ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិនបញ្ជូនអវកាសយានិក​ទៅ​សាងសង់ដំឡើង អនាគត​ស្ថានីយ៍អវកាសចិន

សំឡេង ០៩:៣៦
ពីឆ្វេងទៅ ស្តាំ អវកាសយានិក ចិន លោក​Tang Hongbo, Nie Haisheng, និង​Liu Boming លើកដៃបក់លា មុនឡើង​យាន ស្ហ៊ីនចូវទី​១២​ដែល​ត្រូវ​តភ្ជាប់​ម៉ូឌុលមេ​នៃ​ស្ថានីយ៍អវកាស​ចិន នៅថ្ងៃ​ទី ១៧ មិថុនា ២០២១
ពីឆ្វេងទៅ ស្តាំ អវកាសយានិក ចិន លោក​Tang Hongbo, Nie Haisheng, និង​Liu Boming លើកដៃបក់លា មុនឡើង​យាន ស្ហ៊ីនចូវទី​១២​ដែល​ត្រូវ​តភ្ជាប់​ម៉ូឌុលមេ​នៃ​ស្ថានីយ៍អវកាស​ចិន នៅថ្ងៃ​ទី ១៧ មិថុនា ២០២១ AP - Ng Han Guan

ចិន​បាន​បាញ់បង្ហោះ យាន ដឹកអវកាសយានិក​៣រូប ទៅកាន់​ស្ថានីយ៍យានអវកាស ដែល​ចិន​បាន​បាញ់បង្ហោះ ទៅក្នុង​គន្លងតារាវិថី កាលពី​ចុងខែ មេសា​កន្លងទៅ។ អវកាសយានិក​ទាំង៣រូប ដែល​ទីភ្នាក់ងារ​អវកាស​ចិន ទើបបង្ហាញ​មុខ ជាផ្លូវការ កាលពីថ្ងៃ​ពុធទី ១៦​មិថុនា ពោល​គឺ​នៅ​១ថ្ងៃ​មុន ចាកចេញពីផែនដី នឹងត្រូវធ្វើការ​នៅស្ថានីយ៍អវកាស រយៈពេល៣ ខែ  ដែលជា​ពេលវេលា​ដ៏យូរ មិនធ្លាប់មាន សម្រាប់អវកាសយានិក​ចិន។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ព្រហស្បតិ៍ទី ១៧​មិថុនាចិន​បានជោគជ័យ ក្នុងការបាញ់បញ្ជូន​យាន ស្ហ៊ីនចូវ​ ទី ១២ ដែល​ដឹកអវកាសយានិក​ចិន៣រូប។ ចិន​បាន​បញ្ជូន​អវកាសយានិក ៣រូប ទៅកាន់​ស្ថានីយ៍អវកាស ដែល​ចិន​កំពុង​ចាប់ដំឡើងថ្មី។ នៅប៉ុន្មានម៉ោង ក្រោយ​ចាកចេញពី​មូលដ្ឋានអវកាស​នៅ​វាលខ្សាច់ Gobi នៅទឹកដី​ម៉ុងហ្គោលីខាងក្នុង​របស់​ចិន យាន​ដឹក​អវកាសយានិក ឈ្មោះ ស្ហ៊ីនចូវ​ទី១២ បាន​ចូល​ទៅ​ភ្ជាប់ខ្លួន​ជាមួយ ម៉ូឌុលមេ ឈ្មោះ ធានហ័រ ដែល​ចិន​បាន​បាញ់បង្ហោះ ទៅក្នុង​គន្លងតារាវិថី កាលពី​ចុងខែ​មេសា។

ស្ថានីយ៍អវកាស​របស់​ចិន ឈ្មោះ ធានកុង ឬ​ហៅថា វិមានសួគ៌ ​កំពុង​ស្ថិតនៅក្នុង​ដំណាក់កាល​សាងសង់។ បេសកកម្មរបស់​អវកាសយានិក​ដែល​បាន​ចាកចេញ​ពីផែនដី នៅថ្ងៃ​ព្រហស្បតិ៍នេះ គឺ​ផ្តោតច្រើន​ទៅលើ​ការងារ បន្ត ដំឡើង​ស្ថានីយអវកាស ច្រើនជាង ការងារ​ស្រាវជ្រាវ​បច្ចេកវិទ្យា ដែល​ជា​គោលដៅ​អនាគត​របស់​ស្ថានីយ៍អវកាស​ចិន។

អនាគត ស្ថានីយ៍យានអវកាស​របស់​ចិន ធានកុង ទើបតែ​មាន​ម៉ូឌុល មេ ធានហ័រតែ​ប៉ុណ្ណោះ។ ម៉ូឌុលមេ ធានហ័រ អាច​ដាក់​មនុស្ស បាន​៣នាក់ និង​មាន​ប្រព័ន្ធបញ្ជា ប្រព័ន្ធផ្គត់ផ្គង់​ថាមពល និង​ប្រព័ន្ធ​ទ្រទ្រង់ជីវិត។

ដើម្បី សាងសង់ និង​ដាក់ឲ្យដំណើរការ ស្ថានីយ៍អវកាស ធានកុង នៅ​ឆ្នាំ ២០២២ ចិន​ត្រូវ​មាន​បេសកកម្ម ចំនួន ១១ ពីពេលនេះ រហូតដល់​ចុងឆ្នាំ ២០២២។ នៅក្នុងនោះ មាន ៤​ជា​បេសកកម្ម បញ្ជូន​អវកាសយានិក និង មាន​បេសកកម្ម ពីរ ជា​បេសកកម្ម បញ្ជូន​ម៉ូឌុល​ពីរ​ផ្សេងទៀត គឺ​ម៉ូឌុល វិនធាន និងម៉ូឌុល​ទី៣ ឈ្មោះ ម៉ឹងធាន ដែល​ចិន​គ្រោង​បាញ់​បញ្ជូន ទៅតភ្ជាប់​ម៉ូឌុល ស្នូល នៅខែ សីហា ឆ្នាំ ២០២២។

កាលពី​ចុងខែ​ឧសភា ចិន​បាន​បាញ់បង្ហោះ យានដឹកសម្ភារៈ និង​ស្បៀង ឈ្មោះ​ធានចូវ ទៅកាន់​អនាគត​ស្ថានីយ៍អវកាស​ចិន។ សព្វថ្ងៃនេះ យាន​ធានចូវ បាន​តភ្ជាប់​ខ្លួនទៅ​ម៉ូឌុល​ស្នូល ឈ្មោះ ធានហ័រ ដែលជាអនាគត ទីបញ្ជាការដ្ឋាន​របស់​ស្ថានីយ៍អវកាស​ចិន។

បេសកកម្ម​ស៊្ហីនចូវ ដឹកអវកាសយានិក ជាបេសកកម្ម​មួយដែរ​នៃគម្រោង ដំឡើងសាងសង់​ស្ថានីយ៍អវកាស​របស់​ចិន។ នៅក្នុង​បេសកកម្ម​របស់​ពួកគេ រយៈពេល ៣ខែ អវកាសយានិក​ទាំង៣​រូប គឺត្រូវ​ប្រើប្រាស់​សម្ភារៈ នៅក្នុង​យានធានចូវ សម្រាប់​ដំឡើង​រៀបចំ​ធ្វើយ៉ាងណា ឲ្យ ម៉ូឌុល​មេ ធានហ័រនេះ អាច​ដំណើរការ សម្រាប់​ទទួល​យក​អវកាសយានិក​ឲ្យ​ធ្វើការ នៅថ្ងៃ​អនាគត។

តាម​ប្រសាសន៍​របស់​លោក នី ហៃស្ហេង Nie Haisheng ដែលជា​មេបញ្ជាការ​ដឹកនាំ​បេសកកម្ម ស្ហ៊ីនចូវ​ទី១២ ក្រុមលោក​នឹង​មិននៅទំនេរដៃ នោះទេ។ មានការងារ​ជាច្រើន​ដែលកំពុងរង់ចាំ ពួកលោក ដែលមាន​តាំង ពីការថែទាំ ដំឡើង​សម្ភារៈ តេស្តគ្រឿង បច្ចេកវិទ្យា ការបណ្តែតខ្លួន​ចេញទៅក្រៅ​ស្ថានីយ៍អវកាស និងត្រៀម​រៀបចំ សម្រាប់​ការសាងសង់ យាន​បន្តទៅទៀត។

តើ​អវកាសយានិក​ចិន​ជាអ្នកណា?

នេះជា​លើកទី១ ក្នុង​រយៈពេល ៥ឆ្នាំ​ចុងក្រោយនេះ ដែល​ចិន​បាន​បញ្ជូន​អវកាសយានិក​ទៅក្នុង​ទីអវកាស។ ចិន​បានអាក់ខាន​បញ្ជូន​មនុស្ស​ទៅក្នុងទីអវកាស ចាប់តាំង​ពី​ចិន​បាន​បិទបញ្ចប់ និង​ទាញទម្លាក់ ស្ថានីយ៍​ពិសោធន៍ ចេញពី​ក្នុង​គន្លងតារាវិថី។ មួយវិញទៀត នេះ​ជាលើកទី១​ដែរ ដែលអវកាសយានិក​ចិន​អាច​ស្ថិតនៅយូរ នៅក្នុងស្ថានីយ៍​អវកាស ដល់​ទៅ​៣ខែ។

អវកាសយានិក ដែល​ចេញទៅបំពេញបេសកកម្ម នៅ​ម៉ូឌុល​មេ ធានហ័រ នៅថ្ងៃ​នេះ​មាន ២នាក់​ដែលមាន​បទពិសោធន៍ ធ្វើការ​នៅ​ស្ថានីយ៍ពិសោធន៍​អវកាស​របស់​ចិន កន្លងមក។ មាន​អាយុ​៥៦ឆ្នាំ លោក នី ហៃស្ហេង ដែល​ជា​មេបញ្ជាការ នៃ​បេសកកម្ម​លើកនេះ ជា​អវកាសយានិក​វ័យចំណាស់ជាងគេ​ដែលធ្លាប់​បាន​ចេញទៅធ្វើការ​នៅ​ស្ថានីយ៍ពិសោធន៍ ឈ្មោះធានកុង​ទី​១ នៅ​ឆ្នាំ ២០១៣។ ចំណែក​អវកាសយានិក​១នាក់ទៀត ​មានប្រវត្តិ​ជា​ទាហានជើង​អាកាស​របស់ចិន។

នៅមុន ចេញទៅ​ធ្វើការ​នៅ​ស្ថានីយ៍អវកាស ពួកគេ​ទាំងបីនាក់​បាន​ឆ្លងកាត់ការហ្វឹកហាត់ ជាង ៦ពាន់ម៉ោង រួមទាំង​ការហ្វឹកហាត់ជាមួយ ឯកសណ្ឋាន អវកាសយានិក នៅក្នុង​ទឹក ដើម្បី ឲ្យស៊ាំ ទៅនឹង​ការដើរចេញ​ទៅក្នុងទីអវកាស។ នៅក្នុង​ម៉ូឌុល មេ ធានហ័រ អវកាសយានិក​ទាំង៣​របស់​ចិន មាន​ជម្រើស​អាហារ ដល់ទៅ​១២០​មុខ ក្នុង​មួយពេលៗ ហើយពួកគេ​មាន​ម៉ាស៊ីន​រត់​ដើម្បី​ថែរក្សា​រាង​សុខភាពទៀតផង។

ការផាត់ចិន​ចោល​ពីស្ថានីយ៍អវកាស​ជាកតា្តជំរុញ មហិច្ឆតា​អវកាស​ចិន

មហិច្ឆតា​របស់​ចិន ក្នុង​ទីអវកាសមានតាំង​ពី​ឆ្នាំ ១៩៥០ នៅពេល​សហភាពសូវៀត​បាន​បញ្ជូន​ផ្កាយរណប​លើកទី១​ឈ្មោះ Sputnik ទៅក្នុង​ទីអវកាស។ នៅ​ឆ្នាំ ១៩៥៦ លោក​ប្រមុខ​ម៉ៅសេទុង បាន​និយាយ​ថា ចិន​ត្រូវតែ​ក្លាយ​ជា​មហាអំណាច អវកាស​ដើម្បី ឲ្យ​ចិន​អាច គេ​ទទួលស្គាល់​នៅក្នុង​ចំណោម​មហាអំណាច និង​ដើម្បី​អាច​ឈរជើង នៅក្នុង​ពិភពលោក​ថ្មី។

ប៉ុន្តែ ដោយសារ​តែ សេដ្ឋកិច្ច និង​បច្ចេកវិទ្យាទន់ខ្សោយ រួមទាំង​បដិវត្តន៍​វប្បធម៌ វិស័យអវកាស​របស់​ចិនត្រូវ​យឺតយ៉ាវ ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់​ទសវត្សរ៍ ឆ្នាំ ១៩៨០ ក្រោម​ការដឹកនាំ​របស់​លោក​តេង ស៊ាវភីង ទើបកម្មវិធី​អវកាស​របស់​ចិន​បាន​ចាប់ដំណើរការ ច្បាស់លាស់។ ចិន​បានជំរុញ កម្មវិធី​អវកាស​របស់​ខ្លួន ដើម្បី ហេតុផល​៣។ ទី១ ចិន​ត្រូវការបញ្ជូន​ផ្កាយរណប សម្រាប់​ប្រយោជន៍ សេដ្ឋកិច្ច និង​សង្គម។ ទី២ ដើម្បី វិស័យកងទ័ព និង​ការពារជាតិ។ ចំណែកទី៣ គឺ ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ មហាអំណាច​ធំៗ​ផ្សេងទៀត ដូចជា​អាមេរិក និង​រុស្ស៊ីជាដើម។

ចិន​មាន​មហិច្ឆតា​អវកាស តាំងពីយូរមកហើយ ប៉ុន្តែ គម្រោងការ​ដែល​ចិន ចង់​មាន​ស្ថានីយ៍​អវកាស​ផ្ទាល់ខ្លួន​របស់ខ្លួន ទើប​តែ​កើតមាន​នៅ​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ នៅក្រោម​ការដឹកនាំ​របស់​លោកប្រធានាធិបតី​ស៊ី ជីនពីង។ គេ​វាយតម្លៃថា សកម្មភាព​អវកាស​របស់​ចិន បាន​បោះជំហាន​លឿន​ខ្លាំង ដោយមួយផ្នែក ក៏ដោយសារ​តែ​ចិន ត្រូវ​ផាត់ចេញ​ពី ស្ថានីយ៍អវកាស​អន្តរជាតិ​ដែរ។ នៅប៉ុន្មាន​ឆ្នាំ​មុននេះ អាមេរិក​បាន​ជំរុញ ឲ្យ​ប្រទេស​ផ្សេងទៀត បដិសេធ មិន​ឲ្យ​ស្វាគម​ទទួលយក អវកាសយានិក​ចិន ទៅ​ចូលធ្វើការ​នៅ​ស្ថានីយ៍អវកាស​អន្តរជាតិ នោះទេ ដោយសារ​ខ្លាច​ថា គេ​អាច​បង្រៀន ដល់​អវកាសយានិកចិន ហើយ​ពួកគេ អាច​លួចចម្លង​បច្ចេកវិទ្យាពី​អាមេរិក។

ដោយសារ​តែ​អាមេរិក​បិទទ្វារ មិន​ឲ្យ​ចូលរួម​ក្នុង​ស្ថានីយ៍អវកាស​អន្តរជាតិ ចិន​គ្មានជម្រើសអ្វីផ្សេង ក្រៅតែពីប្រឹង សាងសង់ សា្ថនីយអវកាស ផលិត​ដោយ​ចិន​សុទ្ធសាធ​នោះទេ។ ចិន​បាន​ចំណាយ​ថវិកា ពី ១៥ ទៅ​២០ពាន់​លាន​ដុល្លារ សម្រាប់​កម្មវិធីអវកាស​របស់ខ្លួន។ ក្រៅតែ​ពី​គម្រោង សាងសង់​ស្ថានីយ៍អវកាសផ្ទាល់ខ្លួន​មួយ ដោយ​ខ្លួនឯង ចិន​មាន​គម្រោង​ផងដែរ​សាងសង់ មូលដ្ឋាន អវកាសមួយទៀត ជាមួយ​ប្រទេស​រុស្ស៊ី នៅ​លើ​ឋាន​ព្រះចន្ទ​ទៀតផង។

ស្ថានីយ៍អវកាស​ចិន​នឹង​អណ្តែត​ផ្តាច់មុខ នៅ​ក្នុង​គន្លងតារាវិថី នៅក្រោយ ស្ថានីយ៍អវកាសអន្តរជាតិ​បិទបញ្ចប់បេសកកម្ម នៅ​ឆ្នាំ ២០២៤

ស្ថានីយ៍អវកាស​របស់​ចិន​នឹង​ផ្តាច់មុខ នៅក្នុងគន្លងតារាវិថី នៅប៉ុន្មាន​ឆ្នាំខាងមុខ នៅពេល ស្ថានីយ៍អវកាស​អន្តរជាតិ​ដែល​បង្កើតឡើង​ដោយ​អាមេរិក ជប៉ុន កាណាដា និង​រុស្ស៊ីត្រូវ​បិទបញ្ចប់​បេសសកម្ម។ តាម​គម្រោង ស្ថានីយ៍ អវកាស​អន្តរជាតិ​ត្រូវបិទទ្វារ នៅ​ឆ្នាំ ២០២៤ នៅពេល​ទីភ្នាក់ងារ​អវកាស​ណាសា របស់អាមេរិកថា ស្ថានីយ៍អវកាស​អន្តរជាតិ​អាច​ដំណើរការ​ដល់​ឆ្នាំ ២០២៨។

ស្ថានីយ៍អវកាស​របស់​ចិន មានអាយុ ពី​១០ ទៅ ១៥ឆ្នាំ ពោល​គឺ​វា​អាច​ដំណើរការ​យ៉ាងតិច ដល់​ឆ្នាំ ២០៣២។ ភាគី​ចិន​បាន​ប្រកាស​បើកទ្វារ ស្វាគមទទួល​អវកាសយានិក​បរទេស ឲ្យទៅធ្វើការ​ស្រាវជ្រាវ ពិសោធន៍​នៅក្នុង​ស្ថានីយ៍របស់ខ្លួន។ ឥណ្ឌា ន័រវេស​ជាដើម បាន​បង្ហាញ​ចំណាប់អារម្មណ៍ ជាពិសេស​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្រ្ត នៅក្នុងទីអវកាស ដូចជា​ជំងឺមហារីកជាដើម។

ក្រៅតែ​ពីការស្រាវជ្រាវ បច្ចេកវិទ្យា ស្ថានីយ៍​អវកាស​ចិន​នឹង​ជា​កន្លែង​សម្រាប់ មើលផ្កាយ កន្លែង​ទទួល​អ្នកទេសចរ និង​ជា​កន្លែង​ចេញចូល ទៅ​ឋាន​ព្រះចន្ទ ជាទី​ដែល​ចិន​មានគម្រោង សាងសង់​មូលដ្ឋាន​ស្រាវជ្រាវ​មួយជាមួយ​រុស្ស៊ី។ ស្តាប់​ទៅ គួរ​ឲ្យ​ចាប់អារម្មណ៍ណាស់ ប៉ុន្តែ ត្រូវកុំភ្លេចថា ផ្ទុយពី ស្ថានីយ៍យានអវកាស​អន្តរជាតិ ដែល​ត្រូវ​ដំណើរការ​ទៅ​តាម​បទបញ្ជា ផ្ទៃក្នុង​ដែលមាន​ចែង ក្នុង​កិច្ចព្រមព្រៀង ពហុភាគី នៅ​ស្ថានីយ៍អវកាស​ចិន គេ​ត្រូវ​គោរព ច្បាប់ វិន័យ​របស់​ប្រទេស​ចិន តែមួយគត់ ដែល​ជាម្ចាស់​របស់​ស្ថានីយ៍។ គេ​វាយតម្លៃដែរថា​ចិន នឹង​អាច​ប្រើ​ស្ថានីយ៍អវកាសនេះ សម្រាប់​ទាញយក​ប្រយោជន៍ នយោបាយ​សេដ្ឋកិច្ច​ការទូត ជាមួយ​ប្រទេស​ដែល​ចង់ប្រើ​ស្ថានីយ៍​អវកាស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI