ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាកាសធាតុ៖គណៈកម្មការអឺរ៉ុបបង្ហាញផែនការយុទ្ធសាស្រ្តដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

សំឡេង ០៥:៣៧
Ursula von der Leyen habla durante una sesión plenaria del Parlamento Europeo, el 7 de julio de 2021 en la ciudad francesa de Estrasburgo
Ursula von der Leyen habla durante una sesión plenaria del Parlamento Europeo, el 7 de julio de 2021 en la ciudad francesa de Estrasburgo Patrick Hertzog Pool/AFP

នៅ​ថ្ងៃ​ពុធ ទី១៤ កក្កដា គណៈកម្មការ​អឺរ៉ុប​បង្ហាញ​ផែនការ​យុទ្ធសាស្រ្ត​ដើម្បី​អាកាសធាតុ​ដែល​ហៅ « កតិកាសញ្ញា​បៃតង »។ ផែនការ​យុទ្ធសាស្រ្ត​ដើម្បី​អាកាសធាតុ​នេះ​មាន​បំពាក់​ដោយ​អត្ថបទ​ច្បាប់​ចំនួន ១២ ដែល​ក្រុម​អ្នកតំណាងរាស្រ្ត​អឺរ៉ុប និង​ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​យក​ទៅ​ជជែក​គ្នា។ កម្មវត្ថុ​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង « កតិកាសញ្ញា​បៃតង » នេះ គឺ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស​ឲ្យ​បាន​កម្រិត ៥៥% នៅ​ក្នុង​រង្វង់​ឆ្នាំ ២០៣០ ធៀប​នឹង​ឆ្នាំ ១៩៩០។ អ្វី​ដែល​អឺរ៉ុប​ចង់​បាន គឺ​អព្យាក្រឹតភាព​កាបោន​នៅ​ឆ្នាំ ២០៥០។

ផ្សាយពាណិជ្ជកម្ម

មាន​វិស័យ​សំខាន់​ចំនួន ២ ដែល​អឺរ៉ុប​គ្រោង​ចាត់​វិធានការ គឺ​វិស័យដឹកជញ្ជូន និង​ទីផ្សារ​កាបោន។ នៅ​ក្នុង​វិស័យដឹកជញ្ជូន អឺរ៉ុប​គ្រោង​ហាម​ការ​លក់​រថយន្ត​ថ្មី​ដែល​ប្រើ​ប្រេង​សាំង ឬ​ប្រេង​ម៉ាស៊ូត​ចាប់​ពី​ឆ្នាំ ២០៣៥។ អ្វី​ដែល​អឺរ៉ុប​ចង់​បាន​ជំនួស​វិញ គឺ​រថយន្ត​អគ្គិសនី ១០០% និង​រថយន្ត hybrides ប្រភេទ​ថ្មី​ដែល​គេ​អាច​សាកអាគុយ​របស់​វា​ដោយ​អគ្គិសនី ពោល​ខុស​ពី​រថយន្ត hybrides មុនៗ​ដែល​អាគុយ​របស់​វា​ត្រូវ​បាន​សាក​ចេញ​ពី​ម៉ូទ័រ​ដើរ​ដោយ​ប្រេង។ ទន្ទឹម​នឹង​គ្រោង​ឈប់​ឲ្យ​លក់​រថយន្ត​សាំង ឬ​រថយន្ត​ម៉ាស៊ូត​ចាប់​ពី​ឆ្នាំ ២០៣៥ ទៅអឺរ៉ុប​ក៏​គ្រោង​នឹង​ដំឡើង​ពន្ធ​លើ​ប្រេងសាំង​យន្តហោះ​សម្រាប់​ការ​ហោះហើរ​នៅ​ផ្ទៃក្នុង​អឺរ៉ុប​ដែរ។

តែ​វិធានការ​យុទ្ធសាស្រ្ត​ជាង​គេ និង​ដែល​កំពុង​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង គឺ​ទាក់ទង​នឹង​ទីផ្សារ​កាបោន​ដែល​អឺរ៉ុប​ចង់​ពង្រីក​ឲ្យ​លើស​ពី​អ្វី​ដែល​អឺរ៉ុប​បាន​កំណត់​ក្នុង​ឆ្នាំ ២០០៥។  អ្វី​ដែល​គេ​ចង់​និយាយ​នៅ​ត្រង់​ចំណុច​នេះ គឺ​កូតា​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ទោះ​ពី​រោងចក្រ សហគ្រាស ឬ​មួយ​ពី​ការ​ដឹកជញ្ជូន​ផ្លូវអាកាស។ គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ ការ​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​របស់​រោងចក្រ សហគ្រាស​នីមួយៗ​ត្រូវ​បាន​កំណត់​ដោយ​កូតា​ដោយ​អាស្រ័យ​លើ​ទំហំ និង​សកម្មភាព​របស់​រោងចក្រ សហគ្រាស​នីមួយៗ។ ទន្ទឹម​គ្នា​នេះ ច្បាប់​ឆ្នាំ ២០០៥ ក៏​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ទិញ លក់ ឬ​ដោះដូរ​ចំនួន​កូតា​រវាង​រោងចក្រ សហគ្រាស​ដែរ។

រោងចក្រ សហគ្រាស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​អាច​លក់​កូតា​របស់​ខ្លួន​ទៅ​រោងចក្រ សហគ្រាស​ណា​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន។ តែ​អ្វី​ដែល​អឺរ៉ុប​គ្រោង​ធ្វើ​នៅ​ក្នុង​ច្បាប់​ថ្មី​ពេល​នេះ គឺ​បិទ​បញ្ចប់​ការ​ទិញ លក់ ឬ​ដោះដូរ​កូតា​នេះ ហើយ​ចំនួន​កូតា​ស្តីពី​ការ​អនុញ្ញាត​ឲ្យ​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់​ក៏​នឹង​ត្រូវ​កាត់​បន្ថយ​ដែរ។ ចំណែក​វិស័យ​ដឹកជញ្ជូន​ត្រូវ​បាន​អឺរ៉ុប​គ្រោង​កំណត់​កូតា​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​សម្រាប់​នាវា​ដឹកទំនិញ​ចេញ ចូល​អឺរ៉ុប។ អ្នក​ដែល​មិន​អាច​គោរព​កូតា​បាន​ត្រូវ​បង់​លុយ​ដោយ​គិត​តាម​តម្លៃ​កាបោន​ដែល​អឺរ៉ុប​បាន​កំណត់។

ផ្ទាំងស៊ីប​បន្ទាប់​មក​ទៀត គឺ​រឹតបន្តឹង​លើ​ការ​នាំ​ចូល​ផលិតផល​មួយ​ចំនួន​ដែល​មិន​បាន​គោរព​តាម​និយាម​កាបោន​របស់​អឺរ៉ុប។ កម្មវត្ថុ​មួយ​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​ប្រកួតប្រជែង​របស់​បរទេស​មិន​ស្មើភាព និង​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​ចេញ​ទៅ​បោះទុន​នៅ​បរទេស​ដែល​មិន​បាន ឬ​មិន​សូវ​គិតគូរ​ពី​បញ្ហា​អាកាសធាតុ៕

អឺរ៉ុប​ចង់​ឃើញ​វិស័យដឹកជញ្ជូន​គ្មាន​កាបោន​នៅ​ឆ្នាំ ២០៥០

អ្វី​ដែល​អឺរ៉ុប​គ្រោង​ធ្វើ​នៅ​ក្រោយ​ឆ្នាំ ២០៣៥ គឺ​ឈប់​ឲ្យ​លក់​រថយន្ត​ថ្មី​ដែល​ប្រើ​ប្រេងសាំង ឬ​ប្រេង​ម៉ាស៊ូត ពោល​មិនមែន​ឈប់​ឲ្យ​ប្រើ​ទេ។ ដូច្នេះ​អ្នក​ដែល​កំពុង​មាន​ឡានសាំង ឬ​ឡាន​ម៉ាស៊ូត​អាច​បន្ត​ប្រើ​នៅ​ក្រោយ​ឆ្នាំ ២០៣៥ បាន។ ទន្ទឹម​គ្នា​នេះ ចាប់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣៥ ក្រុមហ៊ុន​រថយន្ត​ក៏​អាច​បន្ត​លក់​រថយន្ត​ថ្មី​ដែល​ប្រើ​ប្រេង​សាំង ឬ​ប្រេង​ម៉ាស៊ូត​ដែរ។ ការ​ដែល​គណៈកម្មការ​អឺរ៉ុប​ចង់​ឈប់​ឲ្យ​លក់​រថយន្ត​ថ្មី​ដែល​ប្រើ​ប្រេងសាំង ឬ​ប្រេង​ម៉ាស៊ូត​ចាប់​ពី​ឆ្នាំ ២០៣៥ ទៅ គឺ​ដើម្បី​គោលដៅ​វិស័យ​ដឹកជញ្ជូន​គ្មាន​កាបោន​នៅ​ឆ្នាំ ២០៥០។ សំណួរ​ដែល​កំពុង​ចោទ​បន្ទាប់​មក​ទៀត​គឺ​ថា តើ​រថយន្ត​ចាស់ៗ​នឹង​គិត​យ៉ាង​ម៉េច​ដែរ។

មាន​ចម្លើយ​មួយ​ចំនួន​ចំពោះ​សំណួរ​នេះ ទី១ អ្នក​មាន​ឡាន​សាំង ឬ​ឡាន​ម៉ាស៊ូត​យូរ​ឆ្នាំ​ដែល​នៅ​ប្រើ​កើត​អាច​ដូរ​យក​ឡាន​ថ្មី​ដោយ​ថែម​លុយ ឬ​មួយ​ក៏​ថា ឡាន​ចាស់​ដែល​លែង​ប្រើ​កើត​អាច​ត្រូវ​យក​ទៅ​កម្ទេចចោល ឬ​មួយ​ក៏​ថា​ពេល​នោះ មាន​អ្នក​ខ្លះ​លែង​ត្រូវ​ការ​ឡាន​ផង​ក៏​មិន​ដឹង។ ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​បាន​មើល​ឃើញ​ថា អឺរ៉ុប​ត្រូវ​រួម​ចំណែក​ជា​ថវិកា​ដើម្បី​ជួយ​លើក​ទឹកចិត្ត​អ្នក​ដែល​ចង់​ទិញ​ឡាន​អគ្គិសនី ឬ​ឡាន Hybrides សាកអាគុយ ឬ​អ្នក​ដែល​ចង់​ប្តូរ​ឡាន។ គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ ឡាន​អគ្គិសនី ឬ​ឡាន Hybrides សាកអាគុយ​ដោយ​អគ្គិសនី​នៅ​មាន​តម្លៃ​ខ្ពស់​ខ្លាំង​ជាង​ឡាន​សាំង ឬ​ឡាន​ម៉ាស៊ូត។

មួយ​វិញ​ទៀត រយៈពេល និង​ចម្ងាយ​ផ្លូវ​ដែល​ឡាន​អគ្គិសនី ឬ ឡាន Hybrides សាកអាគុយ​ដោយ​អគ្គិសនី​អាច​រត់​បាន​ក៏​នៅ​មាន​កម្រិត។ ចំណែក​ស្ថានីយ៍​សម្រាប់​សាកអាគុយ​ក៏​នៅ​មាន​តិចតួច​នៅ​ឡើយ ហើយ​រយៈពេល​នៃ​ការ​សាក​ទៀត​ក៏​ត្រូវ​ប្រើ​ពេល​យូរ។ គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០២០ អឺរ៉ុប​មាន​ទីតាំង​សម្រាប់​សាកអាគុយ​ឡាន​អគ្គិសនី ឬ​ឡាន Hybrides សាកអាគុយ​ដោយ​អគ្គិសនី​តែ​ចំនួន ២៥០ ០០០កន្លែង។ ដូច្នេះ​ផ្លូវ​ដែល​អឺរ៉ុប​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ​គួរ​សម​ដើម្បី​អាច​ឈាន​ទៅ​ដល់​គោលដៅ​វិស័យ​ដឹកជញ្ជូន​គ្មាន​កាបោន​នៅ​ឆ្នាំ ២០៥០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI