ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិន​ដើរកៀងគរ ប្រទេសសម្ព័ន្ធមិត្ត​ឲ្យរិះគន់ មិនទុកចិត្ត ចិន

សំឡេង ០៨:៣៨
ប្រធានាធិបតី​អាមេរិក លោកចូ បៃដិន នៅក្នុង​សន្និសីទ​កាសែត​នៅ​ក្រោយ​ជំនួបកំពូល​អូតង់ នៅថ្ងៃចន្ទទី ១៤មិថុនា ២០២១
ប្រធានាធិបតី​អាមេរិក លោកចូ បៃដិន នៅក្នុង​សន្និសីទ​កាសែត​នៅ​ក្រោយ​ជំនួបកំពូល​អូតង់ នៅថ្ងៃចន្ទទី ១៤មិថុនា ២០២១ REUTERS - POOL

បន្ទាប់ពី​ជំនួបកំពូល​ក្រុមប្រទេស​G7 នៅអង់គ្លេស និង​ជំនួបកំពូល​អូតង់ ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន ត្រូវ​ចូលរួម​ក្នុង​ជំនួបកំពូល អាមេរិក អឺរ៉ុប ដែល​បើកធ្វើ​នៅថ្ងៃ អង្គារនេះ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក។ ប្រធានាធិបតី​អាមេរិក​ត្រូវ​ជួបពិភាក្សា រយៈពេល ២ម៉ោង​ជាមួយ ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោក​ស្ហាល មីស៊្ហែល និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អ៊ួរស៊ូឡា វ៉ុនឌែរ ឡេយែន។ នៅក្រោយ​រកាំរកូស​ជាមួយ​អាមេរិក ក្នុង​អាណត្តិ​របស់​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ជាពិសេស ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម ភាគី​អឺរ៉ុប​ចង់​ឲ្យ​អាមេរិក របស់​លោក​ចូ បៃដិន បញ្ជាក់ ឲ្យច្បាស់​ថា​តើ​ពាក្យ អាមេរិក​ត្រលប់មកវិញ​ហើយ មានន័យស៊ីជម្រៅប៉ុណ្ណា។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី ចូលរួម​ក្នុង​ជំនួបកំពូល​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G7 នៅប្រទេស​អង់គ្លេស និង​ជំនួបកំពូល​អូតង់ នៅទីស្នាក់ការ​របស់​អូតង់ នៅទីក្រុង​ព្រុចស៊ែល លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន​ នៅថ្ងៃ​អង្គារទី ១៥ មិថុនា ត្រូវ​ចូលរួម ក្នុងជំនួបកំពូល​ទ្វេរភាគី អាមេរិក អឺរ៉ុប។

ជាមួយ​វត្តមាន​ដ៏សំខាន់​នៃ​ប្រធានាធិបតី​ថ្មី លោក​ចូ បៃដិន ជំនួប​កំពូលអាមេរិក អឺរ៉ុបលើកនេះ ជា​ឱកាស បើកឆាកថ្មី នៃ​ទំនាក់ទំនង សម្ព័ន្ធមិត្ត​អាត្លង់ទិក ទាំងពីរ អាមេរិក អឺរ៉ុប ដែល​បាន​ធ្លាក់ចុះ ល្អក់កករ ក្នុង​រយៈពេល ៤ឆ្នាំ នៃ អាណត្តិ​ដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ កន្លងមក។ ផ្ទុយពីលោក​ដូណាល់ ត្រាំ ដែល​ធ្លាប់​ចាត់ទុក​អឺរ៉ុប ជា​គូប្រកួតប្រជែង ដែល​កេងយក​ប្រយោជន៍​ពីអាមេរិក លោក​ចូ បៃដិន​បាន​និយាយ​ហើយថា អាមេរិក​នឹង មក​ពង្រឹង​ទំនាក់ទំនង​ល្អ ជាមួយ​សម្ព័ន្ធមិត្ត អឺរ៉ុប​ឡើងវិញ។

ដើម្បី បង្ហាញ​ថា អាមេរិក វិល​ត្រលប់​មកវិញ ដោយ​មាន​ចេតនា​ល្អ លោក​ចូ បៃដិន​បាន​សម្រេច​វិធានការ​ជាច្រើន​ ដើម្បី​បន្ធូរបន្ថយ ភាពតានតឹង ដែល​បន្សល់​ទុក​ដោយ​អាណត្តិ​របស់​លោកដូណាល់ត្រាំ។

ទាក់ទង​នឹង​ជម្លោះ​អាយុ ១៧ឆ្នាំ Boeing Airbus ដែល​ភាគី​ទាំងពីរ​ចោទគ្នា​ទៅវិញ ទៅមកថា បាន​លួចផ្តល់ជំនួយ សម្រាប់ ក្រុមហ៊ុន​ផលិត​យន្តហោះ អាមេរិក​របស់លោកចូ បៃដិន បាន​សម្រេច​ផ្អាក តាំង​ពីខែ មីនា ទណ្ឌកម្ម សេដ្ឋកិច្ច ដែល​លោកដូណាល់ ត្រាំ បាន​ដាក់ទៅលើ​ភាគី  អឺរ៉ុប។ អាអាមេរិក និង​អឺរ៉ុបបាន​ប្រកាស​ផ្អាក ឈ្លោះ ដើម្បីទុកពេលវេលា​ពិភាក្សាចរចា គ្នា ដើម្បី រកដំណោះស្រាយ រហូត​ដល់​ខែ​កក្កដា។

នៅក្នុង​ជំនួបកំពូល​រយៈពេល ២ម៉ោង ជាមួយ​ប្រធានាធិបតី​អាមេរិក នៅថ្ងៃ​អង្គារ ប្រធានក្រុមប្រឹក្សា​អឺរ៉ុប និង​ប្រធានគណៈកម្មការ​អឺរ៉ុប​ចង់​បញ្ចុះបញ្ចូល​អាមេរិក​ផងដែរ ឲ្យបញ្ចប់​ជម្លោះ យក​ពន្ធគយ លើ​ដែក និងអាលុយមីញ៉ូម ដែល​អាមេរិក ដាក់ទៅ​លើ​អឺរ៉ុប។ ដើម្បី​សងសឹក​វិញ អឺរ៉ុប​ក៏បាន​សម្រេច​ដាក់ពន្ធ​លើ​ម៉ូតូ​អាមេរិក ដែលនាំចូល​អឺរ៉ុប។

ក្រៅពីនោះ អឺរ៉ុបត្រូវ​ពិភាក្សា​ជាមួយ ប្រធានាធិបតី​អាមេរិក ពីរឿង យកពន្ធលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា ធំៗ ដូចជា​ក្រុមហ៊ុន​Google Facebook Apple Amazon ជាដើម ដែល​អឺរ៉ុប ចោទប្រកាន់​ថា បាន​រកប្រាក់ចំណេញ នៅទឹកដី​អឺរ៉ុប ប៉ុន្តែ មិន​ព្រមបង់ពន្ធ ឲ្យ​អឺរ៉ុប។ គេ​នៅចាំបាន​ថា នៅពេល​អឺរ៉ុប​ប្រកាស​ចង់​យកពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំង លោក​ដូណាល់​ត្រាំ ខឹងសម្បារមែនទែន និង​បាន​ព្រមាន​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប។ ប៉ុន្តែ លោក​ចូ បៃដិន​វិញ បាន​បន្ធូរបន្ថយ​ភាពតានតឹង ដោយ​បាន​អនុញ្ញាត​បើកផ្លូវ ឲ្យ​គេ​ចរចា រក​ច្បាប់​រួមមួយ សម្រាប់​យកពន្ធ​ពីក្រុមហ៊ុន​បច្ចេកវិទ្យា។

ចិនជាផ្ទាំងស៊ីប​នៅក្នុង​គ្រប់ជំនួបកំពូល

នៅក្នុងជំនួបកំពូល​អឺរ៉ុប អាមេរិក ភាគី​អឺរ៉ុប​ផ្តោតខ្លាំងលើ​បញ្ហា​សេដ្ឋកិច្ច ប៉ុន្តែ ភាគីអាមេរិក ឯណោះ​វិញ បាន​ដាក់​គោលដៅ រួចហើយ នោះ គឺទាមទារ​ឲ្យ​អឺរ៉ុបចូលរួមជាមួយអាមេរិក ដើម្បី ប្រឆាំង​ចិន។ តាំងពី​ជំនួបកំពូល ប្រទេស​មហាអំណាច​ឧស្សាហកម្ម​G7​ជំនួប អូតង់ នៅថ្ងៃចន្ទទី ១៤ មិថុនា និង​នៅថ្ងៃអង្គារ​ទី ១៥​មិថុនា ជំនួបកំពូល​អាមេរិក អឺរ៉ុប ប្រទេស​ចិន​បាន​ក្លាយជា​ផ្ទាំងស៊ីប។

ទាំង​នៅក្នុង​សេចក្តីថ្លែងការណ៍រួម ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G 7 និង​អូតង់ ចិន​គ្មាន​រូបភាព​ល្អនោះទេ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន នៅថ្ងៃ អាទិត្យ ​ក្រុមប្រទេស​G7 បាន​ស្រាក់កម្លាំងគ្នា ទប់ទល់​ឥទ្ធិពលចិន តាមរយៈ​ការបង្កើត​គម្រោង​មហាសាល​ថ្មីមួយ ដែល​ដូចគ្នា​នឹង​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ​របស់​ចិន។ ក្រុមប្រទេស​​G7​បាន​រិះគន់​នយោបាយ​រំលោភសិទ្ធិមនុស្ស​របស់​អាជ្ញាធរ​ចិន នៅ​ខេត្ត​ស៊ីនជាំង និង​នៅ​ហុងកុង។ ចំណែក អង្គការ​សម្ព័ន្ធអូតង់ ដែលកន្លងមក​ផ្តោតតែទៅលើ​បញ្ហា​នៅ​តំបន់អាត្លង់ទិក បាន​និយាយ​ជាលើកទី១​ ពី​ការប្រជែង​ជាស្វ័យប្រវត្តិ​របស់​ប្រទេស​ចិន ក្នុង​សេចក្តីថ្លែង​ការណ៍រួម របស់​ខ្លួន កាលពីថ្ងៃចន្ទ។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ក្រុមប្រទេស ទាំង ៣០​របស់អូតង់ បាន​យល់ព្រម​ធ្វើការ​រួមគ្នា ដើម្បី ទប់ទល់​នឹង​ការគំរាមកំហែង​របស់​ចិន។ សម្រាប់មេដឹកនាំ​ប្រទេស​សមាជិក​អូតង់ ចិន​ បាន​បង្កើនថវិកាទ័ព មិនឈប់ឈរ សម្រាប់ បង្កើនការផលិត​ក្បាលគ្រាប់នុយក្លេអ៊ែរ បង្កើនសមត្ថភាពបច្ចេកវិទ្យា សម្រាប់ធ្វើ​សង្រ្គាម​ព័ត៌មានវិទ្យា និង​សង្រ្គាមអវកាស។

ប៉េកាំង​នៅថ្ងៃនេះ បាន​ចេញ​សេចក្តីប្រកាស ចោទប្រកាន់​អូតង់​ថា និយាយ​បំផ្លើសជ្រុល និង​មាន​ចេតនា​ចង់​បង្កើត​ការប្រឈមមុខ ជាមួយ​ចិន។ ប្រទេស​ចិន​បាន​ចោទប្រកាន់​ផងដែរ អូតង់ ដែល​ប្រមូលផ្តុំ​របស់​ក្រុមប្រទេស​លោកខាងលិច កំពុង ជំរុញ​ឲ្យ​មាន​សង្រ្គាម​ត្រជាក់ឡើងវិញ។

សម្រាប់​អគ្គលេខាធិការអង្គការ​អូតង់ Jens Stoltenberg អូតង់​មិនចង់​ឲ្យមាន​សង្រ្គាម​ត្រជាក់ ហើយ​ក៏មិនបាន​ចាត់ទុក​ចិន​ជា​គូប្រជែង ឬ​សត្រូវនោះទេ ប៉ុន្តែ សមាជិក​របស់​អូតង់​ត្រូវតែ​ដឹង​ថា ការឡើងអំណាច​របស់​ចិន អាច​គំរាមកំហែង​សន្តិសុខ​របស់​ប្រទេស​សមាជិក​អូតង់។

សព្វថ្ងៃនេះ ប៉េកាំង​ត្រូវ​អាមេរិក និង​ក្រុមប្រទេស​អាស៊ី មួយចំនួន ចោទប្រកាន់​ថា បាន​ពង្រីក​ឥទ្ធិពល​យោធា តាមរយៈ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធយោធា នៅ​សមុទ្រ​ចិន​ខាងត្បូង និង​នៅតាម​បណ្តាប្រទេស​ដែលមាន​ឆ្លងកាត់​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ​របស់​ចិន។ នៅពេល​ចិន ពង្រីក​ឥទ្ធិពល នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ដែលគ្មានជាប់ទាក់ទង​ទាល់តែសោះ នឹង​ផលប្រយោជន៍​របស់អូតង់នោះ អគ្គលេខាធិការ​របស់​អូតង់ បាន​និយាយ​ថា ចិន ខិតចូល សហការ​ជិតស្និទ្ធគ្នា​ជាមួយ​រុស្ស៊ី ដែល​ជា​គូប្រជែង​គំរាមកំហែង​របស់​អូតង់។

ក្រុមប្រទេស G 7 និង​អូតង់ ប្រកាស​រិះគន់ ចោទប្រកាន់​ចិន។ នេះ ជា​ការចង់បាន​របស់ លោកប្រធានាធិបតី អាមេរិក ចូ បៃដិន ដែល​បាន​ចាត់ទុក​ចិន ជាផ្ទាំងស៊ីប ប្រកួតប្រជែង ខ្លាំង ក្នុង​នយោបាយ​ការបរទេស នៃ​អាណត្តិរបស់លោក។ ក្រៅតែ​ពី​G7 និង​អូតង់ លោក​ចូ បៃដិន ក៏ចង់​ឲ្យ​សហភាព អឺរ៉ុប បញ្ចេញ​សំឡេង ដូចគ្នានេះ ដើម្បី ចូលរួម​ដាក់សម្ពាធ​ចិន មួយជាន់បន្ថែមទៀត។

អឺរ៉ុប ដើរ​តាម​ផ្លូវអាមេរិក ដោយ​បោះចោល​ចិន?

លោក​ចូ បៃដិន កំពុង​ដើរកៀងគរ​សម្ព័ន្ធមិត្ត ឲ្យចូលរួម ជាមួយ​អាមេរិក ដើម្បី ប្រមូលកម្លាំងតែមួយ សម្រាប់តទល់​ជាមួយ​ចិន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ និង​ដែលកំពុង​បង្កើន​អំណាច​យោធា នៅក្នុង​ពិភពលោក​ មិនឲ្យ​ចាញ់អាមេរិក។

ជាមួយ​ភាគីអឺរ៉ុប អាមេរិក​របស់​លោក​ចូ បៃដិន​បាន​ផ្អាក​រាល់ជម្លោះ ពាណិជ្ជកម្ម និង​សន្យា​ការពារ​សន្តិសុខ​ឲ្យអឺរ៉ុប នៅចំពោះមុខ​ការគំរាមកំហែង របស់​រុស្ស៊ី។ ប៉ុន្តែ ជាថ្នូរ​តបវិញ អាមេរិក​ត្រូវការ​ឲ្យ​អឺរ៉ុប ប្រកាន់ជំហរ​តឹង​ជាមួយ ចិន។ ប្រទេស​នៅអឺរ៉ុប​ឃើញ​ថា​អាមេរិក របស់​លោកចូបៃដិន គឺ​អាច​ជឿទុកចិត្តបាន មិនដូច​អាមេរិក ក្នុង​អាណត្តិ​របស់​លោកដូណាល់​ត្រាំ។ ប៉ុន្តែ ប្រទេស​នៅអឺរ៉ុប មិនចង់​បណ្តោយខ្លួន ឲ្យ​ចូល​ក្នុង​គន្លងនយោបាយ​ប្រឆាំង​ចិន របស់​លោកចូ បៃដិននោះទេ។ ពួកគេ​មាន​ការប្រយ័ត្នប្រយែងខ្ពស់ មិនចង់ ចេញមុខ ដោយ​ចំហរ ប្រឆាំង​ចិន​នោះទេ ព្រោះ​ថា ធ្វើដូច្នេះ នឹង​ធ្វើ​ឲ្យពួកគេ​ខាតបង់​ប្រយោជន៍​សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ។ ជាក់ស្តែង ទោះស្ថិត​ក្រោមការដាក់សម្ពាធរបស់​អាមេរិក អឺរ៉ុប​នៅតែ​មិនលះបង់​ចោល ការចរចា ដើម្បី បង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​នោះទេ។ ទៅតាមកិច្ចព្រមព្រៀងចិន អឺរ៉ុប ដែលកំពុង​ជាប់គាំង​នៅឡើយ ចិន​នឹងបើក​ទីផ្សារ​សម្រាប់ផលិតផល​អឺរ៉ុប ដែលនេះមិនធ្លាប់មានទេ​ពីមុន។ អាច​ថា អឺរ៉ុប​ចង់​ដើរខ្សែ​ជាមួយអាមេរិក ដើម្បី​តតាំង ទប់ទល់​ចិន ប៉ុន្តែ ជាមួយ គ្នានោះ អឺរ៉ុប​ត្រូវ​ដើរនយោបាយ​កូនអុក ដោយប្រយ័ត្នប្រយែង ធ្វើយ៉ាងណា​កុំ​ឲ្យ​ចិន ខឹងសម្បារ រហូត​ដល់​ឈប់​បើក​ទីផ្សារ​សម្រាប់​ក្រុមហ៊ុនអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI