ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ចូ បៃដិនទើប​​ទទួល​ជួប​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ដើម្បី​និយាយ​ពី​ការដកទ័ពអាមេរិក

សំឡេង ០៨:៣៥
នៅពេល អាមេរិកផ្តើម​ដកកងទ័ព​របស់ខ្លួន​ឲ្យអស់​ចេញពីអាហ្វហ្កានីស្ថាន ដែលគ្រោង​ធ្វើ នៅថ្ងៃទី ១១ កញ្ញា ២០២១ ពួកឧទ្ទាម​តាលីបង់​បាន​បង្កើន​ការវាយប្រហារ និង​ចូល​គ្រប់គ្រង​ខេត្ត​កាន់តែច្រើន​របស់​អាហ្វហ្កានីស្ថាន ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន រង​សម្ពាធ​កាន់តែ​ខ្លាំង។ នៅថ្ងៃ​សុក្រទី ២៥ មិថុនា ២០២១ លោកប្រធានាធិបតី អាស្រាហ្វ ហ្កានី ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោកចូ បៃដិន នៅ​សេតវិមាន នៅទីក្រុង​វ៉ាស៊ីនតោន
នៅពេល អាមេរិកផ្តើម​ដកកងទ័ព​របស់ខ្លួន​ឲ្យអស់​ចេញពីអាហ្វហ្កានីស្ថាន ដែលគ្រោង​ធ្វើ នៅថ្ងៃទី ១១ កញ្ញា ២០២១ ពួកឧទ្ទាម​តាលីបង់​បាន​បង្កើន​ការវាយប្រហារ និង​ចូល​គ្រប់គ្រង​ខេត្ត​កាន់តែច្រើន​របស់​អាហ្វហ្កានីស្ថាន ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន រង​សម្ពាធ​កាន់តែ​ខ្លាំង។ នៅថ្ងៃ​សុក្រទី ២៥ មិថុនា ២០២១ លោកប្រធានាធិបតី អាស្រាហ្វ ហ្កានី ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោកចូ បៃដិន នៅ​សេតវិមាន នៅទីក្រុង​វ៉ាស៊ីនតោន AP - Massoud Hossaini

ក្នុងកាលៈទេសៈ​ដែល ពួកតាលីបង់ ចេញតែ​កើនឡើង ឥទ្ធិពល បោះជំហាន​ទៅមុខ ក្នុង​ការវាយដណ្តើម​គ្រប់គ្រង​ទឹកដី​មួយចំនួនធំ​របស់​អាហ្វហ្កានីស្ថាន ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី បាន​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី ជួប​ពិភាក្សា​ជាមួយ ភាគី​អាមេរិក។ បន្ទាប់ពី​ជួបជាមួយ​សមាជិក​សភាអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ហើយនិង ប្រធានក្រុមចរចា​ជាមួយក្រុមតាលីបង់ លោក អាប់ឌុលឡា អាប់ឌុលឡា ត្រូវ​ចូលជួប​ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន និង​រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក នៅថ្ងៃ​សុក្រទី​២៥ មិថុនា ឆ្នាំ ២០២១។

ផ្សាយពាណិជ្ជកម្ម

ចំណុចសំខាន់៖

-តាលីបង់​បោះជំហានទៅមុខ ក្នុង​ការវាយដណ្តើម​កាន់កាប់បាន​ខេត្តប្រមាណ ៨២ នៅ​អាហ្វហ្កានីស្ថាន

-ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ធ្វើទស្សនកិច្ច​ទៅ​ជួប​លោកប្រធានាធិបតី​ចូ បៃដិន នៅវ៉ាស៊ីនតោន នៅថ្ងៃ​សុក្រ​ទី ២៥​មិថុនា

-អាមេរិក​នឹង​ជម្លៀស អ្នកបកប្រែ​អាហ្វហ្កានីស្ថាន ដែលធ្លាប់ធ្វើការ​ឲ្យ​កងទ័ពអាមេរិក

 

នៅខណៈពេល​​ដែល​អាមេរិក បង្កើន​ការដកទ័ព​ចេញ​ពីអាហ្វហ្កានីស្ថាន គោលដៅ ទស្សនកិច្ច​របស់​ប្រធានាធិបតី អាហ្វហ្កានីស្ថាន នៅ​សេតវិមាន នៅថ្ងៃ​សុក្រទី ២៥ មិថុនា ​ផ្តោតសំខាន់​ទៅលើ​អនាគត របស់ ​អាហ្វហ្កានីស្ថាន នៅក្រោយ កងទ័ព​បរទេស ដកចេញ​អស់​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។

អាមេរិក​ធ្លាប់​បាន​បង្ហាញ​ជំហររួចហើយ​ថា នឹងនៅ​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​សព្វថ្ងៃ ដើម្បី ធានាថា អាហ្វហ្កានីស្ថាន​នឹង​មិនក្លាយ​ជា​ជំរក​របស់​ក្រុមភេរវជន ដែល មាន​គោលដៅ ​គំរាមកំហែង ទឹកដី​អាមេរិក។

ប៉ុន្តែ ក្នុង​កាលៈទេសៈ ដែល​អាមេរិក ពន្លឿន​ការដកទ័ព រហូត ធ្វើ​ឲ្យ​ក្រុមតាលីបង់ បានចិត្ត បង្កើន ការវាយប្រហារ ហិង្សា ដើម្បី វាយដណ្តើម​គ្រប់គ្រង​ទឹកដី​អាហ្វហ្កានីស្ថាន​កាន់តែ​ច្រើន យ៉ាងដូច្នេះ មេដឹកនាំ​អាហ្វហ្កានីស្ថាន ចង់​បាន​ការសន្យា ធានា​បន្ថែម ពី​អាមេរិក ថា អាមេរិក​មិនត្រូវ​បោះបង់​ចោល អាហ្វហ្កានីស្ថាន ទៅ​ក្នុង​ដៃ​របស់​ពួកតាលីបង់​នោះទេ។

អាមេរិក ត្រូវ​គ្រោង ដកកងទ័ព​របស់ខ្លួន​ឲ្យអស់​ពីអាហ្វហ្កានីស្ថាន នៅថ្ងៃ ទី ១១​កញ្ញា ដែល​ជាខួប ២០​ឆ្នាំ នៃ ការវាយប្រហារ ភេរវកម្ម របស់​ក្រុមអាល់កៃដា ទៅលើ​អគារពាណិជ្ជកម្ម នៅទីក្រុង​ញូវយ៉ក។ ប៉ុន្តែ នៅ​ទីតាំង​ជាក់ស្តែង អាមេរិក​បាន​ដកកងទ័ព​របស់ខ្លួន លឿន ជាង​កាលកំណត់ ពោល​គឺ​ប្រហែល​ជា​ចប់អស់ ​នៅ​ខែ​កក្កដា ខាងមុខ​នេះ ផង​ក៏មិនដឹង។

ដូច្នេះហើយ ទើបមាន សំណួរ​ជាច្រើន​បាន​ចោទឡើង។ តើ ពួកតាលីបង់ នឹង​ឆ្លៀត វាយដណ្តើមយក​រដ្ឋធានី​កាប៊ូល នៅក្រោយ អាមេរិក ដកទ័ព​អស់​ពីអាហ្វហ្កានីស្ថាន? តើ​អ្នកណា​ជា​អ្នកបន្តធានា​ការពារ សន្តិសុខ សុវត្ថិភាព​ឲ្យ​មន្រ្តីទូត​បរទេស ដែលនៅបន្ត​ធ្វើការ នៅទីក្រុង​កាប៊ូល និង​ថា តើ​ប្រជាជន​អាហ្វហ្កានីស្ថាន​រាប់ម៉ឺន​នាក់ ដែល​ធ្លាប់ធ្វើការ​ជាមួយ​កងទ័ព​អាមេរិក ដែល​ក្រុមតាលីបង់ ចោទថា ជា​ជនក្បត់ជាតិ ​នឹង​មាន​ជោគវាសនា​យ៉ាងណា នៅក្រោយ អាមេរិក​ដកកងទ័ព ពី​អាហ្វហ្កានីស្ថាន?

មេដឹកនាំ អាហ្វហ្កានីស្ថាន និង ប្រធានាធិបតី អាមេរិក ត្រូវ​ពិភាក្សា​ពី​សំណួរ​ចោទ​ខាងលើនេះ​ នៅ​ក្នុង​ជំនួបទ្វេភាគី នៅ​សេតវិមាន នៅ​ថ្ងៃ​សុក្រនេះ។

តើទីក្រុង​កាប៊ូល​នឹងធ្លាក់ក្នុងដៃ​របស់ពួកតាលីបង់ នៅក្រោយ​អាមេរិក​ដកទ័ព​អស់ចេញពីអាហ្វហ្កានីស្ថាន?

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី ធ្វើដំណើរ​ទៅជួប​ប្រធានាធិបតី​អាមេរិក នៅ​វ៉ាស៊ីនតោន នៅក្នុង​កាលៈទេសៈ ដែល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន កំពុង​បាត់បង់​ទឹកដី បន្តិចម្តងៗ ទៅក្នុង​ដៃ​របស់​ពួកតាលីបង់។ អ្នកតំណាង​របស់​ក្រុមតាលីបង់ បាននិយាយ​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​អូស្រ្តាលី​ថា ក្រុមខ្លួន​បាន​វាយគ្រប់គ្រង ​ទឹកដី​អាហ្វហ្កានីស្ថាន បានប្រមាណ ៨០%។

ពួកតាលីបង់​បាន​បោះជំហាន​ទៅមុខ​ច្រើន ក្នុងការវាយដណ្តើម​គ្រប់គ្រង ទឹកដី​នៅអាហ្វហ្កានីស្ថាន។ ពួកឧទ្ទាម​តាលីបង់ បាន​បង្កើន ការវាយប្រហារ ដណ្តើម​យកទីតាំង​ជាច្រើន​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន តាំង​ពីពេល​ដែលអាមេរិក បាន​ចាប់ផ្តើម​ដកទ័ព បណ្តើរៗ តាំង​ពី ខែ ឧសភា​មកម្ល៉េះ។ នៅសប្តាហ៍នេះ ក្រុមតាលីបង់​ទើប​វាយយកបាន​តំបន់ត្រួតពិនិត្យ ព្រំដែន ជាមួយ​ប្រទេស តាហ្ស៊ីគីស្ថាន ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​អាហ្វហ្កានីស្ថាន ត្រូវ​ដាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​អាស៊ី​កណ្តាលមួយនេះ។

សព្វថ្ងៃនេះ ក្រុមប្រដាប់អាវុធ តាលីបង់ ចេះតែ​រុលទៅមុខ ជានិច្ច និង វាយដណ្តើម​កាន់កាប់ បាន​ភូមិ នៅជាប់ផ្លូវជាតិ និង​កំពុង ឡោមព័ទ្ធ ទីក្រុង ស្រុក​កាន់តែច្រើន នៅអាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យ​របស់​ក្រុមតាលីបង់ បាន​អះអាងថា ក្រុមខ្លួន​ដណ្តើម​គ្រប់គ្រង បាន​ស្រុក​ចំនួន ១៦៣ ពោល​គឺ​តំណាង​៨០ភាគរយ​នៃទឹកដី​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន វិញ បាន​ទាត់ចោល​ការអះអាង​របស់​ពួកតាលីបង់។

តាម​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ក្រុមតាលីបង់​ទើបវាយបាន ស្រុក​ចំនួន ៨០ប៉ុណ្ណោះ ក្នុង​ចំណោម​ស្រុក​សរុប ជាង ៤២០ នៅអាហ្វហ្កានីស្ថាន។ មួយវិញទៀត ភូមិស្រុក ដែល​ពួកតាលីបង់ វាយដណ្តើមបាន ជា​ភូមិ​ដាច់ស្រយាល នៅភាគខាងជើង ប៉ុណ្ណោះ។ នៅ​មួយរយៈនេះ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន បាននិយាយ​ថា ខ្លួនបាន​ដក​ទ័ព​ចេញ​ពីតំបន់​ដាច់ស្រយាល សម្រាប់​យក​មក​ប្រមូលកម្លាំង ការពារ ស្រុក និងទីក្រុង​សំខាន់ៗ អាហ្វហ្កានីស្ថានវិញ។

នៅពេល ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន រួញខ្លួន មក​ឈរជើង​ការពារ តែ​ទីក្រុង យ៉ាងដូច្នេះ ក្រុមតាលីបង់ គឺ​កាន់តែ​បានចិត្ត និង​កំពុង​ប្រើ​យុទ្ធសាស្រ្ត​ឡោមព័ទ្ធ ទីក្រុង  ដើម្បី​វាយដណ្តើម យក​ទីក្រុង របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដូច​ដែលក្រុមនេះ បានធ្វើ ដើម្បី​ចូលកាន់អំណាច នៅអាហ្វហ្កានីស្ថាន កាលពី​ឆ្នាំ ១៩៩៦។

សម្រាប់ អ្នកជំនាញ​ ទោះជា​ក្រុមតាលីបង់ បោះជំហាន​ទៅមុខ រដ្ឋធានី​កាប៊ូល មិនងាយ​នឹង​ធ្លាក់ក្នុង គ្រប់គ្រង​របស់​ពួកតាលីបង់នោះទេ។ ប៉ុន្តែ បើសិន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន គ្មាន​យុទ្ធសាស្រ្ត​យោធា ច្បាស់លាស់ ហើយនៅតែ​បែកបាក់ និង​ប្រព្រឹត្ត​អំពើពុករលួយ នោះ គេ​ថា មិនត្រូវទេ កាប៊ូល​នឹង​អាច​ធ្លាក់​ក្នុង​ដៃ​របស់​ពួកតាលីបង់ ប្រហែល​នៅប៉ុន្មាន​ខែ ក្រោយ អាមេរិក ដកទ័ពអស់​ពីអាហ្វហ្កានីស្ថាន។ អំពើពុករលួយ ការបែកបាក់ផ្ទៃក្នុង​រដ្ឋាភិបាល ងាយស្រួល​នឹង​ធ្វើ​ឲ្យ​កងទ័ពអាហ្វហ្កានីស្ថាន បាក់ទ័ព បោះបង់​ចោលអាវុធ នៅចំពោះមុខ​សត្រូវ ដ៏មោះមុត ដូចជា​ពួកតាលីបង់ នេះណាស់។

ដូច្នេះ អ្វីៗ ​គឺ​អាស្រ័យទៅលើ​ការដឹកនាំ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​របស់​លោកអាស្រាហ្វ ហ្កានី ធ្វើ​ម៉េច កុំ​ឲ្យមាន​ពុករលួយ ហើយនិង​ត្រូវមាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ទ័ព​ដ៏មាន​សមត្ថភាព សម្រាប់ ទប់ទល់​ការវាយប្រហារ​របស់ពួកតាលីបង់។

នៅ សប្តាហ៍មុន ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ទើប​បាន​ផ្លាស់ប្តូរ រដ្ឋមន្រ្តី​ការពារ​ជាតិ បន្ទាប់ពី ពួកតាលីបង់ បាន​វាយដណ្តើម យក​ទីតាំង​ជាច្រើនកន្លែង​របស់​កងទ័ព​អាហ្វហ្កានីស្ថាន នៅភាគខាងជើង​ប្រទេស។

អាមេរិក​មិនបោះបង់​ចោល​ប្រជាជនអាហ្វហ្កានីស្ថាន​ដែលធ្លាប់ធ្វើការ​ជាមួយ​កងទ័ពអាមេរិក

នៅក្រោយ​បណ្តេញ​ពួកតាលីបង់ ចេញពីអំណាច នៅ​ឆ្នាំ ២០០១ និង​ធ្វើ​សង្រ្គាម​ដោយ​គ្មាន​ផ្តល់​លទ្ធផល ផ្ទុយទៅវិញ មានតែ​ធ្វើ​ឲ្យអាមេរិក ខាតប្រាក់រាប់ពាន់​លាន​ដុល្លារ និង​ស្លាប់ទាហាន អាមេរិក ជាច្រើន​រយនាក់ អាមេរិក​គ្មានជម្រើសអ្វីផ្សេង​ក្រៅតែ ចរចា​ជាមួយ ពួកតាលីបង់ ដើម្បី បញ្ចប់​សង្រ្គាម​រ៉ាំរ៉ៃ រយៈពេល ២០ឆ្នាំ។

ទោះអាមេរិក ត្រូវ​ដកទ័ព​ចេញ​ទាំងស្រុង ពីអាហ្វហ្កានីស្ថាន នៅចុងឆ្នាំនេះ ប៉ុន្តែ អាមេរិក កំពុង រិះរក​វិធីសាស្រ្ត ផ្សេង ដើម្បី ដោះស្រាយ​បញ្ហា​សន្តិសុខ​នៅ​អាហ្វហ្កានីស្ថាន។ មន្រ្តី អាមេរិក​ដែលសុំ​មិន​បញ្ចេញឈ្មោះ​ម្នាក់ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ថា ក្នុង​កាលៈទេសៈ ដែល​ពួកតាលីបង់ កាន់តែកើនឥទ្ធិពល វាយដណ្តើម​យកទឹកដី និង​ហាក់​គ្មានចេតនា​ចង់ ចរចា បង្កើត​រដ្ឋាភិបាល​អន្តរកាល​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​យ៉ាងដូច្នេះ អាមេរិក នឹង​អាច​នៅ​បន្ត​រក្សា កងទ័ព​របស់ខ្លួន ប្រមាណ ៦៥០​នាក់ ដើម្បី បន្ត​ធានា រក្សា​សន្តិសុខ ឲ្យមន្រ្តីទូត​អាមេរិក ដែល​បន្ត​ធ្វើការ​នៅអាហ្វហ្កានីស្ថាន។

អាមេរិក​នឹង​បន្សល់ទុក​ផងដែរ សម្ភារៈយោធា សម្រាប់​ការពារ អាកាសយានដ្ឋាន​ក្រុងកាប៊ូល ដែល​ជា​ច្រកចេញ​ចូល​សំខាន់ តែមួយ របស់អាហ្វហ្កានីស្ថាន ទៅ​ពិភពលោក​ខាងក្រៅ។ នៅ​អាកាសយានដ្ឋាន កាប៊ូល អាមេរិក​នឹង​នៅបន្ត​សហការ ជាមួយ កងទ័ព​តួកគី ដែល​ជា​អ្នកមាន ភារៈ ទទួល​បន្ទុក រក្សា​សន្តិសុខ នៅក្នុង​ពេលដែល ពួកតាលីបង់ និង​រដ្ឋាភិបាល អាហ្វហ្កានីស្ថាន ត្រូវ​បន្ត​ចរចា ដើម្បី ឈាន​ទៅបង្កើត​រដ្ឋាភិបាល​អន្តរកាល។

ក្រៅតែពីមិន​បោះបង់​ចោល​ទាំងស្រុង រដ្ឋាភិបាលអាហ្វហ្កានីស្ថាន រដ្ឋបាល​អាមេរិក ក៏​នឹង យក​ចិត្តទុកដាក់​ផងដែរ​ពីជោគវាសនា​របស់​ប្រជាជន​អាហ្វហ្កានីស្ថាន ដែល​ធ្លាប់ធ្វើការ​ឲ្យ​អាមេរិកនៅអាហ្វហ្កានីស្ថានដែរ។ គេ​វាយតម្លៃថា មាន​ប្រជាជន​អាហ្វហ្កានីស្ថាន​ជាង ១៨០០០នាក់​ធ្លាប់​ធ្វើការ ជាមួយ​កងទ័ពអាមេរិក។

ត្រូវពួកតាលីបង់​ចាត់ទុក​ជា​ជនក្បត់ជាតិ ប្រជាជនអាហ្វហ្កានីស្ថាន​ទាំងនេះ កំពុងប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត បើសិន​ពួកតាលីបង់ ចូល​គ្រប់គ្រង អាហ្វហ្កានីស្ថាន​មែននោះ។ ប្រធានាធិបតី​អាមេរិក លោក​ចូបៃដិន​បាន​និយាយ​ហើយថា អាមេរិក​នឹង​មិនបោះបង់​ចោល​អ្នកដែលធ្លាប់ធ្វើការ​ឲ្យ​អាមេរិកនោះទេ។ អាមេរិក​នឹង​ជម្លៀស បញ្ជូន​ពួកគេ ទៅ​នៅ​ទីតាំង​ដ៏មាន​សុវត្ថិភាព ណាមួយ នៅ​ក្រៅអាហ្វហ្កានីស្ថាន ដូចជា កោះ​Guam នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​ពេល​រង់ចាំ ទទួល​ទិដ្ឋាការ​ឲ្យទៅរស់អាមេរិក នៅ​ពេល​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI