ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុម​តាលីបង់​បើក​ការ​វាយ​លុក​លើ​ទី​រួម​ខេត្ត​ កាឡា អ៊ី-ណ ​របស់​អាហ្វហ្កានីស្ថាន

សំឡេង ០៥:៥៥
កងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាន ឈរយាមនៅខាងក្រៅមន្ទីរពេទ្យមួយកន្លែងដែលបានរងការវាយប្រហារនៅទីក្រុងកាប៊ុលកាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ ២០២០។
កងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាន ឈរយាមនៅខាងក្រៅមន្ទីរពេទ្យមួយកន្លែងដែលបានរងការវាយប្រហារនៅទីក្រុងកាប៊ុលកាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ ២០២០។ REUTERS - MOHAMMAD ISMAIL

នៅ​អាហ្វហ្កានីស្ថាន​ ក្រុមតាលីបង់នាថ្ងៃពុធ ៧ កក្កដានេះ​ បាន​បើកការ​វាយ​លុក​ជាលើក​ដំបូង​ទៅលើ​ទីរួមខេត្ត​មួយ​ចាប់​តាំង​ពី​ផ្ទុះការ​ប្រយុទ្ធ​ធ្វើ​សង្រ្គាម​ជាមួយ​កងទ័ព​​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​មក​។ ជាការ​គួរឲ្យកត់សម្គាល់​ ខណៈ​ការ​ប្រយុទ្ធ​គ្នា​កំពុង​ផ្ទុះ​ឡើងខ្លាំង​ តំណាង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាននិង​ពួក​តាលីបង់​ក៏​បាន​ទៅ​ជួបប្រជុំ​គ្នាដែរ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

ពួក​តាលីបង់​បើក​ការ​វាយលុក​លើ​ទីរួមខេត្ត​កាឡាអ៊ី-ណ​របស់​អាហ្វហ្កានីស្ថាន

បន្ទាប់ពី​សហរដ្ឋ​អាមេរិកបាន​ដក​ទ័ព​របស់​ខ្លួន​ចេញ​ពី​មូលដ្ឋាន​យោធា​បាក្រាម​ (Bagram) ដែល​ជា​មូលដ្ឋានដ៏ធំ​ជាងគេ​របស់​កងទ័ព​បរទេស​ក្នុងទឹកដី​អាហ្វហ្កានីស្ថាន​ កងទ័ព​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតីអាស្រាហ្វ ហ្កានី ​បាននិងកំពុង​រងការ​វាយ​ប្រហារ​ខ្លាំងពី​ពួកតាលីបង់​។

ពួកតាលីបង់​បាន​បង្កើន​សកម្មភាព​វាយប្រយុទ្ធ​ដណ្តើម​យក​ស្រុក​និងប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជាច្រើន​កន្លែង​ដែល​កាន់កាប់​ដោយ​កងទ័ព​រដ្ឋាភិបាល​​នៅភាគខាង​ជើង​ប្រទេស​។ ប៉ុន្តែ​ ការវាយ​ប្រហារ​ទៅលើទីក្រុងកាឡា អ៊ី-ណ​ (Qala-i-Naw) ភាគ​ខាង​លិចខេត្ត​ប៊ែតហ្គីស​ (Badghis) នេះ​រាប់​ចាត់​ទុកថា​គឺជាលើកទី១​ហើយ​ដែល​ក្រុមតាលីបង់​បាន​ផ្តើម​ព្យាយាម​វាយ​ដណ្តើម​កាន់កាប់ទីរួម​ខេត្តមួយ​។

ការ​ប្រយុទ្ធគ្នា​យ៉ាងខ្លាំង​បានផ្ទុះឡើងនៅ​ភាគខាងលិច​នៃទីក្រុងកាឡា អ៊ី-ណ​ ដោយពួក​សកម្មប្រយុទ្ធ​ខំ​ព្យាយាម​វាយដណ្តើម​យក​ទីស្នាក់ការប៉ូលិស​ និង​ការិយាល័យ​របស់​ភ្នាក់ងារ​ស៊ើបការណ៍​របស់​រដ្ឋាភិបាល​។

បើតាម​ការឲ្យដឹងពី​ប្រធាន​ក្រុមប្រឹក្សាខេត្ត​ប៊ែតហ្គីស​អ្នកស្រី​ Abdul Aziz Bek កង​កម្លាំង​សន្តិសុខ​មួយចំនួន​បាន​ប្រយុទ្ធ​ចាញ់​ពួក​ឧទ្ទាម​តាលីបង់​។ ដូច្នោះហើយ​ក្រុម​មន្ត្រីក្រុម​ប្រឹក្សា​ខេត្ត​បានភៀសខ្លួន​ទៅកាន់​ជុំរុំ​កង​ទ័ព​មួយ​នៅក្នុងទីក្រុង ​ចំណែក​ការ​ប្រយុទ្ធគ្នា​វិញ​ នៅ​បន្តកើតមាននៅក្នុងទីក្រុងកាឡា អ៊ីណ​ដដែល​។

បើតាមដំណឹងចុងក្រោយ​ដែល​មន្ត្រី​អាហ្វហ្កានីស្ថាន​ដដែល​ប្រាប់​ទីភ្នាក់ងារព័ត៌មាន​ AFP​ពួកតាលីបង់​បាន​វាយ​សម្រុក​ចូល​ទៅ​ដល់នៅខាងក្នុងទីស្នាក់ការប៉ូលិស​ក្នុងទី​ក្រុង​កាឡា អ៊ីណ ​និងការិយាល័យ​ក្នុងតំបន់​ដែលជា​ការិយាល័យ​របស់ទីភ្នាក់ងារ​ចារកម្ម​ប្រទេស​អាហ្វហ្កានីស្ថាន​។

រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ប្តេជ្ញា​តទល់​នឹង​ពួកតា​លីបង់

កាលពី​ថ្ងៃអង្គារម្សិលមិញ​ អាជ្ញាធរ​អាហ្វហ្កានីស្ថាន​បាន​ប្តេជ្ញាចិត្តថា​នឹង​តស៊ូ​ប្រយុទ្ធ​ដណ្តើម​យក​ទីតាំង​ស្រុកទាំងអស់​ដែល​បាន​របូត​ធ្លាក់នៅក្នុង​ដៃ​របស់​ពួកតាលីបង់​ នៅខណៈ​ដែល​កង​ទ័ពអាមេរិក​ត្រូវបានដក​ចេញចេញពី​អាហ្វហ្កានីស្ថាន​អស់ជាង​ ៩០%​។

កង​កុម្ម៉ង់ដូ​ចំនួនរាប់រយនាក់​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី​អាស្រាហ្វ ហ្កានី​ ដាក់ពង្រាយ​ដើម្បី​ទប់ទល់​នឹង​ការ​វាយលុកលុយ​របស់​ក្រុម​បះបោរ​នៅភាគខាងជើង​ប្រទេស​ ពោលគឺនៅមួយថ្ងៃ​បន្ទាប់ពី​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ជាង​ ១ ០០០ នាក់​ បានរត់​ភៀសខ្លួន​ចូលទៅក្នុង​ប្រទេស​តាហ្ស៊ីគីស្ថាន។

ប៉ុន្តែ​នៅថ្ងៃពុធនេះ​ ក្រុមតាលីបង់​នៅតែ​អាច​បន្ត​វាយលុកចូល​ទីក្រុង​អាឡា អ៊ី-ណ របស់​ខេត្ត ប៊ែតហ្គីស​ទៀត​។ ហើយ​នេះ​គឺជាលើកទី ១ ហើយ​ដែលពួកតាលី​បាន​វាយចូល​ដើម្បី​ដណ្តើម​កាន់កាប់​ទីរួមខេត្តមួយ​ពីកងទ័ពអាហ្វហ្កានីស្ថាន​។

បើតាមមន្ត្រីអាហ្វហ្វានីស្ថាន​ ពួកតាលីបង់​បានវាយឈ្នះ​និង​ត្រួតត្រា​ទីជនបទ​ទាំងអស់​ដែល​នៅជុំវិញ​ខេត្ត​ប៊ែតហ្គីស​ភាគពាយព្យនៃប្រទេស​។ កង​កម្លាំង​អាហ្វហ្គានីស្ថាន​កំពុង​ជួប​បរាជ័យ​កាន់តែ​ច្រើន​នៅ​ក្នុង​សមរភូមិ​ជាមួយ​ពួក​តាលីបង់​ ដូច្នោះហើយ​កុំថា​ឡើយ​តែ​ដណ្តើម​យក​តំបន់​ដែល​បាត់បង់​យកមកវិញ​ ប៉ុន្តែ​សូម្បី​តែ​ការពារ​តំបន់​ភាគខាងលិចខេត្តប៊ែតហ្គីស​ ក៏ជារឿងដ៏​លំបាកបំផុត​ទៅហើយ​សម្រាប់​រដ្ឋាភិបាល​ក្រុងកាប៊ុល​នា​កាលៈទេសៈ​ដូច​បច្ចុប្បន្ននេះ​។

គណៈប្រតិភូ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​និង​តំណាង​ក្រុម​តាលីបង់​ជួបប្រជុំ​គ្នា​នៅ​អ៊ីរ៉ង់​

ក្រោយ​ការ​ចរចា​រវាងរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ និង​ក្រុម​តាលីបង់ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជាច្រើនខែរួចមក ​នៅទីបំផុតទៅ​ ការ​ជួបប្រជុំគ្នា​រវាង​ភាគី​ទាំងពីរ​ អាច​សម្រេច​ធ្វើ​ទៅបាន​ហើយនៅថ្ងៃពុធ​ ទី ៧ កក្កដា ឆ្នាំ២០១នេះ​នៅក្នុង​ទីក្រុង​តេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់​។

ចំណែក​លទ្ធផលនៃកិច្ចប្រជុំយ៉ាងណានោះ​ នៅពេលនេះ គេនៅមិនទាន់​ទទួល​បាន​ព័ត៌មានពិស្តារ​នៅឡើយនោះទេ​​។ ក៏ប៉ុន្តែ​ អ៊ីរ៉ង់​ ដែលជា​អ្នក​សម្របសម្រួល​កិច្ចប្រជុំ​ និង​ជា​ប្រទេស​ទទួលយក​ជនភៀស​ខ្លួន​និង​ពលករ​ចំណាកស្រុក​អាហ្វហ្កនីស្ថាន​រាប់លាននាក់​នោះ​ មាន​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​ភាពវឹកវរ​ដែល​កំពុង​កើនឡើង​នៅក្នុង​ប្រទេស​ជិត​ខាង​អាហ្វហ្កានីស្ថាន​។

នៅឯ​ជំនួប​រវាង​គណៈប្រតិភូ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ និង​តំណាង​ក្រុមតាលីបង់​នាថ្ងៃ​នេះ ​រដ្ឋមន្ត្រីការ​បរទេសអ៊ីរ៉ង់​លោក ហ្សារីហ្វ (Mohammad Javad Zarif) បាន​ថ្លែង​ ស្វាគមន៍​ចំពោះ​ការចាកចេញរ​បស់​កងទ័ព​អាមេរិក​ដែលជាសត្រូវ ចេញ​ពី​ព្រំដែន​ភាគខាងកើត​របស់ខ្លួន​។ ក៏ប៉ុន្តែ​ទន្ទឹមនេះ ​លោកបានព្រមានដែរថា​ នាពេលនះ​ ប្រជាជន​និង​មេដឹកនាំ​នយោបាយ​អាហ្វហ្កានីស្ថាន​ត្រូវតែធ្វើការសម្រេចចិត្តដ៏ពិបាកបំផុតមួយ​សម្រាប់​ជោគ​វាសនា​អនាគតនៃប្រទេស​របស់ពួកគេ​។

អ៊ីរ៉ង់​បាន​អំពាវនាវ​ដល់ភាគីជម្លោះ​ដែល​មាន​វត្តមានក្នុង​សង្គ្រាម​នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ឲ្យដោះស្រាយ​បញ្ហាដោយសន្តិវិធី​តាមរយៈ​ការ​វិលត្រឡប់​មក​តុចរចា​វិញ​។ សម្រាប់អ៊ីរ៉ង់​ ការ​វិលចូលតុចរចា​ពិភាក្សាគ្នា​គឺជា​ដំណោះស្រាយ​ដ៏​ល្អបំផុត​សម្រាប់​មេដឹកនាំ​និង​បណ្តា​ចលនា​នយោបាយ​នានា​របស់​អាហ្វហ្កានីស្ថាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI