ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូស្ត្រាលី​ចាត់​វិធាន​ការ​រឹតត្បិត​​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​កូវីដ​បង្ក​ដោយ​មេរោគ​បំប្លែង​ខ្លួន​ដែល​តា

សំឡេង ០៨:២៦
អូស្ត្រាលីដាក់ចេញវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដបង្កដោយមេរោគបំប្លែងខ្លួនដែលតា។
អូស្ត្រាលីដាក់ចេញវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដបង្កដោយមេរោគបំប្លែងខ្លួនដែលតា។ Saeed KHAN AFP

ការ​ផ្ទុះ​ករណី​ឆ្លង​កូវីដ​ដែល​បណ្តាល​មក​ពី​មេរោគ​បំប្លែងខ្លួន​“ដែលតា”​ បាន​ឈាន​ដល់​ដំណាក់​កាលថ្មី​នៅអូស្ត្រាលី​។ ករណី​វិជ្ជមាន​កូវីដ​បាន​ផ្ទុះ​ឡើង​ក្នុង​ទីក្រុង​ជាច្រើន​នៅពាសពេញ​ប្រទេស​អូស្រ្តាលី​នាថ្ងៃចន្ទ​ ២៨​ មិថុនា​នេះ​។ ដើម្បីទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ដ៏គ្រោះថ្នាក់​នេះ​ អាជ្ញាធរ​មូលដ្ឋាន​អូស្ត្រាលី​បាន​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​យ៉ាង​តឹងរ៉ឹង​។ តើ​ទីក្រុង​របស់​អូស្ត្រាលីណាខ្លះ​ដែល​រងគ្រោះខ្លាំង​ពី​មេរោគ​បំប្លែង​ខ្លួន​ដែលតា​? ហើយថា​តើ​វិធានការ​គ្រប់គ្រងកូវីដ​នេះ​នឹងជះ​ឥទ្ធិពលអ្វីខ្លះ​ចំពោះ​អូស្ត្រាលី​?

ផ្សាយពាណិជ្ជកម្ម

តើ​ទីក្រុង​របស់​អូស្ត្រាលី​ណាខ្លះ​ដែលរងគ្រោះខ្លាំង​ពី​មេរោគបំប្លែងខ្លួន​ដែលតា​?

អូស្រ្តាលី​គឺជា​ប្រទេសមួយ​ដែល​បាន​ទទួលជោគជ័យ​ក្នុងការគ្រប់គ្រង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺកូវីដ​។ ប៉ុន្តែនាខណៈពេលនេះ​ អូស្ត្រាលី​កំពុងប្រឈមទៅនឹង​ការ​ផ្ទុះ​ករណី​ឆ្លង​កូវីដ​ខ្លាំង​ជាថ្មី​ដែលជាករណីឆ្លង​បណ្តាលមកពី​មេរោគបំប្លែងខ្លួនដែលតា។

អាជ្ញាសុខាភិបាលអូស្ត្រាលី​ កំពុង​ខំខ្នះខ្នែង​ប្រយុទ្ធប្រឆាំងទល់​នឹងការផ្ទុះ​ករណី​ឆ្លង​កូវីដ​ខ្លាំង​ជាពិសេស​នៅក្នុងទីក្រុងចំនួន​ ៤ រួមមាន​៖ Brisbane, Darwin, Perth និង ស៊ីដនី​។ នៅក្នុងទីក្រុងទាំងបួននេះរបស់អូស្ត្រាលី​ អាជ្ញាធរ​សុទ្ធតែបាន​រាយការណ៍​អំពី​ករណី​ឆ្លង​មេរោគ​បំប្លែងខ្លួនដែលតា​ ដែល​បាន​លេចមុខដំបូង​នៅក្នុងប្រទេសឥណ្ឌា​ ហើយ​បាន​ចាប់​រីករាលដាលនៅអូស្រ្តាលី​ដោយ​ផ្ទុះ​ចេញដំបូងឡើយ​ចេញពី​សណ្ឋាគារ​នានា​ដែល​គេ​ប្រើ​សម្រាប់​ធ្វើ​ចត្តាឡីស័កអ្នកធ្វើដំណើរ​ចូល​ប្រទេសអូស្ត្រាលី​។

ការ​ផ្ទុះករណីឆ្លងឡើងធំជាងគេ​គឺនៅឯទីក្រុង​ស៊ីដនី​ដែល​មាន​ប្រជាជន​រស់នៅប្រមាណ​ ៥ លាន​នាក់​។ នៅស៊ីដនីមាន​មនុស្ស​ចំនួន​ ១៣០ នាក់​ បានធ្វើតេស្តវិជ្ជមានកូវីដ​ដែល​បណ្តាល​​មក​ពីមេរោគបំប្លែងខ្លួន​ដែលតា​។

ករណីឆ្លង​កូវីដ​នៅស៊ីដនី​ បានផ្ទុះឡើង​ខ្លាំងតាំងពី​រក​ឃើញ​ករណីវិជ្ជមានកូវីដ​កាលពី​ពាក់​កណ្តាល​ខែមិថុនា ​លើអ្នក​បើកបរម្នាក់ដែលដឹកជញ្ជូន​បុគ្គលិក​ក្រុមហ៊ុនអាកាសចរណ៍ពី​ព្រលាន​យន្តហោះទៅសណ្ឋាគារ​ក្នុង​ក្រុង​ស៊ីដនី​ដើម្បី​ធ្វើចត្តាឡីស័ក។ ប្រឈមនឹងការឆ្លង​រាល​ដាលកូវីដ​ខ្លាំងបែបនេះ​ អាជ្ញាធរអូស្ត្រាលី​បានសម្រេច​បិទខ្ទប់​ទីក្រុង​ស៊ីដនីទាំងស្រុង​ រយៈពេល២សប្តាហ៍​ចាប់ពីយប់ថ្ងៃសុក្រ​ ទី២៥ មិថុនា​ នៅម៉ោង​១២ រំលងអធ្រាត្រ​។

ចំណែកឯ​វិធានការបិទខ្ទប់​នៅទីក្រុងDarwin និងតំបន់ជុំវិញ​ដែល​នឹង​ត្រូវ​បិទបញ្ចប់​នៅថ្ងៃ​អង្គារស្អែក​ ក៏ត្រូវបានអាជ្ញាធរអូស្ត្រាលី​បន្តពន្យារពេលរហូត​ដល់ថ្ងៃសុក្រដែរ​ បន្ទាប់​ពី​ផ្ទុះមាន​ករណីឆ្លងកូវីដថ្មីកើនឡើងដល់ ៧ ករណី​។ នៅក្នុងទីក្រុង​ Perth និង Brisbane វិញ​ អាជ្ញាធរបានដាក់ចេញការ​រឹតបន្តឹង​ជាថ្មីនៅថ្ងៃចន្ទ​នេះ​ដោយតម្រូវឲ្យប្រជាជនអនុវត្ត​កាតាព្វកិច្ច​ពាក់ម៉ាស់ និង​រឹតត្បិតលើការជួបជុំ​ប្រមូលម្តុំ​ផ្សេងៗ​។

ជារួម​ នេះជាលើកទីមួយ​ក្នុងរយៈពេលប៉ុន្មានខែមកនេះ​​ដែល​ករណី​ឆ្លងកូវីដ​​បានលេច​ចេញ​ នៅតាមទីក្រុងជាច្រើន​នៃ​ប្រទេសអូស្ត្រាលី​ក្នុងពេលតែមួយ​។ ក្រុមមន្រ្តី​អូស្ត្រាលីបាន​និយាយថា​ នេះ​គឺជាពេលវេលាដ៏សំខាន់​សម្រាប់​ប្រទេសខ្លួនដែល​ត្រូវ​ខំប្រឹង​រក្សា​តួលេខ​ករណីឆ្លងកូវីដ​កុំឲ្យហក់ឡើងខ្ពស់បន្តទៅ​ទៀត​។

ប្រទេស​នូវែលសេឡង់​ប្រកាស​ផ្អាក​ការ​ធ្វើដំណើរ​ដោយសេរី​ពី​អូស្ត្រាលី

ដោយ​បារម្ភពី​ការផ្ទុះករណី​ឆ្លងកូវីដ​បណ្តាល​មកពីមេរោគបំប្លែងដែលតា​ ដែល​មាន​សមត្ថភាព​ចម្លង​លឿន​រហ័ស​ កាលពី​យប់​ថ្ងៃ​សៅរ៍​នា​ចុងសប្តាហ៍​កន្លងទៅនេះ​ រដ្ឋាភិបាល​នូវែលសេឡង់​ បាន​សម្រេច​ផ្អាក​ការ​ធ្វើដំណើរដោយ​សេរី​ (ដោយមិនបាច់ធ្វើចត្តាឡីស័ក) ជាមួយនឹង​ប្រទេស​អូស្រ្តាលី​យ៉ាងហោចណាស់​រហូត​ដល់​ថ្ងៃ​អង្គារស្អែក​។

ច្រក​របៀង​ធ្វើដំណើរ​រវាងប្រទេសជិតខាងទាំងពីរ​ ត្រូវបាន​បើកនឹងគ្នា​ឡើងវិញនៅ​ក្នុងខែ​មេសា​។ តាមពិតទៅ​ការ​ធ្វើដំណើរ​ចេញចូល​រវាងប្រទេសនូវែលសេឡង់​ ជាមួយ​តំបន់ខ្លះ​របស់អូស្រ្តាលី​ត្រូវបានបិទក្នុងរយៈពេលខ្លី​មួយរយៈមកហើយ​ ក្រោយ​ករណី​ឆ្លងកូវីដ​បានផ្ទុះឡើងមកវិញ​។ ក៏ប៉ុន្តែ​ នេះជាលើកដំបូងហើយ​ ដែលអាជ្ញាធរ​នូវែលហ្សេឡង់​សម្រេច​បិទ​ការធ្វើដំណើរចូលទាំងស្រុង​ជាមួយ​អូស្ត្រាលី​តែម្តង​។

រដ្ឋាភិបាលនូវែលសេឡង់​បានពន្យល់ថា​ ការផ្អាក​រយៈពេលខ្លីនេះ​នឹង​ផ្តល់​ឲ្យខ្លួន​នូវ​ពេល​វេលា​ដើម្បី​យល់ដឹង​ឲ្យបាន​កាន់តែច្បាស់​អំពីស្ថានភាព​ឆ្លងរាលដាល​កូវីដ​។ បន្ទាប់មកទៀត​ អាជ្ញាធរ​ជំនាញ​នូវែលសេឡង់​ នឹង​អាច​ពិចារណា​បាន​លើ​ការ​អនុវត្ត​វិធានការ​សក្កានុពល​មួយចំនួន​ដើម្បី​ធ្វើឲ្យ​ការ​ធ្វើដំណើររវាង​ប្រទេសទាំងពីរ​មានសុវត្ថិភាព​ដូចជា​ ណែនាំ​ឲ្យ​អ្នក​ដំណើរ​ធ្វើតេស្តរកកូវីដ​មុនពេល​ឡើង​ហោះហើរចេញពី​ប្រទេស​អូស្រ្តាលី​ទៅ​កាន់​នូវែលសេឡង់​។

តើវិធានការគ្រប់គ្រងកូវីដនឹងជះឥទ្ធិពលអ្វីខ្លះដល់អូស្ត្រាលី?

បើនិយាយពី​ឥទ្ធិពល​រយៈពេលខ្លី​ វិធានការ​គ្រប់គ្រងកូវីដ​របស់​អាជ្ញាធរអូស្ត្រាលី​ ធ្វើឲ្យ​ប៉ះពាល់​ដល់ការដើរហើរ​ សេរីភាព​ក្នុងការ​ជួបជុំ​ ឬក៏​ការ​រកស៊ីជួយដូរ​របស់​ប្រជាជន​ជាដើម​។

ដោយឡែក​សម្រាប់ឥទ្ធិពល​រយៈពេលវែង​ ក្រុម​អ្នក​ជំនាញ​បានព្រមាន​ថា​ប្រទេស​អូស្រ្តាលី​ អាចប្រឈមនឹង​កំណើន​ចំនួន​ប្រជាជន​ទាប ​និងឱនភាពថវិកា​យ៉ាងហោចណាស់​រហូតដល់ឆ្នាំ ២០៦០​ ដោយសារ​វិធានការ​សង្គ្រោះប្រទេសពី​វិបត្តិកូវីដ​។

បើយោងតាម​ការព្យាករណ៍​ជាផ្លូវការចេញ​ផ្សាយនៅថ្ងៃចន្ទ​នេះ​ ការសម្រេចចិត្ត​បិទព្រំដែន​ នៅពេលផ្ទុះ​មានជំងឺរាតត្បាតកូវីដ​ ធ្វើឲ្យអត្រាកំណើត​របស់​អូស្ត្រាលីធ្លាក់ទាប​ ហើយ​កំណើន​ប្រជាជនយឺត​ នឹង​ដាក់​បន្ទុកដល់​សេដ្ឋកិច្ច​អូស្ត្រាលី​។ វិបត្តិសេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ជំងឺរាតត្បាតរ៉ាំរ៉ៃកូវីដ១៩​ បានធ្វើឲ្យមិនថា​ ប្រទេស​អូស្ត្រាលី ឬរដ្ឋាភិបាលប្រទេស​ជាច្រើនផ្សេងទៀតនោះទេត្រូវ​ចំណាយថិវកាជាច្រើន​។

ជាក់ស្តែង​ ផែនការ​ចំណាយដ៏ធំ​មួយ​ត្រូវ​បាន​បង្កើតឡើង​កាលពីឆ្នាំ​២០២០ ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​បានចំណាយប្រាក់រាប់ពាន់លាន​ដើម្បី​ជួយជំរុញសកម្មភាពសេដ្ឋកិច្ច​ ក៏ដូចជា​ជួយ​សង្គ្រោះប្រជាជនពីវិបត្តិ​។ ការណ៍នេះ​ នឹងធ្វើឲ្យអូស្ត្រាលីជួបឱនភាពថវិកា​ មាន​យ៉ាងហាច​ដល់ឆ្នាំ ២០៦០ ខាងមុខ​។

យ៉ាងណាក៏ដោយ​ ការងើបឡើងវិញនៃសេដ្ឋកិច្ចអូស្ត្រាលី​ កំពុងតែ​មាន​ដំណើរការ​ល្អមកវិញ​។ ប៉ុន្តែ​ផលប៉ះពាល់​ផ្សេងទៀត​ពី​ការរាតត្បាត​នឹងនៅ​តែបន្តកើត​មាន ដូចជា​អត្រា​កំណើត​ធ្លាក់ទាប​។ កំណើន​ប្រជាជនរបស់​ប្រទេសអូស្រ្តាលី បានធ្លាក់ចុះដល់​កំរិតទាប​បំផុត​របស់ខ្លួន​ក្នុងរយៈពេលជាង​មួយសតវត្សរ៍​ បន្ទាប់ពី​រងគ្រោះ​ពី​ជំងឺកូវីដ​។

កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​អូស្ត្រាលី​ ត្រូវបានទ្រទ្រង់​ដោយផ្អែក​លើ​រ៉ែ​និង​វិស័យ​កសិកម្ម​និងត្រូវបានជំរុញផងដែរ​ដោយ​រលកនៃការធ្វើចំណាកស្រុកដ៏​ច្រើន​ពីអឺរ៉ុប​ អាស៊ី​ និងពី​កន្លែងផ្សេង​ទៀត​។

ប៉ុន្តែ​ដោយហេតុថា​ការធ្វើចំណាកស្រុកមកអូស្ត្រាលី​ ទំនងមិន​អាច​វិលទៅរក​សភាព​ដូច​មុន​ពេល​មាន​ជំងឺកូវីដ​រាត​បាន រហូតដល់ឆ្នាំ​ ២០២៤-២០២៥​ របាយការណ៍ឆ្នាំ ២០២១​ (the 2021 Intergenerational Report) របស់​រដ្ឋាភិបាលអូស្ត្រាលី​បានព្យាករថា​ ប្រជាជន​អូស្ត្រាលី​ដែលបច្ចប្បន្នមានចំនួន​ ២៥ លាន ៧សែននាក់ ទំនងជា​នឹងកើនឡើង​ដល់ ៣៨ លាន ៨ សែន ក្នុង​ ឆ្នាំ២០៦០​ ពោលគឺ ៦ ឆ្នាំ​យឺត​ជាងការព្យាករណ៍ពីមុន​។ កាលពីឆ្នាំ ២០១៥​ អ្នក​ជំនាញ​បានព្យាការថា​ ចំនួន​ប្រជាជនអូស្ត្រាលី​អាចកើនដល់​ចំនួន ៤០ លានឯណោះ​នៅត្រឹមឆ្នាំ ២០៥៦​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI