ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុម​ឧទ្ទាម​​តាលីបង់ អះអាង​ថាបាន​គ្រប់គ្រង ៨៥%​ នៃដែនដី​អាហ្វហ្កានីស្ថាន

សំឡេង ០៧:៥៩
តំណាងក្រុមតាលីបង់ ធ្វើសន្និសីទកាសែត នៅក្រុងម៉ូស្គូ ថ្ងៃទី ០៩ កក្កដា ២០២១ ពីឆ្វេងទីស្តាំង Mohammad Naim Mawlawi Shahabuddin Dilawar និង Suhil Shaheen
តំណាងក្រុមតាលីបង់ ធ្វើសន្និសីទកាសែត នៅក្រុងម៉ូស្គូ ថ្ងៃទី ០៩ កក្កដា ២០២១ ពីឆ្វេងទីស្តាំង Mohammad Naim Mawlawi Shahabuddin Dilawar និង Suhil Shaheen AP - Alexander Zemlianichenko

ដូចការព្រួយបារម្ភកន្លងមក​ ស្ថានភាព​នៅអាហ្វហ្កានីស្ថាន កំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ បន្ទាប់​ពីសហរដ្ឋអាមេរិក បានសម្រុកដកទ័ពចេញ យ៉ាងតក់ក្រហល់។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមឧទ្ទាមតាលីបង់ បាន​បង្កើនការ​វាយ​ប្រហារ​ជាច្រើនទីតាំង មិនថានៅតាមបណ្តោយ​ព្រំដែន និងនៅតាមទីក្រុងធំៗ។ កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រុមឧទ្ទាមតាលីបង់ បានអះអាងថា ក្រុមគេបាន​វាយដណ្តើម គ្រប់គ្រងបាន​ដែនដីអាហ្វហ្កានីស្ថាន ចំនួន៨៥%ហើយ។​ តើក្រុមតាលីបង់ ពិតជាកំពុងតែឈានទៅ​ គ្រប់គ្រងអំណាចនយោបាយ​ និងសន្តិសុខនៅ​អាហ្វហ្កានីស្ថាន មែនឬយ៉ាងណា?

ផ្សាយពាណិជ្ជកម្ម

បំប៉ោង ដើម្បីបំភ័យ?

ក្រុមតាលីបង់ ពិតជាសម្រុកខ្លាំងណាស់ ក្នុងការដណ្តើមគ្រប់គ្រងអាហ្វហ្កានីស្ថាន ដោយ​បានប្រយុទ្ធយកឈ្នះ កងទ័ព​ជាតិ​​អាហ្វហ្កានីស្ថាន ជាច្រើនទីតាំង ក្នុងរវាង​ប្រមាណ​២ខែមកនេះ។ យ៉ាងហោចណាស់ បន្ទាយឆ្មាំព្រំដែនដ៏សំខាន់ ចំនួន​២ទីតាំង នៅតាមបណ្តោយព្រំដែន ជាមួយ តួកមេនិស្ថាន និងជាមួយអ៊ីរ៉ង់ ត្រូវបាន​ក្រុម​តាលីបង់វាយ​ដណ្តើមគ្រប់គ្រងបាន​។ កាលពីចុងខែមុននេះ បន្ទាយយាមព្រំដែន នៅ Shir Khan Bandar ជាប់ព្រំដែន តាដជីគីស្ថាន ត្រូវបាន​ក្រុមតាលីបង់ វាយដណ្តើមបាន ធ្វើ​ឲ្យ​កងទាហានអាហ្វហ្កានីស្ថាន ប្រមាណជាង​១០០០នាក់ បាន​បាក់ទ័ពរត់រប៉ាត់ របាយទៅខាង​តាដជីគីស្ថាន។ ក្រៅពី​ដណ្តើមបានតំបន់ជនបទដាច់ស្រយ៉ាល ក្រុមតាលីបង់ បានឡោមព័ទ្ធទីក្រុង ទីប្រជុំជនធំៗមួយចំនួនផងដែរ ដូចជា​ក្រុង Herat ជាដើម។

តំណាង​ក្រុមតាលីបង់ម្នាក់ឈ្មោះ Shahabuddin Delawar បានធ្វើសន្និសីទកាសែត នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រម្សិលមិញ ដោយ​បាន​អះអាងថា គិតមកត្រឹមពេលនេះ គឺក្រុមតាលីបង់ បានវាយដណ្តើមគ្រប់គ្រង បាន​៨៥% នៃផ្ទៃដីអាហ្វហ្កានីស្ថានហើយ។ ពោលគឺ ២៥០តំបន់ ក្នុងចំណោម ៣៩៨តំបន់ របស់អាហ្វហ្កានីស្ថាន​ គឺស្ថិតនៅក្នុងការគ្រប់គ្រង របស់កងកម្លាំងតាលីបង់ហើយ ចាប់ពីពេលនេះទៅ។

តែយ៉ាងណា នេះគឺជាការប្រកាស អះអាង តែម្ខាង ពីសំណាក់ ក្រុមតាលីបង់។ សម្រាប់ពេលនេះ យើងពុំមានប្រភពព័ត៌មានច្បាស់ការ និងឯករាជ្យ ដើម្បីមកបញ្ជាក់ថាវាពិតកម្រិតណាទេ។ យ៉ាងណាមិញ ការប្រកាសអះអាងរបស់ក្រុមតាលីបង់នេះ ត្រូវបាន​ខាងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន លើកឡើងថា ថាមិនពិតទេ។ លោក Fawad Aman អ្នកនាំពាក្យ​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន​ បាន​លើកឡើងថា​ បើសិនជាក្រុមតាលីបង់ កំពុងតែគ្រប់គ្រងដែនដី ៨៥%មែន ចុះហេតុអ្វីបានជាពួក​​មេក្រុមតាលីបង់ នៅតែបន្តសំងំលាក់ខ្លួននៅ​បាគីស្ថាន? ហេតុអ្វីមិនព្រមចូលមកដែនដីអាហ្វហ្កានីស្ថាន។ មួយវិញទៀត បើក្រុមតាលីបង់គ្រប់គ្រងផ្ទៃដី​អាហ្វហ្កានីស្ថាន ជាង​៨០%មែន ចុះហេតុអ្វី​បានជា​ពេល​សមាជិកក្រុមនេះរបួស ឬស្លាប់ ម្តេចក៏បញ្ជូនចេញទៅប៉ាគីស្ថាន?

លែងមានកងទ័ពអាមេរិកជួយ

កងទ័ពអាមេរិកកំពុងសម្រុកដកចេញ យ៉ាងលឿនបំផុត។ លោកចូ បៃដិន បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអាមេរិក នឹងត្រូវដកចេញឲ្យ​អស់ពីអាហ្វហ្កានីស្ថាន នៅរវាង​ថ្ងៃទី៣១សីហា ខាងមុននេះហើយ។ យន្តហោះចម្បាំង យន្តហោះស៊ើបការណ៍ពីលើ របស់កងទ័ពអាមេរិក មានសារៈសំខាន់ណាស់ កន្លងមក ក្នុងការជួយ​កងទ័ពអាហ្វហ្កានីស្ថាន​។ តែពេលនេះ កងទ័ពអាហ្វហ្កានីស្ថាន លែងមានជំនួយនេះទៀតហើយ។

សម្រាប់ពេលនេះ យើងមិនដឹងថា ក្រុមតាលីបង់បានវាយដណ្តើម​គ្រប់គ្រងបាន​៨៥% នៃផ្ទៃដីអាហ្វហ្កានីស្ថាន មែនឬក៏អត់ទេ តែចង់មិនចង់ គឺក្រុមតាលីបង់កំពុងសម្រុកវាយ​ប្រហារខ្លាំង និងបាន​យកឈ្នះច្រើនកន្លែង ​ជាពិសេសនៅតាមបណ្តោយព្រំដែន រាប់ចាប់តាំងពីខាងលិច ជាប់អ៊ីរ៉ង់ និងខាងជើងជាប់ចិន ​ជាដើម។ យ៉ាងណាមិញ នៅព្រឹកថ្ងៃសៅរ៍នេះ រដ្ឋាភិបាលចិន បាន​ចេញប្រកាស ប្រាប់ឲ្យ​ប្រជា​ជនចិនទាំងអស់ ត្រូវធ្វើដំណើរចាកចេញពីអាហ្វហ្កានីស្ថាន​ជាបន្ទាន់។ ដូចគ្នាដែរ លោកស្រី Maria Zakharova  អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានអះអាងថា ២ភាគ៣​នៃបណ្តោយ​ព្រំដែន រវាងអាហ្វហ្កានីស្ថាន និងតាដជីគីស្ថាន ត្រូវស្ថិតក្នុងដៃរបស់ក្រុមតាលីបង់ហើយ​។

តែយ៉ាងណា ប្រភពខ្លះបានបញ្ជាក់ថា កងទ័ពអាហ្វហ្កានីស្ថាន មិនទាន់បាន​ទំលាក់ដៃទេ គឺនៅតែប្រឹងប្រយុទ្ធ។ ប្រភពពីអ្នកនាំពាក្យ​​អភិបាល​ខេត្ត Herat បានឲ្យដឹងថា កងទ័ព​អាហ្វហ្កានីស្ថាន កំពុងត្រៀម​បើកការវាយ​ប្រយុទ្ធ ដណ្តើម​យក​បន្ទាយយាម​ព្រំដែន Islam Qala ដែលជាច្រកព្រំដែនដ៏សំខាន់ ជាមួយ​អ៊ីរ៉ង់ ពីក្រុងតាលីបង់វិញ។

កាលពីថ្ងៃសុក្រ ក្រុមតាលីបង់ ក៏បាន​បើកការវាយ​ប្រហារ​ ដើម្បី​ដណ្តើមយក​មន្ទីរឃុំឃាំងមួយកន្លែងនៅ នៅជាយក្រុងកង់ដាហា ដែលជាទីក្រុងធំមួយ​នៅភាគខាងត្បូង។ ក្រុមតាលីបង់មានបំណងវាយ ដើម្បីរំដោះសមាជិកខ្លួន ដែលជាប់ឃុំនៅទីនោះ ។ តែយ៉ាងណា តាមដំណឹងចុងក្រោយដែលទទួលបាន គឺកងទ័ព​អាហ្វហ្កានីស្ថាន បានទប់ទល់បាន​ មិនឲ្យរបូតទេ។​ កងទ័ពជាតិអាហ្វហ្កានីស្ថាន ក៏បានវាយបណ្តេញ ក្រុមតាលីបង់ ឲ្យ​ដកថយ​ពីទីក្រុង Qala-i-Naw ទីរួមខេត្ត Badghis  ដែលស្ថិតនៅភាគពាយ័ព្យ។

នៅព្រឹកថ្ងៃសៅរ៍ មេអតី​បញ្ជាការកងទ័ពអាហ្វហ្កានីស្ថាន ដ៏ល្បីម្នាក់ ឈ្មោះ Ismail Khan ដែលធ្លាប់បាន​ចូលរួមជាមួយកងទ័ពអាមេរិក ក្នុងការយកឈ្នះ​ក្រុមតាលីបង់ កាលពីឆ្នាំ​២០០១ បាន​ប្រកាសថានឹងចូលបំរើជួរកងទ័ពវិញ ដើម្បីដឹកនាំការប្រយុទ្ធយកឈ្នះ ក្រុមតាលីបង់ឲ្យ​បាន​។

សង្ឃឹមលើ​ការ​ចរចាសន្តិភាព

សង្ឃឹមតិច ឬ ច្រើនយ៉ាងណា តែ​ការចរចា​សន្តិភាព គឺជាក្តីសង្ឃឹមតែមួយគត់ សម្រាប់ពេលនេះ។ សម្លេងពីគ្រប់ប្រទេសមហាអំណាច សុទ្ធតែបានបន្លឺព្រមៗគ្នាថា ត្រូវតែជំរុញ ឲ្យ​ការចរចាសន្តិភាព បានជោគជ័យ ដើម្បីស្តារស្ថិរភាព នៅអាហ្វហ្កានីស្ថាន។ លោកស្រីអ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រ ម្សិលមិញថា គ្រប់ភាគីអាហ្វហ្កានីស្ថាន ត្រូវតែ​ប្រឹងប្រែងអត់ធ្មត់ ដើម្បីបញ្ចៀស កុំឲ្យ​បញ្ហានេះ វារីកសាយភាយ ឆេះរាលចេញពីព្រំដែន​អាហ្វហ្កានីស្ថាន។ ការវាយប្រហារតាមព្រំដែន ប្រសិនបើ​មិន​ប្រយ័ត្នទេ គឺវាអាចប៉ះពាល់ដល់ប្រទេសក្បែរខាង។ យ៉ាងណាមិញ អ៊ីរ៉ង់ តាដជីគីស្ថាន ជាដើម គេកំពុងត្រៀមប្រុងប្រយ័ត្នណាស់ បើមានអ្វីប៉ះពាល់ដល់គេ គឺគេអាច​បញ្ចេញកម្លាំងដែរ។

កាលពីថ្ងៃសុក្រ លោក Loyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បានអំពាវនាវថា សហគមអន្តរជាតិ ត្រូវតែ​រួមគ្នា ដាក់សំពាធដើម្បីភាគីអាហ្វហ្កានីស្ថានទាំង២ ព្រមចូល​តុចរចាឡើងវិញ។ លោកលើកឡើងថា ប្រជាជនអាហ្វហ្កានីស្ថាន មានសិទ្ធិទទួលបាន​នូវ​រដ្ឋាភិបាលមួយ ដែល​ធានាសុខសន្តិភាព និងការរីរកចម្រើន។ ដូចគ្នាដែរ លោក ​វ៉ាង យី ប្រមុខការបរទេសចិន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ដែរថា ចិន ជំរុញឲ្យភាគីទាំងសងខាង ស្វែងរកដំណោះស្រាយ​ដោយសន្តិវិធីឲ្យ​បាន ដើម្បីបញ្ចប់ជំលោះនេះ។

បើតាមការវិភាគ ក្រុមតាលីបង់ មិនមែនមិនចង់ចរចាទេ តែក្រុមនេះ កំពុងសម្រុកវាយ​ដណ្តើមដែនដីឲ្យ​បានច្រើនសិន ដើម្បីមានទំងន់ចរចា។ អ្នកនាំពាក្យក្រុមនេះ ឈ្មោះ Suhail Shaheen បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន​បារាំងថា ក្រុមតាលីបង់ ចង់ចរចា បែងចែកអំណាចជាមួយ​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ បញ្ហាចោទថា តើ ក្រុមរដ្ឋាភិបាល​អាចសុខចិត្ត ទទួលយល់ព្រមបែងចែកអំណាចឬក៏អត់។ ប្រភពពីអ្នកនយោបាយអាហ្វហ្កានីស្ថានខ្លះ បានថ្លែងព្រួយបារម្ភ ខ្លាចតែសមាជិករដ្ឋាភិបាល បែកបាក់គ្នា ប្រទូស្តរាយ រកឯកភាពមិនឃើញ ដែលធ្វើឲ្យ​ការចរចា កាន់តែលំបាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI