ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Giec ៖ ​មនុស្ស​ជាតិ​​​​រងគ្រោះ​កាន់​តែ​ធ្ងន់​​ធ្ងរ​និង​ដោ​យ​ចៀស​មិនរួច ពីការប្រែប្រួលអាកាសធាតុ

សំឡេង
មនុស្ស​ជាតិ​នៅ​មាត់​ជ្រោះ​នៃ​មហន្តរាយ​​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អកាសធាតុ
មនុស្ស​ជាតិ​នៅ​មាត់​ជ្រោះ​នៃ​មហន្តរាយ​​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អកាសធាតុ Wikus de Wet AFP/Archivos

រីង​​ទឹក​ ត្រូវ​ធ្វើ​ចំណាក​ស្រុក ខ្វះ​អាហារូបត្ថម្ភ រលត់ផុត​ពូជ... ជីវិត​នៅ​លើ​ភព​ផែន​ដី រងការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើងៗ និង​​​ត្រូវ​ប្តូរ​ផ្លាស់​ ដោយ​ចៀស​មិន​រួច​ ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​។ កូនក្មេង​កើត​នៅ​ឆ្នាំ​២០២១​ នឹង​មិន​ស្គាល់អ្វី​ដែល​ពិភពលោក​មាន​នៅ​ពេល​នេះទេ នៅ​ពេល​ពួក​គេមាន​អាយុ ៣០ឆ្នាំ ឬ​នៅ​ពេល​​​ធំ​ឡើង​បន្តិច​​។ មនុស្ស​ជា​ច្រើន​សិប​លាន​នាក់​នឹង​មាន​សុខភាព​ទន់​ខ្សោយ ដោយ​ការ​ខ្វះ​អាហារ និង​ជំងឺ​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ នេះ​បើ​តាមគម្រោង​​របាយការណ៍កម្រាស់​ជាង​៤ពាន់​ទំព័រ​​របស់​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​នៃ​អង្គការ​សហប្រជាជាតិ ដែលភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFPទទួល​បាន។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​គម្រោង​របាយការណ៍​ដែល​តាក់តែង​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​រយ​នាក់ នៃ​ក្រុម​អ្នក​ជំនាញ​អន្តររដ្ឋាភិបាល​ស្តីពី​ការ​វិវឌ្ឍន៍​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ GIEC ក្រុម​អ្នក​ជំនាញ​អាកាសធាតុបាន​ស្រែក​​​អាសន្ន​ផង តែ​ក៏​បាន​ផ្តល់​ក្តី​សង្ឃឹម​ផង​​ដល់​មនុស្ស​លោក​​ក្នុងការរក​​ដំណោះស្រាយ។ គម្រោង​​​របាយការណ៍​វាយតម្លៃ​អាកាសធាតុ​ ដ៏​​លម្អិត​ និង​សព្វ​ជ្រុង​ជ្រោយ​ កម្រាស់​៤ពាន់​ទំព័រ បាន​បង្ហាញ​ពី​ភាព​អាសន្ន​ខ្លាំង​​ជាង​របាយការណ៍ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៤​ទៅ​ទៀត។

​របាយការណ៍​ជា​សារ​​បំភ្លឺ​ផ្លូវ​ដល់អ្នក​នយោបាយ​នេះ នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២២​ ក្រោយ​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​១៩៥​ប្រទេស​ព្រមចុះ​ហត្ថលេខា​។ បាន​ន័យ​យឺត​យ៉ាវ​បន្តិច​​ សម្រាប់​ជំនួប​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ​និង​ជីវចម្រុះ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងឆ្នាំ​២០២១។

ចំពោះ​​ខ្លឹមសារ​វិញ។ Giec​បាន​ព្រមាន​ថា ក្មេង​កើត​នៅឆ្នាំ​២០២១​នេះ នឹង​មាន​ជីវិត​ប្តូរ​ផ្លាស់ខុស​ពី​ពេល​នេះ​ដោយ​ចៀសមិន​រួច ​នៅ​មុន​ពួក​គេ​មាន​អាយុ​៣០​ឆ្នាំ ពោល​គឺ​មុន​ឆ្នាំ​២០៥០​។ ការ​ប្រែប្រួល​អាកាសធាតុ នឹង​ធ្វើ​ឱ្យ​ជីវិត​នៅ​លើ​ភព​ផែនដី ​វិវឌ្ឍ​ប្តូរ​ផ្លាស់ ទៅ​ជាមាន​ប្រព័ន្ធ​អេកូសាស្ត្រ​ថ្មី សត្វ​ប្រភេទ​ថ្មី។ នេះ​បើ​តាម​ខ្លឹម​សារ​សង្ខេប​ក្នុង​ឯកសារ​បច្ចេកទេស​កម្រាស់​១៣៧​ទំព័រ។

មនុស្សជាតិ​មិន​អាច​គេច​​រួច​ពីការប្រែប្រួល​នេះ​បាន​ទេ។ បើតាម​អ្នក​ជំនាញ​អាកាសធាតុ​អង្គការ​សហប្រជាជាតិ​ ពីពេល​នេះ​ដល់​​ឆ្នាំ​២០៥០  ​​ទោះ​បី​ជាចង្វាក់​​នៃការកាត់​បន្ថយ​​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មានល្បឿន​យ៉ាង​ណា​ក៏ដោយ ក៏​ឥទ្ធិពលបំផ្លាញ​នៃ​ការ​ឡើង​កម្តៅ​អាកាសធាតុ​ មក​លើ​ធម្មជាតិ​និង​មនុស្ស​ជាតិ នឹង​បង្កើន​ល្បឿន​​ជានិច្ច ហើយគំរាមកំហែង​​តែ​ខ្លាំង​​ឡើងៗ​ ៖ ទឹក​រីង រលក​សីតុណ្ហភាព​ឡើង​ក្តៅ​​ខ្លាំងមាន​កាន់​តែញយ ខ្វះ​អាហារ​ ... ពលរដ្ឋ​ប្រមាណ​៣ទៅ​៤​រយ​លាន​នាក់​ត្រូវ​រង​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ និង​ដោយ​ឆាប់ៗ​ ​តែម្តង។ នេះ​ដោយ​មិន​បាន​និយាយ​អំពី​គ្រោះ​មហន្តរាយ​នៃ​ការ​លិច​ក្រុង​​នៅ​តាម​បណ្តោយ​ឆ្នេរ​ផង។

សុខភាពមនុស្ស​ឱ្យ​ចុះ​ទន់​ខ្សោយ​​​ ដោយការ​ប្រែប្រួល​អាកាសធាតុ

អាកាសធាតុ​បាន​ចាប់​ប្រែប្រួល​រួច​ទៅហើយ។ ហើយ​ផលវិបាកធ្ងន់ធ្ងរ​​នៃ​កា​រប្រែប្រួលអាកាសធាតុ​​​នេះ​ ក៏​បាន​កើត​មាន​រួច​ហើយ​ដែរ និង​កាន់​តែ​សាហាវ​កំណាច​ឡើងៗ​ទៀត។​ ​

បើ​តាម​អ្នក​ជំនាញ កម្តៅ​អាកាសធាតុ​នៃ​ភពផែន​ដី​ឡើង​តែ​១,៥អង្សា​ បាន​មក​ប្តូរ​ផ្លាស់​លក្ខខណ្ឌ​ជីវិត​​លើ​ផែនដី ​ រាប់ទាំង​​ ​ រុក្ខជាតិ សត្វ និងជាពិសេស​​មនុស្ស ខ្លាំង​ណាស់​។ ខ្លាំង​​​ហួស​​សមត្ថភាពរបស់​សរីរាង្គ​កាយ​ក្នុ​ងការ​ឆ្លើយ​តប​ទៅ​នឹង​ហានិភ័យ​​អនាគតដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​។ ការ​ប្រែប្រួល​អាកាសធាតុ​នេះ ​កំពុងគំរាមកំហែងសុខភាព​មនុស្ស​ទៀត ព្រោះសុខភាព​មនុស្ស​រំពឹង​លើ​កត្តា​បី ចំណីអាហារ ទឹក​ស្អាត និង​ការ​ស្នាក់នៅ​។ នៅពេល​ខ្វះ​កត្តា​ណា​មួយ​ នោះ​សុខភាព​នឹងធ្លាក់​ចុះ។

​បើ​តាម​ការ​ព្យាករណ៍​របស់ Giec នៅ​ឆ្នាំ​២០៥០ ប្រភព​ទឹក​របស់​​​ប្រជាពល​រដ្ឋជាង​​កន្លះ​ផែន​ដី​ប្រឈម​នឹង​អ​សន្តិសុខ​។ នៅ​ពេលផែន​ដី​​ឡើង​សីតុណ្ហភាព​១,៥​អង្សា ​មនុស្ស​ម្នា​ជាង​៣៥០​លាន​នាក់ត្រូវ​រស់​​ខ្វះ​ទឹក។ ខ្វះ​ទឹក ភាព​រាំង​ស្ងួត​ រលក​សីតុណ្ហភាព​ឡើង​ក្តៅ​ខ្លាំង​ញយ នឹង​ធ្វើ​​ឱ្យ​​​កសិកម្ម ការ​ចិញ្ចឹម​សត្វ នេសាទ ... ប្រព័ន្ធ​ផលិតកម្ម​ចំណី​អាហារ​​ ដែល​ជា​ស្បៀង​ចាំបាច់​​របស់​មនុស្ស​លោក​ទូទៅ នឹង​ត្រូវ​បាន​បាត់បង់​​កំណើនមួយ​រំពេច​។ ទិន្នផល​ស្រូវ​ ស្រូវ​សាលី នឹង​ធ្លាក់ចុះ​ទាំង​បរិមាណ​និង​គុណភាព។ ជីវជាតិ​ចិញ្ចឹម​របស់​ស្រូវ​អង្ករ ដំឡូង​បារាំង​ ​ធ្លាក់​ចុះ​ពី​៦ទៅ ១៤% ដែល​ការ​នេះ​នឹង​ជំរុញ​ឱ្យ​មាន​ជន​រងគ្រោះ​ខ្វះ​អាហារូបត្ថម្ភ​ចំនួន​១៥០​លាន​នាក់​បន្ថែម​ទៀត។ ១៨០​លាន​នាក់​ ក្នុង​នោះ​៨០%​នៅ​អាហ្វ្រិក​និង​នៅ​អាស៊ី​អាគ្នេយ៍ មាន​គ្រោះ​ខ្វះ​អាហារ​រ៉ាំ​រ៉ៃ។

ខ្វះ​អាហារូបត្ថម្ភ​​​នឹង​ធ្វើ​មនុស្ស​ក្លាយ​ជា​ទៅ​ជា​ជន​ទន់​ខ្សោយ​ងាយ​ប្រឈម​នឹង​ជំងឺ​ដង្កាត់​ផ្សេងៗ។ បន្ថែម​ពី​នោះ ការ​ឡើង​កម្តៅ​នៃភពផែន​ដី នឹង​ធ្វើ​ភ្នាក់ងារ​ចម្លង​ជំងឺ មាន​ជា​អាទិ៍​ មូស កាន់​តែ​​​រីក​សាយ​ភាយ​។ ពីពេល​នេះ ដល់​ឆ្នាំ​២០៥០ ប្រជាពលរដ្ឋ​កន្លះ ផែន​ដី​អាច​នឹង​រស់​ប្រឈម​នឹង​ជំងឺ​គ្រុន​ឈាម គ្រុន​លឿង ឬ​ជំងឺ​បង្ក​ឡើង​ដោយ​វីរុសផ្សេង។

នៅពេល​សីតុណ្ហភាព​ផែន​ដី​ឡើង​២​អង្សា នោះ​នឹង​មាន​មនុស្ស​រហូត​ដល់​៨០​លាន​នាក់បន្ថែម​ទៀត ត្រូវ​រស់​ក្នុង​ភាព​អត់​ឃ្លាន និង​១៣០​លាន​នាក់​នឹង​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​បំផុត​នៅ​១០​ឆ្នាំ​ខាង​មុខ។

សេចក្តី​ណែនាំរបស់GIEC

នៅ​ពេល​ចុះ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ឆ្នាំ ២០១៥ ពិភពលោក​បាន​ប្តេជ្ញា កំរិត​ការ​ឡើង​កម្តៅ​អាកាសធាតុ​ត្រឹម​២អង្សា ឬបើ​អាច ​ត្រឹម​១,៥អង្សា​ នៅដំណាច់​សតវត្សរ៍ បើ​ប្រៀប​ទៅ​នឹង​សីតុណ្ហភាព​មុន​សម័យ​ឧស្សាហកម្ម​។ តែឥលូវ​នេះ​​ Giec យល់​ថា​ ការ​ឡើង​កម្តៅ​ត្រឹម​ ​១,៥ អង្សា គឺ​គ្រប់​គ្រាន់​នឹង​បង្ក​ឱ្យ​ផល​វិបាក​ធ្ងន់ធ្ងរ​ រាប់​សតវត្សរ៍ និង​ជួន​មិន​អាច​ស្តារ​បាន​វិញបាន​ហើយ។ សត្វ​និ​ងរុក្ខជាតិ​ខ្លះ​ ត្រូវ​ផុត​រលត់ពូជ​​ត្រឹម​ណេះ។ ហើយ​ឥលូវ​នេះ​ ពិភពលោក​ សម្គាល់​ឃើញ​មាន​ការ​ឡើង​កម្តៅ​១,១​អង្សាហើយ។ ប៉ុន្តែ​មិន​ទាន់​ហួស​ពេល​ទេ​។

ដោយ​ជាក់​ស្តែង​នោះ ដើម្បី​បញ្ចៀស​មហន្តរាយ​ដ៏​អាក្រក់​ៗ​ និង​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ ក្រុម​អ្នក​ជំនាញ​បាន​ចង្អុលបង្ហាញ​ទិស​ដៅ​មួយ​ចំនួន ឧទាហរណ៍​ គឺ​ត្រូវ ស្តារ​ព្រៃ​លិច​ទឹក ព្រៃ​ក្រោម​សមុទ្ទ ដែល​អាច​ស្រូប​ស្តុក​យក​ជាតិ​កាបូន​បាន​ច្រើន ព្រមទាំង​​ការពារ​ជីវិត​សត្វជីវៈចម្រុះ​​ដែល​ជា​ប្រភព​អាហារ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​មាត់​សមុទ្ទ​​។

ដំណោះស្រាយ​សំខាន់​មួយ​ទៀត​គឺ ចាំ​បាច់​ត្រូវ​ប្តូរ​ផ្លាស់​ ទាំង​ស្រុង​ និង​ដាច់​ខាត របៀប និង​ឥរិយាបថ​​រស់​នៅ និងការ​ហូប​ចុក របស់​មនុស្ស​​ តាំង​ពីជា​លក្ខណៈ​បុគ្គល​ ដល់​សហគមន៍ ក្រុមហ៊ុន សហគ្រាស ស្ថាប័ន និង​រដ្ឋាភិបាល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI