ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋ​អាមេរិក​ កំណត់​យកថ្ងៃបិទ​បញ្ចប់​ទាសភាពទី​ ១៩ មិថុនា ជា​ថ្ងៃ​បុណ្យ​ជាតិ

សំឡេង ០៥:១៥
រូប​សំណាក​ George Floyd  សម្ពោធ​ក្នុង​ថ្ងៃ Juneteenth ដែលក្លាយ​ជាថ្ងៃ​បុណ្យ​ជាតិ
រូប​សំណាក​ George Floyd សម្ពោធ​ក្នុង​ថ្ងៃ Juneteenth ដែលក្លាយ​ជាថ្ងៃ​បុណ្យ​ជាតិ Ed JONES AFP

ពិធី​បុណ្យ​ជួប​ជុំ ​ដង្ហែ ក្បួន ការថ្លែងសុន្ទរកថា​ផ្សេងៗ មាន​រៀប​ចំឡើង​នៅ​រដ្ឋធានីវ៉ាស៊ីនតោន និងនៅ​​ស្ទើរ​គ្រប់បណ្តា​ខេត្ត​ក្រុង​របស់​សហរដ្ឋ​អាមេរិក ដើម្បី​រំលឹក​ខួប​​​នៃ​ការ​បិទ​បញ្ចប់​ទាសភាព។ ពិធី​រំលឹក​ខួប​ដែល​មាន​តម្លៃ​ពិសេស​​នៅ​ឆ្នាំ​នេះ ប្រធានាធិបតី​អាមេរិក​ទើប​បាន​ចេញ​ក្រឹត្យ ដាក់​ ​ថ្ងៃទី ១៩ មិថុនា“Juneteenth” ​​ជា​ថ្ងៃ​បុណ្យ​ជាតិ។

ផ្សាយពាណិជ្ជកម្ម

ចាប់​ពីឆ្នាំ​២០២១​នេះទៅសហរដ្ឋ​អាមេរិក​មាន​ថ្ងៃ​បុណ្យ ឈប់​សម្រាក​ជាតិ មួយ​ថ្ងៃទៀត ហើយ គឺ​ថ្ងៃ​ទី ១៩​មិថុនា​ Juneteenth ​ ដែល​ជា​ថ្ងៃ​ខួប​នៃ​ការ​បិទ​បញ្ចប់​ទាសភាព​​នៅ​សហរដ្ឋ​អាមេរិក។  

របប​ទាសភាព​នៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​​បិទ​បញ្ចប់ ជា​ផ្លូវការ នៅថ្ងៃទី ១​មករា ឆ្នាំ​១៨៦៣​។ ប៉ុន្តែ​ គេ​ត្រូវ​រង់ចាំដល់​ថ្ងៃទី ១៩ មិថុនា ឆ្នាំ​១៨៦៥​ ទើប​ ទាសករ​ស្បែក​ខ្មៅ ក្រុម​ចុងក្រោយ​គេ​បង្អស់ នៅ​រដ្ឋ​តិចសាស់ បាន​ទទួល​ដំណឹង​ថា ​ពួកគេ​អាច​មាន​​សេរីភាព លែង​ជាប់​ជា​ទាសករ​​របស់​ក្រុមស្បែកស​។ តាំង​ពីពេល​​នោះ​មក​ថ្ងៃទី ១៩មិថុនា ត្រូវ​បាន​គេ​​ចាត់​ទុក​ជា​ទិវាមួយសម្រាប់​រំលឹក​ថ្ងៃ​បិទ​បញ្ចប់​ទាសភាព ឬ ទិវា​ជូន​ធីន Juneteenth ហៅកាត់​តាម​ភាសា​អង់គ្លេស June សម្រាប់សម្គាល់​ខែ​មិថុនា និង​ Teenth ​សំដៅលើ​​ថ្ងៃ​ទី​១៩។ អ្នក​ខ្លះ​ទៀត​បាន​ហៅ​ថ្ងៃ​ទី ១៩​មិថុនា​នេះ​ថា Juneteenth independence day ថ្ងៃ​ឯករាជ្យ ឬ Free day ​ថ្ងៃ​មាន​សេរីភាព។ ​មាន​រដ្ឋ​បួន គឺ​ តិចសាស់ ញូវយ៉ក វីហ្ស៊ីនី និង​ រដ្ឋ​វ៉ាស៊ីនតោន​ បាន​ចាត់​ទុក​ថ្ងៃ Juneteenth ជា​ថ្ងៃ​ឈប់​សម្រាក។

ពីដំបូង​ ​ទិវា​​ជូនធីន Juneteenth ត្រូ​វ​បាន​ប្រារព្ធឡើង​​ជា​លក្ខណៈ​ជួប​ជុំ​​គ្រួសារ​ ទទួល​ទានអាហារ​ជុំ​គ្នា​ តាម​ផ្ទះ​រៀង​ខ្លួនៗ។ ពិធី​រំលឹកខួប​ ​មាន​ទម្រង់​ជា​ផ្លូវការ​ និង​ជា​រៀង​រាល់​ឆ្នាំ ចាប់​ពី ឆ្នាំ​១៨៧២​មក នៅ​ពេល​គ្រូគង្វាលសាសនា​ស្បែក​ខ្មៅ នៅ​ហ៊ូស្តុន បាន​ទិញ​ដី​៤​ហិចតារ សាងសង់​ឧទ្យានឧទ្ទិស​ដល់​ការ​បិទ​បញ្ចប់​​ទាសភាព។

បច្ចុប្បន្ន​ ​អាមេរិក​ទាំងមូលបាន​ប្រារព្វ​ទិវា​ជូនធីន ក្នុង​ទម្រង់ពិធី​បុណ្យ​មហាស្រព ដង្ហែក្បួន​ផ្សេង ជាពិសេស​នៅ​តាម​ទីក្រុងធំៗ​។ ឆ្នាំ​នេះ​ ក្រុង​Galveston  បាន​សម្ពោធ​ផ្ទាំងគំនូរ​លើ​ជញ្ជាំង​ប្រវែង​៤០០​ម៉ែត្រការ៉េ នៅ​ត្រង់​កន្លែង​ដែល​ឧត្តមសេនីយ៍​ Granger ប្រកាស​ដោះលែង​ទាសករ​ស្បែក​ខ្មៅ​​ចុងក្រោយ​គេបំផុត​តែម្តង​ផង។

ហេតុការណ៍​ប៉ូលិស​ស្បែកស​សម្លាប់​បុរស​ស្បែកខ្មៅ ពេលចាប់​ខ្លួន

១៥៦​ឆ្នាំក្រោយ ​ទើប​ទិវាជូនធីន បាន​ក្លាយ​ជាថ្ងៃ​បុណ្យ​ជាតិ ទី ១២ របស់​សហរដ្ឋអាមេរិក​​ ដែល​លោកប្រធានាធិបតី ចូបៃដិន និង​លោកស្រីអនុប្រធានាធិបតី​ ខាមាឡា ហារីស បាន​ចុះហត្ថលេខា​ផ្តល់​សុពលភាព​ និង​ដាក់​ឱ្យ​ចូល​ជាធរមាន កាលពី​ថ្ងៃព្រហស្បតិ៍​ទី ១៧ មិថុនា។

អាមេរិកបានប្រារព្ធទិវា​ជូនធីន តែរហូត​មកមែន​ ប៉ុន្តែអ្វីៗ បាន​ប្តូរ​ផ្លាស់ ចាប់​ត្រឹមពី​មានហេតុការណ៍ បុរស​ស្បែក​ខ្មៅ​ស្លាប់​នៅ​ពេល​ប៉ូលិស​ស្បែកស​ឃាត់​ខ្លួន កាលពី​ខែ​ឧសភា ២០២០។ រូប​ភាព​ប៉ូលិស​អាមេរិក​ស្បែកស​សង្កត់ក​ជន​ស្បែក​ខ្មៅដល់​ដាច់​ខ្យល់​ស្លាប់ បាន​គាស់​បំផុសដាស់​សហរដ្ឋ​អាមេរិក (ធ្លាយ​ដល់​បណ្តា​ប្រទេស​ផ្សេង​ទៀត) ឱ្យ​កើត​មាន​ចលនា​ប្រឆាំង​នឹង​ការ​រើសអើង​ប្រកាន់​ពូជសាសន៍​ពណ៌​សម្បុរផង ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​ប៉ូលិស​លើ​ពលរដ្ឋមាន​ពណ៌​ស្បែក​ខ្មៅផង។ ចលនា​នេះក៏​​​​រំលេច​ឱ្យ​ឃើញ​កាន់តែ​ច្បាស់ ទិវា​ជូនធីន ដែល​កាលពី​ពីរ​ឆ្នាំ​សូម្បី​តែពលរដ្ឋ​អាមេរិក​ដើមកំណើត​ស្បែក​ខ្មៅផ្ទាល់​ មិន​ទាំង​យល់​អត្ថន័យ​ផង។ បើ​តាមការស្ទង់មតិ មាន​ប្រជាពលរដ្ឋ​អាមេរិកដល់​ទៅ​ប្រមាណ​២៨% មិន​ដឹង​ប្រវត្តិថ្ងៃជូនធីន Juneteenth ​នេះ​ទេ។

ការ​ទទួល​យក​ថ្ងៃជូនធីន ជា​ថ្ងៃ​បុណ្យ​ជាតិ ជា​ការ​ផ្តល់​ឱកាសមួយ​ដល់​សហគមន៍​អាមេរិកស្បែកខ្មៅ ដែល​រងគ្រោះ​ជាងគេ និង​ថែមទាំង​អាច​ឈាន​ដល់​ការ​សង​ជំងឺ​ចិត្ត​ ដល់​តំណាងសហគមន៍​ស្បែក​ខ្មៅ ដែល​ធ្លាប់​​រង​ទាសភាព​។ ពេល​នេះ​មាន​រដ្ឋ​ចំនួន​១១​បាន​សន្យា​សង​ជំងឺ​ជា​និមិត្តរូប សង្ឃឹម​ថា​រដ្ឋាភិបាល​និង​សភា​អាមេរិក​នឹង​ធ្វើ​តាម​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI