ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្នក​ជំនួញ​អាមេរិក​ទទូច​ឲ្យ​លោក​បៃដិន​ដក​បម្រាម​លើ​អ្នក​ដំណើរ​ពី​អឺរ៉ុប​ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច

សំឡេង ០៧:៥១
បណ្តាប្រទេសសហភាពអឺរ៉ុប បានបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះអ្នកដំណើរ អាមេរិក ដែលបានចាក់វ៉ាក់សាំងឬធ្វើតេស្តអវិជ្ជមានកូវីដ តែ សហរដ្ឋអាមេរិកនៅមិនទាន់ទទួលអ្នកដំណើរអឺរ៉ុបនោះទេ។
បណ្តាប្រទេសសហភាពអឺរ៉ុប បានបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះអ្នកដំណើរ អាមេរិក ដែលបានចាក់វ៉ាក់សាំងឬធ្វើតេស្តអវិជ្ជមានកូវីដ តែ សហរដ្ឋអាមេរិកនៅមិនទាន់ទទួលអ្នកដំណើរអឺរ៉ុបនោះទេ។ SPENCER PLATT GETTY IMAGES NORTH AMERICA/AFP

លោក​ប្រធានាធិបតី​ ចូ បៃដិន​ កំពុង​រង​សម្ពាធ​ពី​ក្រុម​អ្នកជំនួញធំៗ​ និង​អ្នក​ការទូត​ជាច្រើន​ ដែល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាលអាមេរិក​បើក​ទទួល​អ្នកដំណើរ​មកពី​ទ្វីបអឺរ៉ុបដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​។ បើតាម​ក្រុម​អ្នកជំនាញ​ ការ​វិនិយោគ​ពី​អឺរ៉ុប​នៅក្នុង​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​ជិត​មួយ​ភាគបី​កាលពីឆ្នាំ​ ២០២០​កន្លងទៅនេះ​។ តើ​រដ្ឋបាល​អាមេរិក​របស់​លោក ចូ បៃដិន​ អាច​នឹង​យល់ព្រម​បើក​ទទួល​អ្នក​ដំណើរ​មកពី​ទ្វីប​អឺរ៉ុប​ក្នុង​ពេលឆាប់ៗនេះ​ដែរឬទេ​?

ផ្សាយពាណិជ្ជកម្ម

សភាពាណិជ្ជកម្ម​អាមេរិក​ជំរុញ​ឲ្យ​លោក​បៃដិន​ដក​បម្រាម​លើ​អ្នក​ដំណើរ​ពី​អឺរ៉ុប

ជាការពិតណាស់​ ការ​ហាមឃាត់​អ្នកដំណើរអឺរ៉ុប​មិនឲ្យ​ចូល​ក្នុងទឹកដីនៃ​សហរដ្ឋ​អាមេរិក កំពុង​ជះឥទ្ធិពល​កាន់តែខ្លាំង​ដល់​អ្នកជំនួញ​អាមេរិកជាច្រើន​។

សហរដ្ឋអាមេរិក​បាន​ប្រកាស​បញ្ឈប់​ការធ្វើដំណើរ​ចូលមកពីប្រទេសចំនួន​ ២៦ នៅអឺរ៉ុប​ ពី​អង់គ្លេស​និង​អៀរឡង់ផងដែរ​ក្នុង​គោលបំណងប្រយុទ្ធប្រឆាំងនឹង​ការរីករាលដាល​នៃជំងឺ​កូវីដតាំងពីខែមីនា ឆ្នាំ២០២០។ អ្នក​ដំណើរមកពីអាហ្វ្រិកខាងត្បូង​ ប្រេស៊ីល​ ចិន​ ឥណ្ឌា​ និង​អ៊ីរ៉ង់​ ក៏ត្រូវបានហាមឃាត់ មិនឲ្យធ្វើដំណើរចូលប្រទេសអាមេរិកដែរ​។

ដោយឡែក​ នៅខណៈពេល​ដែល​បណ្តាប្រទេសសហភាពអឺរ៉ុប​បាន​សម្រេច​បើក​ព្រំដែន​របស់ខ្លួន​ឡើងវិញចំពោះប្រជាជន​អាមេរិកណាដែលបាន​ចាក់វ៉ាក់សាំង​បង្ការកូវីដ ឬក៏​ធ្វើ​តេស្ត​អវិជ្ជកូវីដ អាមេរិករបស់លោកចូ បៃដិន ឯណោះវិញ​នៅមិនទាន់ធ្វើអ្វី​ជាការ​តបស្នង​ទៅសម្ព័ន្ធ​មិត្តអឺរ៉ុបវិញ​នៅឡើយនោះទេ​។

ការនៅមិនទាន់​បើកទទួលអ្នកដំណើរ​មកទ្វីប​អឺរ៉ុបឡើងវិញ​ ធ្វើឲ្យ​ពិភពធុរកិច្ច​អាមេរិក​ បន្ត​ជួប​ភាពតានតឹង​។ នៅថ្ងៃសុក្រ ទី២៥ មិថុនា ម្សិលមិញ​ សភាពាណិជ្ជកម្មអាមេរិក​បាន​ចេញ​មុខជំរុញឲ្យ​រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដក​បម្រាម​លើអ្នក​ដំណើរអឺរ៉ុប​ឲ្យបាន​ឆាប់​តាម​ដែលអាចធ្វើទៅបាន​ ពីព្រោះថា​ការវិនិយោគពីអឺរ៉ុប​នៅក្នុង​សហរដ្ឋអាមេរិក​បានធ្លាក់ចុះ​ក្នុងចំនួន​ ជិតមួយភាគបីកាលពីឆ្នាំទៅមិញ​។

លោកស្រីម៉ាជររី ឆ័រលីន (Marjorie Chorlins) អនុប្រធាន​ជាន់ខ្ពស់​សភាពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិកទទួលបន្ទុកកិច្ចការអឺរ៉ុប​បាន​មាន​ប្រសាសន៍ថា​ ការបើក​ទទួលអ្នក​ដំណើរ​មកពីអឺរ៉ុប​ គឺពិតជា​មានសារៈសំខាន់ណាស់​ក្នុងការជួយ​សេដ្ឋកិច្ច​អាមេរិក​ឲ្យរើខ្លួន​ងើបពីវិបត្តិ​ ព្រោះថា ការ​ចូលរួម​អាជីវកម្មដោយផ្ទាល់​និង​វិស័យ​ទេសចរណ៍​អន្តរជាតិ​នឹង​ជួយជំរុញ​កំណើនសេដ្ឋកិច្ច​ និង​បង្កើត​ការងារសម្រាប់​ជនជាតិអាមេរិក​នៅទូទាំង​ប្រទេស​។

ប្រតិកម្ម​របស់​សហភាពអឺរ៉ុប​តបទៅកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន

មិនខុសពី​ក្រុមអ្នកជំនួញ​ឬក៏​សភាពាណិជ្ជកម្មអាមេរិកនោះទេ​ សហភាព​អឺរ៉ុប​ក៏ចង់ឃើញ​រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​យល់ព្រមបើកព្រំដែន​ទទួលអ្នក​ដំណើរពី​អឺរ៉ុបឡើងវិញដែរ​។

នាថ្ងៃទី​ ១៩ ឧសភា រដ្ឋ​ជាសមាជិកនៃ​សហភាពអឺរ៉ុប​បាន​ព្រមព្រៀងគ្នា​សម្រេច​ឲ្យ​បើក​ព្រំដែន​របស់ខ្លួន​ទទួល​ភ្ញៀវទេសចរ​ទាំងឡាយណា​ដែល​បាន​ចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដរួចរាល់ហើយ​។ អាជ្ញាធរនៃបណ្តាប្រទេស​សហភាពអឺរ៉ុប​ គ្រាន់តែនៅរក្សា​វិធានការ​មួយចំ​នួនរួមមានដូចជា ស្នើ​សុំ​ក្រុមអ្នកដំណើរ​ក្នុងការធ្វើតេស្តរកកូវីដបន្ថែម ឬធ្វើ​ចត្តាឡីស័ក ឬក៏អាចអនុវត្តវិធានការរឹតត្បិតផ្សេងទៀតក្នុងករណីអាសន្នណាមួយ។

ទីបំផុត​ ប្រជាជនអាមេរិក​អាចធ្វើដំណើរទៅ​អឺរ៉ុបជា​លើកដំបូង​ក្នុងរយៈពេល ១៤ ខែ​។ ក៏ប៉ុន្តែ​ ជនជាតិអឺរ៉ុប​ ឬ​អ្នកទេសចរអឺរ៉ុបវិញ​ នៅតែត្រូវបានរារាំង​មិនឲ្យ​ធ្វើ​ដំណើរចូល​ទឹកដី​សហរដ្ឋអាមេរិកទេ​​។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅ​អាមេរិក​លោក Stavros Lambrinidis បាន​ប្រាប់​ទីភ្នាក់ងារព័ត៌មាន AFP ថា ទីក្រុងព្រុចសែល កំពុងជំរុញ​ឲ្យវ៉ាស៊ីនតោន​ធ្វើសម្បទាន​ ត្រលប់មកវិញ​។ លោកបានសង្កត់ធ្ងន់ថាទាំង​សេដ្ឋកិច្ច និងប្រជាជន​អឺរ៉ុប​-អាមេរិក​ មាន​ទំនាក់ទំនងគ្នាខ្លាំង​ ហើយ​ការអនុញ្ញាតឲ្យប្រជាជនអឺរ៉ុប​ធ្វើដំណើរចូល​ប្រទេសអាមេរិកពិតណាស់​នឹងផ្តល់ឲ្យផលជាវិជ្ជមាន​ចំពោះ​សេដ្ឋកិច្ច​ភាគី​ទាំងសងខាង​។

នៅត្រង់ចំណុចនេះ​ គួរបញ្ជាក់ជូនដែរ​​ថា​ក្នុង​អំឡុងដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ទៅកាន់អឺរ៉ុបកាលពីសប្តាហ៍មុន​ សហភាពអឺរ៉ុប បានសង្កត់ធ្ងន់ថា​ទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរ​គឺធំជាងគេបំផុតនៅលើពិភពលោក។ វាបង្កើតបាន ៤២ %​ ភាគរយនៃផលិតផល​ក្នុងស្រុកសរុប​ និង​ពាណិជ្ជកម្ម​សកល​លើវិស័យ​ទំនិញ​និងសេវាកម្ម​។ ក៏ប៉ុន្តែការវិនិយោគដ៏ធំរវាងអាមេរិកនិងអឺរ៉ុប គឺស្ថិតនៅ​ក្នុង​ហានិភ័យដោយសារ​តែ​អ្នកដំណើរអឺរ៉ុប​រហូតមកទល់នឹងពេលនេះ​ នៅមិនត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចូល​សហរដ្ឋអាមេរិក។

តើរដ្ឋបាលលោកចូ បៃដិន​ អាចនឹង​យល់ព្រមបើក​ទ្វារព្រំដែនទទួល​អ្នក​ដំណើរ​មកពី​ទ្វីបអឺរ៉ុប​ ក្នុងពេល​ឆាប់ៗនេះ​ដែរឬទេ​?

តាមពិតទៅ​ រដ្ឋបាលអាមេរិក​របស់លោកចូ បៃដិន ក៏បានបង្ហាញចេតនា​ ចង់ដក​បម្រាម​លើការធ្វើដំណើរចូល​មកពីអឺរ៉ុបដែរ​ ពីព្រោះថា​ការវិនិយោគទៅវិញទៅមក​គឺរឿងដ៏​ចាំ​បាច់​សម្រាប់​សេដ្ឋកិច្ច និងវិបុលភាព​ទាំង​សម្រាប់​អាមេរិក និងអឺរ៉ុប​។

អឺរ៉ុប​តំណាងឲ្យជាង​ ៦០% នៃការវិនិយោគផ្ទាល់​ពី​បរទេស​ដែល​ហូរចូល​សហរដ្ឋ​អាមេរិក​ក្នុងរយៈពេល ៣ ត្រីមាសដំបូងនៃឆ្នាំ ២០២០​។ ការវិនិយោគផ្ទាល់ពីអឺរ៉ុប​នៅអាមេរិក​ មាន​ចំនួន​ប្រមាណ ៨១ ពាន់លានដុល្លារ​នៅឆ្នាំ​ ២០២០​ ធ្លាក់ចុះពី​ ១២០ ពាន់លាន​ដុល្លារ​ក្នុងឆ្នាំ ២០១៩​ ពោលគឺ​ធ្លាក់ចុះ​ចំនួនប្រមាណ ៣២,៥ %​។

កាលពីថ្ងៃសុក្រម្សិលមិញ​ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង​ ប្រមុខ​ការបរទេស​អាមេរិកលោក ​អង់តូនី ប៊្លីងកិន បានសម្តែង​ក្តីសង្ឃឹម​ថា​ប្រជាជនអឺរ៉ុប​នឹងអាចធ្វើ​ដំណើរ​ទៅលេងអាមេរិកវិញ​ ក្នុងពេលឆាប់ៗនេះ​។ លោកប្លីងកិន​ បាននិយាយថា​រដ្ឋាភិបាល​អាមេរិក​ ពិតណាស់​ ចង់បើកព្រំដែនទទួលស្វាគមន៍​អ្នកដំណើរអឺរ៉ុប​ និង​ព្រលយប្រាប់ទៀត​ថា​សេចក្តី​សម្រេចចិត្ត​របស់វ៉ាស៊ីនតោន​ អាចនឹងធ្វើឡើង​ក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍ទៀត​។

ទន្ទឹមគ្នានេះ លោកប្រមុខការបរទេសអាមេរិក​ក៏បានឆ្លៀតលើកឡើងផងដែរ​អំពី​ការកើន​ឡើងករណីឆ្លងកូវីដ​បង្កឡើង​មេរោគបំប្លែងខ្លួនដែលតា​ ដែល​បានលេចមុខជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយបាន​បង្កឲ្យមានការព្រួយ​បារម្ភ​ជាថ្មីនៅក្នុងបណ្តាប្រទេស​លោកខាងលិច។

យ៉ាងណាក៏ដោយ​ លោកប្លីងកិនបាន​គូសបញ្ជាក់ថា​ បុគ្គល​ដែលទទួលបានការចាក់វ៉ាក់សាំង​ត្រូវបាន​ការពារយ៉ាងល្អ​ប្រឆាំងទល់នឹងមេរោគបំប្លែងខ្លួន​។ ហើយសម្រាប់លោកប្លីងកិន​ ជាជាង​ការបិទព្រំដែន​ លោកបានអំពាវនាវឲ្យមានការពន្លឿនយុទ្ធនាចាក់វ៉ាក់សាំង និង​ការរក្សា​គម្លាតសង្គម​។

ក្រោយមានសញ្ញាវិជ្ជមាន​ថាអាមេរិក​ ទំនងជា​បើក​ទទួលអ្នកដំណើរ​មកពី​ទ្វីបអឺរ៉ុប​​ឆាប់ៗនោះ​ ក្រុមហ៊ុន​អាកាសចរណ៍ជាច្រើន​ចាប់​មាន​ក្តី​សង្ឈឹម​បណ្តើរៗ​ហើយ​។ ជាក់ស្តែង​ ថ្មីៗនេះ​ ក្រុមហ៊ុន​ United Airlines បានបង្ហើបថា ខ្លួនបាន​បន្ថែមជើងហោះហើរ​ទៅកាន់គោលដៅនានា​ដូចជា នៅប្រទេសបារាំង អ៊ីតាលី ក្រិក ក្រូអាស៊ី អ៊ីស្លង់ និង​ព័រទុយហ្កាល់​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI