ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការសហប្រជាជាតិ​ចេញសេចក្តីសម្រេច​ថ្កោលទោស រដ្ឋប្រហារយោធាភូមា នៅ៥ខែក្រោយ

សំឡេង ០៩:១៨
ប្រមុខដឹកនាំយោធា ភូមា លោក មីនអ៊ុងឡាំង​ដែលធ្វើរដ្ឋប្រហារ​យោធា​ទម្លាក់រដ្ឋាភិបាល​របស់​លោកស្រិ អ៊ុងសាន ស៊ូជី កាលពិថ្ងៃទី​១​កុម្ភៈ ឆ្នាំ ២០២១
ប្រមុខដឹកនាំយោធា ភូមា លោក មីនអ៊ុងឡាំង​ដែលធ្វើរដ្ឋប្រហារ​យោធា​ទម្លាក់រដ្ឋាភិបាល​របស់​លោកស្រិ អ៊ុងសាន ស៊ូជី កាលពិថ្ងៃទី​១​កុម្ភៈ ឆ្នាំ ២០២១ REUTERS - POOL

មហាសន្និបាត​អង្គការ​សហប្រជាជាតិ បានបោះឆ្នោត លើសេចក្តីសម្រេច ថ្កោលទោស រដ្ឋប្រហារ​យោធា​នៅប្រទេស​ភូមា។ នៅក្នុងប្រវត្តិបោះឆ្នោត​របស់​អង្គការ​សហប្រជាជាតិ នេះ​ជាលើកទី៤ ប៉ុណ្ណោះ ដែល​អង្គការសហប្រជាជាតិ បោះឆ្នោត ថ្កោលទោស រដ្ឋប្រហារយោធា។ សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ នៅថ្ងៃ​សុក្រទី ១៨ មិថុនា បានទាមទារ​ផងដែរ ឲ្យ​ប្រទេស​សមាជិក រារាំង ការនាំចូល​អាវុធ ទៅប្រទេស​ភូមា។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រ​ទី ១៨​មិថុនា មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​លើ​សេចក្តីសម្រេច​ ថ្កោលទោស រដ្ឋប្រហារ​យោធា​ភូមា និង​បានទាមទារ ឲ្យប្រទេស​សមាជិក រារាំង កុំឲ្យមាន​ការនាំចូលអាវុធ​ទៅ​ប្រទេស​ភូមា។ ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​យោធា ភូមា កាលពី​ដើម​ខែ​កុម្ភៈ នេះជា​លើកទី១ ដែល មហាសន្និបាត អង្គការ​សហប្រជាជាតិ អាច​បោះឆ្នោត ចេញសេចក្តី​សម្រេច ថ្កោលទោស រដ្ឋប្រហារ នៅភូមា។

សេចក្តីសម្រេច​ដែល​ថ្កោលទោសរដ្ឋប្រហារ​យោធា​ភូមា និងរារាំង​ការនាំចូល​អាវុធ​ទៅ ភូមា ត្រូវ​បាន​បោះឆ្នោត គាំទ្រ​ដោយប្រទេស​ចំនួន ១១៩។ មានប្រទេស​តែមួយ ដែល​បោះឆ្នោត​ប្រឆាំង គឺ​ប្រទេស​បេឡារុស ចំណែក ប្រទេស ចំនួន ៣៦ ដែលនៅក្នុងនោះ មានផងដែរ ចិន រុស្ស៊ី និងឥណ្ឌា​បានបោះឆ្នោត​អនុប្បវាទ។

ការបោះឆ្នោត នៅ​អង្គការ​សហប្រជាជាតិ នៅថ្ងៃ​ម្សិលមិញ កត់សំគាល់​ជា​ពិសេស ដោយសារ​ការចូលរួម​របស់​ឯកអគ្គរដ្ឋទូត​ភូមា​ប្រចាំអង្គការ​សហប្រជាជាតិ ដែល​ត្រូវ​របបសឹក​ភូមា​តាមចាប់ខ្លួន​ពីបទ​ក្បត់ជាតិ។ នៅមហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក Kyaw Moe Tunបានលើកដៃ​តំណាងប្រទេស​ភូមា​ដើម្បី​បោះឆ្នោត​គាំទ្រ សេចក្តីសម្រេច​ដែលថ្កោលទោស​រដ្ឋប្រហារ​របស់មេដឹកនាំ​យោធា​ភូមា។ ភូមា​បាន​ចូលរួម​ជាមួយប្រទេស​អាស៊ាន ៥ទៀត ដែល​បាន​បោះឆ្នោត គាំទ្រ ខណៈប្រទេស​អាស៊ាន ៤ទៀត ដូចជា កម្ពុជា ឡាវ ថៃ និង​ព្រុយណេ បាន​បោះឆ្នោត អនុប្បវាទ។

ចាប់តាំង​ពីកើតមាន​រដ្ឋប្រហារ​យោធា នៅភូមា អង្គការ​សហប្រជាជាតិ​បានកោះប្រជុំ​ជាច្រើន ប៉ុន្តែ ខកខាន រហូតមក មិនអាច​ចេញសេចក្តីសម្រេច​រួមណាមួយ​ដើម្បី ថ្កោលទោស រដ្ឋប្រហារ​យោធា​នៅភូមា។ ការបែកបាក់ ជំហរ ផ្ទុយគ្នា​របស់​ប្រទេស​សមាជិក​ជាដើមហេតុ​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ​មិនអាច​សម្រេច​អ្វីធំដុំ សម្រាប់​កិច្ចការភូមា។

កន្លងមក ដោយសារ​តែមាន​មតិប្រឆាំង​ពី​ប្រទេស​ចិន និង​ប្រទេស​មួយចំនួន​ដែល​ចាត់ទុក រដ្ឋប្រហារ​យោធា​ភូមា ជា​វិបត្តិផ្ទៃក្នុង​របស់​ប្រទេស​ភូមា អង្គការ​សហប្រជាជាតិ​បាន​ត្រឹមតែ​ចេញសេចក្តីសម្រេច​បរិហារ​អំពើហិង្សា នៅភូមា ចំណែក ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ បានចេញ​សេចក្តី​សម្រេច​ដែល​ថ្កោលទោស អំពើហិង្សា​នៅភូមា ប៉ុន្តែ មិនបាន​ថ្កោលទោស រដ្ឋប្រហារ​របស់​មេដឹកនាំ​យោធា​ភូមា​នោះ​ទេ។

កាលពី​ពាក់កណ្តាល​ខែ ឧសភា​កន្លងទៅ ការប៉ុនប៉ង​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ចេញ​សេចក្តីសម្រេច​ស្តីពី ការហាមប្រាម​នាំចូលអាវុធ​ទៅភូមា ត្រូវ​បរាជ័យ​ធ្លាក់ទឹក ដោយសារ​ប្រទេស​ Liechtenstein ដែលជាអ្នកចងក្រង​សេចក្តីព្រាង បាន​ដកយកទៅ ចងក្រងឡើងវិញ ដោយសារតែ​ខ្លាច​គ្មាន​សំឡេងគាំទ្រ​គ្រប់គ្រាន់។

ប៉ុន្តែ សេចក្តីព្រាង​សេចក្តីសម្រេច​ដដែល ដែល​ត្រូវបាន​គេ​កែប្រែ ខ្លឹមសារ និងពាក្យ​មួយចំនួន នៅទីបំផុត ត្រូវ​បាន​មហាសន្និបាត អង្គការ​សហប្រជាជាតិ បោះឆ្នោត អនុម័ត កាលពី​ថ្ងៃ​សុក្រទី​១៨​មិថុនា។

សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅបន្ត​ថ្កោលទោស ការបង្រ្កាបដោយហិង្សា នៅ​ភូមា ទាមទារ​ឲ្យ​របបសឹក​ដោះលែង​លោកស្រី​អ៊ុងសាន ស៊ូជី ប្រធានាធិបតី​ភូមា លោក​Win Myint និង​អ្នកទោសនយោបាយ​ផ្សេងទៀត។ សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ផងដែរ ឲ្យ​គេ​អនុវត្ត ផែនការ​៥ចំណុច ដែល​ស្នើឡើង​ដោយ​សមាគមអាស៊ាន កាលពី​ខែ​មេសា​កន្លងទៅ។ ផែនការ​៥ចំណុច​របស់​អាស៊ាន មាននិយាយ​ពី​ការទាមទារ​ឲ្យ​ភូមា​បញ្ឈប់​ជាបន្ទាន់​ការប្រព្រឹត្ត​អំពើហិង្សា ទៅលើ​បាតុករ ការបង្កើតការចរចា​បែបស្ថាបនា​រវាង​ភាគីជម្លោះ ការ​តែងតាំង​ប្រេសិតអាស៊ានម្នាក់ ដើម្បីដើរតួ​ជាអន្តរការី​នៃការចរចា​រវាង​ភាគីជម្លោះនៅភូមា ការអនុញ្ញាត​ឲ្យមានការបញ្ជូន​ជំនួយមនុស្សធម៌ទៅភូមា និងការបើកផ្លូវ​ឲ្យអន្តរការី អាស៊ាន​ចូលទៅ​ក្នុងទឹកដីភូមា

សេចក្តីសម្រេច​ដែលចងក្រង​ជំរុញ ដោយ​ប្រទេស​ជាង ៥០ មានខ្លឹមសារ​ទាមទារ​ផងដែរ ឲ្យ​របបសឹក​ភូមា បើកផ្លូវឲ្យ​ប្រេសិត របស់អង្គការ​សហប្រជាជាតិ អាច​ទៅធ្វើទស្សនកិច្ច​នៅភូមា និង​បើកផ្លូវ​ឲ្យមានជំនួយមនុស្សធម៌ សម្រាប់​ប្រជាជន​ភូមា។ តាម​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ លោកស្រី Christine Schraner Burgener នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​របស់​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រម្សិលមិញ លោកស្រី​បាននិយាយ​ព្រមាន​ពី​វិបត្តិមនុស្សធម៌ និង​ការផ្ទុះ​សង្រ្គាមស៊ីវិល នៅភូមា បន្ទាប់ពី​ក្រុមជនជាតិ​ភាគតិច​ដែលគាំទ្រ​ក្រុមប្រឆាំង​ភូមា បាន​ចាប់​ផ្ទុះអាវុធ​ជាមួយ​យោធា​ភូមា នៅប៉ុន្មានខែ​មកនេះ។

ចិន និង​រុស្ស៊ី បោះឆ្នោត អនុប្បវាទ

នៅ​ក្នុង​ការបោះឆ្នោត មហាសន្និបាត​អង្គការ​សហប្រជាជាតិ ទោះ ចិន និង​រុស្ស៊ី​បោះឆ្នោត ប្រឆាំង ក៏​មហាសន្និបាត​នៅតែ​អាច​ចេញ​សេចក្តីសម្រេច​បាន ពោលគឺ​មិនដូច នៅក្នុងការបោះឆ្នោត​នៅ ក្រុមប្រឹក្សា​សន្តិសុខ​ ជាទី​ដែល​ប្រទេស​ចិន និង​រុស្ស៊ី​មានសិទ្ធិវេតូ ប្រឆាំង​មិន​ឲ្យ​គេ​អាច​ចេញ​សេចក្តីសម្រេច​បាននោះទេ។

នៅមហាសន្និបាត​អង្គការ​សហប្រជាជាតិ ប្រទេស​ទាំងពីរ​បាន​បោះឆ្នោត​អនុប្បវាទ មានន័យថា មិន​បញ្ចេញ​សំឡេង​អ្វីទាំងអស់ មិន​គាំទ្រ ហើយ​ក៏មិនប្រឆាំង។ សម្រាប់សំណុំរឿង ភូមា នេះជា​ជំហរ​ថ្មី ព្រោះត្រូវ​ដឹងថា កាលពី​១ខែ​មុន ចិន ដែល​ជាអ្នកផ្គត់ផ្គង់​អាវុធ ទៅ​ឲ្យកងទ័ពភូមា​រហូតមក ធ្លាប់​បាន​ចេញមុខ ជំទាស់ ​មិន​ឲ្យ​អង្គការ​សហប្រជាជាតិ អាច​ចេញ​សេចក្តីសម្រេច ស្តីពី​ការហាមប្រាម លក់ នាំចូល​អាវុធ​ទៅ​ភូមា​នោះទេ។

ចិន​និង​រុស្ស៊ី បាន​ផ្លាស់ប្តូរ​ជំហរ លែង​ប្រឆាំង ឲ្យ​គេ​ចេញ​សេចក្តីសម្រេច លើកនេះ ដោយសារ​មួយផ្នែក មកពីការសម្រួល ពាក្យពេជន៍ នៅក្នុង​សេចក្តីសម្រច។ ឧទាហរណ៍​គេ​បាន​ដូរពាក្យ ពី​ការហាមនាំចូល​សព្វាវុធ មក​ជា​ពាក្យ រារាំង មិន​ឲ្យមានការនាំចូល​សព្វាវុធ។ ពាក្យនេះ គឺស្រាលជាង​ពាក្យ ហាមការនាំចូលអាវុធ ហើយ​វាន័យ​ទូលំទូលាយ មិន​សំដៅ ដាក់ទណ្ឌកម្ម ប្រទេសណា​ដែល​មិនបាន​គោរព ធ្វើ​តាមនោះទេ។ ម្យ៉ាង សេចក្តីសម្រេច​របស់​មហាសន្និបាត អង្គការ​សហប្រជាជាតិ ក៏គ្មានន័យ​ចាប់បង្ខំ ដូច​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នោះដែរ។

មួយវិញ ទៀត ដែរ ចិន​បាន​ហាក់ប្តូរជំហរ មក​តមសំដី មិនចេញមុខ​ការពារ​របបសឹកភូមា​ដូចមុន ព្រោះអាចថា ចិន​ជា​ប្រទេសធំទី ២​បន្ទាប់ពីអាមេរិក​ដែល​ផ្តល់ជំនួយ ហិរញ្ញវត្ថុ​ដល់​អង្គការ​សហប្រជាជាតិ។ ដើម្បី​ប្រជែង​មុខមាត់​ជាមួយ​អាមេរិក ដែល​លោក​ចូ បៃដិន បាននាំត្រលប់មក​ឆាកអន្តរជាតិ​វិញ ចិន របស់​លោកប្រធានាធិបតី​ស៊ី ជីនពីង ចង់​បង្ហាញ​គំរូ ថា ចិន​មិន​គាំទ្រ ប្រទេស​ប្រជាធិបតេយ្យ ប៉ុន្តែ មិន​គាំទ្រ រដ្ឋប្រហារ​យោធា​នោះទេ

តើ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ នឹង​អាច​ជួយ​ស្ថានការណ៍​នៅភូមា ឲ្យ​ល្អប្រសើរ​បាន​ដែរឬទេ?

សេចក្តីសម្រេច​របស់មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បានត្រឹមតែ​ជា​ការអំពាវនាវ ប៉ុន្តែ គ្មាន​កាតព្វកិច្ច ចាប់ចង​របបសឹក​ភូមា ឬ​ប្រទេស​ដទៃទៀត ត្រូវតែ អនុវត្តធ្វើ​ឲ្យបានចាំបាច់​នោះទេ។ សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ គ្មានទម្ងន់ ដូច សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែលមានតំណាង ១៥ប្រទេស​នោះទេ។

ទោះជា​យ៉ាងនេះក្តី សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ នឹងមាន​ទម្ងន់នយោបាយ ច្រើន ព្រោះថា វា​ជា​រឿង​កម្រ​ដែល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថ្កោលទោស រដ្ឋប្រហារ​យោធា។ ចាប់តាំង​ពី​ចប់សង្រ្គាមត្រជាក់ មហាសន្និបាតអង្គការ​សហប្រជាជាតិ​បានបោះឆ្នោត ថ្កោលទោស រដ្ឋប្រហារ​យោធា តែ​៣លើកប៉ុណ្ណោះ ដូចជា​នៅ ហៃទី នៅ​ឆ្នាំ ១៩៩១ ប៊ូរុនឌី នៅ​ឆ្នាំ ១៩៩៣ និង​នៅហុងឌុយរ៉ាស នៅ​ឆ្នាំ ២០០៩។ ចំណែក​ភូមា ជាប្រទេស​ទី​៤​ដែល​មហាសន្និបាត​ចេញសេចក្តីសម្រេច​ថ្កោលទោស។

ដោយចេញសេចក្តីសម្រេច​ថ្កោលទោស រដ្ឋប្រហារយោធា មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ចង់បង្ហាញ​សារ​សំខាន់​ថា គេមិនអាច​អត់ឱន​ទទួលស្គាល់​របបដឹកនាំមួយ​ដែលកើតចេញមកពី​ការធ្វើ​រដ្ឋប្រហារ​នោះទេ។ នៅមុន ការបោះឆ្នោត អគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែរ៍​ បាននិយាយ​ថា គេមិនអាច​រស់នៅក្នុង​ពិភពលោក​មួយ ដែល​ការធ្វើរដ្ឋប្រហារ​យោធា ក្លាយ​ជាទម្លាប់ ជា​បទដ្ឋានថ្មី​នោះទេ។

សម្រាប់អ្នកជំនាញ អង្គការ​សហប្រជាជាតិ​បាន​ចេញសេចក្តីសម្រេច ថ្កោលទោស រដ្ឋប្រហារ​យោធា​ភូមា នៅពេលនេះ ជាសារ​បញ្ជូន​ទៅ​កាន់ថ្នាក់ដឹកនាំ​យោធា​ភូមា ថា ពួកគេ​កំពុងឯកោ។ របបសឹក​របស់ពួកយោធា​ភូមា​នឹង​មិនអាច​និយាយ​អួតតទៅទៀតថា ខ្លួន នៅតែ​មានទំនាក់ទំនងធម្មតា និង​បាន​ការទទួលស្គាល់ ពីសហគមន៍អន្តរជាតិ ឬ​ពីប្រទេស​ដទៃ ដូច ដែល​របបសឹក​បានអះអាង នៅក្រោយ ធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI