០១៩ ដើម្បី​ចូលរួម​ក្នុង​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន ដែល​ក្រុមប្រទេស​ G7 កំពុង​ចង់​ប្រកួតប្រជែង​នៅពេលនេះ។

ប្រទេស​មហាអំណាច​ឧស្សាហកម្ម​អាច​ប្រកួតបាន​ជាមួយ​ចិន តែ​មិនប្រាកដ​ថា នឹង​អាច​យកឈ្នះ​ភ្លាម​បានទេ ព្រោះថា ចិន បាន​បុក​ចាក់គ្រឹះ ជាយូរមកហើយ និង​ចាយលុយ រាប់ពាន់​លាន​ដុល្លារ។ ប៉ុន្តែ រឿងនេះ​មិន​សំខាន់នោះទេ។ អ្វីដែល​សំខាន់ គឺ អំណើះតទៅ ក្រុមប្រទេស​ក្រីក្រ ក្រុមប្រទេសមាន​ប្រាក់ចំណូល​មធ្យម ​ដែល​ត្រូវការ​ទុន​ សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក មាន​ជម្រើស​ច្រើន ជាងមុន គឺ​ក្រៅ​ពី​ជម្រើស ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ របស់​ចិន នៅមាន គម្រោងរបស់​ក្រុមប្រទេស G7ស្នើឡើង​​ដោយ​អាមេរិក មួយទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI